តំបន់អូសេអានីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPទស្សនៈសាកលលក្ខណៈពិសេស

ទិន្នន័យមហាសមុទ្រ

សម្ព័ន្ធភាពចម្រុះបង្កើនលទ្ធភាពចូលប្រើបច្ចេកវិទ្យា និងទិន្នន័យ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ ការពារសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី

បុគ្គលិករបស់ទស្សនាវដ្ដី FORUM | រូបថតដោយបណ្តាញត្រួតពិនិត្យ គ្រប់គ្រង និងឃ្លាំមើលអន្តរជាតិ

ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU) គឺជាគ្រោះមហន្តរាយសកល៖ ត្រី 1 ក្បាលក្នុងចំណោមត្រី 5 ក្បាល ដែលបានលក់គឺត្រូវបានចាប់ដោយខុសច្បាប់។ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមាន 65% នៃមហាសមុទ្រពិភពលោក និងជាងពាក់កណ្តាលនៃប្រជាជនរបស់ខ្លួនសម្បូរទៅដោយប្រតិបត្តិការនេសាទដែលបំផ្លាញសេដ្ឋកិច្ចជាតិ ជំរុញឱ្យមានការហិនហោចដល់ធនធានមច្ឆាឆ្ពោះទៅការធ្លាក់ចុះ បង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងលើកទឹកចិត្តឱ្យមានពលកម្មដោយបង្ខំ និងគ្មានសុវត្ថិភាព។ ប្រទេសជាច្រើនពឹងផ្អែកលើត្រីជាប្រភពអាហារដ៏ចម្បង ដូច្នេះ ការរក្សាធនធាននេះគឺជារឿងសំខាន់ណាស់។

ការជួយរដ្ឋឱ្យប្រមូលទិន្នន័យអំពីព័ត៌មានស៊ីជម្រៅ និងសាវតារជាក់ស្តែងស្ដីពីការការនេសាទ IUU ដែលគេបានសង្ស័យ និងការគាំទ្រដល់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ចំពោះក្រុមថ្មីនៃស្ថាប័នមិនរកប្រាក់ចំណេញអន្តរជាតិដែលមានជំនាញជំនាញក្នុងការកំណត់តួអង្គដែលនេសាទខុសច្បាប់។ គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ ដែលហៅថាក្រុមវិភាគ Joint Analytical Cell (JAC) បានចាប់ផ្តើមនៅខែឧសភា ឆ្នាំ 2022 ជាដំណោះស្រាយឥតគិតថ្លៃ និងអាចអនុវត្តបានសម្រាប់បញ្ហាដែលកំពុងតែកើនឡើង។

អាជ្ញាធរបានទទួលបានភាពជោគជ័យតិចតួចក្នុងការទប់ស្កាត់ការនេសាទ IUU ក្នុងយុត្តាធិការពីដែនទឹកនៃប្រទេសជាច្រើន និងនៅតាមដែនសមុទ្រអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ ការនេសាទ IUU បានកើតឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មួយផ្នែកគឺដោយសារតែការរឹតបន្តឹងពីជំងឺកូវីដ 19 បានជំរុញឱ្យប្រជាជនក្រីក្រកាន់តែច្រើនឈាន​ទៅក្នុងការនេសាទខុសច្បាប់ ហើយបានធ្វើឱ្យ​ការតាមដាន និងត្រួតពិនិត្យកាន់តែពិបាក។ ប្រទេសដែលមានសមត្ថភាពក្នុងការធ្វើដូច្នេះបានប្រកាន់យកវិធីសាស្រ្តអនុវត្តដាច់ដោយឡែកពីគ្នា ជាញឹកញាប់ដោយមានកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគីតិចតួច។

ក្រុមវិភាគ JAC បម្រើជាមជ្ឈមណ្ឌលព័ត៌មាន និងវេទិកាដើម្បីកសាងសមត្ថភាពសម្រាប់ការត្រួតពិនិត្យ គ្រប់គ្រង និងឃ្លាំមើលលើផ្នែកជលផល។ ដៃគូនេះជួយប្រទេសនានាដោះស្រាយបញ្ហាការនេសាទ IUU ដោយប្រើទិន្នន័យ ដែលជាបច្ចេកវិទ្យានវានុវត្តន៍ និងការអភិវឌ្ឍក្នុង​ភាពជាដៃគូ។ ដោយបានបង្កើតឡើងដោយអង្គការឃ្លាំមើលការនេសាទសកល ដែលជាបណ្តាញត្រួតពិនិត្យ គ្រប់គ្រង និងតាមដានអន្តរជាតិ (IMCS) និងប្រព័ន្ធ TM-Tracking, ក្រុមវិភាគ JAC ផ្តល់ជូនអាជ្ញាធរនូវការស៊ីបការណ៍ផ្នែកជលផលនូវការវិភាគ ការគាំទ្រ និងការបណ្តុះបណ្តាល។ ស្ថាប័នមិនរកប្រាក់ចំណេញច្រើនទៀតបានចុះហត្ថលេខា ដោយបន្ថែមភាពស៊ីជម្រៅទៅក្នុងកិច្ចខំប្រឹងប្រែង។ ក្រុមវិភាគ JAC ទទួលបានមូលនិធិពីរដ្ឋាភិបាល និងអង្គការសប្បុរសធម៌។

មន្ត្រីរឹបអូសត្រីតូចៗនៅផ្សារមួយក្នុងទីក្រុង Suva ប្រទេសហ្វ៊ីជី។

លោក Tony Long ជានាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការនេសាទសកលបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «យើងជឿជាក់ថាអង្គភាពទាំងមូលប្រសើរជាងផ្នែកទាំងអស់របស់ខ្លួន»។ លោកបានបន្ថែមថា៖ «ដោយការរួមបញ្ចូលគ្នានូវភាពខ្លាំង និងវិស័យជំនាញផ្សេងៗគ្នារបស់យើង ក៏ដូចជាគំនិតផ្តួចផ្តើម ឧបករណ៍ និងភាពជាដៃគូដែលមានស្រាប់របស់យើង យើងអាចពង្រីកឥទ្ធិពលរបស់ពួកគេបាន»។

ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនមានលទ្ធភាពតិចតួចក្នុងការត្រួតពិនិត្យការនេសាទ និងលើកកម្ពស់ការអនុវត្តប្រកបដោយការទទួលខុសត្រូវ ជាពិសេសចំពោះមហាសមុទ្រឆ្ងាយ។ ស្ថានភាពនោះលើកទឹកចិត្តអ្នកដែលមានឆន្ទៈក្នុងការទាញយកការខ្វះខាតពីការអនុវត្ត។ លទ្ធផលនេះអាចជាការបំផ្លិចបំផ្លាញ។

វិទ្យាស្ថាន Brookings បានរាយការណ៍កាលពីខែកុម្ភៈ ឆ្នាំ 2023 ថា៖ «ចំណុចស្នូលនៃការនេសាទ IUU អាចកើតមានឡើងសម្រាប់មនុស្សរាប់លាននាក់ធ្វើឱ្យបាត់បង់ប្រភពអាហារដ៏ចម្បងរបស់ពួកគេដោយសារតែការធ្លាក់ចុះនៃធនធានមច្ឆាសកល»។ «ដោយសារជីវិតនៅលើសមុទ្រគឺគ្មានព្រំដែន ហើយជនល្មើសក្នុងការនេសាទ IUU មានការចល័តខ្លួនលឿន ដែលជារឿយៗគឺតាមរយៈការទាញយកផលប្រយោជន៍ពីផ្ទៃមហាសមុទ្រដ៏ល្វឹងល្វើយរបស់ពិភពលោក ដែលនេះហើយគឺជាបញ្ហាជាសកលយ៉ាងពិតប្រាកដ»។

លោក Mark Young ជានាយកប្រតិបត្តិនៃបណ្តាញ IMCS បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ឱ្យដឹងថា ក្រុមវិភាគ JAC ផ្តល់ជូននូវការស៊ើបការណ៍ដល់រដ្ឋាភិបាលដៃគូ។ លោកមានប្រសាសន៍បន្តទៀតថា៖ «អ្នកដែលស្វែងរកការគាំទ្រពី ក្រុមវិភាគ JAC អាចធ្វើដូច្នេះបានតាមរយៈការសហការជាមួយស្ថាប័នតែមួយ ជាជាងការចូលរួមជាមួយអង្គការជាច្រើនដើម្បីទទួលបានសេវាកម្ម ហើយទទួលបានការយល់ច្រឡំពីអង្គភាពជាច្រើនដែលកំពុងធ្វើការនៅក្នុងកន្លែងតែមួយ»។

ហានិភ័យទាប គុណតម្លៃខ្ពស់

ការនេសាទគឺជាទង្វើខុសច្បាប់នៅពេលវាកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសមួយដោយគ្មានការអនុញ្ញាត។ ការចាប់បានដែលបានកត់ត្រាមានចំនួនតិចជាងការចាប់បានជាក់ស្តែង ឬមិនបានកត់ត្រាទាល់តែសោះគឺចាត់ទុកថាមិនបានរាយការណ៍។ ការត្រួតពិនិត្យតាមផ្កាយរណប និងប្រព័ន្ធរ៉ាដាបានកាត់បន្ថយ ប៉ុន្តែមិនបានលុបបំបាត់ការនេសាទដែលមិនមានការគ្រប់គ្រងនោះទេ។ ជាឧទាហរណ៍ ការនេសាទមឹកនៅក្នុងដែនសមុទ្រអន្តរជាតិនៃមហាសមុទ្រឥណ្ឌាភាគពាយព្យ និងភាគនិរតីនៃមហាសមុទ្រអាត្លង់ទិក មិនមានផែនការគ្រប់គ្រងត្រឹមត្រូវ ដែលនាំឱ្យបទប្បញ្ញត្តិគ្មានប្រសិទ្ធភាព នេះបើយោងតាមការលើកឡើងរបស់ លោក Young។

ការអនុវត្តមិនត្រឹមតែរក្សាហ្វូងត្រីឱ្យមាននិរន្តរភាពតែមួយមុខប៉ុណ្ណោះទេ។ ការនេសាទ IUU ក៏ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជាប្រព័ន្ធ នេះបើយោងទៅតាមអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គសហប្រជាជាតិ។ ភ្នាក់ងារការការពារព្រំដែន និងគយរបស់សហរដ្ឋអាមេរិកបានប្រកាសការបេជ្ញាចិត្តជាថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់កាលពីខែមករា ឆ្នាំ 2023 ថា៖ «ដោយសារតែការរួមបញ្ចូលគ្នាដោយផ្ទាល់របស់ខ្លួនទៅលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរដូចជា កម្លាំងពលកម្មដោយការបង្ខំ ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងការជួញដូរសត្វព្រៃ»។ ប្រទេសដែលប្រឆាំងនឹងការនេសាទ IUU ក៏ទទួលបានប្រាក់ចំណូលបន្ថែមទៀតតាមរយៈការប្រមូលផលធនធានរបស់ពួកគេប្រកបដោយនិរន្តរភាពផងដែរ។

វិទ្យាស្ថានកងទ័ពជើងទឹកអាមេរិក បានរាយការណ៍កាលពីខែកុម្ភៈ ឆ្នាំ 2023 ថា សាធារណរដ្ឋប្រជាមានិតចិន (PRC) ជាប្រទេសមានដង់ស៊ីតេប្រជាជនច្រើនបំផុតទីពីររបស់ពិភពលោក ប្រើប្រាស់ត្រីច្រើនជាងប្រទេសដទៃទៀត។ ប្រទេសនេះក៏ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអនុវត្តអាក្រក់បំផុតនៅលើសន្ទស្សន៍នេសាទ IUU ដែលជាការវាយតម្លៃលើប្រទេសក្នុងតំបន់ឆ្នេរសមុទ្រចំនួន 152 ប្រទេស «ដោយផ្អែកលើភាពងាយរងគ្រោះរបស់ពួកគេចំពោះការអនុវត្ត និងការឆ្លើយតបទៅនឹងការអនុវត្តការនេសាទដែលបង្កគ្រោះថ្នាក់»។ សន្ទស្សន៍នេះត្រូវបានបង្កើតឡើងដោយអង្គភាពគ្រប់គ្រងធនធានវារីជាតិ Poseidon ដែលជាអ្នកប្រឹក្សាផ្នែកជលផល និងវារីវប្បកម្មសកល និងអង្គកាគំនិតផ្តួចផ្តើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស។

មន្ត្រីអាជ្ញាធរធនធានដែនសមុទ្រនៅកោះ Marshall តាមដានទូកនេសាទនៅ Majuro Lagoon ក្នុងខែមីនា ឆ្នាំ 2023។

នាវានេសាទចិនតែងតែបំពានចូលទៅក្នុងតំបន់ EEZ ជាដែនសមុទ្ររបស់ប្រទេសផ្សេងៗ។ វិទ្យាស្ថានកងទ័ពជើងទឹកអាមេរិកបានរាយការណ៍ថា កងនាវានេសាទដែនទឹកដ៏ឆ្ងាយរបស់ PRC ដែលមាននាវាចំនួន 4 600 គ្រឿង គឺកងនាវានេសាទធំជាងគេបំផុតរបស់ពិភពលោក ហើយបានចូលដល់ដែនសមុទ្រអន្តរជាតិជារៀងរាល់ឆ្នាំ។ នាវានេសាទជាច្រើនដែលមានទង់ជាតិចិន និងនាវិករបស់ពួកគេគឺជាផ្នែកមួយនៃកងទ័ពជើងទឹកដែលទីក្រុងប៉េកាំងពិពណ៌នាថាជា «អង្គការប្រដាប់អាវុធដែលមានប្រជាជនស៊ីវិលនៅរក្សា​ការងាររបស់ពួកគេជាប្រចាំ» នេះបើតាមកងឆ្មាំឆ្នេរសមុទ្រអាមេរិក វរនាវីត្រី Jennifer Runion បានរាយការណ៍កាលពីខែកុម្ភៈ ឆ្នាំ 2023។ អ្នកនេសាទផ្តល់ការឃ្លាំមើល និងទទួលបានការបណ្តុះបណ្តាល និងមូលនិធិដើម្បីគាំទ្រដល់គោលដៅយោធារបស់បក្សកុម្មុយនិស្តចិន។

ការនេសាទ IUU គឺជាសកម្មភាពដែលមានហានិភ័យទាប ដែលមានតម្លៃខ្ពស់ ព្រោះការផាកពិន័យជាធម្មតាគឺជាការផាកពិន័យតិចតួចប៉ុណ្ណោះ នេះបើយោងតាមទស្សនាវដ្តី Pacific Forum ដែលជាស្ថាប័នមិនរកប្រាក់ចំណេញមួយ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋហាវ៉ៃ ដែលបានសម្របសម្រួលជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវនៅទូទាំងជាយតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកបានរាយការណ៍នៅខែវិច្ឆិកា ឆ្នាំ 2021។ ជាសកល នាវាមួយចំនួនធ្វើឱ្យខូចដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលងាយរងគ្រោះដោយការអូសអ៊ួននៅតាមបាតសមុទ្រ។ ទូកនេសាទត្រីធូណា មឹក និងប្រភេទត្រីផ្សេងទៀត ហើយនាំយកការនេសាទខុសច្បាប់របស់ពួកគេទៅកាន់កំពង់ផែដែលមានការគ្រប់គ្រងខ្សោយពីរដ្ឋ ប្រសិនបើមាន។

យោងតាម FAO បានឱ្យដឹងថា ការដឹកជញ្ជូនផលនេសាទទៅរោងចក្រ ឬ
កប៉ាល់ក្លាសេដែលនៅឆ្ងាយពីឆ្នេរសមុទ្រ អាចធ្វើឱ្យការគ្រប់គ្រងការនេសាទមានផលពិបាក។ ការដឹកជញ្ជូននេះអាចត្រូវបានប្រើប្រាស់ដើម្បីផ្លាស់ទីត្រីដោយគ្មានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព ដែលកើតមាននៅក្នុងកំពង់ផែមួយចំនួន ដែលអនុញ្ញាតឱ្យមានការនេសាទ IUU ចូលក្នុងខ្សែងសង្វាក់ផ្គត់ផ្គង់។

ការប៉ុនប៉ងបញ្ឈប់ប្រតិបត្តិការបែបនេះ ដែលក៏ធ្វើឱ្យខូចខាតដល់ជីវភាពរស់នៅរបស់អ្នកនេសាទស្របច្បាប់ ជួបប្រទះនឹងបញ្ហាប្រឈមសំខាន់ៗ។ ប៉ុន្តែបច្ចេកវិទ្យា រួមទាំងផ្កាយរណបដែលមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងជួយកំណត់គោលដៅ និងទប់ស្កាត់ជនក្រៅច្បាប់នៅលើដែនសមុទ្រ។ បេសកកម្មរបស់ក្រុមវិភាគ JAC គឺដើម្បីជួយប្រទេសនានា ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍ឱ្យប្រើប្រាស់ជម្រើសកម្រិតខ្ពស់ដើម្បី កំណត់អត្តសញ្ញាណការនេសាទ IUU និងអ្នកផ្តល់ជំនួយដល់ការនេសាទនេះ រួមទាំងប្រើប្រាស់ការវិភាគទិន្នន័យឱ្យបានប្រសិទ្ធភាពជាងមុនសម្រាប់ការអនុវត្ត។

ជំនាញរួមគ្នា

នៅទីក្រុងតូក្យូ នៅខែឧសភា ឆ្នាំ 2022 មេដឹកនាំកិច្ចសន្ទនា Quad ដែលរួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិកបានសន្យា ថានឹងបង្កើនការយល់ដឹងអំពីដែនសមុទ្រ (MDA) ដោយចែករំលែកព័ត៌មាន និងតាមដានបច្ចេកវិទ្យាដើម្បីការពារជលផលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។​​ អ្នកគាំទ្របានលើកឡើងថា កិច្ចព្រមព្រៀងនេះគឺជាគំរូមួយ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ជារួម។

នៅក្នុងឆ្នាំ 2007 អូស្ត្រាលី និងឥណ្ឌូណេស៊ីបានបង្កើតផែនការ សកម្មភាពក្នុងតំបន់ដើម្បីលើកកម្ពស់ការអនុវត្តការនេសាទ ដែលមានទំនួលខុសត្រូវ រួមមានការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ។ រដ្ឋជាសមាជិកទាំង 11 របស់ខ្លួនមានគោលបំណង ដើម្បីពង្រឹងការគ្រប់គ្រងជលផល។

រដ្ឋាភិបាលទូវ៉ាលូបានជួលក្រុមហ៊ុនមួយនៅប្រទេសនូវែលសេឡង់នៅឆ្នាំ 2022 ដើម្បីធ្វើការឃ្លាំមើលតាមផ្កាយរណបលើនាវានេសាទដែលមិនបានអនុញ្ញាត ឬមិនមានការរាយការណ៍នៅក្នុងតំបន់ EEZ របស់ប្រទេសដែនកោះប៉ាស៊ីហ្វិក នេះបើយោងតាមបណ្តាញ Seafood Source ដែលជាប្រភពអនឡាញសម្រាប់អ្នកជំនាញក្នុងវិស័យអាហារសមុទ្រ។ កិច្ចព្រមព្រៀងអំពីភាពជាដៃគូក្នុងការអនុវត្តច្បាប់ដែនសមុទ្រមួយរវាងសហរដ្ឋអាមេរិក និងប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកចំនួន 13 ប្រទេសបានអនុញ្ញាតឱ្យនាវាយោធាសហរដ្ឋ អាមេរិកជួយអាជ្ញាធរមូលដ្ឋានអនុវត្តច្បាប់នៅក្នុងតំបន់ EEZ ដែលជាដែនសមុទ្ររបស់ពួកគេ។

លោក Young បានមានប្រសាសន៍ទៀតថា៖ «ខ្ញុំគិតថាគំនិតអំពីទំនាក់ទំនងសហប្រតិបត្តិការនេះ នឹងបន្តជំរុញការចាប់អារម្មណ៍ ជាពិសេសនៅពេលដែលយើងឃើញវាអភិវឌ្ឍ និង ជំរុញឱ្យមានភាពជាដៃគូសាធារណៈ និងឯកជនដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក»។

លោក Viv Fernandes ដែលជាអ្នកគ្រប់គ្រង់ជាន់ខ្ពស់នៃផ្នែកគោលនយោបាយអនុលោមភាពអន្តរជាតិសម្រាប់ទីភ្នាក់ងារអាជ្ញាធរគ្រប់គ្រង់ជលផលអូស្ត្រាលីបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «ការចូលរួមរបស់យើងជាមួយនឹងក្រុមវិភាគ JAC គឺស្ថិតនៅក្នុងដំណាក់កាលដំបូង»។ លោកបានបន្តទៀតថា៖ «ទោះជាយ៉ាងណាក៏ដោយ យើងគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយបន្តចូលរួមជាមួយដៃគូអន្តរជាតិរបស់យើងដើម្បីចែករំលែកព័ត៌មាន និងការវិភាគដែលពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាការនេសាទ IUU»។

មន្ត្រីរបស់ប្រទេសនូវែលសេឡង់ក៏មានសុទិដ្ឋិនិយមផងដែរ។ លោក Andrew Wright ប្រធានក្រុមការងារផ្នែកអនុលោមភាពជលផលអន្តរជាតិរបស់ប្រទេសនូវែលសេឡង់បានប្រាប់ទស្សនាវដ្តី FORUM ឱ្យដឹងថា៖ «វិស័យជលផលគឺជាវិស័យដែលសម្បូរទៅដោយទិន្នន័យដែលមានការផ្សព្វផ្សាយព័ត៌មានជាច្រើន ឥឡូវនេះ មានផ្ដល់ជូនសម្រាប់បុគ្គលិកអនុវត្តផ្នែកជលផលហើ់យ»។ លោក​បានបន្ថែមថា៖ «ក្រុមវិភាគ JAC នឹងជួយប្រទេសជាសមាជិកឱ្យប្រើប្រាស់ព័ត៌មាននេះឱ្យបានល្អបំផុត ដើម្បីឱ្យមន្ត្រីជួរមុខអាចប្រើប្រាស់ព័ត៌មាននេះបាន»។

គុណលក្ខណៈមួយរបស់ក្រុមវិភាគ JAC គឺថា វាមិនមែនជាអង្គភាពពាណិជ្ជកម្មទេ។ ជំនួសមកវិញ អង្គភាពជាសមាជិកផ្តល់សិទ្ធិឱ្យចូលប្រើប្រាស់បច្ចេកវិទ្យា និងការវិភាគទិន្នន័យ ជាពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមិនមានសមត្ថភាពទទួលបានប្រយោជន៍ពីការលូតលាស់ផ្នែក​បច្ចេកវិទ្យា និងការទទួលបានទិន្នន័យកាន់តែច្រើន ដែលអាចប្រឆាំងនឹងការនេសាទ IUU។ លោក Young បានមានប្រសាសន៍ថា ជាការប្រសើរបំផុតដែលសេវាកម្មទាំងនោះនឹងជំរុញឱ្យមានការយល់ដឹងអំពីដែនសមុទ្រ (MDA) នៅទូទាំងពិភពលោក។

លោកស្រី Monica Medina ឧបការីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមហាសមុទ្រ និងកិច្ចការបរិស្ថានអន្តរជាតិ និងវិទ្យាសាស្ត្របានថ្លែងនៅឯសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិនៅទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់នាចុងខែមិថុនា ឆ្នាំ 2022 ថា៖ «ក្រុមវិភាគ The Joint Analytical Cell ថ្មីគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយអំពីរបៀបដែលក្រុមផ្សេងៗគ្នាអាចប្រមូលផ្តុំគ្នាដើម្បីទាញយកបច្ចេកវិទ្យាដែលមានស្រាប់ដើម្បីបង្កើនការស៊ើបការណ៍ខាងជលផល ការវិភាគទិន្នន័យ និងការកសាងសមត្ថភាព»។ លោកស្រីបានបន្តទៀតថា៖ «សំខាន់បំផុតព័ត៌មានដែលយើងបង្កើតរួមគ្នាត្រូវតែដល់ដៃអ្នកដែលអាចធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពយ៉ាងឆាប់រហ័ស»។


ដៃគូរបស់ក្រុមវិភាគ JAC

អង្គភាពមិនរកប្រាក់ចំណេញដែលជាស្ថាបនិកក្រុមវិភាគ The Joint Analytical Cells (JAC) គាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងស្វាគមន៍ជំនាញរបស់អ្នកដទៃទៀត។ ក្រុមទាំងបីដែលបានចាប់ផ្តើមក្រុមវិភាគ JAC គឺ៖

អង្គការឃ្លាំមើលការនេសាទសកលបានវិភាគ និងផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពមនុស្សនៅសមុទ្រ ដើម្បីលើកកម្ពស់ការប្រើប្រាស់ដែនសមុទ្រឱ្យបានត្រឹមត្រូវ និងប្រកបដោយនិរន្តរភាព។ «ដើម្បីធ្វើឱ្យ​អ្វីដែលមើលមិនឃើញទៅជាអាចមើលឃើញបាន» ខ្លួនប្រើរូបភាពផ្កាយរណប ការរៀនពីម៉ាស៊ីន និងការមើលឃើញទិន្នន័យដើម្បីតាមដានកូអរដោនេ GPS ពីប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិ និងប្រព័ន្ធត្រួតពិនិត្យនាវា។

បណ្តាញត្រួតពិនិត្យគ្រប់គ្រង និងឃ្លាំមើលអន្តរជាតិ (IMCS) គាំទ្រ «ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល» ក្នុងចំណោមសមាជិករបស់ខ្លួន និងអ្នកដែលទទួលខុសត្រូវចំពោះការអនុលោមតាមច្បាប់ និងការអនុវត្តជលផល។ បណ្តាញ IMCS ក៏ជួយសម្រួលដល់ការកសាងសមត្ថភាព សម្រាប់ទីភ្នាក់ងារអនុវត្តច្បាប់ជលផល ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។

ប្រព័ន្ធ TM-Tracking (TMT) ផ្តល់ឱ្យអាជ្ញាធរជលផលជាតិ និងអង្គការអន្តរជាតិនូវការស៊ើបការណ៍ និងការវិភាគ ដើម្បីជួយប្រទេសដៃគូពង្រឹងការអនុវត្ត និងអភិបាលកិច្ចជលផល។

អង្គភាពបន្ថែមទៀតបានចូលរួមជាមួយក្រុមវិភាគ JAC ជាដៃគូ៖

C4ADS ជាស្ថាប័នស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានផ្តល់ការវិភាគដោយផ្អែកលើទិន្នន័យ ដើម្បីភ្ជាប់នាវានេសាទទៅនឹងក្រុមហ៊ុន ឬបុគ្គលដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការនេសាទរបស់ពួកគេ។ លោក Sam Naujokas ប្រធានអ្នកវិភាគរបស់ C4ADS លើគម្រោងនេះបានប្រាប់ទស្សនាវដ្តី FORUM ឱ្យដឹងថា៖ «ប្រសិនបើអ្នកគ្រាន់តែកំណត់អត្តសញ្ញាណនាវានៅសមុទ្រ គឺថាអ្នកកំពុងតែដេញតាមនាវានីមួយដោយគ្មានគោលដៅ»។

វិទ្យាស្ថាន Allen សម្រាប់ភាពវៃឆ្លាតសិប្បនិម្មិត ពង្រឹង និងរួមបញ្ចូលទិន្នន័យនេសាទជាមួយនឹងកម្មវិធី Skylight ដែលពឹងផ្អែកលើផ្កាយរណប ដែលត្រូវបានប្រើប្រាស់ដោយភ្ជាប់ជាមួយបច្ចេកវិទ្យាដូចជា Vessel Viewer ដែលបង្កើតឡើងដោយ អង្គការឃ្លាំមើលការនេសាទសាកល និង TMT ជាដើម។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button