ទស្សនៈសាកលវិវាទ/ភាពតានតឹងអាកាសធាតុអាស៊ីឥសាន / NEA

ថ្លៃចំណាយលើបរិស្ថានរបស់ OBOR បន្តកើនឡើងបន្ទាប់ពីរយៈពេលមួយទសវត្សរ៍មកនេះ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ក្នុងរយៈពេលមួយទសវត្សរ៍ ចាប់តាំងពីអគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក Xi Jinping បានប្រកាសគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (OBOR) របស់លោក ភស្តុតាងដែលកំពុងកើនឡើងបង្ហាញថា ជារឿយៗគម្រោងពង្រីករបស់កម្មវិធីនោះបង្កផលប៉ះពាល់ដល់បរិស្ថាន។

តាមរយៈ OBOR ចក្ខុវិស័យរបស់លោក Xi ក្នុងការបង្កើនឥទ្ធិពលរបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ទីក្រុងប៉េកាំងបានបរិច្ចាគថវិកាជាង 1,3 ទ្រីលានដុល្លារ ដើម្បីសាងសង់ផ្លូវថ្នល់ ផ្លូវដែក ទំនប់វារីអគ្គិសនី រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ PRC ផ្តល់មូលនិធិដល់គម្រោងធំៗតាមរយៈប្រាក់កម្ចីដែលធ្វើឱ្យប្រទេស ដែលខ្ចីប្រាក់ត្រូវរងបន្ទុកពីការជំពាក់បំណុល ហើយផែនការជាច្រើនត្រូវបានគេរិះគន់ថា បណ្តាលឱ្យខូចខាតដល់បរិស្ថាន។ សហគមន៍មួយចំនួនបានប្រយុទ្ធប្រឆាំងនឹងការអភិវឌ្ឍ OBOR ដោយបានបណ្ដាលឱ្យមានការផ្អាកគម្រោងមួយចំនួន និងធ្វើឱ្យគម្រោងផ្សេងទៀតមានទំហំតូចជាងមុន ដោយសារតែប្រជាជនព្រួយបារម្ភអំពីការបំពុលខ្យល់ និងទឹក សំណឹកដី ហើយអ្នកស្រុកត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។

ជាឧទាហរណ៍ នៅប្រទេសឥណ្ឌូណេស៊ី ក្រុមបរិស្ថានបានពិនិត្យពិច័យលើការសាងសង់ទំនប់វារីអគ្គីសនីរបស់ក្រុមហ៊ុន Sinohydro Corp. Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិននៅលើកោះស៊ូម៉ាត្រា ដោយលើកឡើងថា គម្រោងនេះនឹងបង្កគ្រោះថ្នាក់ដល់ការចិញ្ចឹមជីវិតរបស់អ្នកភូមិនៅក្បែរនោះ និងគំរាមកំហែងដល់ប្រភេទសត្វស្វាអូរ៉ង់ហ្គូតាន់ដែលជិតផុតពូជ។ ការបាក់ដី និងការបាក់រលំផ្លូវរូងក្រោមដីនៅការដ្ឋានសំណង់តំបន់ Batang Toru បានសម្លាប់មនុស្សចំនួន 17 នាក់ ចាប់តាំងពីឆ្នាំ 2020 នេះបើយោងតាមគេហទំព័រ Mongabay ដែលជាវេទិកាព័ត៌មានវិទ្យាសាស្រ្តអភិរក្ស និងបរិស្ថានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ប្រទេសន័រវែស បានប្រកាសក្នុងខែកក្កដា ឆ្នាំ 2023 ថា ខ្លួននឹងដកក្រុមហ៊ុន Power Construction Group of China Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Sinohydro ចេញពីការវិនិយោគមូលនិធិប្រាក់សោធននិវត្តន៍របស់ខ្លួន ដោយលើកឡើងអំពីការព្រួយបារម្ភផ្នែកបរិស្ថាន។

កំណើននៃគម្រោងខ្នាត់ធំរបស់ OBOR នៅក្នុងប្រទេសឡាវបានធ្វើឱ្យបញ្ហាសង្គម និងបរិស្ថានកាន់តែធ្ងន់ធ្ងរ នេះបើយោងតាមឯកសារការងារ ពីមជ្ឈមណ្ឌលគោលនយោបាយអភិវឌ្ឍន៍សកលរបស់សាកលវិទ្យាល័យ Boston ការការពារដែលមានគោលបំណងចង់កាត់បន្ថយផលប៉ះពាល់ពីការអភិវឌ្ឍទាំងនេះ ជារឿយៗត្រូវបានគេមិនអើពើក្នុងផលប្រយោជន៍នៃការពន្លឿន «គម្រោងអាទិភាព» រួមទាំងផ្លូវដែកល្បឿនលឿនពីរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវទៅកាន់ទីក្រុង Boten នៅតាមព្រំដែនជាមួយនឹងប្រទេសចិន។ អ្នក​រិះគន់​បានលើកឡើងថា ការ​អនុវត្ត​ច្បាប់​ផ្តល់​សំណង និង​ទំនាក់​ទំនង​ជាមួយនឹង​អ្នក​ភូមិ ​ដែល​រង​ផល​ប៉ះពាល់​គឺ​មិន​ស៊ីសង្វាក់​គ្នា។ សារព័ត៌មាន Reuters បានរាយការណ៍ឱ្យដឹងថា ការកាប់បំផ្លាញព្រៃឈើ និងការបង្កើនការអភិវឌ្ឍអាចរំខានដល់ទីជម្រករបស់សត្វប្រចៀវដែលផ្ទុកមេរោគ និងបង្កឱ្យមានជំងឺរាតត្បាតមួយផ្សេងទៀត។

ដើម្បីបញ្ចៀសការរិះគន់ PRC បានព្យាយាមការពារការចូលរួមពាក់ព័ន្ធរបស់ខ្លួន ដោយប្រើប្រាស់ក្រុមហ៊ុនបរទេសជាអន្តរការី។ នៅក្នុងឧទាហរណ៍មួយ ក្រុមហ៊ុន Power Construction Co. ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិនបានជួលអ្នកម៉ៅការជនជាតិអេហ្ស៊ីប ដើម្បីសាងសង់ស្ថានីយថាមពល Julius Nyerere របស់ប្រទេសតង់សានី ដែលរំពឹងថា នឹងបញ្ចប់នៅឆ្នាំ 2024 នេះបើតាមសេចក្ដីរាយការណ៍របស់ទស្សនាវដ្ដី Yale E360 ដែលជាការបោះពុម្ភផ្សាយពីសាលាបរិស្ថាននៃសាលកវិទ្យាល័យ Yale។ អ្នកការពារបិស្ថានបានថ្លែងថា គម្រោងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ឧទ្យាន Selous Game Reserve ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិ និងរារាំងដល់លំហូរទៅកាន់តំបន់ដីសណ្តទន្លេ Rufiji។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ 2020 បានអំពាវនាវឱ្យរដ្ឋាភិបាលតង់សានីបោះបង់គម្រោងនេះ ដោយបានលើកឡើងអំពីការស្រាវជ្រាវមិនគ្រប់គ្រាន់អំពីផលប៉ះពាល់សង្គម-បរិស្ថានរបស់ទំនប់វារីអគ្គិសនីនេះ ហើយនៅឆ្នាំ 2021 សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិបានផ្តល់អនុសាសន៍ឱ្យលុប Selous ចេញពីបញ្ជី​បេតិកភណ្ឌពិភពលោក​ដោយសារ​ការ​ខូច​ខាត​បរិស្ថាន​ពី​ការ​សាងសង់​ទំនប់វារីអគ្គិសនីនេះ។

វិទ្យុសំឡេងសហរដ្ឋអាមេរិក បានរាយការណ៍ឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ 2023 រដ្ឋាភិបាលឥណ្ឌូណេស៊ីបានផ្អាកអាជ្ញាបណ្ណរុករករ៉ែរបស់ក្រុមហ៊ុន PT Dairi Prima Mineral ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីបានស៊ើបអង្កេតលើការខូចខាតបរិស្ថានដែលអាចកើតមាន។ ក្រុមហ៊ុន ដែលគ្រប់គ្រងភាគច្រើនដោយក្រុមហ៊ុន Foreign Engineering និង Construction Co. Ltd. របស់ China Nonferrous Metal Industry ពេលនេះត្រូវបានរារាំងពីការជីកយករ៉ែស័ង្កសីនៅក្នុងតំបន់ Dairi ក្នុងខេត្តស៊ូម៉ាត្រាខាងជើង។

ទន្ទឹមគ្នានេះដែរ នៅទីក្រុង Debrecen ប្រទេសហុងគ្រី ក្រុមហ៊ុន Contemporary Amperex Technology Co. Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិន បានប្រកាសនាពេលថ្មីៗនេះថា ខ្លួ​ននឹងកាត់បន្ថយទំហំនៃរោងចក្រអាគុយសម្រាប់រថយន្តអគ្គិសនីចំនួន 7,9 ពាន់លានដុល្លារមកត្រឹមចំនួន 13% បន្ទាប់ពីសហគមន៍តវ៉ាអំពីការសាងសង់រោងចក្រនៅលើដីកសិកម្ម និងហានិភ័យដែលអាចកើតមានចំពោះការផ្គត់ផ្គង់ទឹក។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ Eva Kozma បានលើកជាសំណួរថា៖ «តើនេះគឺជាវឌ្ឍនភាព តើនេះគឺជាអនាគតឬ?»។ «ការចាក់បេតុងពីលើធម្មជាតិ ខណៈពេលដែលយើងដឹងថា រោងចក្រនឹងបំពុលដល់កម្រិតណា?»

ប្រជាពលរដ្ឋ និងអ្នកការពារបរិស្ថានព្រួយបារម្ភថា រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដែលកំពុងសាងសង់នៅទីក្រុង Debrecen ប្រទេសហុងគ្រី ដោយក្រុមហ៊ុន Contemporary Amperex Technology Co. Ltd ដែលមានមូលដ្ឋាននៅប្រទេសចិន នឹងធ្វើឱ្យខូចបរិស្ថាន និងធ្វើឱ្យការផ្គត់ផ្គង់ទឹកចុះខ្សោយ។
ប្រភពរូបភាព៖ THE ASSOCIATED PRESS

ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button