វិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

តៃវ៉ាន់មានប្រុងប្រយ័ត្នចំពោះការបង្ខិតបង្ខំរបស់បក្សកុម្មុយនិស្តចិន (CCP) ការផ្សព្វផ្សាយព័ត៌មានមិនពិត ខណៈការបោះឆ្នោតខិតមកដល់ហើយនោះ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការជ្រៀតជ្រែកដែលរំពឹងទុកពីបក្សកុម្មុយនិស្តចិន (CCP) នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខរបស់តៃវ៉ាន់នេះ បានធ្វើឱ្យកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះបង្កើនការប្រុងប្រយ័ត្ន។

អគ្គនាយកការិយាល័យសន្តិសុខជាតិរបស់តៃវ៉ាន់ លោកស្រី Tsai Ming-yen បានព្រមានសមាជិកសភាថា៖ «វិធីដែលកុម្មុយនិស្តចិនជ្រៀតជ្រែកក្នុងការបោះឆ្នោតគឺមានភាពចម្រុះជាច្រើនបែប» នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។

យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិនត្រូវបានគេមើលឃើញពីកោះ Pingtan របស់ប្រទេសចិន បែរមុខទៅនឹងច្រកសមុទ្រតៃវ៉ាន់ ខណៈដែលទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធា ដែលនោះគឺជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហរដ្ឋអាមេរិកនៅខែសីហា ឆ្នាំ 2022 ទៅកាន់តៃវ៉ាន់។
ប្រភពវីដេអូ៖ AFP/រូបភាព GETTY

យុទ្ធសាស្ត្ររបស់ CCP ដើម្បីរំខានដល់ការបោះឆ្នោតរួមមាន ការដាក់សម្ពាធផ្នែកយោធា ការបង្ខិតបង្ខំសេដ្ឋកិច្ច និងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមរយៈបណ្តាញព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញផ្សេងទៀត។

ទីក្រុងប៉េកាំងបានគំរាមដាក់បញ្ចូលតៃវ៉ាន់​ជាឧបសម្ព័ន្ធដោយប្រើកម្លាំងបាយតាំងពីឆ្នាំ 1949។ ការប៉ុនប៉ងយ៉ាងបើកចំហរក្នុងការបំភិតបំភ័យអ្នកបោះឆ្នោតតៃវ៉ាន់ ដែលរួមមានការធ្វើសមយុទ្ធយោធា និងការល្បាតដូចរាល់ដងនោះឱ្យកាន់តែកើនខ្លាំងឡើង បន្ទាប់ពីមេដឹកនាំកោះនេះជួបជាមួយអ្នកតំណាងនៃលទ្ធិប្រជាធិបតេយ្យផ្សេងទៀត។ CCP បានដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងជាប្រចាំនៅជិតកោះនេះ ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ឆ្នាំ 2020 មក។ អ្នកវិភាគលើកឡើងថា ទីក្រុងប៉េកាំងសង្ឃឹមថាសម្ពាធយោធានេះនឹងមានឥទ្ធិពលលើអ្នកបោះឆ្នោតទាំងនោះឱ្យឆ្ពោះទៅរកការសម្រេចចិត្តដែលអំណោយផលដល់ CCP។

នៅក្នុងវិសាលភាពនៃការបំភិតបំភ័យសេដ្ឋកិច្ច ដែលនៅក្នុងឆ្នាំ 2023 CCP បានបើកការស៊ើបអង្កេតគួរឱ្យសង្ស័យមួយទៅលើអ្វីដែលខ្លួនហៅថារបាំងពាណិជ្ជកម្មរបស់តៃវ៉ាន់។ ការស៊ើបអង្កេតមួយគ្រោងនឹងបញ្ចប់មួយថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីរបស់តៃវ៉ាន់ នៅថ្ងៃទី 13 ខែមករា ឆ្នាំ 2024 ដែលជាពេលវេលាដែលអ្នកចរចាពាណិជ្ជកម្មហៅថាភស្តុតាងនៃការជ្រៀតជ្រែកការបោះឆ្នោត នេះបើយោងតាមសារព័ត៌មាន Reuters។

ការលុបចោលកិច្ចព្រមព្រៀងឆ្នាំ 2010 ដែលកាត់បន្ថយពន្ធលើការនាំចេញរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង គឺជាចំណុចបញ្ហាដែលនឹងមានផលប៉ះពាល់ទៅលើសារពើពន្ធសម្រាប់ទីក្រុងទាំងពីរ។ លោក Russell Hsiao នៃវិទ្យាស្ថាន Global Taiwan Institute នៅស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានសរសេរថា ការប្រែក្លាយការគំរាមកំហែងលុបចោលទៅជាបញ្ហាបោះឆ្នោតជាតិនេះ បង្ហាញឱ្យឃើញថា ជាការសងសឹកចំពោះជំហរនយោបាយដែលចិនប្រឆាំង ដែលអាចធ្វើឱ្យ «អានុភាពសេដ្ឋកិច្ចចិនមានលក្ខណៈពាក់កណ្តាលអចិន្ត្រៃយ៍» នៅក្នុងនយោបាយរបស់តៃវ៉ាន់នោះ។

ទីក្រុងប៉េកាំងបានព្យាយាមបង្ខិតបង្ខំតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងបម្រាមលើការនាំចេញកសិផលកំពូលៗ ដូចជាម្នាស់ ផ្លែប៉ោម ស្ករ និងត្រី។

ប្រតិបត្តិការនៃឥទ្ធិពលរបស់ CCP ក៏រួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់កាតព្វកិច្ចឱ្យអ្នកជំនួញ និងអ្នកនយោបាយគាំទ្រគោលបំណងរបស់ខ្លួនផងដែរ។ ក្រុងតៃប៉ិបានលើកឡើងនៅដើមខែធ្នូ ឆ្នាំ 2023 ថាខ្លួនកំពុងស៊ើបអង្កេតការផ្តល់ជូនរបស់ CCP ចំពោះការធ្វើដំណើរដែលកាត់បន្ថយអត្រាតម្លៃសម្រាប់អ្នកនយោបាយនៅតៃវ៉ាន់។

មន្ត្រីសន្តិសុខតៃវ៉ាន់បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា៖ «ការជ្រៀតជ្រែកការបោះឆ្នោតបានចាប់ផ្តើមក្រោមឈ្មោះនៃដំណើរទេសចរណ៍ជាក្រុម»។ ខាងមន្ត្រីបានអះអាងថា PRC កំពុងកំណត់គោលដៅសមាជិកសភាដែលមានតួនាទីសំខាន់ៗក្នុងការបង្កើតមតិសាធារណៈ និងសុំឱ្យអ្នកចូលរួមដំណើរទេសចរណ៍គាំទ្រឧត្តមគតិដែលស្របតាម CCP។

យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតដើរតួនាទីយ៉ាងជាប់លាប់ក្នុងការជ្រៀតជ្រែកការបោះឆ្នោតដោយទីក្រុងប៉េកាំងនោះ។

លោក Tim Niven អ្នកស្រាវជ្រាវនៅ Doublethink Lab របស់តៃវ៉ាន់ បានសរសេរសម្រាប់ទស្សនាវដ្តី The Diplomat ថា៖ «អស់ជាច្រើនទស្សវត្សរ៍មកហើយ ដែលប្រទេសចិនបានចូលរួមក្នុងឧបាយកលព័ត៌មានបរទេស និងការជ្រៀតជ្រែកដែលផ្តោតលើតៃវ៉ាន់ ហើយបានបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធីរបស់ខ្លួនជាមួយនឹងគោលដៅចុងក្រោយគឺការដាក់បញ្ចូលតៃវ៉ាន់»។ Doublethink Lab ធ្វើការដើម្បីបង្កើតភាពធន់នឹងឧបាយកលព័ត៌មាន និងឥទ្ធិពលព្យាបាទ។ «យុទ្ធនាការរយៈពេលវែង … ប្រកបដោយនិរន្តរភាពរបស់ទីក្រុងប៉េកាំងប៉ះពាល់ដល់បរិបទនៃការបោះឆ្នោតទាំងអស់នៅតៃវ៉ាន់ និងជាពិសេសការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបញ្ហាឆ្លងច្រកសមុទ្រគ្របដណ្ដប់លើការព្រួយបារម្ភរបស់អ្នកបោះឆ្នោត»។

យុទ្ធសាស្ត្រវិវត្តន៍ហាក់ដូចជាមានគោលបំណងបង្កើតការបែងបាក់ក្នុងចំណោមអ្នកបោះឆ្នោតតៃវ៉ាន់ នេះបើយោងតាមលោក Niven ដែលបានលើកឡើងថា CCP កំពុងស្វែងរកវិធីសាស្រ្តថ្មី បន្ទាប់ពីការបរាជ័យក្នុងការបង្កើនការគាំទ្រសម្រាប់គោលដៅរបស់ទីក្រុងប៉េកាំងនោះ។ លោកបានសរសេរថា៖ «កិច្ចខិតខំប្រឹងប្រែងកំពុងផ្លាស់ប្តូរដើម្បីវាយប្រហារដំណើរការនៃលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់»។

តៃវ៉ាន់ ដែលជាកន្លែងដែលប្រជាជនប្រមាណ 95% នៃប្រជាពលរដ្ឋ 24 លាននាក់មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតដែលអាចទុកចិត្តបាន គឺជាគោលដៅកំពូលនៃការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រដ្ឋាភិបាលបរទេស នេះបើយោងតាមគម្រោងសង្គមឌីជីថល។

កោះនេះបានប្រឆាំងនឹងការញុះញង់របស់ CCP ជាមួយនឹងការវិនិយោគរបស់រដ្ឋាភិបាល យុទ្ធនាការពិនិត្យការពិតយ៉ាងទូលំទូលាយ និងភាពជាដៃគូផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវ Freedom House នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានឱ្យដឹងថា ប្រជាជនតៃវ៉ាន់មានមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយដែលស្របតាម CCP ហើយក៏លើកឡើងថាជិត 75% នៃប្រជាជនតៃវ៉ាន់គាំទ្របទប្បញ្ញត្តិស្តីពីការឃោសនារបស់ CCP។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button