ទូទាំងតំបន់ផ្នែកផ្សេងៗភាពជាដៃគូ

គោលនយោបាយថ្មីរបស់ជប៉ុន អនុញ្ញាតឱ្យមានការផ្តល់មូលនិធិការពារជាតិក្រៅប្រទេស

ជប៉ុនគ្រោងនឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសនានា ដើម្បីជួយពួកគេពង្រឹងការការពារជាតិ ដោយកត់សម្គាល់ថាទីក្រុងតូក្យូបានចាកចេញពីច្បាប់ដែលហាមឃាត់ការប្រើប្រាស់ជំនួយអន្តរជាតិសម្រាប់គោលបំណងយោធាជាលើកដំបូងដោយគ្មានភាពស្រពេចស្រពិល។

ប្រធានលេខាធិការខុទ្ទកាល័យ លោក Hirokazu Matsuno បានលើកឡើងកាលពីខែមេសា ឆ្នាំ 2023 ថា ជំនួយសន្តិសុខក្រៅប្រទេសរបស់ប្រទេសជប៉ុន (OSA) នឹងត្រូវបានគ្រប់គ្រងដោយឡែកពីកម្មវិធីជំនួយអភិវឌ្ឍន៍ក្រៅប្រទេស ដែលអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលបានផ្តល់មូលនិធិដល់ផ្លូវថ្នល់ ទំនប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀតនោះ។

ក្រសួងការបរទេសបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «តាមរយៈការបង្កើនសមត្ថភាពសន្តិសុខ និងការរារាំងរបស់ពួកគេ OSA មានគោលបំណងធ្វើឱ្យកិច្ចសហប្រតិបត្តិការសន្តិសុខរបស់យើងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសនានា ដើម្បីបង្កើតបរិយាកាសសន្តិសុខដ៏គួរឱ្យចង់បានសម្រាប់ប្រទេសជប៉ុន»។

ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលប្រទេសជប៉ុនអនុវត្តការកសាងក្នុងវិស័យការការពារជាតិដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី 2 ក្នុងការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីសន្តិភាពនិយមដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

ក្រសួងការបរទេស បានលើកឡើងថា កម្មវិធី OSA ហាមឃាត់ការប្រើប្រាស់ជំនួយក្នុងការទិញសព្វាវុធដ៍សាហាវដែលអាចប្រើក្នុងជម្លោះ ដោយអនុលោមតាមគោលការណ៍គ្រប់គ្រងការនាំចេញសព្វាវុធ។

គម្រោងទាំងនោះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលប្រព័ន្ធទំនាក់ទំនងតាមផ្កាយរណប និងប្រព័ន្ធវិទ្យុសម្រាប់ការឃ្លាំមើលដែនសមុទ្រ ហើយអ្នកទទួលដំបូងទំនងជានឹងមានប្រទេសបង់ក្លាដែស ហ្វ៊ីជី ម៉ាឡេស៊ី និងហ្វ៊ីលីពីន។ ក្រសួងគ្រោងនឹងចាប់ផ្តើមការសិក្សាលទ្ធភាព OSA នៅក្នុងប្រទេសទាំងនោះ ដោយយកចិត្តទុកដាក់លើការពង្រឹងសន្តិសុខដែនសមុទ្ររបស់ពួកគេ។ (រូបភាព៖ នាវាឆ្មាំសមុទ្រជប៉ុន និងហ្វ៊ីលីពីន ធ្វើសមយុទ្ធប្រឆាំងការលួចប្លន់នៅជិតទីក្រុងម៉ានីល។)

កាសែត Yomiuri បានរាយការណ៍កាលពីខែមេសា ឆ្នាំ 2023 ថា ប្រទេសជប៉ុនកំពុងពិចារណាផ្តល់រ៉ាដាដល់ប្រទេសហ្វ៊ីលីពីន ដើម្បីជួយប្រទេសនេះតាមដានសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

ជាគោលការណ៍ មានតែប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានជំនួយដែលនឹងត្រូវបានផ្តល់ជាសម្បទាន នេះបើយោងតាម ក្រសួង។

ការសម្រេចចិត្តពង្រីកវិសាលភាពនៃជំនួយអន្តរជាតិចំពោះគម្រោងដែលទាក់ទងនឹងយោធា ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រទេសជប៉ុនក្នុងខែធ្នូ ឆ្នាំ 2022 នៃការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើវិស័យការពារជាតិក្នុងរយៈពេល 5 ឆ្នាំខាងមុខ ខណៈដែលទីក្រុងតូក្យូសម្លឹងរកមើលការទប់ទល់នឹងការរីកចម្រើនខាងផ្នែកយោធារបស់សាធារណរដ្ឋប្រជាមានិតចិន (PRC)។

ជប៉ុនក៏បាននឹងកំពុងបង្កើនការចូលរួមជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រឆាំងនឹង PRC ផងដែរ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងខែមីនា ឆ្នាំ 2023 បានប្រកាសអំពីការវិនិយោគចំនួន 75 ពាន់លានដុល្លារអាមេរិក នៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ សារព័ត៌មាន Reuters


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button