ការចាប់ត្រីពីជម្រៅជ្រៅបំផុត បានថតនៅប្រទេសជប៉ុនដោយអ្នកវិទ្យាសាស្ត្រ

សារព័ត៌មាន REUTERS
បេសកកម្ទ្យាសាស្ត្រអូស្ត្រាលី-ជប៉ុនបានចាប់បានត្រីនៅជម្រៅជាង 8 គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រជាលើកដំបូង – ហើយបានថតនៅជម្រៅកាន់តែជ្រៅ។
លោកសាស្ត្រាចារ្យ Alan Jamieson ដែលជាប្រធានអ្នកវិទ្យាសាស្ត្រនៃបេសកកម្ម បានថ្លែងនៅក្នុងខែមេសា ឆ្នាំ 2023 ថា អន្ទាក់ចាប់បានត្រីខ្ចងចំនួនពីរក្បាលនៅជម្រៅ 8 022 ម៉ែត្រនៅក្រោមផ្ទៃទឹកនៅក្នុងអន្លង់សមុទ្រ Japan Trench ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងក្នុងអំឡុងពេលធ្វើដំណើររយៈពេលពីរខែដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Western Australia (UWA) និងសាកលវិទ្យាល័យវិទ្យាសាស្រ្តដែនសមុទ្រក្រុងតូក្យូ។
បេសកកម្មបានឱ្យដឹងថា ត្រីខ្ចង ដែលជាប្រភេទត្រី Pseudoliparis belyaevi គឺជាត្រីដំបូងគេដែលត្រូវបានចាប់បាននៅជម្រៅជ្រៅជាង
8 000 ម៉ែត្រ។ ប្រភេទត្រីនេះត្រូវបាន កត់ត្រាថាអាចលូតលាស់ដល់ទៅប្រវែង 11 សង់ទីម៉ែត្រ។
កាមេរ៉ាបញ្ជាពីចម្ងាយដែលបានទម្លាក់ចុះពីនាវាស្រាវជ្រាវ DSSV Pressure Drop ដោយបេសកម្មរួម ដែលជាផ្នែកមួយនៃការសិក្សារយៈពេល 10 ឆ្នាំអំពីចំនួនត្រីនៅជម្រៅជ្រៅបំផុតនៅលើភពផែនដី ក៏បានកត់ត្រានូវប្រភេទត្រីខ្ចង ដែលមិនស្គាល់មួយដែលហែលទឹកក្នុងជម្រៅ
8 336 ម៉ែត្រនៅក្នុងអន្លង់សមុទ្រ Izu-Ogasawara Trench
នៅភាគខាងត្បូងប្រទេសជប៉ុន។
សាស្ត្រាចារ្យ Jamieson ដែលជាស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវ Minderoo-UWA Deep-Sea Research Centre បានថ្លែងថា៖ «អន្លង់នៅជប៉ុននេះគឺជាទីតាំងដ៏អស្ចារ្យដើម្បីសិក្សាស្រាវជ្រាវ អន្លង់ទាំងនោះមានជីវិតចម្រុះជាច្រើន សូម្បីតែនៅបាតសមុទ្រក៏ដោយ»។ «យើងប្រាប់មនុស្សតាំងពីក្មេង តាំងពីអាយុ 2 ឬ 3 ឆ្នាំ ថាសមុទ្រជ្រៅគឺជាកន្លែងដែលគួរឱ្យភ័យខ្លាច ដែលអ្នកមិនគួរទៅទេ ហើយយូរទៅអ្នកនឹងចងចាំពីរឿងនេះ។
«យើងមិនផ្ដល់តម្លៃដល់ការពិតដែលថាវា [សមុទ្រជ្រៅ] គឺជាមូលដ្ឋានភាគច្រើននៃភពផែនដី ហើយធនធានគួរតែត្រូវបានប្រើដើម្បីស្រាវជ្រាវស្វែងយល់ … របៀបដែលយើងកំពុងប៉ះពាល់ដល់វា និងរបៀបដែលវាដំណើរការ»។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។