ការការពារ ជនស៊ីវិលអំឡុងពេលមានជម្លោះ
ច្បាប់អន្តរជាតិតម្រូវឱ្យយោធាបន្ថយការបង្កគ្រោះថ្នាក់ដល់ជន ដែលមិនជាប់ពាក់ព័ន្ធនឹងចម្បាំងឱ្យនៅតិចបំផុត ពេលមានសង្គ្រាម
បុគ្គលិករបស់ទស្សនាវដ្តី FORUM
ជម្លោះទឹកដី មហិច្ឆតានយោបាយ និងការប្រកួតប្រជែងធនធាន ជារឿយៗបង្កឱ្យជម្លោះប្រដាប់អាវុធកាន់តែកើនឡើង។ សង្គ្រាមដែលកើតឡើង មិនថាដោយសារមូលហេតុអ្វី គឺនឹងមានផលវិបាកដ៏ស្មុគស្មាញ។ ក្នុងចំណោមនោះ៖ ការបំផ្លិចបំផ្លាញរយៈពេលខ្លី និងរយៈពេលវែង និងការស្លាប់របស់ជនស៊ីវិលដែលមានចំនួនជិត 90% នៃអ្នកស្លាប់ដោយសារសង្រ្គាម នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ 2022។
រូបភាពដ៏ក្រៀមក្រំបំផុតមួយនៃចំនួនអ្នកស្លាប់ដោយសារតែជម្លោះលើប្រជាជនទូទៅ គឺសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលអ្នកឈរមើលហេតុការណ៍ត្រូវបានសម្លាប់ «នៅក្នុងផ្ទះរបស់ពួកគេ ហើយខណៈពេលដែលពួកគេគ្រាន់តែព្យាយាមបំពេញតម្រូវការចាំបាច់របស់ពួកគេ ដូចជាការប្រមូលយកទឹក និងការទិញអាហារ» នេះបើតាមការលើកឡើងរបស់លោក Volker Türk ដែលជាស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។
លោក Türk បានថ្លែងប្រាប់នៅក្នុងខែកុម្ភៈ ឆ្នាំ 2023 ថា៖ «មនុស្សវ័យក្មេង ដល់មនុស្សចាស់សុទ្ធតែរងផលប៉ះពាល់ទាំងអស់។ សិស្សបានមើលឃើញថា ការអប់រំរបស់ពួកគេត្រូវបានបញ្ឈប់ ឬបង្អាក់ដោយការវាយប្រហារទៅលើកន្លែងអប់រំ ខណៈពេលដែលមនុស្សចាស់ និងជនពិការបានប្រឈមមុខនឹងបញ្ហាដ៏ធំធេង ក្នុងករណីខ្លះមិនអាចទៅដល់ជម្រកការពារគ្រាប់បែក ឬត្រូវចំណាយពេលយូរនៅក្នុងបន្ទប់ក្រោមដីក្នុងស្ថានភាពដែលអាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ»។ «ការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅតែបន្តជារៀងរាល់ថ្ងៃ វាកាន់តែពិបាកទៅៗក្នុងការស្វែងរកផ្លូវឆ្ពោះទៅកាន់សន្តិភាព ដោយសារការរងទុក្ខ និងការបំផ្លិចបំផ្លាញកាន់តែច្រើនឡើង»។
សង្រ្គាមបានផ្ទុះឡើងជុំវិញពិភពលោក ដែលនាំឱ្យតម្លៃស្បៀងអាហារ និងឥន្ធនៈកាន់តែខ្ពស់ ហើយធ្វើឱ្យមានទុក្ខវេទនាកាន់តែខ្លាំង ជាពិសេសក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត។ លោក Türk បានបន្តទៀតថា៖ «ទុក្ខលំបាករបស់ជនស៊ីវិលគឺមានច្រើនហួសប្រមាណ»។
‘ស្វែងយល់អំពីការប្រុងប្រយ័ត្នជាមុនដែលអាចធ្វើបានទាំងអស់’
ច្បាប់ស្ដីពីជម្លោះប្រដាប់អាវុធ ឬហៅថាច្បាប់មនុស្សធម៌អន្តរជាតិ មិនហាមឃាត់ការប្រយុទ្ធគ្នានៅក្នុងតំបន់ដែលមានប្រជាជននោះទេ ប៉ុន្តែវត្តមានរបស់ជនស៊ីវិលបង្កើនកាតព្វកិច្ចរបស់ភាគីបង្កសង្រ្គាម ក្នុងការធ្វើឱ្យការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលស្ថិតក្នុងកម្រិតតិចតួច នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ (NGO) ដែលមានទីតំាងនៅទីក្រុងញូវយ៉ក។ ច្បាប់តម្រូវឱ្យយោធា «ចាត់វិធានការប្រុងប្រយ័ត្នទាំងអស់» ដើម្បីចៀសវាង ឬកាត់បន្ថយការខូចខាតរបស់របររបស់ជនស៊ីវិល ឬការបាត់បង់ជីវិតដល់ជនស៊ីវិល។
អង្គការក្រៅរដ្ឋាភិបាលបានរាយការណ៍នៅក្នុងខែកុម្ភៈ ឆ្នាំ 2023 ថា៖ «ការប្រុងប្រយ័ត្នជាមុនទាំងនេះរួមមានការធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ជាក់ថាគោលបំណងនៃការវាយប្រហារ គឺជាគោលបំណងយោធា និងមិនមែនជាគោលបំណងជនស៊ីវិលទេ និងការផ្តល់នូវ ‘ការព្រមានកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព’ សម្រាប់ការវាយប្រហារនៅពេលដែលកាលៈទេសៈអនុញ្ញាត»។ «ភាគីវាយប្រហារមិនត្រូវបានបន្ធូរបន្ថយពីកាតព្វកិច្ចរបស់ខ្លួន ដើម្បីគិតគូរពីហានិភ័យដល់ជនស៊ីវិលនោះទេ ព្រោះខ្លួនចាត់ទុកថាភាគីការពារទទួលខុសត្រូវចំពោះការកំណត់ទីតាំងគោលដៅយោធាស្របច្បាប់នៅក្នុង ឬនៅជិតតំបន់ដែលមានប្រជាជនរស់នៅ»។
គណៈកម្មាធិការអន្តរជាតិរបស់កាកបាទក្រហម (ICRC) ដែលមានទីតំាងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស បានបោះពុម្ពសៀវភៅណែនាំមួយដែលមានចំណងជើងថា «ការលើកកម្ពស់ក្នុងការការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ និងស្ថានភាពផ្សេងទៀតនៃអំពើហិង្សា» ដែលចែករំលែកព័ត៌មាន និងការណែនាំស្តីពីការការពារជនស្លូតត្រង់។ សៀវភៅណែនាំនេះផ្តោតលើមនុស្សដែលត្រូវបានដកហូតសិទ្ធិសេរីភាពក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ ឬស្ថានការណ៍ហិង្សាផ្សេងទៀត ជនស៊ីវិលមិនចូលរួមក្នុងជម្លោះប្រដាប់អាវុធ ឬស្ថានភាពហិង្សា ហើយមានអ្នកដែលប្រឈមនឹងហានិភ័យ ដូចជាស្ត្រី និងកុមារ មនុស្សចាស់ និងអ្នកផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេ។
ដោយយោងតាមសៀវភៅណែនាំរបស់ (ICRC) បានឱ្យដឹងថា «ជនស៊ីវិលមិនត្រឹមតែត្រូវបានចាប់ខ្លួនដោយផ្ទាល់ចំពោះអំពើហិង្សាតែប៉ុណ្ណោះទេ ប៉ុន្តែការគ្រប់គ្រងលើប្រជាជនស៊ីវិលជាញឹកញាប់គឺជារឿងមួយដែលជាប់ពាក់ព័ន្ធក្នុងជម្លោះ»។ «ការវិវត្តនៃស្ថានភាពបែបនេះអាចបណ្តាលមកពីការកើនឡើងនៃភាពតានតឹងរវាងអន្តរសហគមន៍ ជនជាតិភាគតិចនិងសាសនា ការដួលរលំនៃរចនាសម្ព័ន្ធរបស់រដ្ឋ ការតស៊ូដើម្បីគ្រប់គ្រងលើធនធានធម្មជាតិ ភាពអាចរកបានយ៉ាងទូលំទូលាយនៃអាវុធ ការកើនឡើងនៃអំពើភេរវកម្ម និងការរីករាលដាលដែលគេហៅថាជម្លោះប្រដាប់អាវុធមិនស្មើគ្នា។ បច្ចុប្បន្ននេះ កង្វះការការពារជាទូទៅនៅក្នុងវិបត្តិដែលប៉ះពាល់ដល់ជនស៊ីវិលដែលជាប់នៅក្នុងជម្លោះប្រដាប់អាវុធ និងស្ថានភាពនៃអំពើហិង្សាផ្សេងទៀតគឺមិនមែនដោយសារក្របខណ្ឌមិនគ្រប់គ្រាន់ទេ ប៉ុន្តែជាការអនុលោមភាពមិនល្អ»។
(ICRC) ផ្តល់អនុសាសន៍ថាប្រទេសនានាគួរតែបង្កើតយ៉ាងតិចណាស់ផែនការការពារមួយផ្នែកសម្រាប់ពេលមានជម្លោះ រួមទាំង៖
ការបង្ហាញ ពន្យល់ ផ្សព្វផ្សាយ និងពិភាក្សាអំពីការអនុវត្តសកម្មភាពការពារជាមួយអាជ្ញាធរពាក់ព័ន្ធ។
ត្រូវប្រាកដថាមន្ត្រីអនុវត្តច្បាប់យល់ច្បាស់ពីតួនាទីរបស់ខ្លួន ហើយមានឆន្ទៈក្នុងការធានាបានថាច្បាប់ត្រូវបានគោរព។
បង្កើតបណ្តាញទំនាក់ទំនងដែលអាចទុកចិត្តបានក្នុងចំណោមអាជ្ញាធរ និងជាមួយអ្នកពាក់ព័ន្ធដ៏មានឥទ្ធិពល ជាពិសេសនៅក្នុងសង្គមស៊ីវិល ដែលអាចផ្តល់ធនធានក្នុងពេលមានវិបត្តិ។
ជ្រើសរើសតំបន់ រយៈពេលនៃពេលវេលា និងមនុស្សដើម្បីអនុញ្ញាតជាមុនសម្រាប់ការផ្តល់សេវាកម្ម ឬជំនួយ។
អនុវត្តសកម្មភាពបំពេញបន្ថែមដែលជួយសម្រួលដល់ការការពារក្នុងនាមជនស៊ីវិល ដូចជាកម្មវិធីជំនួយ និងសកម្មភាពទំនាក់ទំនង។
រៀបចំ និងបង្កើតសកម្មភាពការពារក្នុងវិស័យនេះ រួមទាំងការធ្វើបទបង្ហាញដល់ជនស៊ីវិល។
សៀវភៅណែនាំរបស់ (ICRC) បានសរសេរថា៖ «ខណៈពេលដែលអនុវត្តសកម្មភាពការពាររបស់ខ្លួន អង្គការនីមួយៗគួរតែស្វែងរកយ៉ាងសកម្មនូវការបំពេញបន្ថែមដោយផ្អែកលើមូលដ្ឋាន និងសកម្មភាពជាមួយតួអង្គមនុស្សធម៌ផ្សេងទៀត ដើម្បីធានាបាននូវការឆ្លើយតបដ៏ទូលំទូលាយបំផុត ដូច្នេះហើយជាឱកាសដ៏អស្ចារ្យបំផុតក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរជីវិតរបស់មនុស្សដែលមានហានិភ័យ»។
ការគំរាមកំហែងដល់មនុស្សជាតិ
ប្រទេសដែលជាជនល្មើសដ៏ធំបំផុតមួយនៅឥណ្ឌូប៉ាស៊ីហ្វិក គឺប្រទេសកូរ៉េខាងជើង ដែលបន្តបង្កើតកម្មវិធីអាវុធនុយក្លេអ៊ែរ និងបាញ់មីស៊ីល ដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ លោក Laurent Gisel ដែលជាប្រធានអង្គភាពអាវុធ និងការប្រព្រឹត្តអរិភាពរបស់ (ICRC) បានផ្តល់សក្ខីកម្មនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែតុលា ឆ្នាំ 2022 ថា ហានិភ័យនៃអាវុធនុយក្លេអ៊ែរដែលត្រូវបានប្រើប្រាស់គឺ «កើនឡើងក្នុងល្បឿនគួរឱ្យព្រួយបារម្ភ»។ លោក Gisel បានបន្តទៀតថា៖ «អាវុធនុយក្លេអ៊ែរ គឺជាការគំរាមកំហែងដ៏ធំបំផុតមួយចំពោះមនុស្សជាតិ»។ «ការប្រើប្រាស់អាវុធប្រភេទនេះនឹងបង្កឱ្យមានគ្រោះថ្នាក់ដែលមិនអាចត្រឡប់វិញបាន ចំពោះមនុស្សជំនាន់ក្រោយ និងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់មនុស្សជាតិ»។
លោក Gisel បានបញ្ជាក់ថាមានអាវុធនុយក្លេអ៊ែរចំនួនច្រើនជាង 13 000 នៅទូទាំងពិភពលោក ហើយចំនួននេះត្រូវបានរំពឹងថានឹងកើនឡើងរួមជាមួយនឹងហានិភ័យការប្រើប្រាស់អាវុធ។
«ហានិភ័យនេះត្រូវបានជំរុញបន្ថែមទៀតដោយការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ រួមទាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរខ្នាតតូចដែលត្រូវបានគេលើកឡើងថាអាចប្រើបានច្រើនជាងមុន និងការអភិវឌ្ឍបច្ចេកវិទ្យាដែលអាចបង្កើនភាពងាយរងគ្រោះនៃអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធបញ្ជាគ្រប់គ្រងរបស់អាវុធ ចំពោះកំហុសរបស់មនុស្ស ឬម៉ាស៊ីន និងការវាយប្រហារតាមអ៊ីនធឺណិត»។ «ការអភិវឌ្ឍទាំងនេះកំពុងកើតឡើង បើទោះបីជាមានភស្តុតាងដ៏ច្រើនលើសលប់អំពីផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាចរយៈពេលវែង និងមិនអាចត្រឡប់ក្រោយបានរបស់អាវុធនុយក្លេអ៊ែរលើសុខភាព បរិស្ថាន អាកាសធាតុ និងសន្តិសុខស្បៀងអាហារ — ទោះបីជាមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបផ្នែកមនុស្សធម៌ក្នុងករណីប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងទោះបីជាមានហានិភ័យនៃការកើនឡើងនូវភាពតានតឹងបណ្ដាលពីការប្រើប្រាស់ណាមួយ»។
ភាពតានតឹងកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េ ដោយសារតែការគំរាមកំហែងពីមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង បានជំរុញឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីខែសីហា ឆ្នាំ 2022 បញ្ជាឱ្យធ្វើបច្ចុប្បន្នភាពផែនការប្រតិបត្តិការយោធា (OPLAN) របស់ប្រទេស ដែលគូសបញ្ជាក់ពីភាពអាសន្នដោយផ្អែកលើសេណារីយ៉ូសង្គ្រាមផ្សេងៗគ្នា។
សារព័ត៌មាន Reuters បានរាយការណ៍ថា លោក Yoon បានថ្លែងបន្តថា៖ «យើងត្រូវតែរៀបចំវិធានការជាបន្ទាន់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនយើង រួមទាំងការពិនិត្យឡើងវិញលើផែនការប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែងពីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងដែលកំពុងតែក្លាយជាការពិត»។
ផែនការបច្ចុប្បន្នមិនបានពិចារណារអំពីការរីកចម្រើនដ៏ច្រើនដែលកូរ៉េខាងជើងបានធ្វើក្នុងការអភិវឌ្ឍអាវុធប្រល័យលោកនោះទេ។ សំឡេងសហរដ្ឋអាមេរិកបានរាយការណ៍ថា មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់បានពន្យល់ថា៖ «នេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ»។
មន្ត្រីរូបនេះបានបន្តថា៖ «បរិយាកាសយុទ្ធសាស្ត្របានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាការសមស្រប និងចាំបាច់ដែលយើងមាន [ផែនការប្រតិបត្តិការ] ដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងរក្សាវាឱ្យស្របទៅនឹងបរិយាកាសយុទ្ធសាស្ត្រ»។ អាជ្ញាធរបានបន្ថែមថាសមត្ថភាពរបស់កូរ៉េខាងត្បូងក៏បានកើនឡើងផងដែរ ហើយផែនការ OPLAN ត្រូវតែគិតគូរអំពីសមត្ថភាពនេះផងដែរ។
ផែនការ OPLAN រួមបញ្ចូលគ្នានូវឥរិយាបថការពាររួមគ្នារវាងកងកម្លាំងសាធារណរដ្ឋកូរ៉េ និងកងកម្លាំងអាមេរិកនៅកូរ៉េ។ ទស្សនាវដ្តី The Diplomat បានពន្យល់ថា ផែនការដែលបានធ្វើបច្ចុប្បន្នភាពនឹងមានបីដំណាក់កាល៖ ការបញ្ឈប់ការឈ្លានពានរបស់កូរ៉េខាងជើងឆ្លងកាត់តំបន់គ្មានយោធា (DMZ) ការប្រយុទ្ធប្រឆាំងដើម្បីរារាំងកុំឱ្យកងកម្លាំងឆ្លងកាត់តំបន់ DMZ បាន និងកងកម្លាំងចម្រុះសាធារណរដ្ឋកូរ៉េ-អាមេរិកឆ្លងកាត់តំបន់ DMZ ដើម្បីធ្វើការវាយប្រហារឆ្លើយតបវិញ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅខែមករាឆ្នាំ 2023 បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Lee Jong-Sup ថា៖ «គោលដៅចុងក្រោយរបស់យើងគឺសន្តិភាពមិនមែនជម្លោះទេ ហើយដើម្បីសម្រេចគោលដៅនោះ ប្រទេសរបស់យើងបានធ្វើការជាមួយគ្នាដើម្បីទប់ស្កាត់ជម្លោះទ្រង់ទ្រាយធំ ដើម្បីពង្រឹងសមត្ថភាពរួមគ្នារបស់យើង និងដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិដែលមានមូលដ្ឋានលើច្បាប់ដែលរក្សាយើងទាំងអស់គ្នាឱ្យមានសុវត្ថិភាព»។ «ការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារសាធារណរដ្ឋកូរ៉េនៅតែរឹងមាំដូចដែកថែប។ សហរដ្ឋអាមេរិកមានគោលជំហរយ៉ាងរឹងមាំនៅក្នុងការប្តេជ្ញាចិត្តរារាំងរបស់យើង ហើយជំហារនោះរួមបញ្ចូលទាំងសមត្ថភាពការពារពេញលេញរបស់សហរដ្ឋអាមេរិក រួមទាំងសមត្ថភាពការពារទូទៅ សមត្ថភាពការពារនុយក្លេអ៊ែរ និងមីស៊ីលរបស់យើង»។
របៀបរៀបចំប្រជាជនស៊ីវិល៖ បទពិសោធន៍ពីកូរ៉េខាងត្បូង
រដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្វើសមយុទ្ធការជម្លៀស និងឆ្លើយតបនៅក្នុងគ្រាអាសន្នយ៉ាងទៀងទាត់ ហើយបានរៀបចំផែនការឆ្លើយតបទៅកាន់ភាពអាសន្នទៅកាន់ស្ថានទូត ដើម្បីចែកចាយទៅកាន់ពលរដ្ឋបរទេសដែលអាចនឹងរងផលប៉ះពាល់។ គោលការណ៍ផ្តល់ការណែនាំដោយផ្អែកលើកម្រិតប្រុងប្រយ័ត្នចំនួនបួន៖
កម្រិតទី 1៖ ការប្រុងប្រយ័ត្នកើនឡើង
សូចនាករ៖ ការបង្កហេតុជាបន្តបន្ទាប់ដូចជាការធ្វើតេស្តមីស៊ីលនិងនុយក្លេអ៊ែរ និងពាក្យពេចន៍បង្កបញ្ហា។ នេះគឺជាកម្រិតប្រុងប្រយ័ត្នទូទៅនៅកូរ៉េខាងត្បូង។
តើត្រូវធ្វើអ្វីខ្លះ៖រក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន។ ប្រុងប្រយ័ត្ន និងតាមដានការប្រកាសពីស្ថានទូត និងរដ្ឋាភិបាលកូរ៉េខាងត្បូង។
កម្រិតទី 2៖ ការរឹតបន្តឹងការធ្វើដំណើរការ
សូចនាករ៖ ការបង្កើនកងកម្លាំងកូរ៉េខាងជើង និងកងកម្លាំងសាធារណរដ្ឋកូរ៉េនៅតាមព្រំដែន។ ស្ថានទូត និងស្ថាប័នអន្តរជាតិនៅក្នុងទីក្រុងសេអ៊ូលចេញសេចក្តីណែនាំនិងការព្រមានអំពីការរឹតបន្ដឹងការធ្វើដំណើរទៅកាន់ទីតាំងមួយចំនួន។ ក្រសួងសុវត្ថិភាពសាធារណៈ និងសន្តិសុខចេញសេចក្តីណែនាំជាញឹកញាប់អំពីសុវត្ថិភាពប្រជាជនស៊ីវិល។ ប្រហែលជាមានការប្រយុទ្ធដោយកងកម្លាំងយោធាកាន់តែច្រើននៅទីតាំងដាច់ដោយឡែកពីគ្នា ដែលភាគច្រើនទំនងជានៅតាមបណ្តោយតំបន់ DMZ។
តើត្រូវធ្វើអ្វីខ្លះ៖ ធ្វើដំណើរតិចបំផុត និងជៀសវាងទីតាំងដែលអាចកើតមានជម្លោះ។ អនុវត្តតាមការណែនាំពីប៉ូលិស ឬកងកម្លាំងការពារស៊ីវិល។ ត្រៀមខ្លួនធ្វើការជម្លៀសទៅកាន់ទីជម្រកក្នុងតំបន់។ រៀបចំកញ្ចប់វត្ថុសំខាន់ៗសម្រាប់ស្ថានភាពគ្រាអាសន្ន សម្រាប់ការប្រើប្រាស់ឱ្យបាន 72 ម៉ោង។
កម្រិតទី 3៖ ការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត
សូចនាករ៖ ការប្រយុទ្ធគ្នារវាងកងកម្លាំងកូរ៉េខាងជើង និងកងកម្លាំងសាធារណរដ្ឋកូរ៉េនៅតាមព្រំដែនកើនឡើង។ រដ្ឋាភិបាលកូរ៉េខាងត្បូងចេញសេចក្តីណែនាំអំពីការជម្លៀសចេញពីតំបន់តាមព្រំដែន។ បុគ្គលិកយោធាចាប់ផ្តើមដាក់ពង្រាយ និងមកដល់ពីសហរដ្ឋអាមេរិក ហើយប្រហែលមកពីប្រទេសជប៉ុនផងដែរ។ ការបង្កើនកងកម្លាំងនៅតាមបណ្ដោយតំបន់ DMZ បានកើនឡើង។ ស្ថានទូត និងស្ថាប័នអន្តរជាតិនៅក្នុងទីក្រុងសេអ៊ូលចេញសេចក្តីណែនាំមិនឱ្យធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង។
តើត្រូវធ្វើអ្វីខ្លះ៖ ស្ថានទូតក្នុងប្រទេសណែនាំឱ្យពលរដ្ឋចាកចេញពីកូរ៉េខាងត្បូងដោយស្ម័គ្រចិត្ត ហើយអាចផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីធ្វើដំណើរចាកចេញ។ ការធ្វើដំណើររួមជាមួយកញ្ចប់របស់របរសម្រាប់ស្ថានភាពអាសន្ន ដែលគួរតែត្រូវបានត្រួតពិនិត្យរៀងរាល់ប្រាំមួយខែម្តង ដើម្បីធានាបាននូវការត្រៀមខ្លួនរួចរាល់។
កម្រិតទី 4៖ ការជម្លៀសដោយចាំបាច់
សូចនាករ៖ ជម្លោះយោធាទ្រង់ទ្រាយធំគឺនឹងកើតឡើងក្នុងពេលដ៏ខ្លី។ ស្ថានទូតរៀបចំពលរដ្ឋរបស់ខ្លួនសម្រាប់ការជម្លៀសទ្រង់ទ្រាយធំចេញពីប្រទេសកូរ៉េខាងត្បូង។ ប្រទេសកូរ៉េខាងត្បូងប្រកាសអាសន្នទូទាំងប្រទេស។ ស្ថាប័នស៊ីវិលបញ្ឈប់ប្រតិបត្តិការ។ បុរសកូរ៉េខាងត្បូងទាំងអស់ដែលចុះឈ្មោះក្នុងកងទ័ពត្រូវបានកោះហៅ។
តើត្រូវធ្វើអ្វីខ្លះ៖ ធ្វើដំណើរទៅកាន់ទំតាំងជម្លៀសដែលបានកំណត់ ទំនងជាទីតាំងនៅតំបន់ភាគខាងត្បូង ឆ្ងាយពីតំបន់ DMZ។ មនុស្សគ្រប់រូបគួរតែមានកញ្ចប់របស់របរសម្រាប់ស្ថានភាពអាសន្ន។
ការកសាងភាពធន់
ជម្លោះប្រដាប់អាវុធបង្កើតបញ្ហាដែលមានលក្ខណៈមិនច្បាស់លាស់ ប៉ុន្ដែការមិនរៀបចំការការពារប្រជាជនស៊ីវិលមិនគួរជាបញ្ហានោះទេ។ ធនធានដូចជា (ICRC) និងអង្គការសហប្រជាជាតិ និងឧទាហរណ៍ដូចជាកូរ៉េខាងត្បូងផ្តល់នូវចំណុចចាប់ផ្តើមសម្រាប់ការបង្កើតផែនការ។ (ICRC) បានពន្យល់ថា៖ «វាលំបាកស្វែងរកសេណារីយ៉ូដ៏កម្រ ដែលច្បាប់សង្គ្រាមបានជួយសង្គ្រោះជីវិត»។ «យើងមិនដែលឃើញសាច់រឿងអំពីអ្នកបើកយន្តហោះពីរនាក់ដែលជ្រើសរើសមិនទម្លាក់គ្រាប់បែក បន្ទាប់ពីបានវាយតម្លៃថាមនុស្សជាច្រើននឹងរងគ្រោះថ្នាក់នោះទេ។ យើងមិនឃើញវីដេអូបុគ្គលិកសុខាភិបាលឆ្លងកាត់ខ្សែត្រៀមយោធាក្នុងពេលជម្លោះ ដើម្បីផ្តល់ការថែទាំសុខភាពសំខាន់នោះទេ»។
ខណៈពេលដែលមានការរំលោភបំពានលើច្បាប់មនុស្សធម៌អន្តរជាតិនៅតែកើតឡើង ផែនការប្រតិបត្តិការដែលការពារជនស៊ីវិល និងយុទ្ធជនដែលគោរពច្បាប់ការប្រយុទ្ធ និងគោរពកាតព្វកិច្ចរបស់ពួកគេក្នុងការមិនបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល។
«គ្មានអ្វីគួរឱ្យសង្ស័យទេថា តែងតែមានភាពភ័យខ្លាច ជាការឈឺចាប់ និងភាពខ្លោចផ្សានៅក្នុងជម្លោះ» នេះបើយោងតាមគ (ICRC)។ «ប៉ុន្តែ ក៏មានភាពធន់ ការសាងសង់ឡើងវិញ និងការស្តារសង្គមឡើងវិញផងដែរ។ មនុស្សដែលរងផលប៉ះពាល់ដោយជម្លោះ ក៏ដូចជាជម្លោះខ្លួនវាផងដែរ គឺមានលក្ខណៈចម្រុះ»។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។