ការកសាង ភាពធន់
យោធាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសម្របខ្លួន ដើម្បីការពារទល់នឹងផលប៉ះពាល់ពីអាកាសធាតុ

បុគ្គលិករបស់ទស្សនាវដ្ដី FORUM | រូបថតដោយសារព័ត៌មាន The Associated Press
គោលដៅនេះកំពុងផ្លាស់ទីនៅ Foxtrot Range ដែលជាផ្នែកមួយនៃការកំណត់ទីតាំងឡើងវិញជាយុទ្ធសាស្រ្ត ដោយសារតែឆ្នេរ Ewa Beach កាន់តែរួមតូចទៅៗដោយកម្លាំងឥតឈប់ឈរ ដែលជាការប៉ះទង្គិច និងបោកបក់នៃរលកសមុទ្រប៉ាស៊ីហ្វិក និងជំនោរនោះ។ នៅដើមឆ្នាំ 2023 ក្រុមនាវិកបានចាប់ផ្តើមរំកិលកាំភ្លើងខ្លីប្រហែល 40 ម៉ែត្រចូលទៅឆ្ងាយពីច្រាំងសមុទ្រនោះ ដែលជាជំហានដំបូងក្នុងការផ្លាស់ទីតាំងការបាញ់ចម្ងាយខ្លីចំនួន 4 នៅឯមូលដ្ឋានទ័ពម៉ារីនសហរដ្ឋអាមេរិកនៅ Hawaii’s Pu’uloa Range Training Facility (PRTF) ដែលកងទ័ពបានដុសខាតសំលៀងការហ្វឹកហ្វឺនជំនាញបាញ់កាំភ្លើងនៅឯកន្លែងនោះអស់មួយសតវត្សទៅហើយនោះ។ គម្រោងនៅទីតាំងទំហំ 55 ហិចតា នៅផ្នែកម្ខាងនៃកោះ Oahu នឹងការពារជួរពីការហូរច្រោះតាមឆ្នេរសមុទ្រ ខណៈពេលដែលកំណត់ហានិភ័យនៃគ្រាប់រំសេវដែលបំពុលទៅក្នុងមហាសមុទ្រ។
លោកវរសេនីយ៍ត្រី លោក Jeffry Hart នាយកផ្នែកអនុលោមភាព និងការការពារបរិស្ថានរបស់មូលដ្ឋានបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា «យើងមានទំនួលខុសត្រូវក្នុងការការពារធនធានធម្មជាតិដែលយើងត្រូវបានប្រគល់ឱ្យគ្រប់គ្រងនេះ»។ «ក្នុងនាមជាអ្នកមើលការខុសត្រូវនៃទឹកដីនេះ យើងត្រូវថែរក្សា និងការពារធនធាន ខណៈពេលដែលរក្សាបាននូវប្រសិទ្ធភាពប្រតិបត្តិការរបស់ PRTF ដើម្បីរក្សាកងម៉ារីន សមាជិកកងកម្លាំងរួម និងមន្ត្រីអនុវត្តច្បាប់ដែលត្រូវបានបណ្តុះបណ្តាល និងត្រៀមខ្លួនជាស្រេច»។
ចាប់ពីពាក់កណ្តាលតំបន់ប៉ាស៊ីហ្វិក ដល់អាស៊ីអាគ្នេយ៍ និងលើសពីនេះ យោធាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងមូល ដើម្បីសម្របខ្លួន និងពង្រឹងការដំឡើងមូលដ្ឋានយោធាប្រឆាំងនឹងការគំរាមកំហែងអត្ថិភាពនៃបម្រែបម្រួលអាកាសធាតុ និងឃ្លាំងអាវុធនៃបញ្ហាប្រឈមរបស់ខ្លួន — ការកើនឡើងកម្រិតកម្ពស់ទឹកសមុទ្រ ការរលាយនៃកំណកដែលកកយូរណាស់មកហើយ និងការកើនឡើងនៃទឹកជំនន់ និងព្យុះ។ លោក Robert Evans Jr. វិស្វករនៅនាយកដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក (DAF) បានសរសេរនៅក្នុងអត្ថបទមួយនៅខែសីហា ឆ្នាំ 2022 សម្រាប់ទិនានុប្បវត្តិកិច្ចការឥណ្ឌូប៉ាស៊ីហ្វិករបស់ DAF ថា៖ «ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងហានិភ័យដែលពាក់ព័ន្ធទាំងនេះ បង្កើតជាបញ្ហាប្រឈមផ្នែកសន្តិសុខ និងផលប៉ះពាល់ដល់យុទ្ធសាស្ត្រការពារ ផែនការ សមត្ថភាព បេសកកម្ម សម្ភារ គ្រឿងបរិក្ខារ យានជំនិះ ប្រព័ន្ធអាវុធ និងសូម្បីតែចំពោះបុគ្គលិក»។ «ការធ្វើផែនការបេសកកម្មត្រូវតែរួមបញ្ចូលការកំណត់អត្តសញ្ញាណ និងការវាយតម្លៃផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុលើបេសកកម្ម ការបញ្ចូលផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅក្នុងផែនការ និងនីតិវិធី រួមទាំងការរំពឹងទុក និងការគ្រប់គ្រងហានិភ័យនៃបម្រែបម្រួលអាកាសធាតុទាំងនេះ ដើម្បីកសាងភាពធន់ ជាពិសេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងប្រព័ន្ធគាំទ្រ»។
ជាពិសេស លោក Evans បានសរសេរថា នៅពេលដែលប្រទេសនានាផ្តោតការយកចិត្តទុកដាក់របស់ពួកគេ «ឆ្ពោះទៅរកប្រទេសចិន និងការគំរាមកំហែងនៅឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនត្រូវតែវាយតម្លៃផលប៉ះពាល់ និងហានិភ័យនៃបម្រែបម្រួលអាកាសធាតុ ដែលទាក់ទងទៅនឹងជម្រើសមូលដ្ឋានយោធា»។
ការផ្លាស់ប្តូរយុទ្ធសាស្ត្រ
មានកន្លែងមួយចំនួនដែលការពិចារណាបែបនេះមានលក្ខណៈស្រួចស្រាវដូចជាប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានកោះចំនួន 13 500 និងប្រជាជនចំនួន 280 លាននាក់ ដែលថ្មីៗនេះបានចាប់ផ្តើមភារកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនៃការកសាងរដ្ឋធានីថ្មីមួយទាំងស្រុង។ រាជធានីបច្ចុប្បន្ន ដែលជាទីក្រុងដ៏ធំនៃទីក្រុងហ្សាការតានៅលើកោះជ្វា ដែលមានប្រជាជនចំនួន 11,2 លាននាក់រស់នៅក្នុងកម្ពស់ជាមធ្យម 8 ម៉ែត្រ ដែលកំពុងលិចរហូតដល់ 25 សង់ទីម៉ែត្រក្នុងមួយឆ្នាំ ដែលជាការរងគ្រោះព្រោះការទាញយកទឹកក្រោមដីដោយមិនមានការរឹតត្បិត និងការរំលោភលើជញ្ជាំងសមុទ្ររបស់សមុទ្រជ្វា។ អង្គការសហប្រជាជាតិប៉ាន់ស្មានថា ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខនេះ មួយភាគបីនៃទីក្រុងហ្សាការតានឹងត្រូវលិចលង់ក្នុងទឹក។
នៅចម្ងាយប្រមាណ 1 400 គីឡូម៉ែត្រភាគឦសាននៃកោះជ្វា ដែលជារដ្ឋធានីថ្មីកំពុងផុសឡើងនៅតំបន់ព្រៃខ្ពស់នៃខេត្តកាលីម៉ាន់តាន់ខាងកើតរបស់កោះ Borneo។ អ្នកវិភាគបានលើកឡើងថា នៅពេលបញ្ចប់ នូសានតារ៉ា ឬ «ប្រជុំកោះ» ដែលជាភាសាជ្វា នឹងក្លាយជាកន្លែងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធការពារជាតិ និងសន្តិសុខ រួមទាំងមូលដ្ឋានសម្រាប់កងទ័ពប្រមាណ 30 000 នាក់ និងទីស្នាក់ការកណ្តាលកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ីផងដែរ។ លោក Khairul Fahmi អ្នកជំនាញខាងយោធានៅវិទ្យាស្ថានសន្តិសុខ និងការសិក្សាយុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ីបានប្រាប់ទស្សនាវដ្តី FORUM ថា «ការពិចារណាជាចម្បងក្នុងការអភិវឌ្ឍបរិក្ខារយោធា និងការដំឡើងមូលដ្ឋានយោធាគឺសន្តិសុខ និងសុវត្ថិភាពរបស់បុគ្គលិក និងប្រជាជន និងប្រសិទ្ធភាពនៃការអនុវត្តការងារ មុខងារ និងទម្រង់នៃការគំរាមកំហែង»។ «ដោយហេតុនោះ ភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិដូចជាព្យុះ រញ្ជួយដី ទឹកជំនន់ ក្លាយជាកត្តាសំខាន់ក្នុងការអភិវឌ្ឍបរិក្ខារយោធា និងការដំឡើងមូលដ្ឋានយោធា»។
ទីតាំងរបស់ប្រទេសឥណ្ឌូណេស៊ីតាមបណ្តោយកន្លែងមួយដែលគេហៅថា ចិញ្ចៀនភ្លើង ដែលជាខ្សែក្រវាត់នៃអស្ថិរភាពបង្កជាការរញ្ជួយដីដែលមានប្រវែង 40 000 គីឡូម៉ែត្រ ដែលគ្របដណ្តប់ 75% នៃភ្នំភ្លើងរបស់ផែនដី និងបង្កើតបាន 90% នៃការរញ្ជួយដីរបស់វា ដែលគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធធន់ដើម្បីទប់ទល់នឹងបញ្ហានោះ។ លោក Fahmi បានឡើងថា៖ «តម្រូវការធ្វើឱ្យប្រសើរឡើងនូវការដំឡើងមូលដ្ឋានយោធាបច្ចុប្បន្នដើម្បីរៀបចំសម្រាប់បញ្ហាអាកាសធាតុនាពេលខាងមុខ ផ្លាស់ប្តូរទីតាំងយោធាដែលងាយរងគ្រោះ ហើយវាយតម្លៃពីយុទ្ធសាស្ត្រសាងសង់ និងលទ្ធកម្ម គឺជាផលប៉ះពាល់ជិតបំផុតនៃបម្រែបម្រួលអាកាសធាតុ»។
ត្រឹមឆ្នាំ 2100 ទីក្រុងសំខាន់ៗផ្សេងទៀតនៃឥណ្ឌូប៉ាស៊ីហ្វិកអាចត្រូវបានលិចដោយការកើនឡើងនៃកម្ពស់ទឹកសមុទ្រ នេះបើយោងតាមអត្ថបទនៅ ខែមីនា ឆ្នាំ 2023 នៅក្នុងទស្សនាវដ្តី Nature Climate Change។ ក្នុងចំណោមនោះរួមមាន៖ ទីក្រុងបាងកក ប្រទេសថៃ ទីក្រុងចេនណៃ និងកុលកាតា ប្រទេសឥណ្ឌា ទីក្រុងហូជីមិញ ប្រទេសវៀតណាម ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន និងទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា។ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបានរាយការណ៍ថា ការចំណាយនឹងកើនឡើងតាមរយៈកម្ពស់ទឹក នឹងតាមរយៈការខូចខាតជាសកលដែលអាចឈានដល់ 5,5 ទ្រីលានដុល្លារអាមេរិកក្នុងសតវត្សរ៍នេះ។ យោងតាមសារព័ត៌មាន Associated Press បានរាយការណ៍នៅក្នុងខែមីនា ឆ្នាំ 2023 ដោយបានលើកឡើងពីការស្រាវជ្រាវថ្មីដោយអ្នកវិទ្យាសាស្ត្រជាតិអាមេរិកាំង និងរដ្ឋបាលអវកាសបានឱ្យដឹងថា ទន្ទឹមនឹងនេះ ព្យុះ និងទឹកជំនន់កាន់តែមានស្ថានភាពអាក្រក់ឡើង មានន័យថា អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនឹង «ត្រូវបានរចនាឡើងក្នុងទម្រង់នៃការទប់ទល់នឹងព្រឹត្តិការណ៍អាចនឹងកើតឡើងម្តងក្នុង 100 ឆ្នាំនេះ កាន់តែមានបញ្ហាប្រឈមកាន់តែខ្លាំង ដោយសារបញ្ហាដ៏អាក្រក់ក្រៃលែងទាំងនេះកើតឡើងកាន់តែញឹកញាប់ និងកាន់តែខ្លាំង»។
ផលប៉ះពាល់នៃបេសកកម្ម
សេណារីយ៉ូបែបនេះគំរាមកំហែងដល់ការផ្លាស់ទីលំនៅរបស់មនុស្សរាប់សិបលាននាក់ ដែលអាចបង្កឱ្យមានវិបត្តិសន្តិសុខដែលរីករាលដាលធំ និងធ្វើឱ្យកងកម្លាំងប្រដាប់អាវុធកាន់តែតានតឹងក្នុងការដោះស្រាយតម្រូវការជាប្រវត្តិសាស្ត្រសម្រាប់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ។ លោកស្រី Abbie Tingstad សហនាយកនៃមជ្ឈមណ្ឌលធន់នឹងអាកាសធាតុរបស់ Rand Corp. បានប្រាប់ទស្សនាវដ្តី FORUM ថា៖ នោះបានធ្វើឱ្យយោធាកាន់តែប្រុងប្រយ័ត្នខ្លាំងឡើងទៅនឹង «ការគំរាមកំហែងដ៏ធំ» នៃបម្រែបម្រួលអាកាសធាតុនេះ។ លោកស្រី Tingstad ដែលមានសញ្ញាបត្របណ្ឌិតផ្នែកភូមិសាស្ត្រ និងជាអ្នកវិទ្យាសាស្ត្ររូបវិទ្យាជាន់ខ្ពស់ជាមួយស្ថាប័នស្រាវជ្រាវមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា៖ «ខ្ញុំគិតថាមនុស្សមួយចំនួនកំពុងសម្លឹងមើលលើផលប៉ះពាល់ដល់បេសកកម្មជាពិសេស។ ទាំងនេះអាចជាការផ្លាស់ប្តូរ និងភាពញឹកញាប់នៃប្រភេទនៃបេសកកម្មដែលមានស្រាប់របស់ពួកគេ ហើយប្រហែលជាបេសកកម្មថ្មីមួយចំនួនដែលនឹងមកដល់»។ «តំបន់មួយទៀតដែលយោធាកំពុងយកចិត្តទុកដាក់គឺ… ការត្រៀមខ្លួនរបស់មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ និងភាពធន់»។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា កម្រិតទឹកសមុទ្រនៅជុំវិញប្រទេសជប៉ុនមានទំនោរកើនឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ 1980 ហើយដោយក្នុងឆ្នាំ 2022 បង្កើតបានជាមធ្យមភាគខ្ពស់បំផុតទីពីរចាប់តាំងពីឆ្នាំ 1906 មកនេះ។ ឧត្ដមសេនីយ៍ទោដែលចូលនិវត្តន៍ លោក Kazumine Akimoto នៃកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយមហាសមុទ្ររបស់មូលនិធិសន្តិភាព Sasakawa បានប្រាប់កាសែត The Japan Times កាលពីខែមីនា ឆ្នាំ 2023 ថា៖ នៅក្នុងលក្ខខណ្ឌនៃការដំឡើងមូលដ្ឋានយោធា មូលដ្ឋានទ័ពជប៉ុន និងសហរដ្ឋអាមេរិកនៅលើកោះអូគីណាវ៉ាគឺ «ស្ថិតក្នុងចំណោមមូលដ្ឋានដែលងាយរងគ្រោះបំផុត ដោយសារតែការប៉ាន់ស្មានតាមបែបវិទ្យាសាស្ត្របង្ហាញថា កម្រិតទឹកសមុទ្រនៅជុំវិញទីតាំងទាំងនោះនឹងកើនឡើងប្រហែល 30 សង់ទីម៉ែត្រ ឬច្រើនជាងនេះនៅចុងឆ្នាំ 2100 បើធៀបនឹងឆ្នាំ 2000»។
យុទ្ធសាស្ត្រការពារជាតិរបស់ប្រទេសជប៉ុន ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនៅចុងឆ្នាំ 2022 កត់សម្គាល់ថា បម្រែបម្រួលអាកាសធាតុ «នឹងជះឥទ្ធិពលបន្ថែមលើប្រតិបត្តិការ [ក្រសួងការពារជាតិ/កងកម្លាំងស្វ័យការពារ] នាពេលអនាគតដោយជៀសមិនរួច រួមទាំងផែនការផ្សេងៗ សម្ភារបរិក្ខារការពារជាតិ និងបរិស្ថានសន្តិសុខជុំវិញប្រទេសជប៉ុន។ … ដល់ទីបញ្ចប់នេះ ត្រឹម [ឆ្នាំសារពើពន្ធ] ឆ្នាំ 2027 ប្រទេសជប៉ុននឹងជំរុញវិធានការសាងសង់ទីបញ្ជាការក្រោមដី និងការផ្លាស់ប្តូរទីតាំង និងការបង្រួបបង្រួមកន្លែងនៅក្នុងមូលដ្ឋាន និងជុំរុំសំខាន់ៗ ដើម្បីកែលម្អភាពធន់នៃសម្ភារបរិក្ខាររៀងៗខ្លួន។ លើសពីនេះ ប្រទេសជប៉ុននឹងជំរុញការពង្រឹងសម្ភារបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធប្រឆាំងនឹងគ្រោះមហន្តរាយដូចជារលកយក្សស៊ូណាមិជាដើម ដោយចាប់ផ្តើមពីមូលដ្ឋាន និងជុំរុំដែលរំពឹងថានឹងរងការខូចខាតយ៉ាងខ្លាំង និងមានសារៈសំខាន់សម្រាប់ប្រតិបត្តិការ។
លើសពីនេះ យោធារបស់ប្រទេសជប៉ុនកំពុងជំរុញការប្រើប្រាស់ថាមពលព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីល និងបណ្តាញអគ្គិសនី។ កាសែត Japan Times បានរាយការណ៍ថា «គំនិតនេះគឺដើម្បីកែសម្រួលសម្ភារបរិក្ខារយោធាដើម្បីទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុដែលកាន់តែមានការប្រកួតប្រជែង និងពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការងើបឡើងវិញយ៉ាងឆាប់រហ័សពីការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ»។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បានបើកដំណើរការមជ្ឈមណ្ឌលធន់នឹងកម្ដៅ និងការអនុវត្តនៅដើមឆ្នាំ 2023 ដើម្បីដោះស្រាយ «បញ្ហាប្រឈមរយៈពេលវែងដែលការកើនឡើងសីតុណ្ហភាពព័ទ្ធជុំវិញបង្កឱ្យមានការហ្វឹកហ្វឺន និងការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការ»។ កិច្ចសហការក្នុងចំណោមកងកម្លាំងប្រដាប់អាវុធសិង្ហបុរី សាកលវិទ្យាល័យជាតិសិង្ហបុរី និងអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ មន្ទីរពិសោធន៍ជាតិ DSO មជ្ឈមណ្ឌលនេះរួមបញ្ចូលគំរូនិមិ្មតអាកាសធាតុ ការវាយតម្លៃការអនុវត្ត និងបច្ចេកវិទ្យាវិទ្យាសាស្ត្រស្តារឡើងវិញ ដើម្បីកាត់បន្ថយភាពតានតឹងដោយកម្ដៅនៅក្នុងកងទ័ព ដែលអាចបណ្តាលឱ្យមានរបួស ការថយចុះការអនុវត្ត និងសម្របសម្រួលការសម្រេចចិត្ត។ អ្នកស្រាវជ្រាវកំពុងសិក្សាលើសម្លៀកបំពាក់កាត់បន្ថយកម្ដៅ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងចំណោមភាពជឿនលឿនផ្សេងទៀត។
«ខណៈពេលដែលផ្តោតទៅលើ R&D [ការស្រាវជ្រាវ និងការអភិវឌ្ឍ] ត្រូវបានផ្តោតទៅលើបរិបទយោធាមួយ លទ្ធផលនិងវិធីសាស្រ្តជាមូលដ្ឋានសំខាន់ៗនឹងត្រូវបានអនុវត្តនៅខាងក្រៅយោធាទៅនឹងបរិបទយោធា និងស៊ីវិល» នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ MINDEF។
‘ការប្តេជ្ញាចិត្តរួមគ្នា’
ដៃគូមួយចំនួនកំពុងសហការគ្នាដើម្បីទប់ទល់ទៅនឹងផលប៉ះពាល់នៃអាកាសធាតុ ជាពិសេសបណ្ដាប្រទេសនៅកោះប៉ាស៊ីហ្វិក ដែលអ្នកភូមិនៅតាមឆ្នេរសមុទ្រកំពុងផ្លាស់ប្តូរទីលំនៅទៅដីខ្ពស់ជាងនេះ ដោយសារទឹកសមុទ្រហូរចូលចូលសហគមន៍របស់ពួកគេ។ ស្ថិតក្រោមកម្មវិធីបង្កើនការចូលរួមរបស់ឥណ្ឌូប៉ាស៊ីហ្វិកដែលបានប្រកាសក្នុងឆ្នាំ 2019 ប្រទេសអូស្ត្រាលី «ព្យាយាមផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទងនឹងសន្តិសុខ និងសមត្ថភាពជាមួយប្រទេសជាដៃគូ ដោយរួមចំណែកក្នុងការបង្កើតតំបន់ដែលមានស្ថិរភាពសេដ្ឋកិច្ច សន្តិសុខជាយុទ្ធសាស្រ្ត សមត្ថភាព និងអធិបតេយ្យភាពខាងនយោបាយ» នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិអូស្ត្រាលីបានប្រាប់ទៅដល់ទស្សនាវដ្តី FORUM។ «នេះរួមបញ្ចូលទាំងការធ្វើការជាមួយដៃគូនៅតំបន់ប៉ាស៊ីហ្វិក ដើម្បីលើកកម្ពស់ភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ដោយប្រទេសអូស្ត្រាលីទាំងអស់ត្រូវនឹងស្តង់ដារជាក់លាក់ដែលបង្កើនភាពធន់របស់ពួកគេប្រឆាំងទៅនឹងគ្រោះមហន្តរាយធម្មជាតិ។ … ប្រទេសអូស្ត្រាលីគាំទ្រការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើតភាពធន់នៅតំបន់ប៉ាស៊ីហ្វិកតាមរយៈសកម្មភាពរួមគ្នា។ ការវិនិយោគលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធសន្តិសុខដែលប្រសើរជាងមុននៅទូទាំងប៉ាស៊ីហ្វិក ដែលគាំទ្រដល់ការសហការគ្នា និងយន្តឆ្លើយតបសម្រាប់មុន និងក្រោយគ្រោះមហន្តរាយរបស់ប្រទេសជាដៃគូ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃអាកាសធាតុ»។
សន្តិសុខសមូហភាពក៏ជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមរបស់ប្រទេសហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកផងដែរ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងចំនួនប្រាំបួនក្នុងប្រទេសហ្វ៊ីលីពីនសម្រាប់ការឆ្លាស់វេនកងទ័ពអាមេរិក រួមបញ្ចូលទីតាំងថ្មីចំនួនបួនត្រូវបានប្រកាសនៅដើមឆ្នាំ 2023 តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA)។ ទីក្រុងវ៉ាស៊ីនតោនកំពុងវិនិយោគទឹកប្រាក់ចំនួន 100 លានដុល្លារអាមេរិកសម្រាប់ការកែលម្អនេះ ដែលក្រុមមន្ត្រីបានលើកឡើងថានឹងគាំទ្រដល់ការត្រៀមខ្លួន និងសមត្ថភាពឆ្លើយតបទៅនឹងគ្រោះមហន្តរាយរបស់ទីក្រុងម៉ានីល បង្កើតការងារក្នុងតំបន់ និងលើកកម្ពស់អន្តរប្រតិបត្តិនៃយោធា។ លោក Carlito Galvez Jr. ដែលជាមន្ត្រីទទួលបន្ទុកនៅនាយកដ្ឋានការពារជាតិហ្វ៊ីលីពីនបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែកុម្ភៈ ឆ្នាំ 2023 ថា៖ «ទីតាំង EDCA ថ្មីទាំងនេះនឹងអនុញ្ញាតឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័សបន្ថែមទៀតសម្រាប់គ្រោះមហន្តរាយដល់មនុស្សធម៌ និងទាក់ទងនឹងអាកាសធាតុនៅក្នុងប្រទេសហ្វ៊ីលីពីន ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមគ្នាផ្សេងទៀតផងដែរ»។
ភាពជាដៃគូក្នុងតំបន់ផ្តោតលើការសម្របខ្លួនទៅនឹងអាកាសធាតុ និងភាពធន់គឺផ្ទុយស្រឡះទំាងស្រុងពីយុទ្ធនាការបំផ្លាញបរិស្ថានរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងការសាងសង់ និងអនុវត្ដរបបយោធានិយមនៅតំបន់ថ្មប៉ប្រះទឹកសិប្បនិម្មិតនៅក្នុងដែនទឹកដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។ ការបូមខ្សាច់នៅមូលដ្ឋានយោធាមានអត្ថិភាពចំពេលទឹកសមុទ្រកើនឡើង ដែលនេះបង្ហាញយ៉ាងច្បាស់ថាជាទង្វើដ៏ល្ងង់ខ្លៅ — ដែលជារឿងនិទានសម្រាប់មនុស្សជំនាន់ក្រោយឱ្យប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់នៃគ្រោះមហន្តរាយ។ Tingstad បានមានប្រសាសន៍ថា៖ «វាហាក់ដូចជាស្ថានភាពមិនច្បាស់លាស់មួយក្នុងការដំណើរការគម្រោងនៃការរៀបចំដីឡើងវិញនៅក្នុងតំបន់ ដែលអ្នកភាគច្រើនស្ទើរតែស្ថិតនៅក្រោមទឹករួចទៅហើយ ហើយនៅពេលអនាគត ភាគច្រើនទំនងជាអាចស្ថិតនៅក្រោមទឹកបន្ថែមទៀត»។
ការសម្រេចអំពី ‘ព័ត៌មានអាកាសធាតុ’
ក្រសួងការពារជាតិអាមេរិក (DOD) ចាត់ទុកបម្រែបម្រួលអាកាសធាតុថាជា «ការគំរាមកំហែងសន្តិសុខជាតិដ៏សំខាន់» រួមទាំងបង្កហានិភ័យដល់ប្រតិបត្តិការ និងទីតាំងយោធា។ ការកើនឡើងនៃកម្រិតទឹកសមុទ្រ «និងព្យុះកាន់តែញឹកញាប់ និងខ្លាំងឡើងធ្វើឱ្យបុគ្គល ក្រុមគ្រួសារ និងសហគមន៍ទាំងមូលប្រឈមមុខទៅនឹងហានិភ័យ — ខណៈពេលដែលជំរុញដែនកំណត់នៃសមត្ថភាពរួមរបស់យើងក្នុងការឆ្លើយតប» នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានកត់សម្គាល់នៅឯកិច្ចប្រជុំកំពូលមេដឹកនាំស្តីពីអាកាសធាតុឆ្នាំ 2021 នៅទីក្រុងវ៉ាស៊ីនតោន D.C។ (DOD) បានចុះបញ្ជីការវិភាគទិន្នន័យ គំរូនៃការព្យាករ និងការគូសផែនទីលើកុំព្យូទ័រ ដើម្បីការពារទីតាំងចំនួន
5 000 របស់ខ្លួននៅទូទាំងពិភពលោក ដែលមួយភាគបីស្ថិតនៅក្នុងតំបន់ឆ្នេរដែលងាយរងគ្រោះនឹងរលកព្យុះដែលកាន់តែធ្ងន់ធ្ងរឡើងដោយកម្រិតទឹកសមុទ្រកើនឡើង។
ដោយមានការរៀបចំឡើងដោយកងវិស្វករនៃកងទ័ពអាមេរិក និងបានប្រកាសនៅឆ្នាំ 2020 ឧបករណ៍វាយតម្លៃអាកាសធាតុ (DCAT) របស់ (DOD) ប្រើប្រាស់ទិន្នន័យពីខ្យល់ព្យុះ ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត ទឹកជំនន់ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត ក៏ដូចជាការវិភាគអំពីការផ្លាស់ប្តូរកម្រិតទឹកសមុទ្រ ដើម្បីវាយតម្លៃភាពងាយរងគ្រោះនៃទីតាំងដោយផ្អែកលើកត្តាបីយ៉ាង៖ ការប៉ះពាល់ បម្រែបម្រួល និងសមត្ថភាពក្នុងការបន្សាំ។ «DCAT អនុញ្ញាតឱ្យបុគ្គលិកនៅគ្រប់កម្រិតថ្នាក់របស់ក្រសួង ចាប់ពីអ្នករៀបចំផែនការ រហូតដល់អ្នកដឹកនាំ វាយតម្លៃហានិភ័យទាក់ទងនឹងអាកាសធាតុនៅទីតាំងផ្សេងៗ ដោយប្រើទិន្នន័យអតីតកាល និងការព្យាករអាកាសធាតុនាពេលអនាគត» នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់ (DOD)។
លោកស្រី Melissa Dalton ដែលជាជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិកសម្រាប់ការពារមាតុភូមិ និងកិច្ចការអឌ្ឍគោល បានលើកឡើងក្នុងអំឡុងពេលសវនាការសភាអាមេរិកនៅពាក់កណ្តាលឆ្នាំ 2021 ដោយកំណត់អត្តសញ្ញាណនៃអាទិភាពថា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាមេរិកបានប្តេជ្ញាចិត្តក្នុងការចែករំលែក DCAT ជាមួយសម្ព័ន្ធមិត្តរួមមាន ប្រទេសអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង ហើយ «បន្តសហការជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីរៀបចំសម្រាប់សមត្ថភាពដែលឆ្លើយតបរួមគ្នាសម្រាប់ភាពអាសន្នដែលទាក់ទងនឹងអាកាសធាតុ»។ (DOD) «កំពុងបណ្តុះគំនិតអំពីវប្បធម៌នៃការធ្វើសេចក្តីសម្រេចដោយមានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីអាកាសធាតុ និងបម្រែបម្រួលអាកាសធាតុទៅក្នុងការវាយតម្លៃអំពីការគំរាមកំហែង ថវិកា និងការធ្វើសេចក្តីសម្រេចអំពីប្រតិបត្តិការ … [និង] មើលថែប្រជាជនរបស់យើង រួមទាំងសមាជិកនៃកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលដែលបម្រើការជាមួយពួកគេ ដោយសង្កត់លើភាពធន់នៃទីតាំងរបស់យើង និងរចនាសម្ព័ន្ធដែលមនុស្សធ្វើការ និងរស់នៅ»។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទស្សនាវដ្តី FORUM, Gusty Da Costa, Jacob Doyle និង Maria T. Reyes បានចូលរួមចំណែកក្នុង របាយការណ៍នេះ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។