៖ រដ្ឋ Maverick ជំទាស់នឹងស្តង់ដាផ្ទៀងផ្ទាត់អាវុធនុយក្លេអ៊ែរ

៖ បុគ្គលិកទស្សនាវដ្តី FORUM
អ្នកជំនាញលើកឡើងថា ការមិនយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ ដែលបង្អាក់ដល់ការរីករាលដាលអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាដែលទាក់ទងនឹងធ្វើឱ្យអន្តរាយដល់សន្តិសុខទូទាំងពិភពលោក។ របបឥណ្ឌូប៉ាស៊ីហ្វិកមួយចំនួនបានបំពានដោយផ្ទាល់លើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ឬកាត់បន្ថយវិធានការកសាងទំនុកចិត្តរបស់ខ្លួន។ កិច្ចព្រមព្រៀង ដែលបានចូលជាធរមានក្នុងឆ្នាំ 1970 និងត្រូវបានគេស្គាល់ជាទូទៅថាជាសន្ធិសញ្ញាអំពីការមិនរីកសាយភាយអាវុធ (NPT) គឺជាមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីបញ្ឈប់ការរីកសាយសមត្ថភាពបំផ្លិចបំផ្លាញ។
ប្រទេសកូរ៉េខាងជើងបានដកខ្លួនចេញពី NPT ក្នុងឆ្នាំ 2003 ហើយបានច្រានចោលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយធ្វើការសាកល្បងអាវុធរួមទាំងមីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) ។ ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានរាយការណ៍នៅក្នុងខែតុលា ឆ្នាំ 2023 ថា សាធារណរដ្ឋប្រជាមានិតចិន (PRC) បានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរជាង 500 ក្បាលគ្រាប់ ដែលប្រតិបត្តិការទំនងជានឹងកើនឡើងដល់ជាង 1 000 ក្បាលគ្រាប់នៅឆ្នាំ 2030។ នៅខែកុម្ភៈ ឆ្នាំ 2023 ប្រទេសរុស្ស៊ីបានផ្អាកការចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ New START ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យទីតាំងអាវុធនុយក្លេអ៊ែរទៅវិញទៅមក ហើយនៅខែតុលា ចាប់ផ្ដើមដំណើការការដកសច្ចាប័នរបស់ខ្លួនលើសន្ធិសញ្ញាស្តីពីការហាមប្រាមការសាកល្បងនុយក្លេអ៊ែរទាំងស្រុង (CTBT)។
ចុះហត្ថលេខាដោយប្រទេសចំនួន 191 សន្ធិសញ្ញា NPT មានគោលបំណងរារាំងដល់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ លើកទឹកចិត្តដល់ការកាត់បន្ថយស្តុកអាវុធដែលមានស្រាប់ និងលើកកម្ពស់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។ អនុលោមភាពក្នុងនៅចំណោមបណ្ដាប្រទេសដែលមិនមានអាវុធនុយក្លេអ៊ែរមុនពេលដែលសន្ធិសញ្ញា NPT ចូលជាធរមានត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានថ្លែងប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខថា៖ «យន្តការផ្ទៀងផ្ទាត់ប្រកបដោយប្រសិទ្ធភាពបានបង្ហាញថា ជាប្រភេទនៃវិធានការកសាងទំនុកចិត្ត ដែលទទួលបានជោគជ័យ និងមានភាពយូរអង្វែងបំផុត»។
ប្រទេសចំនួនប្រាំ គឺប្រទេសបារាំង PRC រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មានអាវុធនុយក្លេអ៊ែរមុនឆ្នាំ 1970។ ប្រទេសចំនួនបួនទៀត គឺមានប្រទេសឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង និងប៉ាគីស្ថាន ឥឡូវនេះក៏មានអាវុធនុយក្លេអ៊ែរផងដែរ។ បណ្ដាប្រទេសហត្ថលេខី ដែលមិនមានឃ្លាំងអាវុធនុយក្លេអ៊ែរមុនឆ្នាំ 1970 បានសន្យាថានឹងមិនទទួល ឬផលិតអាវុធនុយក្លេអ៊ែរទេ។
កូរ៉េខាងជើងបានធ្វើតេស្តសាកល្បងមីស៊ីលជាង 90 គ្រាប់ក្នុងឆ្នាំ 2022 ច្រើនជាងឆ្នាំ 2021 នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ សារព័ត៌មាន The Associated Press បានរាយការណ៍ថា កូរ៉េខាងជើងបានបន្តបាញ់បង្ហោះនៅឆ្នាំ 2023 ដោយអះអាងថា នឹងបាញ់មីស៊ីល ICBM ឥន្ធនៈរឹងនៅក្នុងខែមេសា ដែលតាមទ្រឹស្តី គឺអាចហោះទៅដល់ទ្វីបអាមេរិក។ ចាប់តាំងពីឆ្នាំ 2006 មក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយចំនួនប្រាំបួន ដែលដាក់ទណ្ឌកម្មកូរ៉េខាងជើងចំពោះការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងសកម្មភាពពាក់ព័ន្ធ ទោះបីជាមិនមានការដោះស្រាយការសាកល្បងចុងក្រោយបង្អស់ក៏ដោយ។
មន្ទីរបញ្ចកោណបានរាយការណ៍ថា ការបង្កើនអាវុធនុយក្លេអ៊ែរយ៉ាងរហ័សរបស់សាធារណរដ្ឋប្រជាមានិតចិនលើសពីការព្យាករភាគច្រើន។ សារព័ត៌មាន Reuters បានរាយការណ៍កាលពីខែតុលា ឆ្នាំ 2023 ថា៖ «យើងមើលឃើញថា PRC កំពុងបន្តធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្ម ព្រមទាំងបន្តបង្កើនកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន»។ លោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនិស្តចិន បានប្តេជ្ញាថានឹងធ្វើឱ្យ PRC ក្លាយជាមហាអំណាចយោធាកំពូល។ ទីក្រុងប៉េកាំងកំពុងតែផលិតនាវាមុជទឹកជំនាន់ថ្មីដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរ ដែលត្រូវបានគេរំពឹងថានឹងអាចធ្វើនាវាចរណ៍បាននៅឆ្នាំ 2030 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក នៅដើមខែវិច្ឆិកា ឆ្នាំ 2023 មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានជួបជាមួយអគ្គនាយកគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិននៅរដ្ឋធានីវ៉ាស៊ីនតោនសម្រាប់ «ការពិភាក្សាដោយស្មោះត្រង់ និងស៊ីជម្រៅលើបញ្ហាទាក់ទងនឹងការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តមាន ដើម្បីរក្សាបណ្ដាញទំនាក់ទំនងបើកចំហរ និងគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង PRC ប្រកបដោយទំនួលខុសត្រូវ»។
ក្នុងកិច្ចពិភាក្សានេះ ដែលជាកិច្ចពិភាក្សាលើកដំបូងរវាងប្រជាជាតិទាំងពីរចាប់តាំងពីឆ្នាំ 2019 មន្ត្រីសហរដ្ឋអាមេរិកបានអំពាវនាវឱ្យ «បង្កើនតម្លាភាពអំពីអាវុធនុយក្លេអ៊ែររបស់ PRC និងការចូលរួមកាន់តែខ្លាំងលើវិធានការជាក់ស្តែងដើម្បីគ្រប់គ្រង និងកាត់បន្ថយហានិភ័យយុទ្ធសាស្ត្រលើវិស័យជាច្រើន រួមទាំងអាវុធនុយក្លេអ៊ែរ និងលំហអវកាស»។ ក្រសួងការបរទេសអាមេរិកបានពន្យល់ថា ពួកគេក៏បានសង្កត់ធ្ងន់ផងដែរអំពី «តម្រូវការដើម្បីលើកកម្ពស់ស្ថិរភាព ជួយបញ្ចៀសការប្រណាំងប្រជែងអាវុធដែលមិនមានដែនកំណត់ និងគ្រប់គ្រងការប្រកួតប្រជែង ដើម្បីកុំឱ្យវាក្លាយទៅជាជម្លោះ»។
ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងទ្វេភាគី New START កំណត់ចំនួនក្បាលគ្រាប់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលរុស្ស៊ី និងសហរដ្ឋអាមេរិកអាចនឹងដាក់ពង្រាយ។ វាគឺជាសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរដែលនៅសេសសល់ចុងក្រោយរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។ កិច្ចព្រមព្រៀងឆ្នាំ 2011 ដែលបានបន្តនៅឆ្នាំ 2021 អនុញ្ញាតឱ្យប្រជាជាតិនីមួយៗធ្វើការត្រួតពិនិត្យរហូតដល់ 18 ដងក្នុងមួយឆ្នាំនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រជាជាតិផ្សេងទៀតដែលពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុលោមតាមសន្ធិសញ្ញា។ ការត្រួតពិនិត្យបានបញ្ឈប់ក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-19 ហើយមិនបានបន្តឡើងវិញទេ នៅពេលដែលប្រទេសរុស្ស៊ីបានផ្អាកការចូលរួមរបស់ខ្លួននោះ។
ការភ័យខ្លាចនៃជម្លោះនុយក្លេអ៊ែរបានកើនឡើងចាប់តាំងពីមានការលុកលុយដោយមិនញញើតរបស់រុស្ស៊ីទៅលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022 ដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធមិនព្រមដកការវាយប្រហារដោយប្រើនុយក្លេអ៊ែរ។ ក្រុងវ៉ាស៊ីនតោនលើកឡើងថា ទីក្រុងមូស្គូកំពុងតែរំលោភសន្ធិសញ្ញាដោយមិនអនុញ្ញាតឱ្យមានការត្រួតពិនិត្យនៅក្នុងទឹកដីរបស់ខ្លួន។ សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសរុស្ស៊ីក៏កំពុងគំរាមកំហែងថាមិនបន្តសន្ធិសញ្ញានេះ នៅពេលដែលសន្ធិសញ្ញាផុតកំណត់នៅឆ្នាំ 2026 ផងដែរ។
វិទ្យុ National Public Radio បានរាយការណ៍នៅខែតុលា ឆ្នាំ 2023 ថា លោក Putin បាននិយាយថា រុស្ស៊ីកំពុងបង្កើតអាវុធនុយក្លេអ៊ែរថ្មី ហើយអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរទាំងនោះ។ សេចក្តីថ្លែងការណ៍របស់លោកបានធ្វើឡើងមុនការដកសច្ចាប័នរបស់ទីក្រុងមូស្គូលើកិច្ចព្រមព្រៀង CTBT ដែលហាមប្រាមការផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែ និងការបំផ្ទុះអាវុធនុយក្លេអ៊ែរផ្សេងទៀតក្នុងគ្រប់ស្ថានភាពទាំងអស់ សម្រាប់ទាំងគោលបំណងស៊ីវិលឬយោធា។
អ្នកស្រី Mirjana Spoljaric ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានថ្លែងឱ្យដឹងកាលពីខែកក្កដា ឆ្នាំ 2023 ថា វឌ្ឍនភាពឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរគឺត្រូវការច្រើនជាងពេលណាៗទាំងអស់ ខណៈដែលពិភពលោកប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើង។ លោកស្រីបានមានប្រសាសន៍ថា៖ «វោហាសាស្ត្រដ៏រឹងមាំអំពីនុយក្លេអ៊ែរ និងការគំរាមកំហែងប្រើប្រាស់ តួនាទីកាន់តែលេចធ្លោនៃអាវុធនុយក្លេអ៊ែរនៅក្នុងគោលនយោបាយយោធា និងគោលនយោបាយសន្តិសុខ ព្រមទាំងការបន្តធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ សុទ្ធតែប្រឈមនឹងបម្រាមហាមឃាត់នុយក្លេអ៊ែររាប់ទសវត្សរ៍»។
ការគិតបែបនេះស្របតាមសេចក្តីថ្លែងការណ៍រួមមួយក្នុងឆ្នាំ 1985 ដោយនៅពេលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Ronald Reagan និងលោក Mikhail Gorbachev ដែលពេលនោះជាមេដឹកនាំនៃសហភាពសូវៀតថា «សង្គ្រាមនុយក្លេអ៊ែរគឺមិនអាចទទួលបានជ័យជម្នះឡើយ ហើយក៏មិនត្រូវឱ្យមានការប្រយុទ្ធបែបនេះឡើយ»។
រដ្ឋជាង 100 បានចូលរួមក្នុងគំនិតផ្តួចផ្តើមមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ និងការជួញដូរផ្សេងទៀត ខណៈដែលកំពុងការពារពាណិជ្ជកម្មស្របច្បាប់ផងនោះ។ គំនិតផ្តួចផ្តើមស្ដីពីសន្តិសុខនៃការរីកសាយភាព (PSI) ជួយដល់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូឱ្យធានាបាននូវវិបុលភាពសេដ្ឋកិច្ចតាមរយៈផ្លូវឆ្លងកាត់សមុទ្រប្រកបដោយសុវត្ថិភាព និងសន្តិសុខ។ វាពង្រឹងដល់ការអនុវត្តតាមរយៈការគ្រប់គ្រងបណ្តាញទំនាក់ទំនងផ្លូវសមុទ្រ និងដែនអាកាស លើកទឹកចិត្តឱ្យមានការឃាត់ខ្លួន ការឡើងជិះ និងការស្វែងរកនាវាដែលគួរឱ្យសង្ស័យ។ គណៈប្រតិភូរបស់ PSI បានជួបប្រជុំគ្នានៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូងក្នុងខែឧសភា ឆ្នាំ 2023 ដើម្បីសង្កត់ធ្ងន់លើតម្រូវការក្នុងការការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលកំពុងវិវត្ត ដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីក នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Yonhap News។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។