ការរីកសាយអាវុធតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPអាស៊ីឥសាន / NEA

អ្នកជំនាញ៖ សាធារណរដ្ឋប្រជាមានិតចិន (PRC) និងរុស្ស៊ីគាំទ្រការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង

បុគ្គលិករបស់ទស្សនាវដ្តី FORUM

អ្នកជំនាញបានលើកឡើងថា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាន ព្រមព្រៀងធ្វើការរួមគ្នាក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។ ទន្ទឹមនឹងនេះដែរ សាធារណរដ្ឋប្រជាមានិតចិន (PRC) និងរុស្ស៊ីកំពុងធ្វើឱ្យស្ថាន ការណ៍កាន់តែធ្ងន់ធ្ងរសម្រាប់ប្រជាជនកូរ៉េខាងជើងដែលកំពុងទទួលការរងទុក្ខ។

លោក Victor Cha អ្នកជំនាញអាស៊ីនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានលើកឡើងនៅឧបកថានៃស៊េរីនៃវិប Capital Cable របស់ស្ថាប័នស្រាវជ្រាវនេះក្នុងខែវិច្ឆិកា ឆ្នាំ 2023  ថា៖ «ចិន និងរុស្ស៊ីពិតជាជួយសម្រួលឱ្យស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងកាន់តែអាក្រក់ទៅៗ»។

លោក Cha បានបន្ថែមថា ក្រៅពីលើការរំលោភបំពានដ៏រីករាលដាលនៅក្នុងប្រទេសកូរ៉េខាងជើងនេះ ដែលរាប់បញ្ចូលទាំងឃាតកម្មដោយការដាក់ទណ្ឌកម្ម ការបង្កើតឱ្យមានទាសភាព ការធ្វើទារុណកម្ម និងអំពើហិង្សាផ្អែកលើយេនឌ័ររាប់ទសវត្សរ៍ពីរបបនេះ PRC និងរុស្សីក៏បាន​ផ្តល់ទីជម្រកខុសច្បាប់ដល់កម្មករដែលជាទាសករជាច្រើនរបស់ទីក្រុងព្យុងយ៉ាង ដែលស្ថានភាពរបស់ពួកគេកាន់តែយ៉ាប់យ៉ឺនក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-19។

កូរ៉េខាងជើងបានគេចវេសពីការដាក់ទណ្ឌកម្មតាមរយៈការបញ្ជូនកម្មករទៅប្រទេសទាំងពីរនេះ ដោយទុកសាច់ញាតិឱ្យធ្វើជាចំណាប់ខ្មាំង ហើយតម្រូវឱ្យកម្មករប្រគល់ប្រាក់ចំណូលឱ្យរបបលោក Kim Jong Un វិញ។ លោក Cha បានឱ្យដឹងទៀតថា ការបិទព្រំដែនក្នុងអំឡុងពេលនៃ​ជំងឺរាតត្បាតបានធ្វើឱ្យមនុស្សជាច្រើនជាប់គាំងជាមួយនឹងទិដ្ឋាការការងារដែលផុតកំណត់។ លោក​បាន​បន្ថែម​ថា៖ «ពួកគេគឺ​ត្រូវ​បាន​យកទៅជួញ​ដូរ»។ «ពួកគេ​ជា​ក្រុមមនុស្សដែល​ងាយ​រងគ្រោះ​ខ្លាំង​នៅ​ពេល​នោះ»។

លោក Cha បានលើកឡើងថា PRC និងរុស្ស៊ីក៏កំពុងធ្វើពាណិជ្ជកម្មជាមួយ​កូរ៉េខាងជើងក្នុងការប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ «ហើយនោះមានន័យថា ការទិញទំនិញដូចជាធ្យូងថ្ម និងស្ពាន់ ដែលត្រូវបានជីកកកាយដោយមានការរំលោភសិទ្ធិមនុស្សជាច្រើន»។

រួមជាមួយនឹងការបើកព្រំដែនឡើងវិញ ទីក្រុងប៉េកាំងក៏កំពុងបង្ខំឱ្យប្រគល់​ត្រឡប់នូវជនភៀសខ្លួនកូរ៉េខាងជើងដែលត្រូវបានឃុំខ្លួនក្នុងប្រទេសចិននោះមកវិញផងដែរ។ ភាគច្រើនជាស្ត្រីដែលប្រឈមនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ការឃុំខ្លួននៅក្នុងជំរុំពលកម្មដោយបង្ខំ និងការប្រហារជីវិត បើយោងតាមការរាយការណ៍ពីក្រុមស្រាវជ្រាវ និងតស៊ូមតិរបស់អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស។

លោក Robert King អ្នកជំនាញ CSIS កូរ៉េ និងជាអតីតបេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើងបានលើកឡើងនៅលើការផ្សាយរបស់ CSIS ថា៖ «យើងត្រូវបន្តដាក់សម្ពាធទៅលើប្រទេសចិន និងរុស្ស៊ី ទាក់ទងនឹងអ្វីដែលពួកគេកំពុងធ្វើ ដើម្បីរួមចំណែកដល់ប្រទេសកូរ៉េខាងជើង តាមរយៈការជួលប្រជាជនកូរ៉េខាងជើង ក្រោមកាលៈទេសៈ និងស្ថានការណ៍មិនល្អ»។​​ «នេះ​មិន​មែន​មាន​តែ​កូរ៉េ​ខាង​ជើង​ទេ​ដែល​ជាអ្នកបង្កើត​បញ្ហានោះ។ ជាពិសេស ចិន ក៏ដូចជារុស្ស៊ី គឺជាអ្នកបង្កើតលទ្ធភាពទាំងនេះ»។

នៅក្នុងកិច្ចប្រជុំកំពូល កាលពីខែសីហា ឆ្នាំ 2023 របស់ពួកគេ ដែលប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង និងដោះស្រាយបញ្ហានៃការចាប់ពង្រត់ អ្នកជាប់ឃុំ និងអ្នកទោសសង្រ្គាមមិនទាន់ធ្វើមាតុភូមិនិវត្តន៍ (POW) របស់ប្រទេសកូរ៉េខាងជើង។

កូរ៉េខាងជើងបានចាប់ពង្រត់ពលរដ្ឋជប៉ុនយ៉ាងតិច 17 នាក់ក្នុងទសវត្សរ៍ឆ្នាំ 1970 និង 1980 ប៉ុន្តែអ្នកវិភាគលើកឡើងថាចំនួននេះអាចលើសពី 100 នាក់។ យោងតាមក្រុមអ្នកស្រាវជ្រាវ កូរ៉េ​ខាង​ជើង​បាន​ចាប់​ពង្រត់​មនុស្ស​រាប់​ពាន់​នាក់​ពី​កូរ៉េ​ខាង​ត្បូង​ក្រោយ​សង្គ្រាម​កូរ៉េ ហើយអាជ្ញាធរបានលើកឡើងនៅក្នុងឆ្នាំ 2014 ថា POW ដែលមិនទាន់បានធ្វើមាតុភូមិនិវត្តន៍រហូតដល់ 500 នាក់ អាចនឹងមានជីវិតនៅរស់ក្នុងកូរ៉េខាងជើង។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ 2023 មន្ត្រី និងសាក្សីបាន​រៀបរាប់​លម្អិតអំពីការអនុវត្តពលកម្មដោយបង្ខំរបស់ទីក្រុងព្យុងយ៉ាង និងការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យរបស់កូរ៉េខាងជើង បើទោះបីជារបបផ្តាច់ការរបស់ខ្លួនសុខចិត្តខ្ជះខ្ជាយ​ធនធានកម្រទៅលើកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរខុសច្បាប់ក៏ដោយ។ ជនភៀសខ្លួនកូរ៉េខាងជើង លោក Ilhyeok Kim បានលើកឡើងថា របបរបស់លោក Kim «ប្រើញើសឈាមរបស់យើងទៅដូរជាជីវិតដ៏ប្រណិតសម្រាប់ភាពដឹកនាំ និងមីស៊ីលដែលបង្ហិនការខិតខំប្រឹងប្រែងរបស់យើងទៅជាការបាញ់បំផ្ទុះទៅលើមេឃទៅវិញ»។

អាល់បានី ជប៉ុន និងសហរដ្ឋអាមេរិកបានស្នើសុំកិច្ចប្រជុំនេះ ខណៈដែល PRC និងរុស្ស៊ីបានតវ៉ាប្រឆាំង។

ក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតជ្រើសរើសកូរ៉េខាងត្បូងសម្រាប់អាណត្តិរយៈពេលពីរឆ្នាំដែលនឹងចាប់ផ្តើមនៅឆ្នាំ 2024 ដែលអ្នកវិភាគលើកឡើងថា ការជ្រើសរើសនេះអាចអនុញ្ញាតឱ្យទីក្រុងសេអ៊ូលមានឱកាសកាន់តែច្រើនដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើងនោះ។

បាតុករ​នៅ​កូរ៉េ​ខាង​ត្បូង​ថ្កោលទោស​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​បង្ខំ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើ​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង។ ស្លាកសញ្ញារបស់ពួកគេគឺមានឈ្មោះជនភៀសខ្លួន និងកាលបរិច្ឆេទនៃការចាប់ខ្លួន ការនិរទេស ឬការឃុំខ្លួនរបស់ពួកគេនៅក្នុងជំរុំឃុំឃាំងមនុស្ស។ ប្រភពវីដេអូ៖ EFE តាមរយៈសារព័ត៌មាន REUTERS

ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button