តំបន់អូសេអានីវិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ឧប្បត្តិហេតុរបស់កងទ័ពជើងទឹកចិន ដែលធ្វើឱ្យអ្នកមុជទឹករងរបួសនោះគឺជាបញ្ហា «ដ៏គ្រោះថ្នាក់»

សារព័ត៌មាន REUTERS

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានថ្លែងថា នាវាចម្បាំងចិនបានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ក្នុងអំឡុងពេលមានឧប្បត្តិហេតុជាមួយនាវាកងទ័ពជើងទឹកអូស្ត្រាលី ដែលបានធ្វើឱ្យ​រងរបួស​​អ្នកជ្រមុជទឹកដែលជាយោធាម្នាក់ និងខូចខាតដល់ទំនាក់ទំនងរវាងប្រជាជាតិទាំងសងខាង​។

នាវា​ HMAS Toowoomba ដែលជានាវាចម្បាំងរយៈចម្ងាយឆ្ងាយ បានធ្វើប្រតិបត្តិការមុជទឹកចេញពីប្រទេសជប៉ុនកាលពីថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2023 ដើម្បីបោសសម្អាតសំណាញ់នេសាទចេញពីស្លាបចក្ររបស់នាវា នេះ​បើ​យោង​តាម​លោក Richard Marles រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី។

នាវាពិឃាតរបស់កងទ័ពជើងទឹករំដោះប្រជាជន (PLAN) បានបើកចូលទៅជិតនាវា HMAS Toowoomba ហើយបានដំណើរការសូណា​ដែល​បំពាក់​លើ​គ្រោងនាវារបស់ខ្លួនក្នុងលក្ខណៈប្រកប​ដោយ​គ្រោះថ្នាក់ បើទោះបីជាបានទទួលដំណឹងអំពីប្រតិបត្តិការមុជទឹកហើយ​ក៏ដោយ។ លោក Marles បានលើកឡើងថា អ្នកជ្រមុជទឹក​បានរងរបួសស្រាល ដែលទំនងជាបណ្តាលមកពីសូណានេះ។

លោក Albanese បានលើកឡើងថាឧប្បត្តិហេតុនេះបង្ហាញពីតម្រូវការឱ្យ​មាន «គោលការណ៍ទំនាក់ទំនង» រវាងយោធា។ លោកបានប្រាប់ទៅសារព័ត៌មាន Sky News Australia ថា៖ «នេះជារឿងដ៏គ្រោះថ្នាក់ មិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈពីនាវាចម្បាំងចិន»។

លោក Albanese បានលើកឡើងទៀតថា៖ «ផលវិបាកនៃព្រឹត្តិការណ៍ទាំងនេះគឺថាពួកគេធ្វើឱ្យខូចទំនាក់ទំនង»។ «ហើយនេះពិតជាព្រឹត្តិការណ៍ដែលបង្កការខូចខាត។ ហើយ​យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះបញ្ហានេះទៅ​ប្រទេស​ចិន»។

ឧប្បត្តិហេតុនេះបានកើតឡើងប្រហែលមួយសប្តាហ៍បន្ទាប់ពីលោក Albanese ក្លាយជាមេដឹកនាំអូស្ត្រាលីដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយ​នេះ ដោយ​ក្នុង​ដំណើរទស្សនកិច្ចនេះលោកបានព្រមព្រៀងចាប់ផ្តើមកិច្ចចរចាប្រចាំឆ្នាំឡើងវិញជាមួយអគ្គលេខាធិការបក្សកុម្មុយនិស្តចិនលោក Xi Jinping។ មេដឹកនាំទាំងពីរក៏បានជួបប្រជុំគ្នាប៉ុន្មានថ្ងៃបន្ទាប់ពីហេតុការណ៍នេះបានកើតឡើងនៅខាងក្រៅកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុង San Francisco រដ្ឋ California។

ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនបានជំទាស់នឹងសាច់រឿង​របស់ប្រទេសអូស្ត្រាលីចំពោះឧប្បត្តិហេតុនេះ ដោយអះអាងថា នាវាពិឃាត PLAN ឈ្មោះ Ningbo នេះបាន​ពិនិត្យ និងកំណត់អត្តសញ្ញាណនាវា HMAS Toowoomba ពីចម្ងាយប្រកបដោយសុវត្ថិភាព ហើយមិនបានធ្វើសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់ប្រតិបត្តិការមុជទឹកឡើយ។

ក្រសួងបានលើកឡើងថា ទីក្រុងប៉េកាំងបានដាក់ពាក្យបណ្តឹងទៅទីក្រុងកង់បេរ៉ា។

ក្រសួងការពារជាតិអូស្ត្រាលីបានលើកឡើងថានាវា HMAS Toowoomba បានធ្វើប្រតិបត្តិការគាំទ្រដល់ការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយស្ថិតនៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ពេលកំពុង​ធ្វើ​ដំណើរទៅកាន់កំពង់ផែតាមការ​គ្រោងទុកនៅពេលដែលឧប្បត្តិហេតុបានកើតឡើង។

ក្រសួងការពារជាតិបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិក ADF [កងកម្លាំងការពារជាតិអូស្ត្រាលី] របស់យើងនៅតែបន្តស្ថិតនៅជាអាទិភាពដ៏សំខាន់បំផុតរបស់យើង»។ «ប្រទេសអូស្ត្រាលីរំពឹងថាប្រទេសទាំងអស់ រួមទាំងប្រទេសចិន នឹងធ្វើប្រតិបត្តិការយោធារបស់ពួកគេប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button