ទស្សនៈសាកលវិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់បក្សកុម្មុយនិស្តចិន (CCP) មានភាពយឺតយ៉ាវ នៅពេលដែលប្រទេសជាច្រើនចោទសួរពីការជំរុញទឹកចិត្តឱ្យធ្វើសកម្មភាពរបស់លោក Xi នោះ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ទោះបីជាមានការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់អគ្គលេខាបក្សកុម្មុយនិស្តចិន (CCP) លោក Xi Jinping ក្នុងការស្តារឡើងវិញនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (OBOR) ក៏ដោយ ក៏ភស្តុតាងកំពុងគរឡើងដូចជាភ្នំដែលថាគោលនយោបាយរបស់លោកដែលបានចាប់ផ្តើមក្នុងឆ្នាំ 2013 សំដៅកសាង «សហគមន៍ទូលំទូលាយនៃផលប្រយោជន៍រួម» នៅទូទាំង ឥណ្ឌូប៉ាស៊ីហ្វិក អាហ្រ្វិក អាមេរិកឡាទីន និងអ៊ឺរ៉ុប កំពុងតែបរាជ័យក្នុងការសម្រេចតាមគោលដៅ និងចេតនារបស់លោក។

ទោះបីជាលោក Xi បានបែងចែកទឹកប្រាក់ជិត 1 ទ្រីលានដុល្លារ ដែលភាគច្រើនជាប្រាក់កម្ចី ហើយភាគច្រើនចែកទៅឱ្យប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីសាងសង់រោងចក្រថាមពល កំពង់ផែ អាកាសយានដ្ឋាន បណ្តាញទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ការគាំទ្រយ៉ាងទូលំទូលាយសម្រាប់គម្រោងនេះកំពុងធ្លាក់ចុះ។ លោក Xi បានព្យាយាមប្តូរឈ្មោះគម្រោង OBOR អស់ជាច្រើនឆ្នាំបន្ទាប់ពីការចាប់ផ្តើមដំណើរការរបស់គម្រោងដែលហៅថាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បន្ទាប់ពីគម្រោងនេះចាប់ផ្តើមត្រូវបានគេមើលឃើញថាជាលក្ខណអន្តរជាតិ ថាជាមធ្យោបាយសម្រាប់សាធារណរដ្ឋប្រជាមានិតចិន (PRC) ក្នុងការពង្រីកឥទ្ធិពលនយោបាយ និងយោធា ជាជាងការផ្តល់ជំនួយអភិវឌ្ឍន៍ដែលមានឆន្ទៈល្អ។

នៅពេលដែលកម្មវិធីគោលនយោបាយបរទេសដែលជាគោលនយោបាយដ៏សំខាន់របស់លោក Xi ឈានចូលទសវត្សរ៍ទីពីរនៃកម្មវិធីនេះ សេដ្ឋកិច្ចចិនលែងរីកចម្រើន ព្រោះការទទួលរងនូវការប៉ះទង្គិចពីគោលនយោបាយ «សូន្យ​កូវីដ» របស់លោក ធ្វើឱ្យទីផ្សារលំនៅឋានធ្លាក់ចុះ និងការចំណាយរបស់អ្នកប្រើប្រាស់ និងជំហររបស់ CCP នៅក្នុងបរិយាកាសនយោបាយអន្តរជាតិ។

នៅពេលដែលគណៈប្រតិភូ បានប្រមូលផ្តុំគ្នានៅពាក់កណ្តាលខែតុលា ឆ្នាំ 2023 នៅទីក្រុងប៉េកាំងសម្រាប់វេទិកាខ្សែក្រវាត់ និងផ្លូវ ដើម្បីពិភាក្សាអំពីអនាគតរបស់ OBOR ដែលនេះបានក្លាយទៅជាភស្តុតាងដែលបញ្ជាក់ថាចក្ខុវិស័យរបស់លោក Xi ចំពោះ «សហគមន៍ទូលំទូលាយ» គឺសំដៅដល់ការកសាងជម្រើសជំនួសមួយសម្រាប់លទ្ធិប្រជាធិបតេយ្យច្រើនជាជាងសំដៅដល់ហេដ្ឋារចនាសម្ព័ន្ធ។ ជម្លោះដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន និងមជ្ឈិមបូព៌ា ជំរុញឱ្យមានការប៉ុនប៉ងរបស់លោក Xi ក្នុងការជំរុញប្រទេសនានាឱ្យនៅឆ្ងាយពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន។

លោក Gabriel Alvarado ជាសមាជិកជាន់ខ្ពស់មិនពេញម៉ោងនៅក្នុង Global China Hub របស់ក្រុមប្រឹក្សាអាត្លង់ទិក បានសរសេរសម្រាប់ស្ថាប័នស្រាវជ្រាវ ក្នុងខែតុលា ឆ្នាំ 2023 ថា៖ «និយាយដោយត្រង់ៗ វិបត្តិថ្មីៗផ្តល់ឱ្យប៉េកាំងនូវឱកាសមួយដើម្បីស្តីបន្ទោសលោកខាងលិចចំពោះស្ថានភាពបច្ចុប្បន្ននៃពិភពលោក និងលើកកម្ពស់ចក្ខុវិស័យបម្រុងរបស់ខ្លួនសម្រាប់អភិបាលកិច្ចសកល ពោលគឺប្រព័ន្ធដែលការធ្វើអភិបាលកាន់តែ ឬយ៉ាងហោចណាស់ទទួលយករបៀបដែលបក្សកុម្មុយនិស្តចិនគ្រប់គ្រង»។

វេទិកានេះក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈមនៃ OBOR ផងដែរ៖

  • PRC មិនមានបំណងបោះបង់ចោលកម្មវិធីនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងផ្តោតកាន់តែលម្អិតទៅលើគម្រោងនាពេលអនាគត។ សារព័ត៌មាន Reuters បានរាយការណ៍ថា៖ «ប្រឈមមុខនឹងបញ្ហា [សេដ្ឋកិច្ច] ដែលរារាំងដល់ការរីកចម្រើនបែបនេះ លោក Xi កំពុងជំរុញឱ្យ BRI កាន់តែតូចជាងមុន និងបៃតងជាងមុន និងដើម្បីផ្លាស់ប្តូរពីគម្រោងធំៗ ដូចជាទំនប់ទឹក ទៅជាគម្រោងបច្ចេកវិទ្យាខ្ពស់ ដូចជាហិរញ្ញវត្ថុឌីជីថល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក»។ អ្នកវិភាគបានលើកឡើងថា៖ «គោលបំណងនេះគឺដើម្បីជួយជំរុញឱ្យកាន់តែមានភាពទូលំទូលាយសម្រាប់សណ្តាប់ធ្នាប់ពិភពលោកដែលមានលក្ខណៈពហុភាគី … ជាជាងការត្រួតត្រាដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួននោះ»។
  • ការ​សង្ស័យ​របស់​អន្តរជាតិ​កំពុង​កើន​ឡើង​ពាក់ព័ន្ធនឹង​ទីក្រុង​ប៉េកាំង។ អ្នករិះគន់បានប្រកែកក្នុងរយៈជាយូរមកហើយថា ប្រជាជាតិនានាមានការលំបាកក្នុងការសងប្រាក់កម្ចី ដែលមិនមាននិរន្តរភាពដែលអាចនាំឱ្យ CCP ធ្វើការគ្រប់គ្រងធនធាន ការលូកដៃចូលអធិបតេយ្យភាពនៃប្រទេសម្ចាស់ផ្ទះនៅក្នុងតំបន់ដូចជាកំពង់ផែ និងពាណិជ្ជកម្ម ក៏ដូចជាវត្តមាន និងការជ្រៀតចូលនៃយោធារបស់ CCP នៅទីតាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ប្រជាជាតិនានា រួមទាំងស្រីលង្កា និងសំប៊ី បានបរាជ័យក្នុងការសងប្រាក់កម្ចីបែបជញ្ជក់ឈាមរបស់ CCP។ អ្នកជំនាញកត់សម្គាល់ថា ការព្រួយបារម្ភរបស់ CCP លើសក្តានុពលនៃការរំខានចំពោះខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា «ស្ថានភាពពិបាកសម្រេចចិត្តនៅច្រកសមុទ្រម៉ាឡាកា» ដោយសារតែការពឹងផ្អែករបស់ប្រទេសលើច្រកសមុទ្រម៉ាឡាកា ដែលតូចចង្អៀតសម្រាប់ពាណិជ្ជកម្មតាមសមុទ្រជាច្រើនរបស់ខ្លួន នឹងត្រូវបានបន្ធូរបន្ថយពីការគ្រប់គ្រងរបស់ CCP លើទីតាំងបែបនេះសម្រាប់ ពាណិជ្ជកម្ម និងច្រើនទៀត។
  • មានតែមេដឹកនាំជាតិចំនួន 23 រូបប៉ុណ្ណោះ ដែលបានចូលរួមវេទិកាលើកទីបី បើធៀបនឹងឆ្នាំ 2019 ដែលមានទៅដល់ 37 រូប នេះបើយោងតាមសារព័ត៌មាន Foreign Policy។ បញ្ជីឈ្មោះអ្នកចូលរួមបានឆ្លុះបញ្ចាំងពីការបែងចែកជាសកល។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺជាភ្ញៀវកិត្តិយសរបស់លោក Xi ខណៈដែលនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban គឺជាមេដឹកនាំតែមួយគត់មកពីសហភាពអឺរ៉ុប។ មន្ត្រី​តាលីបង់​ក៏ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ផងដែរ ខណៈ​ដែលអាហ្វហ្កានីស្ថាន​ប៉ុនប៉ងចូលរួម​ជាមួយ OBOR។

ដូច្នេះតើ OBOR មានជំហរនៅឯណាបន្ទាប់ពីមួយទសវត្សរ៍នេះ? រឿងនេះបង្ហាញកាន់តែច្បាស់ឡើងថា គ្រោងការណ៍នេះត្រូវបានរារាំងដោយសេដ្ឋកិច្ចចិន ដែលកំពុងមានបញ្ហប្រឈម និងសម្ព័ន្ធភាពនយោបាយរបស់លោក Xi ជាមួយទីក្រុងមូស្គូ និងរបបផ្សេងទៀតដែលមិនគោរពតាមបទដ្ឋានអន្តរជាតិ។ បំណងប្រាថ្នារបស់លោក Xi ក្នុងការបង្កើតអនុត្តរភាពកំពុងត្រូវបានទទួលស្គាល់ថា ជាហេតុផលពិតរបស់លោក។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button