តំបន់អូសេអានីវិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

PRC ទិញយក ‘សុច្ឆន្ទៈ’ ជាមួយនឹងការរួមចំណែករបស់កាសែតរបស់កោះសូឡូម៉ុង

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការស៊ើបអង្កេតមួយបានរកឃើញថា PRC បានផ្តល់ម៉ាស៊ីនបោះពុម្ពថ្មី និងប៉មផ្សាយវិទ្យុជាថ្នូរមកវិញនូវការផ្សព្វផ្សាយវិជ្ជមានអំពីខ្លួនដោយកាសែតនាំមុខគេនៅកោះសូឡូម៉ុង។ កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិសុខសម្ងាត់ដែលបានចុះហត្ថលេខាដោយបណ្តាប្រទេសនានានៅក្នុងឆ្នាំ 2022 ហើយប្រទេសដែនកោះនេះបានប្តូរភក្តីភាពការទូតរបស់ខ្លួនពីតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ទៅ PRC វិញ ក្នុងឆ្នាំ 2019 ដែលជាវិធានការជំរុញទឹកចិត្តដោយទីក្រុងប៉េកាំង។

ទោះបីជាមានការជួយឧបត្ថម្ភជិត 140 000 ដុល្លារក៏ដោយ ក៏អ្នកកែសម្រួលប្រចាំកាសែត Solomon Star បានប្រាប់ទៅ គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) ថា កាសែតនេះនឹងរក្សាឯករាជ្យភាពរបស់ខ្លួនដដែល។ ទោះជាយ៉ាងណាក៏ដោយ ឯកសារ និងការសម្ភាសដែលបានបែកធ្លាយបានផ្តល់នូវ «ការធានាម្តងហើយម្តងទៀត និងច្បាស់លាស់ថាខ្លួន [កាសែត] នឹងជំរុញសារគាំទ្រដល់ទីក្រុងប៉េកាំង» នេះបើតាមបណ្តាញស៊ើបអង្កេតសកលបានរាយការណ៍ នៅក្នុងខែកក្កដា ឆ្នាំ 2023។

កិច្ច​ព្រមព្រៀង​នេះ​ស្រប​តាម​យុទ្ធសាស្ត្រ​ចិន ​ដើម្បី​ទទួល​ឥទ្ធិពល និង​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់ PRC ក្នុង​ការ​សហការ​ជ្រើសរើស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​​ប្រទេសក្រៅ នេះបើតាមសេចក្ដីរាយការណ៍របស់វិទ្យុអាស៊ីសេរី (RFA) កាលពីខែសីហា ឆ្នាំ 2023។ ប្រការនេះគឺឆ្លុះបញ្ចាំងពីមនោគមវិជ្ជានយោបាយកុម្មុយនិស្ត ដែលទាមទារភក្ដីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយចំពោះរដ្ឋ ជាជាងចំពោះសង្គម ក្នុងនាមជាអ្នកតស៊ូមតិលទ្ធិប្រជាធិបតេយ្យ។

PRC ជាប់ចំណាត់ថ្នាក់កៀកប្រទេសចុងក្រោយបំផុតនៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែនអំពីសេរីភាពសារព័ត៌មានក្នុងប្រទេស និងដែនដីចំនួន 180។ ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ដែលបានចេញផ្សាយក្នុងខែឧសភា ឆ្នាំ 2023 ពិពណ៌នាអំពី PRC ថាជា «ប្រទេសដែល​ដែល​ឃុំខ្លួនអ្នកកាសែតដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកនាំចេញខ្លឹមសារឃោសនាដ៏ធំបំផុតមួយផងដែរ»។ មានតែកូរ៉េខាងជើងប៉ុណ្ណោះដែលមានសភាពអាក្រក់ជាងនេះ។

វិទ្យុ RFA បានរាយការណ៍ថា ការរៀបចំរបស់ PRC ជាមួយនឹងកាសែត Solomon Star ឆ្លុះបញ្ចាំងពីការអំពាវនាវរបស់អគ្គលេខាបក្សកុម្មុយនិស្តចិន (CCP) លោក Xi Jinping ឱ្យ «ផ្សាយរឿងល្អៗរបស់ចិន» ទៅទូទាំងពិភពលោក។ ទីក្រុងប៉េកាំងមានឥទ្ធិពលលើការផ្សាយព័ត៌មាននៅកន្លែងផ្សេងទៀតក្នុងទ្វីបអូសេអានី ជាពិសេសក្នុងចំណោមជនចំណាកស្រុករបស់ចិន។ ជាឧទាហរណ៍ នៅប្រទេសនូវែលសេឡង់ CCP ប្រើប្រាស់សាច់ប្រាក់ ការទូត និងពហិការ ដើម្បីធានាការផ្សាយព័ត៌មានប្រកបដោយមិត្តភាពនៅក្នុងសហគមន៍ជនជាតិចិន នេះបើតាមសេចក្ដីរាយការណ៍របស់សេវាសារព័ត៌មាន។ ជនចំណាកស្រុក​ចិន​នៅ​ម៉ាឡេស៊ី​ក៏​ជា​គោលដៅ​ផងដែរ​។ OCCRP បានរាយការណ៍ថា កិច្ចព្រមព្រៀងរបស់អ្នកបោះពុម្ពផ្សាយកាសែត Palauan ជាមួយក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាមួយប៉ូលិស និងយោធាចិនមិនជោគជ័យនោះទេ។​​

វិទ្យុ RFA បានរាយការណ៍ថា កាសែតនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះកំពុងប្រឈមនឹងការប្រកួតប្រជែងតាមអនឡាញ ប្រាក់ចំណូលផ្សាយពាណិជ្ជកម្មមានកម្រិត ប្រាក់ចំណេញតិចតួច និងការប្រកួតប្រជែងសេដ្ឋកិច្ចមាត្រដ្ឋាន។ ទីក្រុងប៉េកាំងទាញយកអត្ថប្រយោជន៍ពីបញ្ហាហិរញ្ញវត្ថុរបស់ឧស្សាហកម្មនេះ ដើម្បីផ្សព្វផ្សាយសាររបស់ខ្លួន។

លោក Alfred Sasako នាយអគ្គសេនា​ធិការរបស់កាសែត The Star បានលើកឡើងថា កាសែតបានស្វែងរកការគាំទ្រនៅកន្លែងផ្សេងទៀត មុនពេលការរួមចំណែករបស់ PRC។ OCCRP បាន​រាយការណ៍​ថា លោក​បាន​ច្រានចោល​ការ​រិះគន់​លើ​កិច្ច​ព្រម​ព្រៀង​នេះ ហើយ​បាន​ស្ដីបន្ទោសយ៉ាងខ្លាំងលើអ្នក​ដែល ​«បង្ខូច​កេរ្តិ៍​ឈ្មោះ​ចិន»។

OCCRP បានរាយការណ៍ថា កាសែតនេះបានស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុពីស្ថានទូតចិននៅទីក្រុង Honiara ក្នុងឆ្នាំ 2022។ បន្ទាប់ពីកាសែត The Star បានសន្យាម្តងហើយម្តងទៀតក្នុងការលើកកម្ពស់ «សុច្ឆន្ទៈ» របស់ PRC និងតួនាទីជា «ដៃគូអភិវឌ្ឍដ៏សប្បុរស និងគួរឱ្យទុកចិត្តបំផុត» នៅកោះសូឡូម៉ុង ទីក្រុងប៉េកាំងបានផ្តល់មូលនិធិដើម្បីជំនួសម៉ាស៊ីនបោះពុម្ពចាស់ និងទិញប៉មផ្សាយសម្រាប់ស្ថានីយវិទ្យុដែលពាក់ព័ន្ធរបស់កាសែត នេះបើតាមក្រុមការងារបានរាយការណ៍ឡើង។

កិច្ចសម្រុះសម្រួលនេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ប្រជុំ​កោះសូឡូម៉ុង និង​កន្លែង​ផ្សេង​ទៀត។ អ្នកកាសែត The Star បានផ្សាយថា បន្ទប់ព័ត៌មានក៏ទទួលបានរថយន្ត កាមេរ៉ា កុំព្យូទ័រយួរដៃ ទូរសព្ទដៃ និងដ្រូនពី PRC និងដៃគូប្រព័ន្ធផ្សព្វផ្សាយចិនផងដែរ។ អ្នកកាសែតរូបនេះបានប្រាប់ទៅកាសែត The Guardian ក្នុងខែសីហា ឆ្នាំ 2023 ថា៖ «ជាការតបស្នង យើងត្រូវបានគេប្រាប់ឱ្យមានការប្រុងប្រយ័ត្នជាងនេះបន្តិច នៅពេលនិយាយអំពីបញ្ហារបស់ប្រទេសចិននោះ»។

កាសែត The Island Sun ដែលជាកាសែតកោះសូឡូម៉ុងមួយទៀតបានទទួលកុំព្យូទ័រពីស្ថានទូតចិន នេះបើតាមអតីតអ្នកកែសម្រួលនៃការបោះពុម្ពផ្សាយ លោក Ofani Eremae បានថ្លែងប្រាប់កាសែត The Guardian។ លោក​បាន​លើកឡើង​ថា​៖ «​ម្ចាស់​អង្គភាពសារព័ត៌មាន​ទាំងនោះកំពុងតែ​លះបង់​ឯករាជ្យភាព​នៃ​អង្គភាព​ព័ត៌មាន​របស់​ពួកគេហើយ​»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button