តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPវិវាទ/ភាពតានតឹងអាស៊ីខាងត្បូងអាស៊ីឥសាន / NEA

អ្នកជំនាញមានការបារម្ភចំពោះបញ្ហាសាលារៀនដែលមានអន្តេវាសិកដ្ឋានរបស់សាធារណរដ្ឋប្រជាមានិតចិនថាមានគោលបំណងលុបបំបាត់វប្បធម៌ជនជាតិទីបេ ជនជាតិអ៊ុយហ្គួ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានព្រមានថា ការពង្រីកបណ្ដាញនៃសាលារៀនដែលមានអន្តេវាសិកដ្ឋានរបស់បក្សកុម្មុយនិស្តចិន (CCP) នោះកំពុងបង្កឱ្យមានការកើនឡើងនៃការបំបែកកុមារចេញពីគ្រួសារពួកគេកាន់តែច្រើនឡើង។ គ្រឹះស្ថានទាំងនោះហាក់ដូចជាបង្ហាញពីយុទ្ធសាស្ត្ររបស់ CCP ក្នុងការបញ្ជ្រាបវប្បធម៌ទៅប្រជាជនទីបេ អ៊ុយហ្គួ និងជនជាតិភាគតិចដទៃទៀតដោយបង្ខំ។

នៅតំបន់ទីបេ និងក្នុងតំបន់ Xinjiang ភាគពាយព្យនៃប្រទេសចិន របាយ​ការណ៍​បាន​ចងក្រង​ឯកសារ​អំពី​ការ​បិទ​សាលា​ក្នុង​តំបន់​ជា​ប្រព័ន្ធ ដែលនឹងត្រូវបានជំនួសដោយសាលាដែលតម្រូវឱ្យសិស្សប្រើប្រាស់ភាសាចិនកុកងឺស្ទើរតែទាំងស្រុង និងទម្លាក់ចោលនូវកម្មវិធីសិក្សាដែលសិក្សាអំពីវប្បធម៌ដើមរបស់សិស្ស។ សិស្សភាគច្រើនក៏ត្រូវបានតម្រូវឱ្យស្នាក់នៅក្នុងអន្តេវាសិកដ្ឋានផងដែរ។

អង្គការសហប្រជាជាតិបានលើកឡើងថា អ្នកជំនាញឯករាជ្យរបស់ខ្លួន «ទទួលបានព័ត៌មានអំពីការបំបែកកុមារមួយចំនួនធំក្នុងតំបន់ Xinjiang ដែលភាគច្រើនជាជនជាតិអ៊ុយហ្គួចេញពីគ្រួសាររបស់ពួកគេ ក្នុងនោះរួមមានកុមារតូចៗដែលឪពុកម្តាយកំពុងនិរទេស ឬ «ត្រូវបានឃាត់ខ្លួន/ជាប់ឃុំឃាំង»។ កុមារទាំងនេះត្រូវបានចាត់ទុកថាជា «ក្មេងកំព្រា» ដោយអាជ្ញាធររដ្ឋ ហើយដាក់នៅក្នុងសាលារៀនដែលមានអន្តេវាសិកដ្ឋាន សាលាមត្តេយ្យសិក្សា ឬមណ្ឌលកុមារកំព្រាពេញម៉ោងដែលនៅក្នុងនោះភាសាដែលត្រូវបានប្រើប្រាស់ស្ទើរតែទាំងស្រុងគឺភាសាចិនកុកងឺ។ ជនជាតិអ៊ុយហ្គួប្រមាណ 2 លាននាក់ និងជនមូស្លីមផ្សេងទៀតត្រូវបានឃុំខ្លួននៅក្នុងជំរុំអប់រំឡើងវិញនៅតំបន់ Xinjiang។ ក្រុមអ្នកតស៊ូមតិ​ដើម្បី​សិទ្ធិមនុស្សបានលើកឡើងថា CCP បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយមានការកំណត់គោលដៅរបស់ខ្លួនទៅលើជនជាតិអ៊ុយហ្គួ និងជនជាតិភាគតិចដទៃផ្សេងទៀត។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក៏រៀបរាប់លម្អិតស្ដីពីការចោទប្រកាន់អំពីការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត នៅក្នុងសាលារៀនដែលមានអន្តេវាសិកដ្ឋានដែលគ្រប់គ្រងដោយរដ្ឋផងដែរ។

កុមារទីបេភាគច្រើនដែលមានដល់ជិត 1 លាននាក់នោះបានចុះឈ្មោះទៅក្នុងសាលារៀនដែលមានអន្តេវាសិកដ្ឋានដែលគ្រប់គ្រងដោយ CCP ជាកន្លែងដែលសិស្សបានបញ្ចប់ «ការអប់រំជាកាតព្វកិច្ច» ជាភាសាចិនកុកងឺ ដោយមិនមានការសិក្សាស៊ីជម្រៅ និងទូលំទូលាយនៅក្នុងភាសា ប្រវត្តិសាស្រ្ត ឬវប្បធម៌នៃតំបន់ភ្នំហិមាល័យដែលភាគច្រើននៃពុទ្ធសាសនិក ដែលពីមុនជាប្រទេសឯករាជ្យ នេះ​បើ​យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ ខណៈពេលដែលសាលារៀនបែបនេះមាននៅកន្លែងផ្សេងទៀតនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន គ្រឹះស្ថាននេះគឺមានការរីករាលដាលជាងគេក្នុងតំបន់ដែលមានសិស្សទីបេ។ នៅទូទាំងប្រទេស សិស្សប្រហែល 22% ចូលរៀននៅសាលារៀនដែលមានអន្តេវាសិកដ្ឋាន បើប្រៀបធៀបទៅនឹង 78% នៃសិស្សទីបេ នេះបើតាមអ្នកជំនាញអង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងលិខិតឆ្នាំ 2022 ទៅកាន់ CCP។ គ្រូបង្រៀន និងសកម្មជនត្រូវបានចាប់ដាក់គុកដោយចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការបំបែកខ្លួន» សម្រាប់ការផ្តល់ ឬរៀបចំការបង្រៀនភាសាទីបេនោះ។

លក្ខខណ្ឌគឺស្រដៀងគ្នានៅក្នុងតំបន់ Xinjiang ដែលអ្នកស្រាវជ្រាវបានលើកឡើងថាសិស្ស «មានលទ្ធភាពទទួលបានការអប់រំជាភាសាអ៊ុយហ្គួតិចតួច ឬគ្មាន ហើយស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងក្នុងការនិយាយ និងរៀនតែភាសាចិនកុកងឺតែប៉ុណ្ណោះ ផ្ទុយពីការអប់រំដែលមានគោលបំណងសម្រេចបាននូវទ្វេភាសានិយម»។ អ្នក​ជំនាញ​លើកឡើង​ថា គ្រូ​បង្រៀន​អាច​ត្រូវ​ដាក់ទោស​ចំពោះ​ការ​ប្រើ​ភាសាអ៊ុយហ្គួនៅ​ក្រៅ​ពីថ្នាក់​បង្រៀនភាសាជាក់លាក់។ ជាលទ្ធផល កុមារតូចៗកំពុងតែបាត់បង់ភាពស្ទាត់ជំនាញក្នុងភាសាកំណើតរបស់ពួកគេ ហើយបាត់បង់សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយឪពុកម្តាយ និងជីដូនជីតារបស់ពួកគេ។ អង្គការសហប្រជាជាតិបានរាយការណ៍ថា ការចុះឈ្មោះចូលរៀននៅក្នុងសាលារៀន «ដែលស្ថិតក្រោមការត្រួតត្រា និងគ្រប់គ្រងខ្ពស់» មិនអនុញ្ញាតឱ្យមានអន្តរកម្មជាមួយឪពុកម្តាយ ក្រុមគ្រួសារ ឬសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ទំនាក់ទំនងទៅនឹងអត្តសញ្ញាណវប្បធម៌ និងសាសនានោះ។

CCP បានបង្កើនយុទ្ធនាការបញ្ជ្រាបនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសជាមួយនឹងអាណត្តិឆ្នាំ 2021 ដែលក្រុមជនជាតិភាគតិចផ្តល់អាទិភាពដល់ផលប្រយោជន៍រដ្ឋដែលគ្រប់គ្រងដោយបក្សលើសពីផ្នែកផ្សេងៗទាំងអស់។

ការគំរាមកំហែងបែបកុម្មុយនិស្តចំពោះវប្បធម៌ទីបេមានតាំងពីទសវត្សរ៍ឆ្នាំ 1950 មកម៉្លេះ នៅពេលដែលកងកម្លាំង CCP បានឈ្លានពាន និងបញ្ចូលរដ្ឋជិតខាងជាឧបសម្ពន្ធ។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានលើកឡើងថា នៅក្នុងបរិបទសព្វថ្ងៃនេះ ការអំពាវនាវឱ្យបង្កើត «អត្តសញ្ញាណជាតិចិន» តែមួយបាននាំឱ្យមានការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញបន្ថែមទៀត។

ការរឹតបន្តឹងរបស់ CCP លើទំនៀមទម្លាប់សាសនាក៏បានធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់ Xinjiang អស់ជាច្រើនទសវត្សរ៍មកហើយ។ ការតវ៉ាបាននាំឱ្យមានការបង្រ្កាបរបស់រដ្ឋាភិបាលដែលដាក់កម្រិតលើការអនុវត្តរបស់ជនជាតិម៉ូស្លីម ដូចជាការតមអាហារសម្រាប់បុណ្យរ៉ាម៉ាដាន ដាក់ចេញនូវការឃ្លាំមើលសហគមន៍ និងបានបង្កើតបណ្តាញជុំរុំឃុំឃាំង ដែលឥឡូវនេះជាប់ពាក់ព័ន្ធទៅនឹងបញ្ហាពលដោយបង្ខំ និងការរំលោភបំពានផ្សេងៗទៀត។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានហៅសាលារៀនដែលមានអន្តេវាសិកដ្ឋានរបស់ទីក្រុងប៉េកាំងថាជាការបន្តរំលោភសិទ្ធិ រួមទាំងជីវិតគ្រួសារ វប្បធម៌ និងការអប់រំដោយគ្មានការរើសអើង។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button