តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPភាពជាដៃគូ

ហ្វ៊ីលីពីនពង្រឹងទំនាក់ទំនងការពារជាតិ ដើម្បីទប់ទល់នឹងការគំរាមកំហែងនៅសមុទ្រចិនខាងត្បូងរបស់សាធារណរដ្ឋប្រជាមានិតចិន

Maria T. Reyes

ការគំរាមកំហែងដែលបង្កឡើងដោយសាធារណៈរដ្ឋប្រជាមានិតចិន (PRC) មិនថាការរំលោភច្បាប់អន្តរជាតិរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ឬលទ្ធភាពនៃការឈ្លានពានតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង បានក្លាយទៅជាការពិនិត្យពិច័យយ៉ាងសំខាន់សម្រាប់គោលនយោបាយការពារជាតិ និងដៃគូសន្តិសុខរបស់ប្រទេសហ្វ៊ីលីពីន។ នេះ​អនុវត្ត​ចំពោះ​សមាជិកភាព​របស់ហ្វ៊ីលីពីន​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) និង​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​សម្ព័ន្ធមិត្តនៃសន្ធិសញ្ញារបស់​សហរដ្ឋ​អាមេរិក ដែល​ជា​ជំហរ​ដែល​ខ្លួន​មាន​នៅក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​ជាមួយ​ប្រទេស​អូស្ត្រាលី ជប៉ុន និង​កូរ៉េខាងត្បូង។

ការរំលោភបំពានច្បាប់អន្តរជាតិរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងម៉ានីល រួមមានការសាងសង់ និងយោធូបនីយកម្មនៃតំបន់ថ្មប៉ប្រះទឹកចំនួនបីនៅក្នុងប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូង។ ជាងនេះទៅទៀត នាវាឆ្មាំឆ្នេរសមុទ្រចិនបានធ្វើការយាយីម្តងហើយម្តងទៀតលើនាវាហ្វ៊ីលីពីនដែលផ្គត់ផ្គង់ដល់នាវា BRP Sierra Madre ដែលជានាវាកងទ័ពជើងទឹកហ្វ៊ីលីពីន ដែលឥឡូវនេះបម្រើជាមូលដ្ឋានយោធានៅតំបន់ Second Thomas Shoal ដែលប្រជាជនហ្វ៊ីលីពីនស្គាល់ថាជា Ayungin Shoal នៅក្នុងតំបន់ EEZ ផងដែរ។ នៅដើមខែសីហា ឆ្នាំ 2023 នាវាឆ្មាំឆ្នេរសមុទ្រចិនបានបាញ់កាណុងបាញ់ទឹកទៅលើនាវាផ្គត់ផ្គង់របស់កងទ័ពជើងទឹកហ្វ៊ីលីពីន។

ការទាមទារទឹកដីរបស់ទីក្រុងប៉េកាំងចំពោះផ្នែកណាមួយនៃតំបន់ EEZ របស់ហ្វ៊ីលីពីនត្រូវបានកាត់សេចក្តីដោយខុសច្បាប់ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយតុលាការអន្តរជាតិក្នុងឆ្នាំ 2016 ដែលជាសេចក្តីសម្រេចគាំទ្រដោយទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ដែលត្រូវបានអនុម័តដោយមេដឹកនាំអាស៊ានក្នុងឆ្នាំ 2019។ AOIP មិនបានលើកឡើងអំពីសាធារណរដ្ឋប្រជាមានិតចិន (PRC) នោះទេ ប៉ុន្តែបញ្ជាក់អំពីតម្រូវការសម្រាប់ប្រទេសនានាក្នុងការអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ផងដែរ។

រដ្ឋអាស៊ានផ្សេងទៀត រួមទាំងឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម ក៏បានប៉ះទង្គិចជាមួយទីក្រុងប៉េកាំង ជុំវិញការរំលោភលើតំបន់ EEZ របស់ពួកគេ ដូចជាការនេសាទខុសច្បាប់ និងការរុករកធនធានជាដើម។

លោក Renato Cruz De Castro សាស្ត្រាចារ្យផ្នែកសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ De La Salle នៃទីក្រុងម៉ានីល បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «រឿងមួយដែលជារឿងរួមក្នុងចំណោមពួកយើង [រដ្ឋអាស៊ាន] គឺថា ពិតណាស់ យើងមានការសង្ស័យយ៉ាងខ្លាំងចំពោះប្រទេសចិន»។

ការធានាសន្តិសុខនៅសមុទ្រចិនខាងត្បូងប្រឆាំងនឹងបរិបទនៃភាពតានតឹងក្នុងតំបន់នេះគឺជាគោលបំណងសំខាន់នៃសមយុទ្ធពហុភាគីនៅក្នុងដែនទឹកនៃទីក្រុងម៉ានីលនៅចុងខែសីហា ឆ្នាំ 2023 ដែលមានការចូលរួមពីកងទ័ពជើងទឹកនៃប្រទេសអូស្ត្រាលី ជប៉ុន ហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក។

កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន លោកឧត្ដមសេនីយ៍ទោ Takahiro Nishiyama បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបន្ទាប់ពីសមយុទ្ធនេះថា៖ AOIP ចែករំលែកគោលការណ៍ជាមូលដ្ឋានជាមួយនឹងចក្ខុវិស័យនៃ «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ហើយជប៉ុនយល់ស្របនឹងចក្ខុវិស័យនេះ»។

កិច្ចសហប្រតិបត្តិការការពារជាតិរបស់ទីក្រុងម៉ានីលជាមួយសហរដ្ឋអាមេរិក និងដៃគូផ្សេងទៀតគឺមិនមែនត្រឹមតែការការពារលើសេរីភាពដែនសមុទ្រនោះទេ។ លោក De Castro បាន​លើកឡើង​ថា​៖ «​កិច្ចសហការនេះបាន​ផ្តោត​លើ​តៃវ៉ាន់​រួច​ហើយ»​។

លោកបានបន្តទៀតថា ការគំរាមកំហែងពីការលុកលុយរបស់ PRC លើកោះតៃវ៉ាន់ ដែលជាផ្ទះរបស់កម្មករហ្វ៊ីលីពីនដែលមានចំនួនជាង 200 000 នាក់ បង្កការគំរាមកំហែងដោយផ្ទាល់ដល់ហ្វ៊ីលីពីន រួមទាំងទីក្រុងប៉េកាំងដែលមានសក្តានុពលស្វែងរកការគ្រប់គ្រងច្រកសមុទ្រ Luzon រវាងតៃវ៉ាន់ និងភាគខាងជើងហ្វ៊ីលីពីនផងដែរ។

ទីក្រុងម៉ានីលកំពុងពង្រឹងភាពជាដៃគូសន្តិសុខរបស់ខ្លួនក្នុងការឆ្លើយតប រួមទាំងជាមួយអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង។ លើសពីនេះ ថ្មីៗនេះ ខ្លួនបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកចូលទៅកាន់ទីតាំងយោធាចំនួនបួនបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរបស់សម្ព័ន្ធមិត្ត រួមទាំងនៅភាគខាងជើង Luzon ផងដែរ។

លោក De Castro បានបន្ថែមទៀតថា៖ «យើងស្ថិតនៅភាគខាងជើងនៃអាស៊ីអាគ្នេយ៍ ហើយយើងនៅកៀកតៃវ៉ាន់បំផុត»។ «ដូច្នេះ ផលប្រយោជន៍របស់យើងជាមូលដ្ឋានរួមជាមួយនឹងផលប្រយោជន៍របស់សម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត។ ហើយជាការពិតណាស់ ជាមួយសហរដ្ឋអាមេរិក»។

Maria T. Reyes គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button