សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដើម្បីការពារ ហ្វ៊ីលីពីនក្រោយការឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង

The Associated Press
សហរដ្ឋអាមេរិកបានរំឮកឡើងវិញកាលពីខែតុលា ឆ្នាំ 2023 ថាខ្លួននឹងការពារហ្វ៊ីលីពីនប្រឆាំងនឹងការវាយប្រហារដោយប្រដាប់អាវុធក្រោមកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមកឆ្នាំ 1951 របស់សម្ព័ន្ធមិត្ត បន្ទាប់ពីនាវារបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) បានរារាំង និងប៉ះទង្គិចជាមួយនាវាហ្វ៊ីលីពីនចំនួនពីរគ្រឿង នៅក្បែរឆ្នេរសមុទ្រមានជម្លោះមួយ នៅសមុទ្រចិនខាងត្បូង។
អ្នកការទូតហ្វ៊ីលីពីនបានកោះហៅមន្ត្រីស្ថានទូតចិនម្នាក់នៅ ទីក្រុងម៉ានីល ដើម្បីតវ៉ាក្រោយពីមានការប៉ះទង្គិចនាថ្ងៃទី 22 ខែតុលា ចេញពី Second Thomas Shoal។ មន្រ្តីស្ថានទូតរូបនោះបានថ្លែងថា មិនមានរបាយការណ៍អំពីការរងរបួសទេ ប៉ុន្តែនាវាឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីន និងទូកផ្ទុកឈើដែលប្រតិបត្តិការដោយមន្រ្តីកងទ័ពជើងទឹកហ្វ៊ីលីពីនត្រូវបានខូតខាត។
ប្រភពវីដេអូ៖ កងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានកោះប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីយោធា និងសន្តិសុខកំពូលៗ ដើម្បីពិភាក្សាអំពីអរិភាពនេះ។ ហ្វ៊ីលីពីន និងប្រជាជាតិដទៃទៀតបានប្រឆាំងនឹងការទាមទារដែនទឹកដ៏ធំធេង និងមិនស្របតាមផ្លូវច្បាប់របស់ទីក្រុងប៉េកាំងលើសមុទ្រចិនស្ទើរតែទាំងមូល ហើយប្រជាជាតិខ្លះទៀត ដូចទីក្រុងម៉ានីល បានស្វះស្វែងរកការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិក ដោយសារតែឧប្បត្តិហេតុបែបនេះកើនឡើង។
រដ្ឋមន្ត្រីការពារជាតិហ្វ៊ីលីពីន លោក Gilberto Teodoro បានថ្កោលទោសប្រទេសចិនចំពោះការងាកទៅរកការប្រើ «កងកម្លាំងដ៏ឃោរឃៅ» ដែលបានបង្កគ្រោះថ្នាក់ដល់សមាជិកនាវិកហ្វ៊ីលីពីន និងការបំភ្លៃការពិត ដើម្បីលាក់បាំងការឈ្លានពានរបស់ខ្លួន។
លោក Teodoro បានថ្លែងទៀតថា៖ «រដ្ឋាភិបាលហ្វ៊ីលីពីន ចាត់ទុកការឈ្លានពានចុងក្រោយបង្អស់ពីចិនថាជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។ «ចិនមិនមានសិទ្ធិស្របច្បាប់ ឬសិទ្ធិអំណាចក្នុងការធ្វើប្រតិបត្តិការអនុវត្តច្បាប់នៅក្នុងដែនទឹកទឹករបស់យើង និងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើងនោះទេ»។
លោក Teodoro បន្តទៀតថា លោក Marcos បានចេញបញ្ជាឱ្យស៊ើបអង្កេតលើបញ្ហាប៉ះទង្គិច។ លោកបានលើកឡើងទៀតថា៖ «យើងកំពុងដោះស្រាយឧប្បត្តិហេតុទាំងនេះឱ្យបានហ្មត់ចត់ក្នុងកម្រិតរដ្ឋាភិបាលខ្ពស់បំផុត»។ «រដ្ឋាភិបាលចិនកំពុងបំភ័ន្តការពិតដោយចេតនា»។
ទីក្រុងម៉ានីលក៏គ្រោងនឹងដោះស្រាយឧប្បត្តិហេតុនានាក្នុង អំឡុងពេលកិច្ចពិភាក្សារវាងទីក្រុងប៉េកាំង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលក្នុងនោះហ្វ៊ីលីពីនជាសមាជិកផងដែរ អំពីក្រមប្រតិបត្តិមួយដើម្បីទប់ស្កាត់ជម្លោះប្រដាប់អាវុធនៅក្នុង សមុទ្រចិនខាងត្បូង។
លោក Teodoro បានបន្តលើកឡើងទៀតថា វាគឺជា «រឿងគួរឱ្យអស់សំណើចណាស់» ដែល PRC មានគម្រោងរៀបចំកិច្ចពិភាក្សាបន្ទាប់ពីបានប្រព្រឹត្ត «ទង្វើមិនគោរពច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត»។
ការទាមទាររបស់ PRC លើសមុទ្រខាងត្បូងគឺមានភាពត្រួតគ្នាជាមួយនឹងប្រទេសព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន តៃវ៉ាន់ និងវៀតណាម។
នាវាឆ្មាំឆ្នេរសមុទ្ររបស់ PRC ប្រហែលចំនួនប្រាំគ្រឿង នាវាកងទ័ពជើងទឹកចំនួនពីរគ្រឿង និងនាវាអមដំណើរចំនួនប្រាំបីគ្រឿងបានធ្វើការបិទផ្លូវកាលពីថ្ងៃទី 22 ខែតុលា ដើម្បីទប់ស្កាត់នាវាឆ្មាំសមុទ្រហ្វ៊ីលីពីនចំនួនពីរគ្រឿង និងទូកចំនួនពីរគ្រឿងផ្សេងទៀតដើម្បីកុំឱ្យបញ្ជូនស្បៀងអាហារ និងសម្ភារផ្គត់ផ្គង់ដទៃទៀតដល់កងកម្លាំងដែលឈរជើងនៅឯ Second Thomas Shoal នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីន លោកឧត្ដមនាវីត្រី Jay Tarriela បានប្រសាសន៍ឱ្យដឹង។
នាវាឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីន និងទូកផ្គត់ផ្គង់មួយគ្រឿងត្រូវបាននាវាឆ្មាំឆ្នេរសមុទ្រចិន និងនាវាកងជីវពលដែនទឹកមួយគ្រឿងបានវាយប្រហារដាច់ដោយឡែកពីគ្នា។ លោក Tarriela បានថ្លែងទៀតថា មានតែទូកហ្វ៊ីលីពីន មួយគ្រឿងប៉ុណ្ណោះដែលអាចផ្តល់សម្ភារផ្គត់ផ្គង់បាន។
ឆ្មាំឆ្នេរសមុទ្រចិនបានស្តីបន្ទោសនាវាហ្វ៊ីលីពីនចំពោះការប៉ះទង្គិចគ្នានេះ ដោយអះអាងថា ពួកគេកំពុងដឹកជញ្ជូនសម្ភារសំណង់ ដើម្បីពង្រឹងប៉ុស្ដិ៍ប្រចាំការរបស់ទីក្រុងម៉ានីលនៅក្បែរច្រាំងសមុទ្រ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏ដូចជាដៃគូរបស់ខ្លួនបាន សម្តែងការព្រួយបារម្ភចំពោះទង្វើរបស់ PRC ដោយមានការរំឮកឡើងវិញពីទីក្រុងវ៉ាស៊ីនតោនថា ខ្លួននឹងការពារប្រទេសហ្វ៊ីលីពីន ប្រសិនបើ កងទ័ព នាវា ឬយន្តហោះ របស់ខ្លួន រងការវាយប្រហារដោយប្រដាប់អាវុធ រួមទាំង «ឆ្មាំឆ្នេរសមុទ្រទាំងនោះរបស់ខ្លួន—នៅគ្រប់ទីកន្លែងក្នុង សមុទ្រចិនខាងត្បូង»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា៖ «សហរដ្ឋអាមេរិកឈរជាមួយសម្ព័ន្ធមិត្តហ្វ៊ីលីពីនរបស់យើងនៅចំពោះមុខឆ្មាំឆ្នេរសមុទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន និងសកម្មភាពខុសច្បាប់ ដែលកំបុងបង្កគ្រោះថ្នាក់របស់កងជីវពលដែនទឹកដែលរារាំងបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វ៊ីលីពីននៅថ្ងៃទី 22 ខែតុលា ទៅកាន់ Second Thomas Shoal»។
ក្រសួងដដែលនេះបានលើកឡើងថានាវារបស់ PRC៖ «បានរំលោភបំពានលើច្បាប់អន្តរជាតិដោយមានការជ្រៀតជ្រែកដោយចេតនាជាមួយនឹងសមយុទ្ធរបស់នាវាហ្វ៊ីលីពីនស្ដីពីសេរីភាពនៃការធ្វើនាវាចរណ៍នៅលើដែនសមុទ្រអន្តរជាតិ»។
កងកម្លាំងសហរដ្ឋអាមេរិកធ្វើបេសកកម្មសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសឆ្លងកាត់ជាទៀងទាត់ ដើម្បីជាការរក្សានូវច្បាប់អន្តរជាតិនៅក្នុងដែនសមុទ្រមានជម្លោះ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។