ភាពជាដៃគូអាស៊ីឥសាន / NEA

សមយុទ្ធ Resolute Dragon ឆ្នាំ 2023 លាន់ឮពេញប្រទេសជប៉ុន

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការពង្រាយកងកម្លាំងជាបន្តបន្ទាប់នៅជុំវិញតៃវ៉ាន់ និងប្រទេសជប៉ុនដោយកងទ័ពរំដោះប្រជាជនចិន (PLA) បានបង្កើនភាពបន្ទាន់លើសមយុទ្ធ Resolute Dragon ដែលជាសមយុទ្ធហ្វឹកហ្វឺនប្រចាំឆ្នាំដែលធ្វើឡើងដោយកងកម្លាំងស្វ័យការពារជប៉ុន (JSDF) និងកងម៉ារីនអាមេរិក។

ដោយមានកងទ័ពចំនួន 7 300 នាក់ ផ្នែកហ្វឹកហ្វឺនរបស់សមយុទ្ធដែលមានមូលដ្ឋាននៅប្រទេសជប៉ុនចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 31 ខែតុលា គឺមានទំហំធំជាងពីរដងនៃទំហំសមយុទ្ធលើកមុនរបស់ខ្លួន។ សមយុទ្ធ Resolute Dragon ឆ្នាំ 2023 បានធ្វើឱ្យមានភាពប្រសើរឡើងវិញនូវការបញ្ជា និងការគ្រប់គ្រង ការបាញ់ដ៏ជាក់លាក់ និងសមត្ថភាពវាយប្រហារបែបពហុដែនរបស់កងកម្លាំងរួម។ អ្នកចូលរួមបានពង្រឹងយុទ្ធសាស្ត្រក្នុងការការពារកោះ និងការជម្លៀសអ្នករងរបួសនៅលើកោះ Kyushu និងនៅក្នុងតំបន់អូគីណាវ៉ា។

សមយុទ្ធ Resolute Dragon ឆ្នាំ 2023 ដែលជាសមយុទ្ធហ្វឹកហ្វឺននៅនឹងកន្លែងដែលចូលរួមដោយកងកម្លាំងជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើឡើងនៅទីតាំងចំនួន 19 ក្នុងប្រទេសជប៉ុនក្នុងខែតុលា។ ប្រភពវីដេអូ៖ នាយឯក STEPHEN HOLLAND/កងម៉ារីនអាមេរិក

PLA បានបង្កើនការធ្វើសមយុទ្ធដែនអាកាស និងដែនសមុទ្រជុំវិញតៃវ៉ាន់ចាប់តាំងពីខែសីហា ឆ្នាំ 2022 នៅពេលដែលគណៈប្រតិភូសភាសហរដ្ឋអាមេរិកបានទៅទស្សនកិច្ចនៅកោះដែលគ្រប់គ្រងដោយខ្លួនឯង។ បក្ស​កុម្មុយនិស្ត​ចិន​អះអាង​ថា តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទោះ​បី​ជាកោះនេះមិនធ្លាប់ជាផ្នែកណាមួយក៏ដោយ ហើយ​គំរាម​ដាក់បញ្ចូលតៃវ៉ាន់ដោយ​ប្រើកម្លាំងបាយ។ កងកម្លាំងជប៉ុន និងអាមេរិកបានឆ្លើយតបតាមរយៈការត្រៀមលក្ខណៈ និងសមយុទ្ធដើម្បីពង្រឹងសមត្ថភាពការពាររបស់ពួកគេ — នៅក្នុងករណីនេះ កោះរបស់ប្រទេសជប៉ុននៅទល់មុខតៃវ៉ាន់នៅក្នុងសមុទ្រចិនខាងកើត។

ការហ្វឹកហ្វឺននៅនឹងកន្លែងរបស់សមយុទ្ធ Resolute Dragon បានធ្វើឡើងបន្ទាប់ពីសមយុទ្ធនៅប៉ុស្តិ៍បញ្ជាការក្នុងខែកក្កដា និងសមយុទ្ធ Orient Shield ឆ្នាំ 2023 ជាសមយុទ្ធដែលធ្វើឡើងដោយកងកម្លាំងស្វ័យការពារជើងគោករបស់ជប៉ុន (JGSDF) និងកងទ័ពអាមេរិកនៅភាគខាងជើងប្រទេសជប៉ុនក្នុងខែកញ្ញា។ ទីក្រុងតូក្យូបានអំពាវនាវឱ្យមានការពង្រឹងសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក ដែលជាផ្នែកមួយនៃឯកសារសន្តិសុខជាតិដែលបានចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ 2022។

កាសែត Stars and Stripes បានរាយការណ៍ឱ្យដឹងថា កងទ័ពចំនួនបួនពាន់នាក់មកពីកងទ័ពភាគខាងលិចរបស់ប្រទេសជប៉ុនបានចូលរួមនៅក្នុងសមយុទ្ធ Resolute Dragon ដែលផ្តោតលើកោះភាគខាងត្បូងរបស់ប្រទេសនេះ។ កងកម្លាំងបេសកកម្មម៉ារីន III បានចូលរួមចំណែកទៅដល់ភាគច្រើននៃកងទ័ពអាមេរិកចំនួន 3 300 រួមជាមួយកងទ័ពអាកាស កងទ័ព និងកងទ័ពជើងទឹកអាមេរិក។

មន្រ្តីជប៉ុន និងអាមេរិកចូលរួមពិធីបើកសម្ពោធនៃសមយុទ្ធ Resolute Dragon ឆ្នាំ 2023។ ប្រភពរូបភាព៖ សារព័ត៌មាន KYODO/សារព័ត៌មាន REUTERS

អ្នកនាំពាក្យកងម៉ារីនអាមេរិកបានលើកឡើងថា សមយុទ្ធនេះមានលក្ខណពិសេសដោយមានទ័ពជំនួយចល័តតូចៗ ដែលអាចជ្រៀតចូលក្នុងរយៈចម្ងាយមីស៊ីលរបស់សត្រូវ ដើម្បីដណ្តើមយកកោះ និងគ្រប់គ្រងសមុទ្រដែលនៅជុំវិញ។ កាសែត Yomiuri បានរាយការណ៍ថា ការប្រយុទ្ធត្រាប់និម្មិតប្រឆាំងទៅនឹងនាវាចម្បាំង និងយន្តហោះក៏ជាផ្នែកមួយនៃការហ្វឹកហ្វឺនរួមគ្នាផងដែរ។

សមយុទ្ធថ្មីៗរួមមានការបាញ់រ៉ុក្កែតគ្រាប់ពិតដោយកងទ័ព JGSDF និងទាហានម៉ារីនអាមេរិក ការជួសជុលចំពោះការខូចខាតនៅអាកាសយានដ្ឋាន និងការជ្រៀតចូលយ៉ាងលឿនចូលទៅក្នុងតំបន់វាយប្រហារ Yausubetsu នៅកោះ Hokkaido ដោយកងម៉ារីនអាមេរិក។ សមយុទ្ធបានផ្តោតលើឧត្តមានុវត្តន៍ និងការឆ្លើយតបបែបទ្វេភាគីចំពោះការគំរាមកំហែង និងពាក់ព័ន្ធទៅនឹងការដំឡើង និងគ្រឿងបរិក្ខារចំនួន 19 ពីកោះ Hokkaido នៅភាគខាងជើងប្រទេសជប៉ុន ទៅកាន់កោះ Yonaguni ដែលជាកោះដែលមានចម្ងាយ 70 ម៉ាយល៍ភាគខាងកើតនៃតៃវ៉ាន់។

លោកឧត្តមសេនីយឯក Toshikazu Yamane ដែលជាមេបញ្ជាការកងទ័ពលោកខាងលិចបានមានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធថា៖ «ឥឡូវនេះស្ថានការណ៍សន្តិសុខជុំវិញប្រទេសជប៉ុនមានភាពតឹងតែងបំផុតដែលមិនធ្លាប់មានពីមុនមក យើងឈរនៅជួរខាងមុខ ហើយរៀបចំខ្លួនយើងរួចជាស្រេច ដើម្បីដោះស្រាយជាមួយនឹងស្ថានភាពនេះ»។

អ្នកនំាពាក្យនៃកងកម្លាំងបេសកកម្មម៉ារីនទី III លោកអនុសេនីយ៍ទោ Alejandro Arteaga បានលើកឡើងថា សមយុទ្ធហ្វឹកហ្វឺននៅនឹងកន្លែងបានអនុញ្ញាតឲ្យអ្នកចូលរួម «ផ្ទេរចំណេះដឹងរវាងកងកម្លាំងរបស់យើង ចែករំលែកគំនិត និងការច្នៃប្រឌិត និងពង្រឹងចំណងដែលយើងមាន ដូចទៅនឹងអ្នកដែលបានទទួលកិច្ចការពារជាតិរៀងៗខ្លួន និងដៃគូរបស់យើងដែរ»។ «យើងនឹងបង្កើតទំនាក់ទំនងមិត្តភាព ទំនុកចិត្ត អន្តរប្រតិបត្តិការ និងទំនុកចិត្តកាន់តែច្រើនឡើងរវាងកងកម្លាំងរបស់យើង និងប្រជាជាតិរបស់យើង»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button