សមយុទ្ធ Orient Shield រៀបចំកងទ័ពជប៉ុន និងអាមេរិកសម្រាប់សង្គ្រាមពហុដែន

បុគ្គលិករបស់ទស្សនាវដ្តី FORUM
ទាហានជប៉ុន និងទាហានអាមេរិកប្រហែល 3 500 នាក់បានហ្វឹកហាត់ជាមួយគ្នារយៈពេល 10 ថ្ងៃក្នុងខែកញ្ញា ឆ្នាំ 2023 អំឡុងពេលធ្វើសមយុទ្ធ Orient Shield ក្នុងប្រទេសជប៉ុន ដើម្បីជំរុញប្រតិបត្តិការពហុដែន ដោយធ្វើឱ្យប្រសើរឡើងនូវការស៊ើបការណ៍រួម ព័ត៌មាន អ៊ីនធឺណិត សង្គ្រាមអេឡិចត្រូនិក និងសមត្ថភាពអវកាស។
មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោកនាយឧត្តមសេនីយ៍ Charles A. Flynn បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯតំបន់ហ្វឹកហ្វឺន Yausubetsu ថា៖ «សមយុទ្ធទាំងនេះ និងការហ្វឹកហាត់ និងការហាត់សមទាំងនេះមានសារៈសំខាន់ណាស់នៅក្នុងការពង្រឹងសម្ព័ន្ធភាពរបស់យើង»។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បានថ្លែងថា សមយុទ្ធទ្វេភាគីគឺ «មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការពង្រឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Jiji។
យោងតាមក្រសួងការពារជាតិ (DOD) អាមេរិកបានឱ្យដឹងថា កងកម្លាំងស្វ័យការពារដែនគោករបស់ជប៉ុន (JGSDF) ចំនួនប្រហែលជា 2 300 នាក់ និងបុគ្គលិកកងទ័ពអាមេរិកចំនួន 1 200 នាក់បានចូលរួមនៅទីតាំងនានាទូទាំងប្រទេសជប៉ុន រួមទាំងនៅលើកោះ Hokkaido ដែលជាកោះភាគខាងជើងបំផុត ដើម្បីបង្កើនអន្តរប្រតិបត្តិការ និងដើម្បីសាកល្បង និងកែលម្អប្រតិបត្តិការពហុដែន និងឆ្លងកាត់ដែន។ សមយុទ្ធ Orient Shield គឺស្ថិតក្នុងចំណោមការហ្វឹកហ្វឺនទ្វេភាគីប្រចាំឆ្នាំដ៏ធំជាងគេបំផុត ដែលធ្វើឡើងនៅក្នុងប្រទេសជប៉ុនដោយកងកម្លាំងទាំងពីរ។
សមយុទ្ធហ្វឹកហ្វឺនលើទីលាន រួមមានកងទ័ពថ្មើរជើង កងអាកាសចរណ៍ និងសមយុទ្ធបាញ់គ្រាប់ពិតនៃប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ (HIMARS) ក៏ដូចជាចលនាភស្តុភារតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រផងដែរ។
អ្នកចូលរួម រួមមានកងកម្លាំងកិច្ចការពហុដែនទី 1 របស់កងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលដឹកនាំប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់កងទ័ពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយមានអង្គភាពដែលមានឯកទេសក្នុងដែននីមួយៗដែលស្ថិតនៅក្រោមសមយុទ្ធនេះ។ នៅក្នុងកម្រិតតំបន់ អង្គភាពធ្វើសមកាលកម្មលើផលប៉ះពាល់ភាពជាក់លាក់ និងការបាញ់ ដូចជា HIMARS ឆ្លងកាត់ដែន ដើម្បីប្រឆាំងនឹងបណ្តាញប្រឆាំងការចូល/តំបន់ហាមឃាត់របស់សត្រូវ និងដើម្បីឱ្យកងកម្លាំងរួមធ្វើប្រតិបត្តិការ។
ក្នុងអំឡុងពេលសមយុទ្ធនេះ ទាហានជប៉ុន និងអាមេរិកបានបាញ់មីស៊ីលពីផ្ទៃដីទៅផ្ទៃដីចេញពី HIMARS ដើម្បីបង្ហាញពីសមត្ថភាពពហុមុខងាររបស់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតនេះ។
ទន្ទឹមនឹងនោះដែរ ការហ្វឹកហ្វឺនកងទ័ពថ្មើរជើងរបស់សមយុទ្ធ Orient Shield រួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតផងដែរ។ មេបញ្ជាការកងអង្គភាពនៃកងទ័ពអាមេរិក លោកវរសេនីយ៍ទោ Tom Angstadt បានថ្លែងប្រាប់ Stars and Stripes ថា៖ «ក្នុងអំឡុងពេលនៃកងអនុសេនាតូចទ្វេភាគីធ្វើការបាញ់គ្រាប់ពិត ខាងជប៉ុនបានបាញ់កាំភ្លើងធំ 155 mm ហើយយើងបាញ់កាំភ្លើងត្បាល់ 120 mm និង 60 mm»។
សមយុទ្ធ Orient Shield ដែលបានចាប់ផ្តើមនៅឆ្នាំ 1982 ហើយបានពង្រឹងភាពជាដៃគូយូរអង្វែង និងអន្តរប្រតិបត្តិការរវាង JGSDF និងកងទ័ពអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក ហើយបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់សម្ព័ន្ធមិត្តទាំងពីរក្នុងការរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
ក្រសួងការពារជាតិ (DOD) បានលើកឡើងថា ការហ្វឹកហ្វឺន និងការត្រៀមខ្លួនគឺជារឿងចាំបាច់ក្នុងការបង្កើតសកម្មភាពរារាំងជារួមនៅក្នុងមជ្ឃដ្ឋានសន្តិសុខក្នុងតំបន់ដែលកាន់តែស្មុគស្មាញ។
Jiji បានរាយការណ៍ថា នៅពាក់កណ្តាលខែតុលា ឆ្នាំ 2023 បុគ្គលិក JGSDF និងកងទ័ពម៉ារីនអាមេរិកចំនួនប្រហែល 6 400 នាក់នឹងចូលរួមក្នុងអ្វីដែលត្រូវបានគេរំពឹងទុកថាជាសមយុទ្ធ Resolute Dragon ដ៏ធំបំផុតដែលមិនធ្លាប់មាន ដែលនឹងផ្តោតលើការការពារកោះ និងការជម្លៀសផ្នែកវេជ្ជសាស្រ្ត។ ការធ្វើសមយុទ្ធពីមុន មានបុគ្គលិកប្រមាណជា 3 500 នាក់។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។