តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់អូសេអានីវិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

លទ្ធកម្មការពារជាតិកើនឡើង ខណៈពេលដែលភាពតានតឹងក៏កើនឡើងផងដែរ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការគំរាមកំហែងក្នុងតំបន់ និងផលវិបាកនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានបណ្ដាលឱ្យរដ្ឋឥណ្ឌូប៉ាស៊ីហ្វិកមួយចំនួនបង្កើនសមត្ថភាពការពារជាតិរបស់ពួកគេយ៉ាងខ្លាំងក្លា។ អូស្ត្រាលី ជប៉ុន និងសិង្ហបុរី ស្ថិតក្នុងចំណោមប្រទេសដែលបង្កើនវិធានការសន្តិសុខ ដើម្បីលើកទឹកចិត្តដល់ការទូត រារាំងគម្រោង និងត្រៀមខ្លួនសម្រាប់ជម្លោះដែលអាចកើតមាននៅក្នុងបរិយាកាសតានតឹងកាន់តែខ្លាំងឡើងនោះ។

សកម្មភាពបង្កហេតុដោយកូរ៉េខាងជើង សាធារណរដ្ឋប្រជាមានិតចិន (PRC) និងរុស្ស៊ីគឺជាកត្តាជំរុញឱ្យមានការបង្កើតវិធានការទាំងនោះ។ ការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ 2022 កន្លងមកនេះបានធ្វើឱ្យមានការព្រួយបារម្ភនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយផ្តល់ជាហេតុផលបន្ថែមដល់ប្រជាជាតិនានាឱ្យបង្កើនការសង្កត់ធ្ងន់លើវិស័យការពារជាតិ នេះបើតាមអត្ថបទរបស់លោកបណ្ឌិត Tim Huxley ទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានសរសេរនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ 2023 នេះ។ លោក Huxley បានកំណត់អត្តសញ្ញាណកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត និងឧបទ្វីបកូរ៉េថាជាចំណុចផ្ទុះនូវជម្លោះ។

អ្នក​សង្កេត​ការណ៍​បានលើកឡើង​ថា បើ​រុស្ស៊ី​អាច​បើក​ការ​វាយ​ប្រហារ​ដោយ​មិន​ញញើត​ទៅលើ​អ៊ុយក្រែន ចុះថាតើ​អ្វី​នឹង​បញ្ឈប់​បក្ស​កុម្មុយនិស្ត​ចិន (CCP) មិនឱ្យឈ្លានពាន​កោះ​តៃវ៉ាន់ ដែល​ជា​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង ដែល CCP អះអាង​ថា​ជា​ទឹកដី​ របស់​ខ្លួននោះ? ទន្ទឹមនឹងនោះ ការសាកល្បងមីស៊ីលដែលមិនធ្លាប់មានពីមុនមករបស់កូរ៉េខាងជើង និងការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ បានធ្វើឱ្យតំបន់នេះឈានទៅដល់ភាពដ៏តានតឹង។

លោក Noriyuki Shikata លេខាធិការខុទ្ទកាល័យរបស់ប្រទេសជប៉ុនទទួលបន្ទុកកិច្ចការសាធារណៈបានថ្លែងអំពី «បញ្ហាប្រឈមសន្តិសុខកាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញនៅក្នុងតំបន់» នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត The Washington Post កាលពីខែកុម្ភៈ ឆ្នាំ 2023។ លោក​បាន​បន្ត​ថា​៖ «​ដោយ​មើលឃើញពី​ទិដ្ឋភាព​សន្តិសុខ​នៅ​អាស៊ីបែបនេះហើយ យើង​ត្រូវ​មាន​កាតព្វកិច្ច​ឆ្លើយតប​ដោយ​ការ​កសាង​ប្រព័ន្ធ​ការពារ​របស់​យើង​»​។ «ដូច្នេះហើយ យើង​ត្រូវ​ពង្រឹង​សមត្ថភាព​ទប់​ស្កាត់​របស់​យើង»។

កងពលតូចវាយប្រហារឡើងឆ្នេរនៃកងកម្លាំងស្វ័យការពាររបស់ជប៉ុនធ្វើប្រតិបត្តិការវាយប្រហារឡើងឆ្នេរ អំឡុងពេលសមយុទ្ធទ្វេភាគី Keen Sword ជាមួយសហរដ្ឋអាមេរិកនៅកោះ Tokunoshima ប្រទេសជប៉ុន ក្នុងខែវិច្ឆិកា ឆ្នាំ 2022។ ប្រភពរូបភាព៖ សារព័ត៌មាន REUTERS

ប្រទេសជប៉ុនបានពង្រឹងជំហរសន្តិសុខរបស់ខ្លួនដោយធ្វើបច្ចុប្បន្នភាពឯកសារសំខាន់ៗចំនួនបីក្នុងខែធ្នូ ឆ្នាំ 2022។ យុទ្ធសាស្ត្រសន្តិសុខជាតិដែលបានកែសម្រួលកំណត់ថា PRC គឺជាបញ្ហាប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ប្រទេសជប៉ុន ហើយប្រកាសថាកូរ៉េខាងជើងបង្ក «ការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ និងកាន់តែកៀកជិតមកដល់ចំពោះសន្តិសុខជាតិរបស់ប្រទេសជប៉ុនជាងពេលណាៗទាំងអស់»។ លោក John West នាយកប្រតិបត្តិនៃស្ថាប័នស្រាវជ្រាវប្រចាំនៅវិទ្យាស្ថាន Asian Century Institute បានសរសេរនៅក្នុងសេចក្ដីរាយការណ៍របស់សារព័ត៌មាន Brink News កាលពីខែមីនា ឆ្នាំ 2023 ថា លោកនាយករដ្ឋមន្ត្រី Fumio Kishida បានអំពាវនាវឱ្យបង្កើនការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុនរហូតដល់ 315 ពាន់លានដុល្លារក្នុងរយៈពេលប្រាំឆ្នាំ ដែលជាការកើនឡើងដែលនឹងផ្លាស់ប្តូរប្រទេសនេះពីលេខរៀងទីប្រាំបួន ទៅលេខរៀងទីបី នៅទូទាំងពិភពលោកក្នុងការចំណាយផ្នែកសន្តិសុខ។ ប្រទេសជប៉ុនបានសន្យាថានឹងអភិវឌ្ឍសមត្ថភាពប្រឆាំងការវាយប្រហារដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជាវិធានការដែលមេដឹកនាំរបស់ខ្លួនរក្សាភាពស្របគ្នាជាមួយនឹងជំហរផ្ដោតលើការការពារជាតិចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

ជប៉ុន​ក៏​បាន​ថ្កោលទោស​ជាថ្មី​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែនផងដែរ។ លោក Kishida បានព្រមាននៅឯកិច្ចសន្ទនា IISS Shangri-La នៅប្រទេសសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ 2022 ថា៖ «ថ្ងៃនេះអ៊ុយក្រែន ថ្ងៃស្អែកអាចជាអាស៊ីបូព៌ា»។

ដោយលើកឡើងពីការវាយប្រហារតាមអ៊ីនធឺណិតរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន សិង្ហបុរីបានបន្ថែមសាខាកងកម្លាំងប្រដាប់អាវុធដែលប្ដេជ្ញាផ្តោតលើសន្តិសុខឌីជីថល។ ទស្សនាវដ្តី Defence News បានរាយការណ៍នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 ថា កងកម្លាំងផ្នែកឌីជីថល និងស៊ើបការណ៍ – ដែលចូលរួមជាមួយកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាស – នឹងប្រើប្រាស់កុំព្យូទ័រក្លោដ វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត។

នេះគឺជាការបន្ថែមដ៏សំខាន់មួយចំពោះរចនាសម្ព័ន្ធសន្តិសុខក្នុងប្រទេសសិង្ហបុរី ដែលបានចាប់ផ្តើមបង្កើតកងកម្លាំងការពារនៅពេលដែលខ្លួនទទួលបានឯករាជ្យនៅឆ្នាំ 1965។ សាខាថ្មីគឺជាការឆ្លើយតបរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរីចំពោះការគំរាមកំហែងតាមអ៊ីនធឺណិតនៅក្នុងមជ្ឈដ្ឋានសន្តិសុខដែលកាន់តែស្មុគស្មាញ នេះបើយោងតាមទស្សនាវដ្តី The National Interest បានរាយការណ៍ក្នុងខែតុលា ឆ្នាំ 2023។

ទន្ទឹមនឹងនេះ ប្រទេសអូស្ត្រាលីកំពុងអនុវត្តអនុសាសន៍នៃការពិនិត្យឡើងវិញរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅដើមឆ្នាំ 2023 ដែលបានសន្និដ្ឋានថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ «លែងស័ក្តិសមសម្រាប់គោលបំណងទៀតហើយ»។ ឯកសារត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តការពារជាតិបានកត់សម្គាល់ពីការវិវត្ត និងមជ្ឈដ្ឋានសន្តិសុខ «ខុសគ្នាខ្លាំង»។ យុទ្ធសាស្រ្តនេះបានអំពាវនាវឱ្យមានការពង្រឹងសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អូស្ត្រាលី និងការផ្លាស់ប្តូរមូលដ្ឋានយោធាទៅកាន់ទីតាំងភាគខាងជើង ដែលពួកគេនឹងមានទីតាំងប្រសើរជាងមុន ដើម្បីប្រឈមមុខនឹងការគំរាមកំហែងដែលអាចកើតមាន។

ឯកសារត្រួតពិនិត្យឡើងវិញនេះបានលើកឡើងពីការកសាងយោធារបស់ CCP ថាជា «មហិច្ឆតាធំបំផុត និងខ្ពស់បំផុតជាងប្រទេសណាណាទាំងអស់» ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី 2 ដែលជាកម្លាំងរុញច្រានសម្រាប់ការផ្លាស់ប្តូរនេះ។ ឯកសារត្រួតពិនិត្យឡើងវិញនេះបានកត់សម្គាល់ថា ការពង្រីកនេះគឺ «កំពុងកើតឡើងដោយមិនមានតម្លាភាព ឬការធានាឡើងវិញចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៃបំណងយុទ្ធសាស្ត្ររបស់ប្រទេសចិន»។

ទន្ទឹមនឹងការពង្រឹងការការពាររបស់ខ្លួន សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់កំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ កិច្ចសហប្រតិបត្តិការនោះ​រួម​បញ្ចូល​ទាំង​ការ​បដិសេធ​ចំពោះរុស្ស៊ី​ក្នុង​នាម​ជា​អ្នក​ផ្គត់​ផ្គង់​សព្វាវុធ​ដែលជាប្រយោជន៍ដល់ប្រទេស​ជា​ដៃគូ។ សារព័ត៌មាន The Economist បានរាយការណ៍កាលពីខែមីនា ឆ្នាំ 2023 ថា សម្រាប់ហេតុផលជាច្រើន – ហានិភ័យចំពោះកេរ្តិ៍ឈ្មោះរបស់អ្នកទិញ ប្រសិទ្ធភាពប្រយុទ្ធខ្សោយរបស់សព្វាវុធនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មដែលរារាំងលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់រុស្ស៊ី – រុស្ស៊ីលែងជាអ្នកផ្គត់ផ្គង់ឈានមុខគេក្នុងតំបន់ទៀតហើយ។ ប្រទេសកូរ៉េខាងត្បូង​បាន​ទទួល​តួនាទី​នោះ​នៅ​តំបន់អាស៊ីអាគ្នេយ៍។

បណ្ដាប្រទេស​នៅ​អឺរ៉ុប​ក៏​កំពុង​ផ្តោត​លើ​សមត្ថភាព​ការពារ​ផងដែរ។ មជ្ឈមណ្ឌលសម្រាប់ស្ថាប័នស្រាវជ្រាវការវិភាគគោលនយោបាយអឺរ៉ុបបានរាយការណ៍នៅក្នុងខែកញ្ញា ឆ្នាំ 2023 ថា ដោយមានការ​ជំរុញ​យ៉ាង​ខ្លាំង​ពី​សង្គ្រាម​រុស្ស៊ី និងអ៊ុយក្រែន បារាំង អាល្លឺម៉ង់ ប៉ូឡូញ ចក្រភព​អង់គ្លេស និង​ប្រទេស​ផ្សេង​ទៀត​កំពុង​បង្កើន​កម្លាំង​យោធាផងដែរ។ ជាឧទាហរណ៍ ប្រទេសប៉ូឡូញបានចំណាយ 2,4% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិក្នុងឆ្នាំ 2022។ នៅឆ្នាំ 2023 ប្រទេសនេះរំពឹងថានឹងចំណាយ 4% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button