របបយោធាភូមាបានចាប់ខ្លួនប្រជាជនជាង 1 300 នាក់ ដោយសារតែការរិះគន់តាមប្រព័ន្ធអនឡាញ

វិទ្យុអាស៊ីសេរី
អង្គការឯករាជ្យមួយបានរាយការណ៍ថា របបយោធាភូមាបានចាប់ខ្លួនប្រជាជនជាង 1 300 នាក់កាលពី 20 ខែកន្លងមកនេះ ដោយសារការរិះគន់តាមប្រព័ន្ធអនឡាញ ដែលលើកឡើងអំពីការមិនអត់ឱនរបស់មេដឹកនាំយោធាចំពោះការមិនយល់ស្រប និងសេរីភាពនៃការបញ្ចេញមតិ។
អ្នកស្រុកបានលើកឡើងថា ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះត្រូវបានកំណត់គោលដៅដំបូងដោយអ្នកគាំទ្ររបបយោធាដែលបង្ហាញព័ត៌មានឯកជនអំពីអ្នករិះគន់នៅលើបណ្ដាញអ៊ីនធឺណិត ដោយបង្កភាពងាយស្រួលក្នុងការកំណត់អត្តសញ្ញាណពួកគេ។
ទិន្នន័យពីប្រទេសភូមាបានរាយការណ៍ឱ្យដឹងថា របបយោធាបានឃុំខ្លួនមនុស្សជាមធ្យមចំនួន 65 នាក់ ជារៀងរាល់ខែ ជនជាប់ឃុំឃាំងភាគច្រើនគឺជាអ្នកប្រើប្រាស់បណ្ដាញ Facebook។ ក្រុមនេះបានបន្តទៀតថា៖ «គិតត្រឹមខែកញ្ញា ឆ្នាំ 2023 ប្រជាជនសរុបចំនួន 1 316 នាក់ ត្រូវបានឃុំខ្លួនពីបទរិះគន់របបយោធា និងគាំទ្រកងកម្លាំងប្រឆាំងនៅលើវេទិការប្រព័ន្ធផ្សព្វផ្សាយសង្គម»។
រឿងនេះគឺមានឥទ្ធិពលដ៏អាក្រក់។ អ្នកស្រុកនៅទីក្រុងយ៉ាំងហ្គួន ដែលសុំមិនបញ្ចេញឈ្មោះដោយហេតុផលសន្តិសុខ បាននិយាយទៀតថា លោកស្រីនឹងមិនហ៊ានបញ្ចេញមតិរបស់លោកស្រីលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ ព្រោះមានការចាប់ខ្លួនជារៀងរាល់ថ្ងៃ។
លោកស្រីបានបន្តលើកឡើងទៀតថា៖ «ភាគច្រើននៃអ្នកទាំងនោះត្រូវបានចាប់ខ្លួនដោយសារតែការសរសេរ ឬចែករំលែកសារបង្ហោះ ឬក៏ការបញ្ចេញមិតយោបល់។ លោកស្រីបានថ្លែងទៀតថា៖ « ប្រសិនបើមានព័ត៌មាននៅលើអ៊ីនធឺណិត ខ្ញុំគ្រាន់តែមើលវាប៉ុណ្ណោះ។ ទោះបីជាខ្ញុំមានមតិយោបល់ផ្ទាល់ខ្លួនក៏ដោយ ក៏ខ្ញុំមិនហ៊ានបញ្ចេញមតិយោបល់ដែរ។ ខ្ញុំមិនហ៊ានចែករំលែក [អ្វីសោះឡើយ]។ យើងត្រូវតែអត់ទ្រាំសង្កត់អារម្មណ៍របស់យើង។
លោកស្រីបានបន្តទៀតថា៖ «វាគ្មានសេរីភាពទាល់តែសោះ»។
យោងតាមទិន្នន័យពីភូមាបានរកឃើញពីការកើនឡើងនៃការចាប់ខ្លួនដោយសារការរិះគន់តាមប្រព័ន្ធអនឡាញក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីពិធីរំឮកខួបលើកទីមួយនៃការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំ 2021 របស់របបយោធាក្នុងការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលបានជាប់ឆ្នោត។ បន្ទាប់ពីការចាប់ខ្លួនធ្លាក់ចុះនៅដើមឆ្នាំ 2023 ការចាប់ខ្លួនបានកើនឡើងម្តងទៀតនៅឯពិធីរំឮកខួបលើកទីពីរ។ ការចាប់ខ្លួនបានកើនឡើងដោយសារតែយុទ្ធនាការពីអ្នកគាំទ្ររបបយោធា នេះបើយោងតាមអ្នកបច្ចេកទេសខាងបច្ចេកវិទ្យាព័ត៌មាន ដែលសុំមិនបញ្ចេញឈ្មោះដោយហេតុផលសុវត្ថិភាព។
លោកបានលើកឡើងថា៖ «យើងអាចនិយាយបានថា ហេតុផលជាចម្បងដែលធ្វើឱ្យរឿងនេះកើតឡើង គឺដោយសារមានអ្នករាយការណ៍»។ របបយោធា «មិនមានការគ្រប់គ្រងលើបណ្តាញ Facebook ហើយពួកគេមិនអាចតាមដានប្រជាជន និងសារបង្ហោះរបស់ពួកគេឡើយ។ ប្រជាជនដែលធ្វើការឃ្លាំមើលតាមប្រព័ន្ធឌីជីថលបានផ្តល់ព័ត៌មានជាប់ជាហូរហែ»។
កាណាល់ដែលគាំទ្ររបបយោធានៅលើបណ្តាញសង្គម Telegram ជារឿយៗបានបង្ហាញមុខអ្នករិះគន់តាមរយៈការបង្ហោះរូបថត និងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកបច្ចេកទេសដដែលនោះបានបន្តទៀតថា ជនរងគ្រោះរួមទាំងប្រជាជនដែលបានលើកទឹកចិត្តឱ្យមានការបួងសួងដល់មេដឹកនាំ លោកស្រី Aung San Suu Kyi ដែលត្រូវបានបណ្តេញចេញពីតំណែង និងដាក់ពន្ធនាគារនៅថ្ងៃខួបកំណើតរបស់លោកស្រី ហើយអ្នកដែលបានចូលរួមរំលែកទុក្ខក្រោយពីការវាយប្រហារតាមអាកាសដែលបណ្តាលឱ្យស្លាប់មនុស្សទៅតាមភូមិនានា។
អ្នកនាំពាក្យរបស់របបយោធាបានព្រមានកាលពីលើកមុនថា នរណាក៏ដោយដែលគាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) — មានទាំងអតីតមេដឹកនាំជនស៊ីវិល និងក្រុមប្រឆាំងនឹងរបបយោធា — នឹងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ ដោយសារតែការបំពានច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម។
លោក Kyaw Zaw អ្នកនាំពាក្យការិយាល័យប្រធានាធិបតីរបស់ NUG បានថ្លែងថា ការចាប់ខ្លួនប្រជាជនដោយសារតែការបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយគឺជាការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន។
លោក Kyaw Zaw បានបន្តទៀតថា៖ «វាជារឿងគួរឱ្យអស់សំណើចណាស់ ដែលពួកគេ [របបយោធា] បានលើកឡើងថា ពួកគេចាត់វិធានការក្រោមច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម ពីព្រោះប្រជាជនទាំងនោះបានញុះញង់ឱ្យមានសកម្មភាពភេវរកម្ម ប៉ុន្តែពួកគេជាអ្នកប្រព្រឹត្តភេរវកម្មទៅវិញ»។ «អ្នកដែលសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយកំពុងផ្សាយការពិត និងការតវ៉ានឹងអំពើហិង្សារបស់របបយោធា»។
ភូមាគឺជាប្រទេសរំលោភបំពានសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតដ៏អាក្រក់បំផុតទីពីរនៅលើពិភពលោក បន្ទាប់ពី PRC នេះបើយោងតាមរបាយការណ៍ស្តីពីសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតក្នុងឆ្នាំ 2023 ពីអង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។