តំបន់អាស៊ីអគ្នេយ៍ / SEAវិវាទ/ភាពតានតឹង

របបយោធានៃប្រទេសភូមា នៅតែបន្តវាយប្រហារលើជនស៊ីវិល ជាមួយនឹងការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងដែលអាចបណ្តាលឱ្យមានការស្លាប់

វិទ្យុអាស៊ីសេរី

ចំនួនមនុស្ស​ស្លាប់ និង​របួសនៅតែបន្តកើនឡើងនៅក្នុងប្រទេសភូមា ខណៈដែល​កងកម្លាំងរបស់របបយោធា​កំពុងបង្កើនការប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាស និងការវាយប្រហារដោយកាំភ្លើងធំទៅលើគោលដៅដែលជាជនស៊ីវិល។

អាជ្ញាធរ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ 4 131 ​នាក់ ចាប់​តាំង​ពី​របបយោធានេះ​បាន​ប្លន់អំណាច​ក្នុង​រដ្ឋប្រហារ​ កាលពីថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 និងចាប់ផ្ដើមធ្វើការវាយប្រហារនៅទូទាំងប្រទេសដើម្បីលុបបំបាត់សំឡេងប្រឆាំង។ ទិន្នន័យបង្ហាញថា ប្រជាជនស៊ីវិលចំនួន 44 នាក់ត្រូវបានស្លាប់ និងចំនួន 142 នាក់បានរងរបួសនៅក្នុងការវាយប្រហារនៅត្រឹមខែកញ្ញា ឆ្នាំ 2023 តែប៉ុណ្ណោះ។

នៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2023 សាច់ញាតិចំនួនបួននាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើងធំធ្លាក់មកលើផ្ទះរបស់ពួកគេនៅក្នុងទីក្រុង Kale នៃតំបន់ Sagaing។

ប្រជាពលរដ្ឋម្នាក់នៅតំបន់នោះ​​ដែលមិន​ចង់​បញ្ចេញ​ឈ្មោះ ព្រោះ​គេភ័យខ្លាចនឹងការ​សងសឹកបានលើកឡើងថា៖ «គ្រាប់កាំភ្លើងធំធ្លាក់មកលើផ្ទះរបស់ពួកគេ ហើយពួកគេក៏ស្លាប់ភ្លាមៗតែម្ដង»។

ប្រជាពលរដ្ឋបានលើកឡើងថា ភូមិនានាជាញឹកញយត្រូវបានក្លាយជាគោលដៅសម្រាប់វាយប្រហារ បន្ទាប់ពីកងទ័ពរបស់របបយោធាបានរងរបួស និងស្លាប់នៅក្នុងការប៉ះទង្គិច​នឹងកងកម្លាំងការពារប្រជាជននៅក្នុងតំបន់ Sagaing។ ប្រជាពលរដ្ឋនៅតំបន់នោះបាននិយាយថា បន្ទាប់ពីមានការប៉ះទង្គិច​គ្នារវាងកងកម្លាំងទាំងពីរនៅក្នុងទីក្រុង Pale នៃតំបន់ Sagaing កាលពីចុងខែកញ្ញា របបយោធានេះបានបាញ់ទៅលើសង្កាត់ Htan Ta Pin ហើយបានបណ្ដាលឱ្យស្ត្រីវ័យ 64 ឆ្នាំម្នាក់បានស្លាប់ និងបានបំផ្លាញផ្ទះសម្បែងជាច្រើនផងដែរ។

ប្រជាពលរដ្ឋម្នាក់នៅតំបន់នោះដែលមិនបញ្ចេញឈ្មោះបានលើកឡើងថា៖ «ក្រុមយោធា​បាន​បាញ់​យ៉ាង​ហោច​ណាស់​ 10 ​គ្រាប់ ហើយ​គ្រាប់​កាំភ្លើងធំប្រហែលជាប្រាំ​ទៅ​ប្រាំមួយគ្រាប់ដែល​បាន​ធ្លាក់​មក​លើ​សង្កាត់ Htan Ta Pin និងគ្រាប់កាំភ្លើងធំ​ផ្សេង​ទៀតបាន​ធ្លាក់​លើ​សង្កាត់ក្បែរនោះ»​។

ការវាយប្រហារនេះគឺគ្មានការរើសមុខទេ។ សិស្សចំនួនដប់ប្រាំបីនាក់បានរងរបួសកាលពីចុងខែកញ្ញា ឆ្នាំ 2023 នៅក្រុង Wuntho នៃតំបន់ Sagaing នៅពេលដែលគ្រាប់កាំភ្លើងធំបានផ្ទុះនៅក្បែរសាលារៀនមួយនៅពេលថ្ងៃត្រង់។ ប្រជាពលរដ្ឋម្នាក់នៅតំបន់នោះបានលើកឡើងថា កុមារជាច្រើននាក់មានរបួសពីការប៉ះទង្គិចធ្ងន់ធ្ងរ ប៉ុន្តែសិស្សភាគច្រើនបានជាសះស្បើយដោយមានការព្យាបាលពីអង្គការ People’s Administrative Organization ដែលបានមកបើកសាលារៀនមួយនេះ។ កុមារច្រើនជាង 100 នាក់ដែលមានអាយុចាប់ពី 4 ទៅដល់ 12 ឆ្នាំបានចូលរៀនសាសានៅក្នុងទីធ្លាវត្តនៅក្នុងភូមិ។

Sagaing គឺជាតំបន់ ឬរដ្ឋដែលរងគ្រោះខ្លាំងបំផុតរបស់ប្រទេសភូមានៅក្នុងខែកញ្ញា ឆ្នាំ 2023 នេះដោយមនុស្សចំនួន 20 នាក់បានស្លាប់ និង 38 នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារពីផ្លូវអាកាស និងការបាញ់កាំភ្លើងធំ។

តំបន់ Bago ជា​តំបន់​រង​ការ​វាយ​ប្រហារ​ខ្លាំង​​ទី​ពីរ ដោយ​មានប្រជាជន​ស៊ីវិល​ចំនួនបួន​នាក់​បាន​ស្លាប់ និង 26 នាក់​រង​របួស។ តំបន់​នេះ​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​កងទ័ពរបស់​របប​យោធា ​និង​កងកម្លាំងរបស់​​សហភាព​ជាតិ​ Karen ដែល​ជា​ក្រុម​ជនជាតិ​ដ៏​មាន​ឥទ្ធិពលមួយ។

ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ 2023 មក មានប្រជាជនស៊ីវិលចំនួន 816 នាក់បានស្លាប់នៅក្នុងការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាស ហើយមនុស្សចំនួន 1 628 នាក់បានរងរបួស។

អ្នកវិភាគនយោបាយ លោក Than Soe Naing បានពន្យល់ថា កងកម្លាំងរបស់របបយោធានេះពឹងផ្អែកលើការវាយប្រហារតាមអាកាស និងការបាញ់កំភ្លើងធំនៅតំបន់ដែលកងទ័ពជើងគោកមានជោគជ័យតិចតួច។

លោក​បានពន្យល់បន្ថែម​ថា​៖ «​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​បាន​បណ្តាល​ឱ្យមាន​អ្នក​ស្លាប់​ និង​របួស​យ៉ាង​ច្រើន​នៅ​ទូទាំង​ប្រទេស»។ «របបយោធានេះបានបង្កើនសកម្មភាពភេរវកម្មរបស់ខ្លួនដោយធ្វើការវាយប្រហារដោយគ្មានការរើសអើងទាំងនេះ»។

ថ្នាក់ដឹងនាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានជួបប្រជុំនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ក្នុងខែកញ្ញា ឆ្នាំ 2023 ដើម្បីពិភាក្សាអំពីផែនការសន្តិភាពសម្រាប់ប្រទេសភូមាដែលកំពុងជាប់គាំងនេះ។ ពួកគេ​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​បរាជ័យ​របស់​របប​យោធា​នេះក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Zambry Abdul Kadir បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនេះថា៖ «ម៉ាឡេស៊ី និងប្រទេសជាសមាជិកផ្សេងទៀតបានបង្ហាញគោលជំហររបស់ពួកគេថា យើងមិនអាចអនុញ្ញាតឱ្យរឿងនេះបន្តដោយគ្មានវិធានការរឹងមាំ និងមានប្រសិទ្ធភាពទៅលើរបបយោធានោះទេ» នេះយោងតាមសារព័ត៌មាន Reuters​។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button