តំបន់អាស៊ីអគ្នេយ៍ / SEAភាពជាដៃគូអាស៊ីឥសាន / NEA

«ភាពជាដៃគូយូរអង្វែង» ចាប់ផ្តើមនៅប្រទេសថៃ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

កងកម្លាំងទ័ពអាកាសថៃ (RTAF) និងបុគ្គលិកឆ្មាំជាតិអាកាសរបស់សហរដ្ឋអាមេរិកបានជួបប្រជុំគ្នាសម្រាប់ការចូលរួមជាដៃគូយូរអង្វែងនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ 2023 នៅមូលដ្ឋាន Korat RTAF នៅ​ភាគក​ណ្តា​លប្រទេសថៃ។ ដោយមូលដ្ឋាននេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនការត្រៀមកម្លាំងរួម ដូច្នេះហើយសមយុទ្ធនេះគឺជាការបង្ហាញពីទំនាក់ទំនងយូរអង្វែងរវាងយោធាថៃ និងសហរដ្ឋអាមេរិក។

សមយុទ្ធរយៈពេល 10 ថ្ងៃគឺជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូរបស់រដ្ឋ ដែលអង្គភាពឆ្មាំជាតិមកពីរដ្ឋ និងតំបន់ចំនួន 54 របស់សហរដ្ឋអាមេរិក ចាប់ដៃគូជាមួយយោធាមកពីប្រទេសចំនួន 100 ដើម្បីកសាងទំនុកចិត្ត ភាពជឿជាក់ និងសមត្ថភាព។ កម្មវិធីនេះកំពុងប្រារព្ធខួបលើកទី 30 របស់ខ្លួននៅឆ្នាំ 2023។

អាកាសយានិកនៃកងទ័ពអាកាសអាមេរិកជិត 230 នាក់ មកពីកងយន្តហោះចម្បាំងទី 142 នៅមូលដ្ឋានទ័ពអាកាស Portland នៃរដ្ឋ Oregon និងកងឯកភាពទ័ពអាកាសទី 141 នៃក្រុមចាក់ប្រេងយន្តហោះ នៅមូលដ្ឋានទ័ពអាកាស Fairchild របស់ Washington បានដាក់ពង្រាយទៅកាន់ប្រទេសថៃជាមួយនឹងយន្តហោះចម្បាំងប្រភេទ F-15 Eagle ចំនួនប្រាំបីគ្រឿង និងយន្តហោះប្រភេទ KC-135 Stratotankers ចំនួនពីរគ្រឿង។ RTAF បានហោះឡើងជាមួយយន្តហោះចម្បាំងប្រភេទ F-16, F-5 និង JAS-39។

សមយុទ្ធរួមមានការចាក់ប្រេងពីអាកាសទៅអាកាស ការស្ទាក់ចាប់ដោយការគ្រប់គ្រងលើដី និងយុទ្ធសាស្ត្រចម្បាំង ដើម្បីពង្រឹងការត្រៀមខ្លួនប្រយុទ្ធ និងអន្តរប្រតិបត្តិការរួមគ្នា។ លោក Robert Frank Godec ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ បានធ្វើដំណើរតាមយន្តហោះ KC-135 ដើម្បីសង្កេតមើលការចាក់ប្រេងបន្ថែមពីលើអាកាស។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក Robert Frank Godec នៅខាងឆ្វេង ជិះក្នុងកៅអីអ្នកសង្កេតការណ៍នៃយន្តហោះរបស់កងទ័ពអាកាសអាមេរិកប្រភេទ KC-135 Stratotanker អំឡុងពេលចាក់ប្រេងពីលើអាកាសដែលជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូយូរអង្វែងឆ្នាំ 2023។ ប្រភពរូបភាព៖ ពលបាលបច្ចេកទេស លោក MICHAEL Brown/ឆ្មាំជាតិអាកាសវ៉ាស៊ីនតោន

ប្រធានផ្នែកសមយុទ្ធនៃ RTAF Group លោកអនុសេនីយ៍ឯក Nat Kamintra និងកងទ័ពអាកាសអាមេរិក លោកឧត្តមសេនីយ៍ត្រី Gent Welsh ដែលជាមេបញ្ជាការ​ឆ្មាំ​ជាតិ​អាកាស​វ៉ាស៊ីនតោន​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​កាលពី​ថ្ងៃ​ទី 11 ខែ​កញ្ញា។ លោក Welsh បានលើកឡើងថា៖ «ក្តីសង្ឃឹមរបស់ខ្ញុំគឺថា យើងបន្តអភិវឌ្ឍជំនាន់នៃអាកាសយានិកទាំងនៅក្នុងរដ្ឋ វ៉ាស៊ីនតោន និងប្រទេសថៃ តាមរយៈសមយុទ្ធនានា និងការចូលរួមពីនេះ និងពីនោះ ហើយថាយើងធ្វើការ និងដើរទៅមុខជាមួយគ្នាបានយ៉ាងយូរអង្វែង ដោយសហការគ្នាលើវិស័យដែលជាចំណាប់អារម្មណ៍រវាងប្រជាជាតិទាំងពីររបស់យើងអស់រយៈពេលជាច្រើនឆ្នាំទៅមុខ»។

ការផ្សព្វផ្សាយដល់សហគមន៍គឺជាផ្នែកមួយនៃសមយុទ្ធនេះ។ ក្នុងដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សា Nong Phluang Yai ក្នុងទីក្រុង Korat អាកាសយានិកមកពីប្រទេសទាំងពីរបានប្រគល់បាល់ទាត់ បាល់ទះ ប្រដាប់ក្មេងលេង និងសម្ភារសិក្សា លេងល្បែងកម្សាន្តជាមួយសិស្ស និងចែកអាហារថ្ងៃត្រង់។ ក្រុមតន្រ្តីយោធាមួយបានសម្តែង ខណៈដែលកុមារ និងសមាជិកបម្រើការបានសាកល្បងឧបករណ៍កីឡាថ្មីៗ។​ លោក Kamintra បានថ្លែងថា ដំណើរទស្សនកិច្ចនេះគឺមានគោលបំណង «ដើម្បីបង្កើនមុខមាត់ សេចក្ដីជឿជាក់ និងទំនុកចិត្តរបស់សាធារណជននៅក្នុងកងទ័ពអាកាស»។

កងទ័ពអាកាសថៃ លោកអនុសេនីយ៍ឯក Nat Kamintra នៅខាងឆ្វេង និងកងទ័ពអាកាសសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ត្រី Gent Welsh ចែកអាហារថ្ងៃត្រង់នៅសាលាមួយក្នុងទីក្រុង Korat ប្រទេសថៃ។ ប្រភពរូបភាព៖ ពលបាលបច្ចេកទេស លោក MICHAEL Brown/ឆ្មាំជាតិអាកាសវ៉ាស៊ីនតោន

លោក Welsh បានលើកឡើងថា ភាពជាដៃគូបែបនេះមានសារៈសំខាន់ចំពោះកិច្ចការពារជាតិណាស់។ «តាមរយៈ​ការ​ចូលរួម​ជាមួយ​សមភាគី​ភូមិន្ទថៃ​របស់​យើង ទាំង​ផ្នែក ​[កងទ័ព] អាកាស និង​កងទ័ពជើងគោកនេះ យើង​គឺកំពុងតែកសាង​ទំនុកចិត្ត​ដែល​ត្រូវការឱ្យមាន​ក្នុងការធានា​ឱ្យបានថា​ ប្រជាជាតិ​របស់យើង​ទាំងពីរ​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​គំរាមកំហែងនានារួចជាស្រេច»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button