ការរីកសាយអាវុធភាពជាដៃគូសកម្មភាពខុសច្បាប់អាស៊ីឥសាន / NEA

ប្រទេសបារាំងដាក់ពង្រាយយន្តហោះស៊ើបការណ៍ ដើម្បីអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទប់ស្កាត់ទៅនឹងសកម្មភាពខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ប្រទេសបារាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបញ្ហាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការដាក់ពង្រាយសព្វាវុធជារៀងរាល់ឆ្នាំ ដើម្បីរក្សា និងអនុវត្តលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងការរីកសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

នៅខែតុលា ឆ្នាំ 2023 យន្តហោះ Falcon Guardian របស់កងកម្លាំងប្រដាប់អាវុធប៉ូលីណេស៊ីបារាំង ដែលជាយន្តហោះឈ្លបមើលដែនសមុទ្រ ដែលមានមូលដ្ឋាននៅកោះតាហ៊ីទី បានមកដល់ប្រទេសជប៉ុន ដើម្បីគាំទ្រដល់ក្រុមការងារសម្របសម្រួលការអនុវត្តពហុជាតិ (ECC)។ បេសកកម្មរយៈពេលពីរសប្តាហ៍នេះ រួមមានការប្រមូលព័ត៌មានស្តីពីការរំលោភបំពានច្បាប់ដែនសមុទ្រ និងការអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងការបង្កើតមីស៊ីលបាលីស្ទីក និងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

នាវិកកងទ័ពជើងទឹកបារាំងនៅលើយន្តហោះ Falcon Guardian ឃ្លាំមើលដែនទឹកអន្តរជាតិរវាងចិន និងឧបទ្វីបកូរ៉េ នៅចុងឆ្នាំ 2021 សម្រាប់ទំនិញរត់ពន្ធដែលឆ្ពោះទៅកាន់កូរ៉េខាងជើង។ ប្រភពវីដេអូ៖ AFPTV តាមរយៈ GETTY

អង្គការសហប្រជាជាតិបានថ្កោលទោសជាប្រចាំចំពោះអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលបាលីស្ទីករបស់ប្រទេសកូរ៉េខាងជើង ដែលនៅតែបន្តមានសកម្មភាពនៅក្នុងប្រទេសដែលឯកោមួយនេះ បើទោះបីជាពលរដ្ឋរបស់ខ្លួនប្រឈមមុខទៅនឹងការអត់ឃ្លាន កង្វះថ្នាំពេទ្យ និងសេដ្ឋកិច្ចរដ្ឋដែលទទួលការបរាជ័យក៏ដោយ។ ដំណោះស្រាយចំពោះការហាមឃាត់ការនាំចេញធ្យូងថ្ម និងការដាក់កម្រិតលើបរិមាណលើការនាំចូលប្រេងឥន្ធនៈដែលគាំទ្រដល់កម្មវិធីអាវុធខុសច្បាប់របស់របបនេះ។

ទីក្រុងព្យុងយ៉ាងបានព្យាយាមម្តងហើយម្តងទៀត ដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម។ ដោយយោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា របបផ្តាច់ការបានរំលោភលើការដាក់កម្រិតលើបរិមាណប្រេងឥន្ធនៈដោយប្រើទីផ្សារងងឹត និងការផ្ទេរប្រេងពីកប៉ាល់មួយទៅកប៉ាល់មួយដោយសម្ងាត់។

យន្តហោះស៊ើបការណ៍លើដែនសមុទ្រប្រភេទ Falcon Guardian របស់កងកម្លាំងប្រដាប់អាវុធនៃប្រជុំកោះប៉ូលីណេស៊ីរបស់បារាំងបានគាំទ្រដល់បេសកកម្មរបស់ក្រុមសម្របសម្រួលការអនុវត្តពហុជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភលើទណ្ឌកម្មអន្តរជាតិរបស់ប្រទេសកូរ៉េខាងជើង។ 
ប្រភពរូបភាព៖ កងកម្លាំងប្រដាប់អាវុធនៃប្រជុំកោះប៉ូលីណេស៊ីរបស់បារាំង

ក្នុងចំណោមការឆ្លើយតបរបស់អង្គការសហប្រជាជាតិចំពោះការរំលោភបំពានជាក់ស្តែងរបស់ប្រទេសកូរ៉េខាងជើងគឺ ការដោះដូរព័ត៌មានដែនសមុទ្រសន្តិសុខប៉ាស៊ីហ្វិក (PSMX) ដែលជាគំនិតផ្តួចផ្តើមចែករំលែកព័ត៌មានក្នុងចំណោមប្រទេសអូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ECC ដែលមានមូលដ្ឋាននៅកោះអូគីណាវ៉ា ប្រទេសជប៉ុន តែងតែធ្វើជាម្ចាស់ផ្ទះក្នុងការទទួលសា្វគមន៍មន្រ្តីពីបណ្តាប្រទេសដៃគូ និងជាសមាសធាតុសំខាន់នៃ PSMX។ ប្រទេសសម្ព័ន្ធមិត្តបានជួយផ្តល់ជាយន្តហោះ កប៉ាល់ និងមន្រ្តី ដើម្បីស្វែងរកសកម្មភាពខុសច្បាប់នៅក្នុងដែនទឹកអន្តរជាតិ។

អនុនាវីឯក Artem Sherbinin​ ដែលជាកងទ័ពជើងទឹករអាមេរិកបានសរសេរនៅលើគេហទំព័រ War on the Rocks ថា៖ «ស្ថិតនៅកម្រិតយុទ្ធសាស្ត្រ នាវាចម្បាំង និងយន្តហោះរបស់កងទ័ពជើងទឹកធ្វើការល្បាតនៅសមុទ្រចិនខាងកើត និងសមុទ្រលឿង ដើម្បីស្វែងរកជនសង្ស័យដែលជាអ្នករត់ពន្ធ»។ «ក្នុងកម្រិតប្រតិបត្តិការ បុគ្គលិកអន្តរជាតិ (ECC) ដែលឈរជើងនៅលើកប៉ាល់បញ្ជាការ USS Blue Ridge ចូលរួមការស៊ើបការណ៍បណ្តាញរត់ពន្ធតាមសមុទ្ររបស់កូរ៉េខាងជើង ព្រមទាំងដឹកនាំកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងប្រមូលផ្ដុំតាមរយៈ … កប៉ាល់ និងយន្តហោះ។ នៅកម្រិតយុទ្ធសាស្ត្រ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកធ្វើការរួមគ្នាជាមួយ ក្រសួងរដ្ឋ និងរតនាគារ [សហរដ្ឋអាមេរិក] ដើម្បីស្វែងរកភស្តុតាងបញ្ជាក់ពីការរត់ពន្ធ និងដាក់ទណ្ឌកម្មទៅដល់បុគ្គល និងអង្គការដែលបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ»។

ចាប់តាំងពីការបង្កើត ECC នៅក្នុងឆ្នាំ 2018 ប្រទេសបារាំងបានដាក់ពង្រាយយន្តហោះស៊ើបការណ៍ នាវា និងធនធានផ្សេងទៀតទៅកាន់បេសកកម្មចំនួនពីរដងក្នុងមួយឆ្នាំ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសបារាំងប្តេជ្ញាអនុវត្តច្បាប់អន្តរជាតិជាសកល និងអន្តរប្រតិបត្តិការពេញលេញជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងការរីករាលដាលនៃអាវុធប្រល័យលោក។

កងកម្លាំងប្រដាប់អាវុធបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិកក៏បានចូលរួមក្នុងការចូលរួមពហុភាគីនាពេលថ្មីៗនេះ រួមទាំងការហ្វឹកហ្វឺនដែនសមុទ្រ Sama Sama នៅក្នុងប្រទេសហ្វ៊ីលីពីន សមយុទ្ធកិច្ចសហប្រតិបត្តិការ និងបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍នៅសិង្ហបុរី សមយុទ្ធ Mobility Guardian របស់កងទ័ពអាកាសអាមេរិកនៅទូទាំងតំបន់ និងសមយុទ្ធក្នុងការសង្គ្រោះមនុស្សធម៌ Pacific Endeavour នៅរដ្ឋ California។ ការដាក់ពង្រាយយន្តហោះប្រភេទ Pegasus 23 របស់ប្រទេសបារាំង រួមមានយន្តហោះចម្បាំងចំនួន 19 គ្រឿង និងអាកាសយានិកចំនួន 320 នាក់ ដែលចូលរួមក្នុងសមយុទ្ធពហុភាគី Talisman Saber ក្នុងប្រទេសអូស្ត្រាលី និងសមយុទ្ធតាមអាកាសនៅទូទាំងតំបន់ជាមួយដៃគូរួមមាន ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button