កំពង់ផែដែលប្រើប្រាស់បានពីររបៀបនោះផ្តល់ឱ្យសាធារណរដ្ឋប្រជាមានិតចិន (PRC) នូវទីតាំងជិតបង្កើយទៅកាន់ផ្លូវដឹកជញ្ជូនដ៏សំខាន់

បុគ្គលិករបស់ទស្សនាវដ្តី FORUM
សាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងតែកសាង និងទទួលបានផលប្រយោជន៍នៅក្នុងកំពុងផែនោះ នៅទូទាំងពិភពលោកដោយសំឡឹងឃើញការបើប្រាស់កំពង់ផែទាំងនោះក្នុងគោលបំណងពាណិជ្ជកម្ម និងយោធា។ កំពង់ផែដែលប្រើប្រាស់បានពីររបៀបនោះបានបង្កើនឥទ្ធិពលរបស់ប្រទេសចិននៅតាមបណ្តោយផ្លូវសមុទ្រដ៏សំខាន់ ហើយតាមច្រកដែនសមុទ្រ។
លោក Isaac Kardon ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់ការសិក្សាអំពីប្រទេសចិននៅស្ថាប័ន Carnegie Endowment for International Peace បានសរសេរនៅក្នុងការវិភាគរបស់ទស្សនាវដ្ដីរបស់មហាវិទ្យាល័យ Naval War ក្នុងឆ្នាំ 2021 ថា ការប្រមូលផ្តុំនៃកំពង់ផែបរទេសទាំងនេះស្ថិតនៅមហាសមុទ្រឥណ្ឌាភាគខាងលិច និងភាគខាងត្បូងនៃតំបន់នោះ ព្រមទាំងអាស៊ីអាគ្នេយ៍នៅក្បែរបណ្តាញទំនាក់ទំនងផ្លូវសមុទ្រដ៏ចម្បង (SLOC) និងច្រកដឹកជញ្ជូនដ៏សំខាន់។ លោកបានលើកឡើងអំពីអ្នកសិក្សាផ្នែកយោធាចិនមួយរូបដែលបានពិពណ៌នាស្តីពី «ផ្លូវសមុទ្រសំខាន់បំផុត» ដែលលាតសន្ធឹងពីច្រកសមុទ្រតៃវ៉ាន់កាត់តាមសមុទ្រចិនខាងត្បូង ច្រកសមុទ្រម៉ាឡាកា មហាសមុទ្រឥណ្ឌា និងសមុទ្រអារ៉ាប់។
គោលជំហរពាណិជ្ជកម្ម នយោបាយ និងយោធារបស់ PRC ជួយឱ្យខ្លួនផ្តល់ហិរញ្ញប្បទានក្នុងការចូលទៅកាន់កំពង់ផែពាណិជ្ជកម្មជិត 100 ដែលជាទីតាំងយុទ្ធសាស្រ្តនៅទូទាំងពិភពលោក នេះបើយោងតាមការស្រាវជ្រាវដោយលោក Kardon និង លោកស្រី Wendy Leutert នៃសាកលវិទ្យាល័យ Indiana បានប្រាប់ឱ្យដឹង។ ការវិនិយោគនៅកំពង់ផែពីក្រុមហ៊ុនដឹកជញ្ជូន និងវិស័យដឹកជញ្ជូនតាមដែនសមុទ្រដែលគ្រប់គ្រងដោយ PRC ត្រូវបានផ្សារភ្ជាប់ទៅនឹងគម្រោងការណ៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រទេសដែលមានគោលបំណងចងភ្ជាប់ពិភពលោកទៅនឹងប្រទេសចិន។ ទស្សនាវដ្តី Newsweek បានរាយការណ៍នៅក្នុងខែតុលា ឆ្នាំ 2022 ឱ្យដឹងថា ជាងពាក់កណ្តាលនៃកិច្ចព្រមព្រៀងកំពង់ផែត្រូវបានធ្វើឡើងនៅក្នុងទសវត្សរ៍កន្លងមកក្រោមការដឹកនាំរបស់លោក Xi Jinping ដែលជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន (CCP)។
កិច្ចខិតខំប្រឹងប្រែងរបស់ PRC ដើម្បីទទួលបានឥទ្ធិពលនៅកំពង់ផែបរទេស ស្របទៅតាមបំណងប្រាថ្នារបស់ខ្លួនក្នុងការធ្វើជាមហាអំណាចដែនសមុទ្រ។ របាយការណ៍ពី PRC កាលពីឆ្នាំ 2015 បានអះអាងថា៖ «ចិត្តគំនិតបែបបុរាណដែលផ្ទៃដីមានតម្លៃលើសពីផ្ទៃសមុទ្រត្រូវបានបោះបង់ចោល ហើយសារៈសំខាន់ណាស់ត្រូវតែភ្ជាប់ទៅនឹងការគ្រប់គ្រងផ្ទៃសមុទ្រ និងមហាសមុទ្រ និងការការពារសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ»។
ការគ្រប់គ្រងផ្លូវសមុទ្រ និងច្រកដែនសមុទ្រមានសារៈសំខាន់ណាស់សម្រាប់គោលបំណងពាណិជ្ជកម្ម និងសន្តិសុខ ជាពិសេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានការដឹកជញ្ជូនទំនិញជាច្រើនរបស់ពិភពលោក។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនធានាថា មានវិបុលភាពផ្នែកសេដ្ឋកិច្ចតាមរយៈផ្លូវសមុទ្រដែលមានសុវត្ថិភាព និងសន្តិសុខ។ អ្នកវិភាគបានថ្លែងថា វត្តមានរបស់ PRC និងការវិនិយោគដ៏ច្រើននៅកំពង់ផែយុទ្ធសាស្ត្រគឺជាការគំរាមកំហែងមួយ ពីព្រោះនាវាដែលប្រើប្រាស់គ្រឿងបរិក្ខារអាចសម្រាប់គោលបំណងយោធា ព្រមទាំងមានគោលបំណងពាណិជ្ជកម្មផងដែរ។ លោក Jonathan Hillman ដែលជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បានប្រាប់កាសែត The Guardian កាលពីខែកក្កដា ឆ្នាំ 2018 ថា៖ «ប្រសិនបើនាវាអាចដឹកទំនិញ ហើយវាក៏អាចដឹងកងទ័ពបានដែរ»។
អ្នកសង្កេតការណ៍ខ្លះបារម្ភថា ការវិនិយោគ ដែលរីករាលដាលគឺជាការដាក់ពង្រាយកងកម្លាំងដ៏គ្រោះថ្នាក់ ដោយមានហានិភ័យផ្នែកសន្តិសុខចាប់ពីចារកម្ម រហូតដល់ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ហើយឈានដល់ការពង្រីកវត្តមានយោធា។ ទស្សនាវដ្ដី Newsweek បានរាយការណ៍ឱ្យដឹងថា នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនបានទៅទស្សនាប្រហែលមួយភាគបីនៃកំពង់ផែបរទេស។ កាសែត The Wall Street Journal បានរាយការណ៍កាលពីខែវិច្ឆិកា ឆ្នាំ 2022 ឱ្យដឹងថា សិទ្ធិចូលប្រើប្រាស់របស់កងទ័ពជើងទឹកចិនទៅកាន់កំពង់ផែទាំងនេះ ធ្វើឱ្យប្រតិបត្តិរបស់កងនាវាចិននៅក្រៅប្រទេសមានតម្លៃថោក និងមានប្រសិទ្ធភាពជាងមុនក្នុងការផ្គត់ផ្គង់បន្ថែម។
វាក៏ជាទស្សនវិស័យរបស់ទីក្រុងប៉េកាំងក្នុងការប្រើប្រាស់ការវិនិយោគពាណិជ្ជកម្ម និងកំពង់ផែ ដើម្បីជះឥទ្ធិពលលើអាកប្បកិរិយារបស់រដ្ឋដទៃទៀត។ កាសែត Newsweek បានរាយការណ៍ថា កន្លងមក PRC បានអនុវត្តពហិការពាណិជ្ជកម្មដោយមិនបានប្រកាសប្រឆាំងនឹងអូស្ត្រាលី ជប៉ុន លីទុយអានី ន័រវែស និងតៃវ៉ាន់ សម្រាប់អាកប្បកិរិយាដែលចិនមិនពេញចិត្តតិចតួច។ AidData ដែលជាមន្ទីរពិសោធន៍ស្រាវជ្រាវនៅសាកលវិទ្យាល័យ William & Mary ក្នុងរដ្ឋ Virginia បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ 2023 ឱ្យដឹងថា ទំហំនៃការវិនិយោគរបស់ចិននៅកំពង់ផែបរទេសអាចផ្តល់ឱ្យ PRC នូវអានុភាពលើប្រទេសម្ចាស់ផ្ទះ។
AidData បានកំណត់អត្តសញ្ញាណកំពង់ផែចំនួនប្រាំបីនៅខាងក្រៅប្រទេសចិនដីគោកដែល PRC អាចបង្កើតមូលដ្ឋានកងទ័ពជើងទឹកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ៖
- កំពង់ផែ Bata ប្រទេសហ្គីណេអេក្វាទ័រ៖ ត្រូវបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនពី PRC នៅលើឆ្នេរសមុទ្រអាត្លង់ទិករបស់ទ្វីបអាហ្វ្រិកភាគបស្ចិម។
- កំពង់ផែ Gwadar ប្រទេសប៉ាគីស្ថាន៖ ស្ថិតនៅសមុទ្រអារ៉ាប់។
- កំពង់ផែ Hambantota ប្រទេសស្រីលង្កា៖ ស្ថិតនៅលើមហាសមុទ្រឥណ្ឌា គឺជាការវិនិយោគនៅកំពង់ផែបរទេសធំជាងគេបង្អស់របស់ PRC។
- កំពង់ផែ Kribi ប្រទេសកាមេរួន៖ កំពង់ផែនៅទ្វីបអាហ្រ្វិកភាគបស្ចិមបានទទួលហិរញ្ញវត្ថុពីចិនដ៏ច្រើន។
- កំពង់ផែ Nacala ប្រទេសម៉ូសំប៊ិក៖ កំពង់ផែទឹកជ្រៅនៅលើឆ្នេរសមុទ្រទ្វីបអាហ្រ្វិកភាគបូព៌។
- កំពង់ផែ Nouakchott ប្រទេសម៉ូរីតានី៖ កំពង់ផែអាហ្រ្វិកភាគពាយ័ព្យនៅជិតទ្វីបអឺរ៉ុប និងច្រកសមុទ្រសំខាន់ៗ។
- កំពង់ផែរាមប្រទេសកម្ពុជា៖ ទំនាក់ទំនងជិតស្និទ្ធរវាងឥស្សរជនកម្ពុជា និងបក្សកុម្មុយនិស្តចិនបង្កើនលទ្ធភាពឱ្យមានវត្តមានយោធាចិន។
- ប្រទេសវ៉ានូទូ៖ មូលដ្ឋានយោធាចិនដែលអាចកើតមានឡើងនៅកោះប៉ាស៊ីហ្វិក។
AidData បានពិចារណាថា ទំហំនៃការផ្តល់ហិរញ្ញប្បទានរបស់ PRC សម្រាប់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ គុណតម្លៃយុទ្ធសាស្ត្រនិងទីតាំងកំពង់ផែ ទំនាក់ទំនងជាមួយមេដឹកនាំនៃប្រទេសម្ចាស់ផ្ទះ ការស្របតាម PRC ក្នុងការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិ និងលក្ខណៈរបស់កំពង់ផែដែលសមស្របសម្រាប់នាវារបស់កងទ័ពជើងទឹក។ កំពង់ផែបួនក្នុងចំណោមកំពង់ផែទាំងនោះស្ថិតនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ការសាងសង់កំពង់ផែនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់ប្រទេសកម្ពុជា នៅក្បែរទីក្រុងព្រះសីហនុ បានទាក់ទាញចំណាប់អារម្មណ៍នាពេលថ្មីៗនេះ។ បន្ទាប់ពីការបដិសេធជាច្រើនឆ្នាំកន្លងមកនេះ មន្រ្តីកម្ពុជាបានទទួលស្គាល់តួនាទីដ៏សំខាន់របស់ PRC នៅក្នុងការសាងសង់នេះ។ ស្ថាប័នស្រាវជ្រាវ Chatham House ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានរាយការណ៍កាលពីដំណាច់ខែកក្កដាថា ការថតបានរូបភាពផ្កាយរណបក្នុងខែមិថុនា ឆ្នាំ 2023 បង្ហាញអំពីសកម្មភាពសាងសង់ដែលផ្តល់មូលនិធិដោយចិន។ ក្នុងចំណោមគ្រឿងបរិក្ខារគឺមានផែថ្មីដូចមូលដ្ឋានកងទ័ពជើងទឹកក្រៅប្រទេសតែមួយគត់របស់ PRC នៅប្រទេសជីប៊ូទី អាហ្រ្វិកខាងកើត។ Chatham House បានរាយការណ៍ឱ្យដឹងទៀតថា៖ «សូម្បីតែរាមជាមជ្ឈមណ្ឌលដឹកជញ្ជូនតិចតួច កំពង់ផែនេះនៅនឹងផ្តល់ឱ្យនាវាចម្បាំងចិនសមត្ថភាពប្រតិបត្តិកាន់តែទូលំទូលាយ និងវត្តមានអចិន្ត្រៃយ៍នៅក្នុងឈូងសមុទ្រថៃ ក៏ដូចជាដែនទឹកនៃអាស៊ីអាគ្នេយ៍»។
ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកបានតវ៉ាកាលពីខែសីហា ឆ្នាំ 2022 នៅពេលដែលនាវា Yuan Wang 5 ដែលជានាវារបស់ចិនត្រូវបានចោទប្រកាន់ថា ជានាវាចារកម្មបានចូលចតនៅកំពង់ផែ Hambantota របស់ប្រទេសស្រីលង្កា ដែលត្រូវបានសាងសង់ឡើងពីប្រាក់កម្ចីរបស់ចិន និងបានកាន់កាប់ដោយក្រុមហ៊ុនរបស់ PRC ក្នុងកិច្ចសន្យាជួលរយៈពេល 99 ឆ្នាំនៅពេលដែលស្រីលង្កាបានខកខានក្នុងការសងបំណុល។ ទីក្រុង Colombo អនុញ្ញាតឱ្យនាវា Yuan Wang 5 ធ្វើកំពង់ផែ ប៉ុន្តែបានបញ្ជាឱ្យវាបិទឧបករណ៍ប្រមូលព័ត៌មានសម្ងាត់ នេះបើយោងតាមវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបានរាយការណ៍ឱ្យដឹង។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។