កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ប្រឈមមុខនឹង PRC ចំពោះបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង

វិទ្យុអាស៊ីសេរី
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការធ្វើមាតុភូមិនិវត្តន៍ជនផ្តាច់ខ្លួនកូរ៉េខាងជើងរបស់សាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដោយសន្យាថានឹងសហការគ្នាក្នុងការដោះស្រាយវិបត្តិសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។
បើយោងតាមលោកស្រី Julie Turner នៅក្នុងទីក្រុងសេអ៊ូល កាលពីខែតុលា ឆ្នាំ 2023 បានឱ្យដឹងថា ការសន្យានេះបានធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានជួបជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។ ក្នុងជំនួបនោះ សម្ព័ន្ធមិត្តបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ជាពិសេសទាក់ទងនឹងការបញ្ជូនជនផ្តាច់ខ្លួនរបស់ PRC ទៅកាន់កូរ៉េខាងជើងវិញ។
លោក Park បានថ្លែងថា៖ «ប្រជាជនកូរ៉េខាងជើងកំពុងរស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត» ដោយលោកក៏បានបន្ថែមទៀតថា របបរបស់លោក Kim Jong Un កំពុងស្វះស្វែងបង្កើតអាវុធនុយក្លេអ៊ែរដោយធ្វើឱ្យប៉ះដល់សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋកូរ៉េខាងជើង។
លោក Park បានបន្តទៀតថា របាយការណ៍ថ្មីៗនេះបានចោទប្រកាន់ថា៖ «ជនផ្តាច់ខ្លួនរាប់រយនាក់ពីកូរ៉េខាងជើងដែលត្រូវបានឃុំខ្លួននៅប្រទេសចិនត្រូវបានធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំុទៅកាន់កូរ៉េខាងជើង»។ លោកបានបន្ថែមថា៖ «មិនថាស្ថិតក្រោមកាលៈទេសៈណាក៏ដោយ ជនផ្ដាច់ខ្លួនកូរ៉េខាងជើងមិនគួរត្រូវបានធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំផ្ទុយនឹងឆន្ទៈរបស់ពួកគេទេ។
បញ្ហានោះគឺជាជំហររដ្ឋាភិបាលរបស់យើង។ ហើយយើងបានបញ្ជាក់អំពីបញ្ហានោះយ៉ាងច្បាស់ទៅភាគីចិន»។ «រដ្ឋាភិបាលរបស់ខ្ញុំកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងខ្លាំងក្លា ដើម្បីធានាថា ជនផ្តាច់ខ្លួនពីកូរ៉េខាងជើងមិនត្រូវបានធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំទៅកាន់កូរ៉េខាងជើងវិញទេ លើកលែងតែស្របតាមគោលការណ៍មនុស្សធម៌ប៉ុណ្ណោះ។
«ខ្ញុំទន្ទឹងរង់ចាំការចូលរួមដ៏រឹងមាំជាបន្តបន្ទាប់ និងការសហការយ៉ាងសកម្មរបស់យើង ដើម្បីនាំមកនូវការផ្លាស់ប្តូរដ៏ពិតប្រាកដនៅក្នុងស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើង»។
ការលើកឡើងរបស់លោក Park បានសង្កត់ធ្ងន់លើសេចក្តីប្រកាសពីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងកាលពីប៉ុន្មានថ្ងៃមុននេះថា ខ្លួនបានធ្វើការតវ៉ាប្រឆាំងនឹង PRC អំពីការធ្វើមាតុភូមិនិវត្តន៍ដែលគេសង្ស័យថាមានការបង្ខំពីកូរ៉េខាងជើង។ របបរបស់លោក Kim ចាត់ទុកជនផ្តាច់ខ្លួនថា ជាការគំរាមកំហែង ហើយជារឿយៗដាក់ពួកគេឱ្យទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ រួមទាំងការដាក់ពន្ធនាគារ ការធ្វើទារុណកម្ម ហើយនឹងអាចឈានដល់ការស្លាប់ នេះបើយោងតាមសក្ខីភាពរបស់អ្នកដែលបានភៀសខ្លួនចេញពីប្រទេសកូរ៉េខាងជើង។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានរាយការណ៍ថា អាជ្ញាធរចិនបានបញ្ជូនជនជាតិកូរ៉េខាងជើងជាង 500 នាក់ដោយបង្ខំទៅកាន់ប្រទេសឯកាមួយនេះវិញ។ អង្គការឯករាជ្យមួយនេះបានជំរុញឱ្យរដ្ឋាភិបាលនៅទូទាំងពិភពលោកឱ្យថ្កោលទោសលើចំណាត់ការរបស់ទីក្រុងប៉េកាំង។ យោងតាមប្រភពមួយចំនួនបានឱ្យដឹងថា ជនជាតិកូរ៉េខាងជើងភាគច្រើនគឺជាជនស៊ីវិល ហើយជាមេដឹកនាំសាសនាត្រូវបានចាប់ខ្លួនខណៈពេលកំពុងព្យាយាមធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងពីប្រទេសចិន។
លោក Peter Jung ប្រធានអង្គការយុត្តិធម៌សម្រាប់កូរ៉េខាងជើងដែលមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល ក៏បានលើកឡើងដែរថា ជនជាតិកូរ៉េខាងជើងមួយចំនួនធំ រួមទាំងកុមារ ត្រូវបានបញ្ជូនត្រឡប់មកពីប្រទេសចិន ហើយដែលការធ្វើមាតុភូមិនិវត្តន៍នោះបានកើតឡើងក្នុងពេលដំណាលគ្នានៅក្នុងតំបន់ជាច្រើនដែរ។
លោកស្រី Turner បានសន្យាថានឹងធ្វើការជាមួយកូរ៉េខាងត្បូង។
លោកស្រីបានបន្តទៀតថា៖ «ស្ថានភាពសិទ្ធិមនុស្សនៅក្នុងកូរ៉េខាងជើងនៅតែស្ថិតនៅក្នុងចំណោមស្ថានភាពអាក្រក់បំផុតនៅលើពិភពលោក»។ «សហគមន៍អន្តរជាតិត្រូវតែរួមគ្នាដើម្បីធ្វើការលាតត្រដាងអំពីការរំលោភសិទ្ធិមនុស្សរបស់របបនេះ និងបង្កើតការផ្លាស់ប្តូរជាក់ស្តែងក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង»។
កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមទាំងការប្រមូល និងការផ្សព្វផ្សាយព័ត៌មាន អាចជួយប្រមូលសម្ព័ន្ធអន្តរជាតិឱ្យកាន់តែទូលំទូលាយឱ្យមកដាក់សម្ពាធលើកូរ៉េខាងជើង។
លោក Ji Seong-ho ដែលភៀសខ្លួនពីកូរ៉េខាងជើង ទៅកាន់កូរ៉េខាងត្បូង ដែលឥឡូវនេះលោកគឺជាសមាជិកសភាជាតិ បានមានប្រសាសន៍ថា វាគឺជារឿងដ៏សំខាន់ដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍ ដើម្បីជួយជននិរទេសកូរ៉េខាងជើងនៅក្នុង PRC និងធ្វើការ «បញ្ឈប់ការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំបន្ថែមទៀត»។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។