ហ្វ៊ីលីពីនប្តេជ្ញាការពារអធិបតេយ្យភាពក្នុងការរុះរើរបាំងរបស់ចិន ដែលខ្លួនហៅថា ‘ការរំលោភបំពានយ៉ាងច្បាស់ក្រឡែត’ នៅតំបន់កោះ Scarborough Shoal

បុគ្គលិករបស់ទស្សនាវដ្តី FORUM
មន្ត្រីហ្វ៊ីលីពីនកាលពីចុងខែកញ្ញា ឆ្នាំ 2023 បានថ្កោលទោសសាធារណៈរដ្ឋប្រជាមានិតចិន (PRC) សម្រាប់ការដំឡើងរបាំងបណ្តែតដែលត្រូវបានបង្កើតឡើង ដើម្បីរារាំងទូកនេសាទហ្វ៊ីលីពីនមិនឱ្យចូលទៅទីតាំងនេសាទសមុទ្រចិនខាងត្បូងដ៏សម្បូរជលផលមួយ។ តាមរយៈការបញ្ជូនអ្នកមុជទឹកទៅកាន់ផ្លូវទឹកនៅតំបន់កោះជម្លោះ Scarborough Shoal ដើម្បីកាត់រុះរើខ្សែពួរ និងសំណាញ់ ឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីនបានហៅរបាំងនោះថាជាគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍ និងជា «ការរំលោភបំពានយ៉ាងច្បាស់ក្រឡែត» ទៅលើច្បាប់អន្តរជាតិ។
នេះបើតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំឆ្នេរសមុទ្រដែលទីភា្នក់ងារសារព័ត៌មាន The Associated Press បានរាយការណ៍ឱ្យដឹងថា «វិធានការលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់ឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីន ដើម្បីដករបាំងនេះ ដែលស្របតាមច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ហ្វ៊ីលីពីនលើដែនកោះនោះ»។ មន្ត្រីឆ្មាំសមុទ្របានបន្ថែមថា ពួកគេនៅតែ «ប្តេជ្ញាអនុវត្តច្បាប់អន្តរជាតិ ការពារសុខុមាលភាពរបស់អ្នកនេសាទហ្វ៊ីលីពីន និងការពារសិទ្ធិរបស់ប្រទេសហ្វ៊ីលីពីននៅក្នុងដែនទឹករបស់ខ្លួន»។
ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសហ្វ៊ីលីពីនបានលើកឡើងថា របាំងប្រវែង 300 ម៉ែត្របានរំលោភបំពានលើសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ 2016 ដែលបានច្រានចោលការទាមទារកម្មសិទ្ធិលើដែនដីដោយ PRC។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា កងជីវពលចិន និងនាវាឆ្មាំឆ្នេរសមុទ្របានដំឡើងខ្សែពួរ និងរបាំងសំណាញ់ ដោយបានចងជាប់នៅនឹងកន្លែងជាមួយពោងសញ្ញាប្រាប់ផ្លូវនាវា ខណៈដែលអ្នកនេសាទហ្វ៊ីលីពីនបានចូលទៅជិតតំបន់នោះ។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ហ្វ៊ីលីពីនបានបញ្ជាឱ្យមាន «ប្រតិបត្តិការពិសេស» ដើម្បីដករបាំងនេះចេញ ហើយមន្ត្រីឆ្មាំឆ្នេរសមុទ្រក្រោយមកបានបញ្ចេញវីដេអូនៃអ្នកមុជទឹកហ្វ៊ីលីពីនម្នាក់បានកាត់ផ្នែកនៃវត្ថុ ដែលមើលទៅដូចជាខ្សែពួរ និងវីដេអូមួយទៀតបង្ហាញពីសកម្មភាពបុរសម្នាក់ព្យាយាមលើកវត្ថុ ដែលហាក់ដូចជារបាំងចេញ។
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វ៊ីលីពីន លោកឧត្តមនាវីត្រី Jay Tarriela បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ជនជាតិចិនដំឡើងរបាំងគ្រប់ពេលដែលកប៉ាល់នេសាទហ្វ៊ីលីពីនបង្ហាញខ្លួនជាទ្រង់ទ្រាយធំ ដោយបដិសេធពួកគេមិនឱ្យចូលទៅកាន់តំបន់ទឹករាក់ ដែលជាទីតាំងនេសាទដែលមានជលផលសម្បូរបែបដែលហ៊ុំព័ទ្ធដោយផ្កាថ្មក្រោមទឹក។ លោក Tarriela បានថ្លែងថា៖ «វាជាសកម្មភាពខុសច្បាប់ និងសកម្មភាពមិនស្របច្បាប់ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតចិន» ដោយបន្ថែមទៀតថា របាំងរបស់ចិនប៉ះពាល់ដល់សន្តិសុខស្បៀងនៅហ្វ៊ីលីពីនផងដែរ។
ប្រទេសហ្វ៊ីលីពីនទាមទារតំបន់កោះ Scarborough Shoal ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ហើយការធ្វើនាវាចរណ៍ចូលទៅកាន់តំបន់កោះនេះ ត្រូវបានផ្ដល់ដោយសេចក្ដីសម្រេចរបស់សាលាក្តីអន្តរជាតិនៅក្នុងឆ្នាំ 2016។ ទីក្រុងប៉េកាំងបានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចនេះ និងរក្សាវត្តមាននាវាឆ្មាំឆ្នេរសមុទ្រ និងកងជីវពលនៅក្នុងតំបន់នេះគ្រប់ពេល នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន។
ហ្វ៊ីលីពីនរំពឹងទុកថាទីក្រុងប៉េកាំងនឹងបន្តរំលោភលើអធិបតេយ្យភាពរបស់ទីក្រុងម៉ានីល និងព្យាយាមបដិសេធមិនឱ្យមានការចូលទៅកាន់ច្រាំងទន្លេ ប៉ុន្តែហ្វ៊ីលីពីនបានប្តេជ្ញាថានឹងមិរាថយឡើយ។
លោក Tarriela បានប្រាប់ទៅសារព័ត៌មាន CNN Philippines ថា៖ «ពួកគេនៅតែអាចត្រឡប់មកវិញដោយយករបាំងអណ្តែតទឹកមកជាថ្មីម្តងទៀត។ ពួកគេអាចនឹងនៅតែប្រព្រឹត្តដោយសម្ងាត់ និងធ្វើសកម្មភាពគ្រោះថ្នាក់ផ្សេងៗម្តងទៀត»។ «យើងបានបង្ហាញពិភពលោកថា ប្រជាជនហ្វ៊ីលីពីននឹងមិនថមថយឡើយ ហើយយើងនៅតែនឹងអនុវត្តជានិច្ចនូវអ្វីដែលចាំបាច់សម្រាប់យើង ដើម្បីរក្សាវត្តមានរបស់យើង»។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។