តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPអាស៊ីឥសាន / NEA

សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូ សម្លឹងមើលវិធានការកសាងទំនុកចិត្ត ដើម្បីការពារផ្លូវសមុទ្រ បង្កើនសន្តិសុខ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

នៅពេលដែលភាពតានតឹងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកើនឡើង ដោយសារតែជម្លោះដែនដី ឧបទ្ទវហេតុនៅដែនសមុទ្រកើនឡើង និងការកើនឡើងសកម្មភាពនៅក្នុងតំបន់ប្រទាញប្រទង់ យោធាកំពុងចាប់ផ្ដើមវិធានការកសាងទំនុកចិត្ត (CBM) ដើម្បីរក្សាសន្តិភាព។​​

វិធានការ CBM គឺជាកិច្ចព្រមព្រៀងរវាងស្ថាប័នពីរឬច្រើន លើការផ្លាស់ប្តូរព័ត៌មាននិងដំណើរការផ្ទៀងផ្ទាត់ដែលគ្របដណ្តប់លើកងកម្លាំងយោធា អាវុធ និងឧបករណ៍។ ដូចដែលបានពិពណ៌នានៅក្នុងគោលលទ្ធិយោធា វិធានការទាំងនេះ​ខិតខំបង្កើនតម្លាភាព និងបញ្ជាក់ពីគោលបំណងរបស់សកម្មភាពយោធា ឬសកម្មភាពផ្សេងទៀត។ CBM ក៏អនុញ្ញាតឱ្យយោធា និងប្រទេសនានាផ្ទៀងផ្ទាត់ការអនុលោមតាមកិច្ចព្រមព្រៀងផងដែរ។

CBM ប្រកបដោយនិរន្តរភាព និង​ការប្រាស្រ័យទាក់ទង​អំពីវិបត្តិអាចកាត់បន្ថយហានិភ័យនៃការកើតមានឧប្បត្តិហេតុទ្រង់ទ្រាយធំ​ ឬជម្លោះយោធាទ្រង់ទ្រាយធំ ​បានច្រើន តាមរយៈការកែលម្អ ការអនុវត្ត​ការប្រាស្រ័យទាក់ទង​ជាប្រចាំ និងការបង្ការការកើនឡើងនៃស្ថានការណ៍ដោយអចេតនា នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។

ការការពារខ្សែទំនាក់ទំនងសមុទ្រ (SLOC) គឺជាផ្នែកដ៏សំខាន់មួយក្នុងការរក្សាសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូធានាបាននូវវិបុលភាព​​វិស័យសេដ្ឋកិច្ច​ តាមរយៈផ្លូវធ្វើដំណើរដែនសមុទ្រប្រកបដោយសុវត្ថិភាព និងមានសន្ដិសុខ។ អ្នកជំនាញក្នុងតំបន់អះអាងថាវិធានការ CBM ដែនសមុទ្រអាចកសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការទូត ជាពិសេសជុំវិញបញ្ហាចម្រូងចម្រាស ដូចជាការគ្រប់គ្រងច្រកសមុទ្រតៃវ៉ាន់និងច្រកសមុទ្រម៉ាឡាកា និងផ្លូវធ្វើដំណើរដែនសមុទ្រចិនខាងត្បូង។

អ្នកជំនាញយោធាគិតថា កិច្ចព្រមព្រៀងស្ដីពីឧប្បត្តិហេតុនៅដែនសមុទ្រ (INCSEA) ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតក្នុងឆ្នាំ 1972 គឺជាឧទាហរណ៍អំពីវិធានការ CBM ជោគជ័យចម្បងសម្រាប់ដែនសមុទ្រ។ បន្ទាប់ពីនាវាពិឃាតមកពីប្រទេសទាំងពីរបានបុកទង្គិចគ្នានៅឆ្នាំ 1967 នៅសមុទ្រជប៉ុន មេដឹកនាំបានធ្វើសកម្មភាពដើម្បីការពារឧប្បត្តិហេតុនាពេលអនាគត។

កិច្ចព្រមព្រៀង INCSEA បានបង្កើតមធ្យោបាយទំនាក់ទំនងដើម្បីជៀសវាងការយល់ច្រឡំ ឬការបកស្រាយអត្ថន័យសកម្មភាពមិនត្រឹមត្រូវ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការប្រើប្រាស់សញ្ញាអន្តរជាតិ និងគោរពតាមអនុសញ្ញាទីក្រុងហ្សឺណែវស្តីពីដែនសមុទ្រនៅឆ្នាំ 1958។ ពួកគេបានពង្រឹងកិច្ចព្រមព្រៀងជាមួយនឹងពិធីសារឆ្នាំ 1973 ស្ដីអំពីការពារនាវាដែលមិនមែនជានាវាយោធា។ ក្រុមអ្នកជំនាញរាយការណ៍ថា វិធានការរួមបញ្ចូលគ្នាទាំងនោះបានកាត់បន្ថយចំនួនឧប្បត្តិហេតុរវាងប្រជាជាតិនានា។

ក្នុងឆ្នាំ 1993 ប្រទេសជប៉ុន និងរុស្ស៊ីបានអនុវត្តកិច្ចព្រមព្រៀងស្រដៀងគ្នាមួយ ដើម្បីការពារឧប្បត្តិហេតុបែបនេះរវាងនាវានិងយន្តហោះរបស់ប្រទេសទាំងពីរ។ ដោយផ្អែកលើអនុសញ្ញាស្តីពីបទប្បញ្ញត្តិអន្តរជាតិសម្រាប់ការការពារការប៉ះទង្គិចនៅដែនសមុទ្រ (COLREG) វាក៏បង្កើតឱ្យមាន​កិច្ចប្រជុំប្រចាំឆ្នាំរវាងប្រជាជាតិនានា ដើម្បីពិភាក្សាអំពីការទប់ស្កាត់ការប៉ះទង្គិចគ្នាផងដែរ។ ប៉ុន្ដែ ការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនបានផ្អាកកិច្ចប្រជុំនៅឆ្នាំ 2022។

សាធារណរដ្ឋប្រជាមានិតចិន (PRC) និងសហរដ្ឋអាមេរិកក៏បានចុះកិច្ចព្រមព្រៀងទ្វេភាគីដើម្បីជៀសវាងឧប្បត្តិហេតុនៅដែនសមុទ្រផងដែរ។ បន្ទាប់ពីឧប្បត្តិហេតុឆ្នាំ 1994 រវាងនាវាផ្ទុកយន្តហោះអាមេរិក និងនាវាមុជទឹករបស់ចិននៅក្នុងដែនទឹកអន្តរជាតិក្នុងសមុទ្រលឿង ប្រជាជាតិទាំងពីរបានចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀង​ពិគ្រោះ​យោបល់​ដែន​សមុទ្រ​យោធា (MMCA) ក្នុងឆ្នាំ 1998។

កិច្ចព្រមព្រៀងនេះបានជួយបន្ធូរបន្ថយភាពតានតឹងនៅក្នុងព្រឹត្តិការណ៍ជិតកើតមានការប៉ះទង្គិចគ្នាមួយក្នុងឆ្នាំ 2013 រវាងនាវា USS Cowpens ដែលជានាវាចម្បាំងបំពាក់ដោយមីស៊ីលបញ្ជា​ និងនាវាដឹកជញ្ជូនតាមសមុទ្រនៅសមុទ្រចិនខាងត្បូង។

យោងតាម បណ្ឌិត Kyoko Hatakeyama ដែលជាសាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Niigata Prefecture បានឱ្យ​ដឹងថា «ទោះបីជាវាច្បាស់ណាស់ថាហានិភ័យនៃការជួបប្រទះគ្នា​ប្រកប​ដោយ​គ្រោះថ្នាក់មិនបាត់​ទៅក៏ដោយ MMCA បានអនុញ្ញាតឱ្យមន្រ្តីចិននិងអាមេរិករក្សាបណ្តាញទំនាក់ទំនងបើកចំហនិងដោះស្រាយការជួបប្រទះគ្នាដោយសន្តិវិធី។»

ដើម្បីជំរុញ MMCA ប្រទេសទាំងពីរបានបន្ថែមអនុស្សរណៈចំនួនពីរទៅក្នុងកិច្ចព្រមព្រៀង ដោយបានយល់ព្រមគោរពតាម COREG ហើយក្នុងឆ្នាំ 2014 បានយល់ព្រមចំពោះក្រមសម្រាប់ការជួបប្រទះគ្នាដោយមិនបានគ្រោងទុកនៅដែនសមុទ្រ (CUES) ដែលត្រូវបានអនុម័តដោយប្រទេសចំនួន 19 បន្ថែមពីលើសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក រួមមាន អូស្ត្រាលី ប្រ៊ុយណេ កម្ពុជា កាណាដា ស៊ីលី បារាំង ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ប៉ាពូអាស៊ីនូវែលហ្គីណេ ប៉េរូ ហ្វ៊ីលីពីន រុស្ស៊ី សិង្ហបុរី កូរ៉េខាងត្បូង ថៃ តុងហ្កា និងវៀតណាម។ បណ្ឌិត Hatakeyama បានសរសេរនៅក្នុងឯកសារស្រាវជ្រាវខែសីហា ឆ្នាំ 2023 ​ឈ្មោះថា «វិធានការកសាងទំនុកចិត្តនៅក្នុងដែនសមុទ្រនៅអាស៊ីអាគ្នេយ៍៖ ការវិភាគយន្តការដែនសមុទ្រ និងដែនអាកាសជប៉ុន-ចិន»។) ថាទោះបីជាមិនជាប់កាតព្វកិច្ច និងជាការ​ស្ម័គ្រចិត្តក៏ដោយ CURE បានកំណត់ស្តង់ដារអាកប្បកិរិយាសម្រាប់ការជៀសវាងវិបត្តិ និងកាត់បន្ថយសក្តានុពលនៃការប៉ះទង្គិច។

ក្នុងឆ្នាំ 2018 ប្រទេសជប៉ុន និង ប្រទេសចិនបានបង្កើតយន្តការ​ប្រព័ន្ធផ្សព្វផ្សាយតាមដែនសមុទ្រ និងដែនអាកាស (MACM) ដើម្បីបញ្ចៀស គ្រោះថ្នាក់នៅសមុទ្រ និង​ក្នុងដានអាកាស ។ ប្រទេសទាំងនេះក៏បានបង្កើតកិច្ចព្រមព្រៀងស្វែងរក និងសង្គ្រោះជីវិត​នៅឆ្នាំនោះផងដែរ។ បណ្ឌិត Hatakeyama បានសរសេរថា «នៅឆ្នាំ 2023 ពួកគេបានបន្ថែមខ្សែទូរសព្ទដៃ​ប្រចាំការ​ទៅលើយន្តការនេះ» ។

ប្រទេសជាច្រើនបានពង្រឹង CBM ដោយប្រើខ្សែទូរសព្ទទាន់ហេតុការណ៍ដោះស្រាយ​វិបត្តិ និងកិច្ចសន្ទនាកិច្ចការដែនសមុទ្រដែលមិនសូវមានលក្ខណៈផ្លូវការ។ នៅឆ្នាំ 2008 សាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ី បានបង្កើតខ្សែទូរសព្ទប្រចាំការ​របស់​​រដ្ឋមន្ត្រីការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិកបានបង្កើតខ្សែទូរសព្ទ​ប្រចាំការ​សម្រាប់​វិស័យ​យោធា ហើយ​សាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េខាងត្បូង បានចាប់ផ្តើមខ្សែទូរសព្ទ​យោធាផ្ទាល់ ដែលត្រូវបានដំឡើង​ដល់កម្រិតក្រសួងនៅឆ្នាំ 2015។ ប្រជាជាតិនានានៅតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក បានបង្កើតបណ្តាញទូរសព្ទប្រចាំការ​ទ្វេភាគី ។

បណ្ឌិត Hatakeyama អះអាងថា CBM ដែនសមុទ្រដូចជា MACM ជាដើម អាចពង្រឹងបានតាមរយៈការធ្វើឱ្យយន្តការទាំងនេះក្លាយ​ជា​​កាតព្វកិច្ចស្របច្បាប់ និងពង្រីកពួកយន្តការទាំងនេះ ​​ដើម្បីរួមបញ្ចូលភ្នាក់ងារដែនសមុទ្រស៊ីវិល ដូចជាឆ្មាំឆ្នេរសមុទ្រ និងនាវានេសាទដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹក។

សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនអះអាងថា វាជារឿងសំខាន់ដែលប្រជាជាតិ និងយោធាបន្តលើកកម្ពស់ CBM ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីកែលម្អទំនាក់ទំនងក្នុងករណីមានវិបត្តិ និងកាត់បន្ថយហានិភ័យនៃការកើនឡើង។ ការកើនឡើងនៃអាកប្បកិរិយាប្រតិបត្តិការដែលមិនមានសុវត្ថិភាពក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះធ្វើឱ្យតម្រូវការក្នុងការពង្រីក CBM កាន់តែមានភាពបន្ទាន់ ។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button