សហរដ្ឋអាមេរិក និងវៀតណាមព្រមានចំពោះ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង» នៅសមុទ្រចិនខាងត្បូង
ទីភ្នាក់ងារសារព័ត៌មានបារាំង
សហរដ្ឋអាមេរិក និងវៀតណាមបានព្រមានកាលពីខែកញ្ញា ឆ្នាំ 2023 ចំពោះ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង» នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងនាវារបស់បក្សកុម្មុយនិស្តចិន (CCP)។
ប្រធានាធិបតីអាមេរិក លោក Joe Biden និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកឡើងថា ការទាមទារដែលមានលក្ខណៈប្រកួតប្រជែងនៅលើផ្លូវទឹកជាយុទ្ធសាស្ត្រត្រូវតែដោះស្រាយក្រោមបទដ្ឋានអន្តរជាតិ។
សាធារណរដ្ឋប្រជាមានិតចិន (PRC) ទាមទារយកស្ទើរតែដែនសមុទ្រទាំងមូល ដែលតាមរយៈនោះមានជាងមួយទ្រីលានដុល្លារក្នុងការធ្វើពាណិជ្ជកម្មប្រចាំឆ្នាំ ហើយមិនបានអើពើនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា ការអះអាងរបស់ទីក្រុងប៉េកាំងមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ។
លោកប្រធានាធិបតី Biden និងលោក Trong បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិកទៅកាន់ប្រទេសវៀតណាមថា៖ «មេដឹកនាំនានាបានគូសបញ្ជាក់ពីការគាំទ្រដោយមិនងាករេរបស់ពួកគេចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយគ្មានការគំរាមកំហែង ឬការប្រើប្រាស់កងកម្លាំង»។
ពួកលោកក៏បានអំពាវនាវឱ្យមាន៖ «សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរឆ្លងកាត់ និងពាណិជ្ជកម្មស្របច្បាប់ដោយគ្មានការរារាំងនៅក្នុងសមុទ្រចិនខាងត្បូង» ផងដែរ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំនានាបានធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាមធ្យោបាយមួយ ដើម្បីប្រឆាំងនឹងការអះអាងដែលកំពុងកើនឡើងរបស់បក្សកុម្មុយនិស្តចិននៅក្នុងតំបន់។ ភាពជាដៃគូថ្មីនេះរួមមានកិច្ចព្រមព្រៀងស្តីពីសឺម៉ីកុងឌុចទ័រដោយសហរដ្ឋអាមេរិកប្តេជ្ញាជួយវៀតណាមអភិវឌ្ឍសមត្ថភាព និងពង្រីកផលិតកម្ម។
ក៏មានផ្នែកមួយនៅលើវិស័យរ៉ែដ៏កម្រនៅក្នុងផែនដី ដែលត្រូវបានប្រើក្នុងការផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់ដូចជាស្មាតហ្វូន និងអាគុយរថយន្តអគ្គិសនីផងដែរ។
ប្រទេសវៀតណាមមានធនធានរ៉ែដ៏កម្រធំជាងគេលំដាប់ទីពីរនៅលើពិភពលោក ហើយមន្ត្រីអាមេរិកលើកឡើងថា ទីក្រុងហាណូយមានតួនាទីដើរតួយ៉ាងសំខាន់ ខណៈដែលក្រុងវ៉ាស៊ីនតោនសម្លឹងរកមើលការធ្វើឱ្យមានភាពចម្រុះ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់។
ប្រទេសវៀតណាមដែលបានធ្វើសង្រ្គាមជាមួយសាធារណរដ្ឋប្រជាមានិតចិនតំាងពីឆ្នាំ 1979-88 មានការប្រុងប្រយ័ត្នចំពោះអ្នកជិតខាងដ៏ធំសម្បើមនេះនៅភាគខាងជើងរបស់ខ្លួន ហើយជាប្រទេសមួយក្តាប់តូចដែលមានការទាមទារលើកោះតូចៗ និងតំបន់ជាច្រើនដែល ស្ថិតនៅលើសមុទ្រចិនខាងត្បូង។
នៅដើមខែកញ្ញាឆ្នាំ 2023 ប្រទេសហ្វ៊ីលីពីនបានចោទប្រកាន់នាវាឆ្មាំឆ្នេរសមុទ្រ CCP និងកងជីវពលថាបានយាយីកប៉ាល់ឆ្មាំឆ្នេរសមុទ្រចំនួនពីររបស់ខ្លួន ខណៈដែលកប៉ាល់ទាំងនោះបានផ្គត់ផ្គង់សម្ភារដល់ទាហានជើងទឹកហ្វ៊ីលីពីនដែលឈរជើងនៅ Second Thomas Shoal។ CCP បានដាក់ពង្រាយកនាវារាប់រយគ្រឿង ដើម្បីល្បាតសមុទ្រចិនខាងត្បូង និងតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះពាសពេញ ហើយទីក្រុងម៉ានីលបានលើកឡើងថា នាវាទាំងនោះតែងតែរារាំង ឬដូចជាស្រមោលអន្ទោលតាមទូកហ្វ៊ីលីពីននៅក្នុងដែនទឹកដែលមានជម្លោះអ៊ីចឹង។
ភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានផ្ទុះឡើងនៅក្នុងខែសីហា ឆ្នាំ 2023 នៅពេលដែលនាវារបស់ CCP មួយគ្រឿងបានប្រើកាណុងបាញ់ទឹកប្រឆាំងទៅនឹងបេសកកម្មផ្គត់ផ្គង់របស់ហ្វ៊ីលីពីនទៅកាន់ Second Thomas Shoal ដោយរារាំងទូកហ្វ៊ីលីពីនមួយមិនឱ្យដឹកជញ្ជូនទំនិញរបស់ខ្លួន។ នាវិកទូកនេសាទវៀតណាមម្នាក់ក៏បានរាយការណ៍ផងដែរថា បានទទួលរងការវាយប្រហារដោយកាណុងបាញ់ទឹកដោយនាវាឆ្មាំសមុទ្រចិនក្នុងខែនោះ ដោយលើកឡើងថាសមាជិកនាវិកម្នាក់បានរងរបួសបាក់ដៃខណៈដែលប្រធានក្រុមបានរងរបួសក្បាល។ ចាប់តាំងពីឆ្នាំ 2014 មក ទូកវៀតណាមយ៉ាងតិច 98 គ្រឿងត្រូវបានបំផ្លាញដោយនាវារបស់ PRC នេះបើយោងតាមសមាគមនេសាទនៅលើកោះ Ly Son ជិតភូមិភាគកណ្តាលនៃប្រទេសវៀតណាម។ កោះនេះជាជម្រករបស់ពលរដ្ឋរាប់រយគ្រួសារដែលប្រកបរបរចិញ្ចឹមជីវិតពឹងផ្អែកលើការនេសាទនៅសមុទ្រដែលមានជម្លោះ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។