តំបន់អូសេអានីភាពជាដៃគូវិវាទ/ភាពតានតឹង

សហរដ្ឋអាមេរិកនឹងអនុវត្តច្បាប់ដែនសមុទ្រជុំវិញប៉ាឡូ

THE ASSOCIATED PRESS

កងឆ្មាំសមុទ្រអាមេរិកបានលើកឡើងកាលពីខែសីហា ឆ្នាំ 2023 ថា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយប៉ាឡូដែលផ្តល់ឱ្យនាវាអាមេរិកនូវការអនុញ្ញាតឱ្យអនុវត្តច្បាប់ដែនសមុទ្រជាឯកតោភាគីនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសកោះប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីការស្នើរបស់ប្រធានាធិបតីប៉ាឡូឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជួយទប់ស្កាត់ «សកម្មភាពមិនគួរឱ្យចង់បាន» របស់ទីក្រុងប៉េកាំងនៅក្នុង ដែនទឹកសមុទ្ររបស់ខ្លួន។

កងឆ្មាំឆ្នេរសមុទ្របានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចព្រមព្រៀងនេះ កប៉ាល់ឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិកអាចអនុវត្តបទប្បញ្ញត្តិនៅក្នុងតំបន់ EEZ របស់ប៉ាឡូក្នុងនាមជាប្រទេសដោយគ្មានវត្តមានមន្ត្រីប៉ាឡូ។

ប្រធានាធិបតីប្រទេសប៉ាឡូ លោក Surangel S. Whipps Jr. ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ក្នុង​ការ​ចេញ​ផ្សាយ​នេះថា៖​ «កិច្ចព្រមព្រៀងនេះជួយប៉ាឡូក្នុងការត្រួតពិនិត្យតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង ការពារប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ និងរារាំងនាវាដែលមិនបានអញ្ជើញ មិនឱ្យធ្វើសមយុទ្ធដែលមើលទៅគួរឱ្យសង្ស័យនៅក្នុងដែនទឹករបស់យើង»។

«កិច្ចព្រមព្រៀងទាំងនេះហើយ ដែលជួយយើងធ្វើការឆ្ពោះទៅរកគោលដៅរួមរបស់យើងចំពោះបញ្ហាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់»។

សេចក្តីថ្លែងការណ៍នេះមិនបានលើកឡើងអំពីសាធារណៈរដ្ឋប្រជាមានិតចិន (PRC) នោះទេ ប៉ុន្តែកាលពីខែមិថុនា លោក Whipps បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា ទូករបស់ចិនចំនួនបីគ្រឿងបានចូលទៅក្នុងដែនទឹកនៃប្រទេសរបស់លោកដោយ «មិនបានអញ្ជើញ» ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងឆ្នាំ 2021 ហើយបានសង្កត់ធ្ងន់នៅពេលនោះថាជា ការត្រូវការការការគាំទ្របន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីបង្កើនការរារាំងប្រឆាំងនឹងការអះអាងរបស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងតំបន់។

លោក Whipps បានថ្លែងបន្តថា៖ «សហរដ្ឋអាមេរិកមានទំនួលខុសត្រូវចំពោះបញ្ហាសន្តិសុខរបស់យើង ហើយយើងក៏នឹងជូនដំណឹងដល់ពួកគេថា យើងត្រូវការឱ្យពួកគេចូលរួម និងជួយយើងក្នុងការរារាំងសកម្មភាពដែលមិនចង់បានណាមួយ»។

ភាពតានតឹងបាននឹងកំពុងតែកើនឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅពេលដែលបក្សកុម្មុយនិស្តចិនប្រកាន់ខ្ជាប់ទៅនឹងការទាមទារដែនសមុទ្រដែលរីករាលដាលរបស់ខ្លួន ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានរុញច្រានត្រឡប់មកវិញ។

នៅពេលប្រហាក់ប្រហែលគ្នានៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៉ាឡូកាលពីសប្តាហ៍មុន គឺមានទូកហ្វ៊ីលីពីន ចំនួនពីរគ្រឿង ជាមួយនឹងយន្តហោះស៊ើបការណ៍របស់កងទ័ពជើងទឹកអាមេរិកហោះពីលើ ដែលបានឆ្លងកាត់របាំងការពារដែលបង្កើតឡើងដោយឆ្មាំសមុទ្រចិននៅសមុទ្រចិនខាងត្បូង ដោយបាននាំយកគ្រឿងផ្គត់ផ្គង់ដល់កងកម្លាំងហ្វ៊ីលីពីនដែលកំពុងឃ្លាំមើលតំបន់ជម្លោះមួយ។

វាគឺជាបញ្ហាដែលផ្ទុះឡើងចុងក្រោយបង្អស់ពីជម្លោះទឹកដីដ៏រ៉ាំរ៉ៃនៅក្នុងសមុទ្រដ៏មមាញឹកនេះ ដែលពាក់ព័ន្ធនឹងសាធារណរដ្ឋប្រជាមានិតចិន និងមិនត្រឹមតែប៉ះពាល់ដល់ហ្វ៊ីលីពីនប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាមផងដែរ។

នៅក្នុងខែមិថុនា ឆ្នាំ 2023 លោក Whipps បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានធ្វើសកម្មភាពត្រួតពិនិត្យនៅក្នុងដែនទឹកប៉ាឡូ ហើយបានលើកឡើងថា ប្រទេសរបស់លោកអាចនឹងត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងប៉េកាំង ជុំវិញជំហររបស់ខ្លួនចំពោះតៃវ៉ាន់។

ប៉ាឡូគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលទទួលស្គាល់តៃវ៉ាន់ និងរក្សាទំនាក់ទំនងការទូតជាមួយកោះនេះ ដែលតៃវ៉ាន់បានបំបែកចេញពីចិនដីគោកក្នុងអំឡុងសង្គ្រាមស៊ីវិលក្នុងឆ្នាំ 1949 ហើយបានបង្កើតរដ្ឋាភិបាលដាច់ដោយឡែកពីរបបកុម្មុយនិស្តនៅទីក្រុងប៉េកាំង។

នៅកន្លែងផ្សេងទៀតនៅតំបន់ប៉ាស៊ីហ្វិក រដ្ឋាភិបាលនៃកោះសូឡូម៉ុង ត្រូវបានបញ្ចុះបញ្ចូលឱ្យប្តូរការទទួលស្គាល់ការទូតរបស់ខ្លួនពីតៃវ៉ាន់ទៅប្រទេសចិននៅឆ្នាំ 2019។ ចាប់តាំងពីពេលនោះមកកោះសូឡូម៉ុង បានចុះហត្ថលេខាលើ កតិកាសញ្ញាសន្តិសុខសម្ងាត់ ជាមួយសាធារណរដ្ឋប្រជាមានិតចិនដែលបង្កឱ្យមានការព្រួយបារម្ភថា នោះនឹងអាចផ្តល់ឱ្យទីក្រុងប៉េកាំងនូវជំហរយោធានៅប៉ាស៊ីហ្វិកខាងត្បូង។

សហរដ្ឋ​អាមេរិក​បាន​ប្រឆាំង​នឹង​ចំណាត់ការ​ការទូត​របស់​ខ្លួន រួម​ទាំង ការ​បើក​ស្ថានទូត​មួយ នៅ​កោះសូឡូម៉ុង។

កិច្ចព្រមព្រៀងជាមួយប៉ាឡូមានលក្ខណៈស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀង ដែលបានធ្វើឡើងជាមួយនឹងរដ្ឋសហព័ន្ធមីក្រូណេស៊ីនៅចុងឆ្នាំ 2022 បន្ទាប់ពីឆ្មាំឆ្នេរសមុទ្រអាមេរិកបានធ្វើការដំណើរទៅកាន់ប្រជាជាតិប៉ាស៊ីហ្វិក។

សហរដ្ឋអាមេរិកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទ្វេភាគីកាលពីខែឧសភាជាមួយប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ដែលនឹងអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រអាមេរិកធ្វើការហោះហើរជាមួយសមភាគីក្នុងស្រុករបស់ខ្លួននៅក្នុងតំបន់ EEZ របស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេជាលើកដំបូងនៅចុងឆ្នាំនេះ។

ឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកបានលើកឡើងថា កិច្ចព្រមព្រៀងទាំងនេះបង្ហាញពី «ការវិនិយោគជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកក្នុងការការពារធនធានរួម និងផលប្រយោជន៍លើសុវត្ថិភាព និងសន្តិសុខសមុទ្រ»។

ឆ្មាំសមុទ្របានលើកឡើងថា៖ «សាមគ្គីភាពនៃកិច្ចខិតខំប្រឹងប្រែងនេះជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក រួមទាំងកិច្ចសហប្រតិបត្តិការជាមួយប៉ាឡូ គឺជាការពង្រីកសមត្ថភាពរួមរបស់យើងក្នុងការការពារធនធាន និងរក្សាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហសម្រាប់ប្រជាជាតិទាំងអស់ដែលគោរពច្បាប់»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button