ប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធ Super Garuda Shield ឆ្នាំ 2023 ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់
Gusty Da Costa
សមយុទ្ធយោធាពហុភាគី និងកងកម្លាំងចម្រុះនៃសមយុទ្ធ Super Garuda Shield ឆ្នាំ 2023 បានចាប់ផ្តើមនៅថ្ងៃទី 31 ខែសីហា នៅក្នុងខេត្ត East Java របស់ប្រទេសឥណ្ឌូណេស៊ី។
ប្រទេសចំនួនប្រាំពីរ រួមមាន អូស្ត្រាលី បារាំង ឥណ្ឌូណេស៊ី ជប៉ុន សិង្ហបុរី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក រួមគ្នាដាក់ពង្រាយទាហានប្រហែល 5 000 នាក់ និងធនធានសម្រាប់វិស័យការពារជាតិផ្សេងៗ។ ប្រទេសចំនួនដប់ពីរទៀតបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនផងដែរ។
នាយឧត្តមសេនីយ៍ Charles Flynn មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក បានលើកឡើងថា៖ «សមយុទ្ធ Super Garuda Shield ឆ្នាំ 2023 ប្រើភាពជោគជ័យដ៏អស្ចារ្យកាលពីឆ្នាំមុន» លោក Flynn បានបន្ថែមទៀតថា៖ «សមយុទ្ធហ្វឹកហ្វឺនចម្រុះជាតិសាសន៍រួមគ្នានេះបង្ហាញពីការប្តេជ្ញាចិត្តរួម និងការរួបរួមគំនិតរបស់យើង គឺជាការលើកកម្ពស់ស្ថិរភាព សុវត្ថិភាព និងសន្តិភាពតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី Antara។
សមយុទ្ធនេះមានគោលបំណងពង្រឹងអន្តរប្រតិបត្តិការ សមត្ថភាព ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកចូលរួម ហើយនឹងបញ្ចប់នៅថ្ងៃទី 13 ខែកញ្ញា។
ផលប្រយោជន៍ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាលើបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ជាពិសេសទឹកដីដែលប្រជាជនឥណ្ឌូណេស៊ីស្គាល់ថាជាសមុទ្រ Natuna ខាងជើង នេះបើយោងតាម លោក Teuku Rezasyah សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Padjadjaran របស់ប្រទេសឥណ្ឌូណេស៊ី។
លោកបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «យើង [ឥណ្ឌូណេស៊ី] ចង់បានសេរីភាពនៃការធ្វើនាវាចរណ៍ សហរដ្ឋអាមេរិកក៏ចង់បានសេរីភាពនៃការធ្វើនាវាចរណ៍ដូចគ្នា។ យើងក៏មិនចង់ឱ្យមានការដណ្តើមយកផ្ដាច់មុខដោយមហិច្ឆតាទឹកដីរបស់ចិនតាមរយៈការដាក់ពង្រាយទូកនេសាទរបស់ខ្លួន ទូកឆ្មាំឆ្នេរសមុទ្ររបស់ខ្លួនដែលបានប្រព្រឹត្តមិនសមរម្យយ៉ាងខ្លាំងនៅក្នុងសមុទ្រនេះនោះទេ»។ «យើងសង្ឃឹមថា សមយុទ្ធនេះនឹងការពារដោយប្រយោលនូវដែនសមុទ្ររបស់ឥណ្ឌូណេស៊ី និងការពារដែនសមុទ្រនៃបណ្តាប្រទេសអាស៊ាន [សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍] ផ្សេងទៀត»។
ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធ Garuda Shield ក្នុងឆ្នាំ 2007 ជាសមយុទ្ធយោធាទ្វេភាគី ដែលបានបន្តពង្រីកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នៅឆ្នាំ 2022 ក្រុមរៀបចំសមយុទ្ធនេះបានផ្លាស់ប្តូរឈ្មោះសមយុទ្ធនេះទៅជា Super Garuda Shield ដោយមានការចូលរួមពីប្រទេសជាច្រើនទៀត និងមានការបន្ថែមសមយុទ្ធកងទ័ពអាកាស និងកងទ័ពជើងទឹកផងដែរ។
កងកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានដាក់ពង្រាយរថក្រោះទំនើបប្រភេទ M1A1 Abrams និងរថយន្តយុទ្ធសាស្ត្ររាប់សិបគ្រឿង ក្នុងចំណោមធនធានសម្រាប់វិស័យការពារជាតិដែលដាក់ឱ្យចូលរួមក្នុងឆ្នាំ 2023។
កងទ័ពជើងទឹកសិង្ហបុរីបានដាក់ពង្រាយនាវាចម្បាំងពីរគ្រឿងទៅសមយុទ្ធនេះគឺ៖ នាវាចម្បាំង RSS Endeavour នាវាគាំទ្រការវាយប្រហារឡើងឆ្នេរប្រវែង 140 ម៉ែត្រ និងនាវាចម្បាំង RSS Vigour ដែលជានាវាចម្បាំងប្រភេទ corvette ប្រវែង 62 ម៉ែត្រ។ កងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី (TNI) និងទីបញ្ជាការកងកម្លាំងប្រដាប់អាវុធអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (USINDOPACOM) ក៏បានដាក់ពង្រាយនាវាចម្បាំង រួមទាំងសហរដ្ឋអាមេរិកផងដែរឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ Blackhawk និង Apache ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត High-Mobility Artillery Rocket System (HIMARS) រថពាសដែកធុនធ្ងន់ប្រភេទ Humvee និងរថយន្តដឹកជញ្ជូនភស្ដុភារ និងរថយន្តវេជ្ជសាស្រ្តមួយចំនួនទៀត។
សមយុទ្ធឆ្នាំ 2023 រួមបញ្ចូលសមយុទ្ធបុគ្គលិកនៅកម្រិតប្រតិបត្តិការ និងកងពលតូច សមយុទ្ធហ្វឹកហ្វឺនលើទីលានយុទ្ធសាស្ត្រ អង្គភាពតូចមួយ សមយុទ្ធហ្វឹកហ្វឺនលើទីលានទូទៅ សមយុទ្ធបាញ់គ្រាប់ពិត រួមបញ្ចូលគ្នា និងកម្មវិធីសកម្មភាពនៃវិស្វកម្មសំណង់ស៊ីវិលសម្រាប់ប្រជាពលរដ្ឋ (ENCAP)។
កងទាហាននៃ TNI ប្រហែល 1 900 នាក់ និងកងទាហានអាមេរិក 2 100 នាក់បានចូលរួមជាមួយមនុស្សរាប់រយទៀត ពីប្រទេសដែលចូលរួមផ្សេងទៀតសម្រាប់សមយុទ្ធនេះ។ ឆ្នេរ Banongan, Situbondo, Surabaya និងអាកាសយានដ្ឋាន Banyuwangi ស្ថិតក្នុងចំណោមទីតាំងសមយុទ្ធសម្រាប់ឆ្នាំ 2023 នេះ។
អ្នកសង្កេតការណ៍លើសមយុទ្ធនេះមកពីបណ្ដាលប្រទេសដែលរួមមាន ប្រ៊ុយណេ ប្រេស៊ីល កាណាដា អាល្លឺម៉ង់ ឥណ្ឌា ម៉ាឡេស៊ី ហូឡង់ នូវែលសេឡង់ ប៉ាពូអាស៊ីនូវែលហ្គីណេ ហ្វ៊ីលីពីន កូរ៉េខាងត្បូង និងទីម័រខាងកើត។
សមាសភាគកម្មវិធី ENCAP នៃសមយុទ្ធនេះបានចាប់ផ្តើមនៅថ្ងៃទី 18 ខែសីហា មុនពេលចាប់ផ្តើមសមយុទ្ធជាផ្លូវការ។ កម្មវិធីនេះមានការចូលរួមពីបុគ្គលិករាប់រយនាក់មកពីកងម៉ារីនទី 2 របស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី និងមកពី USINDOPACOM ដែលធ្វើការជាមួយសមាជិកសហគមន៍ដើម្បីជួសជុលសាលាបឋមសិក្សាមួយនៅក្នុងភូមិ Sumberejo សង្កាត់ Asembagus ក្នុងខេត្ត East Java។ ក្រុមការងារកំពុងសហការគ្នាក្នុងការសាងសង់បន្ទប់រៀនថ្មី បណ្ណាល័យ បន្ទប់គ្រូ បន្ទប់ទឹក និងជញ្ជាំងសាលា ព្រមទាំងអាងស្តុកទឹក ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់សិស្ស។
TNI បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធី ENCAP បង្ហាញពី «វិធីសាស្រ្តដ៏ទូលំទូលាយ» ដែលសមយុទ្ធ Super Garuda Shield ត្រូវផ្តល់ជូន។
TNI បានលើកឡើងថា៖ «សមយុទ្ធនេះមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សម្រាប់ទាំង TNI និងយោធាសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឥទ្ធិពលយូរអង្វែង និងមាននិរន្តរភាពសម្រាប់សហគមន៍មូលដ្ឋានជុំវិញតំបន់ហ្វឹកហ្វឺនផងដែរ»។ «សមយុទ្ធនេះគឺជាសមយុទ្ធយោធារួមដ៏ធំបំផុតមួយនៅក្នុងតំបន់ ហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ស្ថិរភាពក្នុងតំបន់»។
លោក Gusty Da Costa គឺជាសហការីនិពន្ធរបស់ទស្សនាវដ្ដី FORUM ដែលរាយការណ៍ពីទីក្រុងហ្សាការតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។