វិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

ប្រទេសវៀតណាម ខ្លះទៀតប្រឆាំងនឹងការសាងសង់របស់ចិននៅកោះ Triton ក្នុងសមុទ្រចិនខាងត្បូង

បុគ្គលិករបស់ទស្សនាវដ្តី FORUM

រូបភាពផ្កាយរណបដែលទទួលបាននាពេលថ្មីៗនេះបង្ហាញពីអ្វីដែលអ្នកវិភាគជឿថាជាផ្លូវរត់របស់យន្តហោះ ឬផ្លូវដែលត្រូវបានសាងសង់ដោយបក្សកុម្មុយនិស្តចិន (CCP) នៅលើកោះ Triton ដែលជាផ្នែកមួយនៃក្រុមកោះ Paracel ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ អ្វី​ដែល​អ្នក​ជំនាញ​យល់​ឃើញ​ថាមានសារៈសំខាន់អំពី​ការ​រក​ឃើញ​នោះ​គឺ​ទីតាំង​កោះ​ដែល​គ្រប់គ្រង​ដោយ​ចិន​នៅជិត​បំផុត​ជាមួយ​ប្រទេស​វៀតណាម​ក្នុង​ទឹកដី​ជម្លោះ។

មន្ត្រីវៀតណាម តៃវ៉ាន់ និងសហរដ្ឋអាមេរិកកាលពីចុងខែសីហា ឆ្នាំ 2023 បានជំទាស់ជាសាធារណៈចំពោះការស្ថាបនានេះ ដែលពួកគេអះអាងថាជាផ្នែកមួយនៃការពង្រីកយោធារបស់បក្សកុម្មុយនិស្ត​ចិនដើម្បីជំរុញការទាមទារដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។

«ការទាមទារឡើងវិញរបស់ទីក្រុងប៉េកាំង និងការធ្វើយោធាលើទីតាំងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលខ្លួនមានចេតនាក្នុងការប្រើប្រាស់ការបង្ខិតបង្ខំ និងការបំភិតបំភ័យ រួមជាមួយនឹងសកម្មភាពបង្កជម្លោះផ្សេងទៀតដែលធ្វើឡើង ដើម្បីអនុវត្តការទាមទារដែនសមុទ្រចិនខាងត្បូងដែលលាតសន្ធឹង និងខុសច្បាប់ ដែលបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់» អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ប្រចាំនៅកូរ៉េ ដោយ​បន្ថែម​ថា សហរដ្ឋ​អាមេរិក «ច្រាន​ចោល​ជា​ដាច់​ខាត» ការ​ទាមទារ​ដែន​សមុទ្រ​ខុស​ច្បាប់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន «និង​ការ​ជ្រៀត​ជ្រែក​បែប​នេះ»។

គេហទំព័រព័ត៌មានការពារជាតិ The War Zone បានហៅល្បឿននៃការសាងសង់ថា «គួរឱ្យភ្ញាក់ផ្អើល» ដោយលើកឡើងថាវាបានប្រៀបធៀបរូបភាពផ្កាយរណបពី Planet Labs PBC ដែលបានថតនៅពាក់កណ្តាលខែកក្កដា ឆ្នាំ 2023 ដល់ដើមខែសីហា ឆ្នាំ 2023 ហើយ​រូបភាព​ពីមុន​មិន​បាន​បង្ហាញ​ពី​សកម្មភាព​បែប​នេះ​ទេ។

«ក៏ដូចជាទីលានចុះចតយន្តហោះដែរ រូបភាពពីផ្កាយរណបបង្ហាញពីកន្លែងធ្វើការថ្មីដ៏ធំមួយ រួមទាំងរោងចក្រស៊ីម៉ងត៍ផងដែរ។ វាគឺបានលេចរូបរាង​ឡើងក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​» នេះបើតាមសេចក្ដីរាយការរបស់ The War Zone ​កាល​ពី​ខែ​សីហាកន្លងទៅ។ «កាលពីមុន ប៉ុស្តិ៍ប្រចាំការរបស់ចិននេះគឺជាកន្លែងសម្រាប់ស្ថានីយសង្កេតការណ៍មួយដែលមានគម្របការពាររ៉ាដាចំនួនពីរ និងទង់ជាតិចិនធំៗមួយចំនួន ប៉ុន្តែមិនមានច្រើនជាននេះទៀតទេ»។

កោះនេះពីមុនមានតែកំពង់ផែតូចមួយ និងចំណតឧទ្ធម្កាគចក្រប៉ុណ្ណោះ នេះបើយោងតាម The War Zone។

សកម្មភាពរបស់បក្សកុម្មុយនិស្ត​ចិនទំនងជា «ប្រឆាំង» វៀតណាម នេះបើយោងតាមលោក Ray Powell នាយកនៃកម្មវិធី SeaLight ដែលជាកម្មវិធីដែលវិភាគយុទ្ធសាស្រ្តតំបន់ប្រទាញប្រទង់ក្នុងដែនសមុទ្ររបស់ចិននៅមជ្ឈមណ្ឌល Gordian Knot សម្រាប់នវានុវត្តន៍សន្តិសុខជាតិនៃសាកលវិទ្យាល័យ Stanford បានប្រាប់ VOA។ យោងតាម VOA បានឱ្យដឹងថា កោះ Triton ស្ថិតនៅកៀកប្រទេសវៀតណាមជាងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដែលនេះអនុញ្ញាតឱ្យចិនតាមដានសកម្មភាពយោធារបស់វៀតណាមជាប្រចាំ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងខែសីហា ឆ្នាំ 2023 ថា៖ «សកម្មភាពបែបនេះនឹងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងបង្ហាញឱ្យឃើញពីការខូចប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងជើងហោះហើរឆ្លងកាត់» ក្នុងតំបន់ នេះ​បើ​យោងតាម VOA។ «រាល់សកម្មភាពនៅប្រជុំកោះ Paracel ដែលធ្វើឡើងដោយគ្មានការអនុញ្ញាតពីវៀតណាម គឺជាការរំលោភលើអធិបតេយ្យភាពរបស់វៀតណាម»។

បក្សកុម្មុយនិស្ត​ចិនបានបង្កើតទីតាំងយោធាជាបីទម្រង់រួចហើយនៅក្នុងប្រជុំកោះ Spratly ដែលមានជម្លោះ ហើយកងទ័ពរំដោះប្រជាជនមានយន្តហោះចម្បាំង មីស៊ីលគ្រូស និងប្រព័ន្ធរ៉ាដានៅលើកោះ Woody ដែលបម្រើជាមូលដ្ឋានគោលរបស់ខ្លួននៅប្រជុំកោះ Paracels។

ទីលានចុះចតយន្តហោះដែលគេបានសង្ស័យនៅលើកោះ Triton ហាក់ដូចជាតូចជាងនៅលើកោះ Wood នេះបើយោងតាម The War Zone។

«ជាការពិតណាស់ នៅតែអាចទៅរួចដែលថា វាគ្រាន់តែជាផ្លូវមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែវាហាក់ដូចជាមិនទំនងទេ នៅក្នុងពេលនេះ» នេះបើយោងទៅតាម The War Zone។ «សូមចងចាំទុកក្នុងចិត្តថា មិនថាផែនការរយៈពេលវែងណាមួយសម្រាប់ការបន្ថែមថ្មីនេះបែបណាក៏ដោយ ទីតាំងនៃកោះ Triton អាចជាការអភិវឌ្ឍដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធនេះដែលមានសារៈសំខាន់ក្នុងការគ្រប់គ្រងយុទ្ធសាស្រ្ត»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button