ការរីកសាយអាវុធអាស៊ីឥសាន / NEA

នៅពេលដែលកូរ៉េខាងជើងបង្ហាញនាវាមុជទឹក អ្នកជំនាញបានលើកឡើងពី «សញ្ញានៃការបោកបញ្ឆោត»

បុគ្គលិករបស់ទស្សនាវដ្តី FORUM

អ្នក​វិភាគអះអាងថា លោក Kim Jong Un គឺហាក់ដូចជាមានក្ដីបារម្ភតាមរយៈការអះអាងបំផ្លើសអំពីសមត្ថភាពនៃឃ្លាំងអាវុធរបស់កូរ៉េខាងជើង កាលពីដើមខែកញ្ញាឆ្នាំ 2023 នៅពេលដែលរបបនេះបានបង្អួតពីនាវាមុជទឹក ដែលត្រូវបានគេរាយការណ៍ថាអាចសមត្ថភាពវាយប្រហារដោយនុយក្លេអ៊ែរបាននោះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានអះអាងថា នាវានេះអាចបាញ់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រពីក្រោមទឹក ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនមីស៊ីលដែលខ្លួនអាចផ្ទុក ឬបាញ់នោះទេ នេះបើតាមសារព័ត៌មាន Associated Press (AP) បានរាយការណ៍។​​ យោងតាមកាសែតកូរ៉េខាងត្បូង Chosun Ilbo បានឱ្យដឹងថា អ្នកជំនាញបានសង្ស័យលើការអះអាងទាំងនោះ។

កាសែតនេះបានរាយការណ៍ថា អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលមានការងឿងឆ្ងល់អំពីការរចនានៃនាវាមុជទឹក ជាពិសេសទាក់ទងនឹងវត្តមានបំពង់ទម្របាញ់មីស៊ីលចំនួន 10 ដែលហាក់ដូចជាមិនទំនងសម្រាប់នាវាមុជទឹកតូចមួយនេះ។ យោងតាមកាសែតកូរ៉េខាងត្បូង Chosun Ilbo បានឱ្យដឹងថា តាមការប្រៀបធៀប នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Ohio របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានទំហំធំជាងនាវាកូរ៉េខាងជើងទៅដល់ប្រាំមួយដង គឺមានត្រឹមបំពង់ទម្របាញ់បង្ហោះចំនួន 22 ប៉ុណ្ណោះ។

អគ្គសេនាធិការចម្រុះបានប្រាប់កាសែតនេះថា ដោយផ្អែកលើរូបរាងរបស់នាវាមុជទឹកកូរ៉េខាងជើងនេះ វាមិនអាច «ដំណើរការបែបធម្មតានោះទេ»។

ក្រុមនេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មានសញ្ញានៃការបោកបញ្ឆោត ឬការបំផ្លើស»។

មានការចោទសួរផងដែរថាតើនាវាមុជទឹករបស់កូរ៉េខាងជើងបានត្រៀមខ្លួនសម្រាប់កាតព្វកិច្ចប្រតិបត្តិការដែរឬទេ ហើយថាតើប្រទេសដាច់ដោយឡែកមួយនេះអាចសាងសង់នាវាប្រភេទនេះបន្ថែមបានដែរឬទេ។

ការអត្ថាធិប្បាយ ​និង​រូបថត​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​បង្ហាញ​ថា​វា​ជា​នាវាមុជទឹក​ដូចគ្នា​ដែល ​លោក Kim បាន​ត្រួតពិនិត្យ ​ខណៈពេលដែលនាវានេះ​កំពុងស្ថិតនៅក្រោម​ការសាងសង់​នៅក្នុង​ឆ្នាំ 2019។ នៅពេលនោះ អ្នកជំនាញបានលើកឡើងថា វាប្រហែលជានាវាមុជទឹកថ្នាក់ Romeo ដែលបានកែប្រែ ដែលជានាវាប្រើម៉ាស៊ូត និងអគ្គិសនី ដែលរចនាឡើងដោយសូវៀត ដែលត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ 1957 និង 1961 ហើយទទួលបានពីប្រទេសចិនក្នុងទសវត្សរ៍ឆ្នាំ 1970។

លោក Ankit Panda អ្នកជំនាញជាន់ខ្ពស់ក្នុងកម្មវិធីគោលនយោបាយនុយក្លេអ៊ែរនៅវិទ្យាស្ថាន​រួមចំណែក Carnegie សម្រាប់​សន្តិភាព​អន្តរជាតិ (Carnegie Endowment for International Peace) បានប្រាប់ សារព័ត៌មាន AP ថា៖ «នាវាមុជទឹកនេះទោះបីជាមានការកែប្រែយ៉ាងខ្លាំងក៏ដោយ ក៏នៅតែផ្អែកលើបច្ចេកវិទ្យាដើមក្នុងទស្សវត្សរ៍ឆ្នាំ 1950 របស់សហភាពសូវៀត ដែលភ្ជាប់មកជាមួយនូវលក្ខខណ្ឌកំណត់មួយចំនួនដែរ»។ ទោះយ៉ាងណាក៏ដោយ លោកបានព្រមានថា ទីក្រុងព្យុងយ៉ាងអាចបង្កឱ្យមានភាពស្មុគស្មាញដល់ «បញ្ហាប្រឈមក្នុងការកំណត់គោលដៅ» សម្រាប់សត្រូវនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។

កូរ៉េខាងជើងបានបង្កើនការសាកល្បងមីស៊ីលបាលីស្ទីក និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្គើននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅដើមខែកញ្ញា ឆ្នាំ 2023 ទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះមីស៊ីលគ្រូសដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរសាកល្បង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលអះអាងថា ខ្លួនបានធ្វើត្រាប់តាម «ការវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ»។

ចំណាត់ការចុងក្រោយនេះកើតឡើងនៅពេលដែលកូរ៉េខាងត្បូងបានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយប្រទេសដែលមានគំនិតដូចគ្នា រួមមានប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ហើយថ្មីៗនេះ ប្រទេសទាំងបីបានជួបពិភាក្សានៅឯជុំរុំប្រធានាធិបតីអាមេរិក Camp David ដែលជាកន្លែងដែលពួកគេបានព្រមព្រៀងគ្នាក្នុងការពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ និងសេដ្ឋកិច្ច ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការការពារមីស៊ីលបាលីស្ទីកឱ្យប្រសើរឡើង ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។

លោក Kim ក៏បានលើកឡើងផងដែរថា របបរបស់លោកមានគោលបំណងបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន។ នាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិកទាំងអស់ គឺដើរដោយថាមពលនុយក្លេអ៊ែរ។ បារាំង ឥណ្ឌា សាធារណរដ្ឋប្រជាមានិតចិន (PRC) រុស្ស៊ី និងចក្រភពអង់គ្លេស ក៏ដំណើរការនាវាមុជទឹកបំបាំងកាយពីរ៉ាដាផងដែរ។ លោក Panda បានប្រាប់សារព័ត៌មាន AP ថា វាមិនទំនងទេដែលកូរ៉េខាងជើងអាចផលិតនាវាទំនើបបែបនេះដោយគ្មានជំនួយនោះ។

ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា កាលពីមុន កូរ៉េខាងជើងមាននាវាមុជទឹកដែលគេដឹងថាមានសមត្ថភាពបាញ់មីស៊ីល ដែលអ្នកវិភាគចាត់ទុកថាជាវេទិកាសាកល្បង។ យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត ពី 70 ទៅ 90 គ្រឿងរបស់ទីក្រុងព្យុងយ៉ាងភាគច្រើនសុទ្ធតែជានាវាចាស់ៗ ហើយអាចបាញ់គ្រាប់ torpedo និងមីន ប៉ុន្តែមិនអាចបាញ់មីស៊ីលបាននោះទេ។

អ្នក​វិភាគលើកឡើង​ថា កូរ៉េ​ខាង​ជើង​អាច​នឹង​ងាក​ទៅ​រក​រុស្ស៊ី​សម្រាប់ផ្នែក​បច្ចេកវិទ្យា។ ទោះបីជាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រលយពាក្យរបស់លោកនៅក្នុងខែកញ្ញា ឆ្នាំ 2023 ថាទីក្រុងមូស្គូអាចនឹងជួយដល់ទីក្រុងព្យុងយ៉ាងក្នុងអភិវឌ្ឍសមត្ថភាពជឿនលឿនក៏ដោយ ក៏រុស្ស៊ីល្បីឈ្មោះខាងរក្សាការសម្ងាត់ខ្ពស់អំពីបច្ចេកវិទ្យាសព្វាវុធរបស់ខ្លួនផងដែរ សូម្បីតែពីដៃគូដូចជាសាធារណរដ្ឋប្រជាមានិតចិន។ សារព័ត៌មាន AP បានរាយការណ៍ថា លោក Putin ប្រហែលជាមិនចង់ផ្លាស់ប្តូរអាថ៌កំបាំងសម្រាប់ការផ្គត់ផ្គង់សព្វាវុធមួយចំនួនដែលកូរ៉េខាងជើងអាចផលិតសម្រាប់ជម្លោះរបស់វិមានក្រឹមឡាំងប្រឆាំងនឹងអ៊ុយក្រែននោះទេ។

ដោយមិនគិតពីសមត្ថភាពរបស់នាវាមុជទឹកថ្មីនេះ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានថ្កោលទោសលើទង្វើរបស់កូរ៉េខាងជើងថាជារឿង «គួរឱ្យអាម៉ាស» ដោយប្រាប់អ្នកយកព័ត៌មានថា លោក Kim បន្តបញ្ជូនធនធានមានកម្រិតទៅក្នុងការអភិវឌ្ឍអាវុធដែលប៉ះពាល់ជាអវិជ្ជមានដល់ប្រជាជនដែលក្រីក្ររួចទៅហើយនោះ។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button