ទស្សនៈសាកលវិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

ទីប្រឹក្សាសន្តិសុខបានឱ្យដឹងថា តៃវ៉ាន់រំពឹងថានឹងដាក់ពង្រាយនាវាមុជទឹកថ្មីចំនួនពីរគ្រឿងនៅឆ្នាំ 2027

សារព័ត៌មាន REUTERS

តៃវ៉ាន់សង្ឃឹមថានឹងដាក់ពង្រាយនាវាមុជទឹកថ្មីដែលបានផលិតនៅក្នុងស្រុកយ៉ាងហោចណាស់ចំនួនពីរគ្រឿងនៅឆ្នាំ 2027 និងអាចបំពាក់នូវមីស៊ីលម៉ូដែលក្រោយៗទៀត ដើម្បីពង្រឹងការទប់ស្កាត់ប្រឆាំងនឹងកងទ័ពជើងទឹករំដោះប្រជាជន (PLAN) របស់បក្សកុម្មុយនិស្ត​ចិន (CCP) និងការពារបណ្ដាញផ្គត់ផ្គង់សំខាន់ៗ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកកម្មវិធីនាវាមុជទឹក។

ទីក្រុងតៃប៉ិបានធ្វើឱ្យកម្មវិធីនេះក្លាយជាផ្នែកសំខាន់នៃគម្រោងប្រកបដោយមហិច្ឆតា ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងនាមជាបក្សកុម្មុយនិស្តចិន (CCP) ដែលទាមទារកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថាជាទឹកដីរបស់ខ្លួន ធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានផ្តួចផ្តើមកម្មវិធីនេះខណៈពេលលោកស្រីចូលកាន់តំណែងនៅក្នុងឆ្នាំ 2016។ ផែនការនេះបានទាក់ទាញអ្នកជំនាញ និងបច្ចេកវិទ្យាមកពីបណ្ដាប្រទេសជាច្រើន ដែលជារបកគំហើញមួយដ៏សំខាន់សម្រាប់តៃវ៉ាន់ដែលឯកោខាងផ្នែកការទូត។

នាយឧត្តមនាវី លោក Huang Shu-kuang ទីប្រឹក្សាសន្តិសុខរបស់ លោកស្រី Tsai បានឱ្យដឹងថា កងនាវានៃនាវាមុជទឹកចំនួន 10 គ្រឿង ដែលរួមមាននាវាមុជទឹកផលិតដោយប្រទេសហូឡង់ចំនួនពីរគ្រឿងដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងទសវត្សរ៍ឆ្នាំ 1980 នឹងធ្វើឱ្យវាកាន់តែពិបាកសម្រាប់ PLAN ក្នុងការបញ្ចេញថាមពលនៅតំបន់ប៉ាស៊ីហ្វិក។

លោក Huang បានថ្លែងនៅក្នុងសន្និសីទផ្ទៃក្នុងនៅខែកញ្ញា ឆ្នាំ 2023 ស្តីពីគម្រោងនេះថា៖ «ប្រសិនបើយើងអាចបង្កើនសមត្ថភាពប្រយុទ្ធនេះ ខ្ញុំមិនគិតថា យើងនឹងចាញ់សង្រ្គាមនោះទេ»។

លោក Huang បានបន្តទៀតថា នាវាមុជទឹកទីមួយដែលមានតម្លៃ 1,54 ពាន់លានដុល្លារ នឹងប្រើប្រាស់ប្រព័ន្ធប្រយុទ្ធដោយក្រុមហ៊ុន Lockheed Martin Corp. និងដឹកអាវុធក្រោមទឹក torpedo ប្រភេទ MK-48 ធុនធ្ងន់ ដែលផលិតនៅសហរដ្ឋអាមេរិក។ នាវាមុជទឹកនេះនឹង​ចូល​ទៅ​ក្នុង​ការ​សាកល្បង​ក្នុងសមុទ្រ​នៅ​ខែ​តុលា​មុន​ពេលដឹកជញ្ជូននៅ​ចុង​ឆ្នាំ 2024។

លោក Huang បានបន្ថែមថា នឹងមានការបំពាក់ម៉ូដែលបន្តបន្ទាប់ ដើម្បីផ្ទុកមីស៊ីលប្រឆាំងនាវា ទោះបីជាអាវុធទាំងនោះនឹងត្រូវបានបន្ថែមអាស្រ័យលើលទ្ធភាពផលិតនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ។

លោកបានហៅនាវាមុជទឹកនេះថាជា «ការរារាំងជាយុទ្ធសាស្ត្រ» ចំពោះនាវាចម្បាំងរបស់ PLAN ដែលឆ្លងកាត់ច្រកសមុទ្រ Miyako នៅក្បែរភាគនិរតីនៃប្រទេសជប៉ុន ឬផ្លូវទឹក Bashi Channel ដែលបែងចែករវាងតៃវ៉ាន់ចេញពីហ្វ៊ីលីពីន។

លោក Huang បានឱ្យដឹងទៀតថា នាវាមុជទឹកប្រើម៉ាស៊ូត និងអគ្គិសនីរបស់តៃវ៉ាន់អាចរក្សា PLAN នៅក្នុងប្រជុំកោះទីមួយ ដោយសំដៅទៅលើតំបន់ដែលលាតសន្ធឹងចេញពីប្រទេសជប៉ុនរហូតដល់តៃវ៉ាន់ ហ្វ៊ីលីពីន និងទៅកាន់កោះ Borneo ដោយព័ទ្ធជុំវិញដែនទឹកនៃឆ្នេរសមុទ្ររបស់ប្រទេសចិន។

លោក Huang បានបន្ថែមទៀតថា៖ «នេះក៏ជាគោលគំនិតយុទ្ធសាស្ត្ររបស់យោធាសហរដ្ឋអាមេរិកផងដែរ ក្នុងការទប់ស្កាត់ពួកគេនៅក្នុងប្រជុំកោះទីមួយ និងបដិសេធការចូលរបស់ពួកគេ»។ «ប្រសិនបើតៃវ៉ាន់ត្រូវបានដណ្ដើមយក ជប៉ុន និងកូរ៉េខាងត្បូងប្រាកដជាមិនមានសុវត្ថិភាពឡើយ»។

PLAN រួមទាំងនាវាផ្ទុកយន្តហោះចម្បាំង Shandong របស់ខ្លួនបានធ្វើសកម្មភាពកាន់តែខ្លាំងឡើងក្នុងប៉ុន្មានខែថ្មីៗនេះ នៅឯភាគខាងកើតកោះតៃវ៉ាន់ ដែលជំរុញឱ្យមានក្ដីបារម្ភថាទីក្រុងប៉េកាំងអាចបើកការវាយប្រហារពីទីនោះ។ អ្នករៀបចំផែនការបានស្រមៃជាយូរមកហើយថាតំបន់នោះជាកន្លែងដែលយោធារបស់តៃវ៉ាន់នឹងប្រមូលផ្តុំឡើងវិញ និងរក្សាកងកម្លាំងរបស់ខ្លួនក្នុងអំឡុងពេលមានជម្លោះ។

លោក Huang បានលើកឡើងថា នាវាមុជទឹកអាចជួយរក្សា «ទំនាក់ទំនងដ៏សំខាន់» របស់កោះនេះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយរក្សាកំពង់ផែតាមបណ្តោយភាគខាងកើតកោះតៃវ៉ាន់សម្រាប់ការផ្គត់ផ្គង់នៅក្នុងជម្លោះ។ លោកថ្លែងបន្តថា៖ «នាវាមុជទឹកនឹងរក្សាកប៉ាល់របស់ពួកគេឱ្យឆ្ងាយពីច្រាំងខាងកើតរបស់យើង»។

Chieh Chung អ្នកស្រាវជ្រាវផ្នែកយោធានៅស្ថាប័នស្រាវជ្រាវរបស់មូលនិធិគោលនយោបាយជាតិរបស់តៃវ៉ាន់ បានលើកឡើងថា បក្សកុម្មុយនិស្ត​ចិន អាចដាក់ទីតាំងនាវាចម្បាំងនៅតំបន់ប៉ាស៊ីហ្វិក មុនពេលចាប់ផ្តើមការវាយប្រហារ។

ប៉ុន្តែលោកបានបន្ថែមថា នាវាមុជទឹកអាចកាន់កាប់ចំណុចវាយឆ្មក់ជាយុទ្ធសាស្ត្រនៅក្នុងតំបន់ និង «បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សមត្ថភាពប្រយុទ្ធ (PLAN)» ដោយកំណត់គោលដៅលើកប៉ាល់មានតម្លៃខ្ពស់ ដូចជាក្រុមនាវាផ្ទុកយន្តហោះចម្បាំង ឬកងនាវាវាយប្រហារឡើងឆ្នេរ។

តៃវ៉ាន់ទទួលបានប្រភពបច្ចេកវិទ្យា សមាសធាតុ និង​អ្នកជំនាញ​ពី​ប្រទេស​យ៉ាងតិច​ប្រាំពីរ​ដើម្បី​ជួយ​ខ្លួន​ក្នុងការ​ផលិតនាវាមុជទឹក។

លោក Huang បាន​បដិសេធ​មិនអត្ថាធិបាយ​ថា​ប្រទេស​ណា​ដែល​បាន​អនុម័ត​ការ​អនុញ្ញាត​ការ​នាំ​ចេញ​នោះ​ទេ ប៉ុន្តែ​បាន​បង្ហើបថា​លោក​បាន​ទាក់ទង​មេទ័ព​ពីបណ្ដា​ប្រទេស​រួម​មាន​ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button