ជប៉ុន និងអាមេរិក សហការគ្នាចំពោះឧបករណ៍ស្ទាក់ចាប់មីស៊ីលដែលមានល្បឿនលឿនជាងសំឡេង

លោក Felix Kim
ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើការចាប់ផ្តើមប្រតិបត្តិការ ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងពីប្រទេសមួយចំនួនដូចជាកូរ៉េខាងជើង សាធារណរដ្ឋប្រជាមានិតចិន (PRC) និងរុស្ស៊ី។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមានគោលបំណងអភិវឌ្ឍនូវប្រព័ន្ធមីស៊ីលដែលមានសមត្ថភាពក្នុងការស្ទាក់ចាប់អាវុធដែលមានល្បឿនលឿនជាងសំឡេង ក្នុងដំណាក់កាលផ្លាស់ទីរបស់អាវុធ ដែលតំណាងឱ្យការកើនឡើងយ៉ាងលឿនចំពោះវិស័យបច្ចេកវិទ្យាការពារជាតិ។
ក្រសួងការពារជាតិអាមេរិក (DOD) បានប្រកាសអំពីកម្មវិធីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការនៃឧបករណ៍ស្ទាក់ចាប់ដំណាក់កាលផ្លាស់ទី (GPI) នៅពាក់កណ្តាលខែសីហា ឆ្នាំ 2023 បន្ទាប់ពីមានការពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាសន្តិសុខរបស់សម្ព័ន្ធមិត្ត (2+2) ក្នុងខែមករា ឆ្នាំ 2023។
ការលេចឡើងនៃសមត្ថភាពវាយប្រហារដែលមានល្បឿនលឿនជាងសំឡេងគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
មីស៊ីលមានល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពធ្វើដំណើរបានលឿនជាងសំឡេងចំនួនប្រាំដង — ច្រើនជាង 6 000 គីឡូម៉ែត្រក្នុងមួយម៉ោង — គឺជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធការពារមីស៊ីលធម្មតា។ ល្បឿនលឿន មានភាពបត់បែន និងផ្លូវហោះហើរក្នុងរយៈកម្ពស់ទាប ធ្វើឱ្យពួកគេពិបាកក្នុងការតាមដាន និងស្ទាក់ចាប់ដោយប្រើប្រព័ន្ធរ៉ាដាបែបចាស់។ កម្មវិធី GPI ត្រូវបានរៀបចំឡើងដើម្បីបំផ្លាញមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងក្នុងដំណាក់កាលហោះរបស់វា ដែលជាផ្នែកនៃការហោះហើររបស់វារវាងការបាញ់បង្ហោះ និងការចូលទៅក្នុងបរិយាកាសឡើងវិញ នៅពេលដែលពួកវាងាយរងគ្រោះបំផុត។
កិច្ចសហការ GPI របស់ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន កើតឡើងចំពេលដែលមានការព្រួយបារម្ភអំពីការសាកល្បងមីស៊ីលបាលីស្ទីកម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង ដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងភាពជឿនលឿនរបស់ខ្លួនចំពោះវិស័យបច្ចេកវិទ្យាមីស៊ីល នេះបើតាមសារព័ត៌មានក្យូដូរបស់ជប៉ុនបានរាយការណ៍។ សកម្មភាពយោធាកាន់តែខ្លាំងឡើងរបស់សាធារណរដ្ឋប្រជាមានិតចិន នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងសមយុទ្ធរួមគ្នាជាមួយរុស្ស៊ីផងដែរ បានធ្វើឱ្យមានការព្រួយបារម្មណ៍ផងដែរ។
គម្រោង GPI គឺជាការអភិវឌ្ឍរួមគ្នាទីពីរនៃឧបករណ៍ស្ទាក់ចាប់មីស៊ីលដោយប្រទេសជប៉ុន និងអាមេរិក បន្ទាប់ពីមីស៊ីល Standard Missile (SM)-3 Block 2A ដែលជាមីស៊ីលជំនួសរបស់ SM-3 Block 1A ដែលត្រូវបានផលិតដោយអាមេរិកតែប៉ុណ្ណោះ។
ដំបូងឡើយ ប្រទេសជប៉ុនបានពិចារណាលើការពង្រឹងប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់របស់ខ្លួន ដើម្បីដោះស្រាយទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយអាវុធដែលមានល្បឿនលឿនជាងសំឡេង ដូចជាប្រភេទ Type-03 រយៈចម្ងាយមធ្យមរបស់កងកម្លាំងស្វ័យការពារដែនគោកជប៉ុន មីស៊ីលបញ្ជាបាញ់ពីដីទៅលើអាកាស និងឧបករណ៍ស្ទាក់ចាប់មីស៊ីល Standard Missile-6 របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន នេះបើតាមសារព័ត៌មានក្យូដូ។ ប្រព័ន្ធទាំងនោះផ្តោតជាចម្បងលើការស្ទាក់ចាប់មីស៊ីលក្នុងអំឡុងពេលដំណាក់កាលចុងក្រោយរបស់វា ទោះជាយ៉ាងណាក៏ដោយ ត្រូវការការអភិវឌ្ឍសមត្ថភាព ដើម្បីទម្លាក់ពួកវាក្នុងដំណាក់កាលហោះ។
សហរដ្ឋអាមេរិកក៏កំពុងផលិតឧបករណ៍ស្ទាក់ចាប់ដែលបាញ់ចេញពីនាវាពិឃាត Aegis ដើម្បីភ្ជាប់អាវុធដែលមានល្បឿនលឿនជាងសំឡេងក្នុងអំឡុងពេលដំណាក់កាលហោះ ដែលអាចនឹងស្របគ្នាជាមួយនឹងគម្រោង GPI។
កម្មវិធី GPI ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងអាមេរិក និងជប៉ុនឆ្នាំ 2023 សម្រាប់គម្រោងស្រាវជ្រាវ ការអភិវឌ្ឍ ការសាកល្បង និងការវាយតម្លៃ ដែលព្យាយាមពង្រឹងសមត្ថភាពរារាំងរបស់សម្ព័ន្ធមិត្ត នេះបើយោងតាមក្រសួងការពារជាតិ (DOD)។
ទីភ្នាក់ងារការពារមីស៊ីលរបស់អាមេរិកកំពុងដឹកនាំកម្មវិធី GPI ដោយកិច្ចសហការជាមួយក្រុមហ៊ុនការពារជាតិនានាដូចជា Raytheon និង Northrop Grumman។
ក្រសួងការពារជាតិ (DOD) បានលើកឡើងថា៖ «ការអភិវឌ្ឍសមត្ថភាពក្នុងការប្រឆាំងនឹងឧបករណ៍មានល្បឿនលឿនជាងសំឡេង គឺជាតម្រូវការបន្ទាន់សម្រាប់ប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងការលេចឡើងនៃការវាយលុកពីមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង និងសមត្ថភាពមីស៊ីលទំនើបផ្សេងទៀតសម្រាប់សកម្មភាពបង្ខិតបង្ខំ»។ ក្រសួងការពាជាតិបានបន្ថែមថា៖ «កិច្ចសហប្រតិបត្តិលើការអភិវឌ្ឍរបស់ GPI នឹងផ្អែកលើកិច្ចសហប្រតិបត្តិនៃការការពារមីស៊ីលរបស់អាមេរិក និងជប៉ុន ដែលមានរយៈពេលយូរ និងពង្រឹងជំហររារាំងរបស់សម្ព័ន្ធភាព»។
លោក Felix Kim គឺជាអ្នកធ្វើសេចក្តីអធិប្បាយព័ត៌មានប្រចាំទស្សនាវដ្តី FORUM ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។