ជប៉ុន និងហ្វ៊ីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែមានភាពស៊ីជម្រៅ ចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខរួមគ្នានោះ
បុគ្គលិករបស់ទស្សនាវដ្តី FORUM
នៅពេលដែលប្រទេសជប៉ុនបានប្រកាសផែនការដែលមិនធ្លាប់មានពីមុនមកកាលពីដើមឆ្នាំ 2023 ដើម្បីជួយពង្រឹងវិស័យការពារជាតិ និងសន្តិសុខនៅក្នុងប្រទេសដែលមានគំនិតដូចគ្នា ពេលនោះប្រទេសហ្វ៊ីលីពីនគឺស្ថិតនៅកំពូលនៃបញ្ជីរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កម្មវិធីជំនួយសន្តិសុខផ្លូវការរបស់ទីក្រុងតូក្យូ ត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យទីក្រុងម៉ានីលនូវរ៉ាដា និងទំនាក់ទំនងផ្កាយរណប ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រ រួមទាំងការការពារផ្លូវសំខាន់ៗរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះផងដែរ។ សេចក្ដីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីជប៉ុនសន្យាផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន 4,3 ពាន់លានដុល្លារ និងការវិនិយោគឯកជនក្នុងប្រទេសហ្វ៊ីលីពីន។
ប៉ុន្មានខែក្រោយមក ប្រទេសជប៉ុន ហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធត្រីភាគីជាលើកដំបូង។ សមយុទ្ធឆ្មាំសមុទ្រលើកដំបូងបាននាំបុគ្គលិកជាង 500 នាក់ទៅកាន់ដែនទឹកនៃខេត្ត Bataan របស់ប្រទេសហ្វ៊ីលីពីន ដើម្បីហាត់សមឡើងវិញនូវសកម្មភាពប្រឆាំងភេរវកម្ម ការប្រឆាំងការលួចប្លន់តាមសមុទ្រ និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
ព្រឹត្ដិការណ៍សំខាន់ៗបានកត់សម្គាល់ពីការចូលរួមផ្នែកការពារជាតិដ៏ស៊ីជម្រៅរវាងទីក្រុងម៉ានីល និងទីក្រុងតូក្យូ ដែលត្រូវបានជំរុញគាំទ្រដោយសហរដ្ឋអាមេរិក និងកសាងភាពជាដៃគូសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ជាច្រើនទសវត្សរ៍។ លោក Felix Chang អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយការបរទេសដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានសរសេរថា ហ្វ៊ីលីពីនគឺស្ថិតនៅជួរមុខចំពោះកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្សរ៍របស់ប្រទេសជប៉ុនក្នុងការពង្រឹងទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Chang បានរៀបរាប់ក្នុងសំណេរទៀតថា បញ្ហាប្រឈមផ្នែកសន្តិសុខរួមធ្វើឱ្យប្រទេសដែនកោះទាំងពី ដែល «បានជួបប្រទះនឹងសម្ពាធសន្តិសុខកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង» មានទំនោរក្នុងការសហការគ្នា។ លោកបានបន្ថែមក្នុងសំណេរថា៖ «សម្រាប់ប្រទេសហ្វ៊ីលីពីន បញ្ហានោះត្រូវបានបង្ហាញនៅក្នុងទម្រង់ជាការបំភិតបំភ័យនៅដែនសមុទ្រពីភាគីចិន ការឆ្លៀតឱកាសកាន់កាប់តំបន់ថ្មប៉ប្រះទឹក Mischief និងការបិទផ្លូវ Scarborough Shoal នៅជិតប្រជុំកោះ Spratly ដែលមានជម្លោះ»។ «ចិនបានប្រកាសតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនៅសមុទ្រចិនខាងកើតដែលនៅជិតប្រទេសជប៉ុន និងបានយាយីនាវាជប៉ុននៅជុំវិញប្រជុំកោះ Senkaku ដែលមានជម្លោះ»។
ប្រទេសជប៉ុន និងហ្វ៊ីលីពីន គឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក។ ប្រទេសទាំងនេះក៏ជាអ្នកជិតខាងរបស់តៃវ៉ាន់ផងដែរ ដែលសាធារណរដ្ឋប្រជាមានិតចិនបន្តបង្កើនសម្ពាធផ្នែកយោធា ចំពេលដែលមានការគំរាមកំហែងម្តងហើយម្តងទៀតលើការបញ្ចូលកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះដោយកម្លាំងបាយ។ វិបត្តិបែបនេះមិនត្រឹមតែគំរាមកំហែងដល់ប្រទេសជប៉ុន និងហ្វ៊ីលីពីនប៉ុណ្ណោះទេ ប៉ុន្តែ ដោយសារសារៈសំខាន់នៃច្រកសមុទ្រតៃវ៉ាន់ចំពោះការដឹកជញ្ជូនពាណិជ្ជកម្មទូទាំងពិភពលោក ក៏នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចពិភពលោកប្រឈមនឹងហានិភ័យរាប់ទ្រីលានដុល្លារផងដែរ។
នៅក្នុងខែកុម្ភៈ ឆ្នាំ 2023 នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីហ្វ៊ីលីពីន លោក Ferdinand Marcos Jr. បានឯកភាពគ្នាថា កងកម្លាំងការពាររបស់ពួកគេនឹងសហការលើប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនៅក្នុងប្រទេសហ្វ៊ីលីពីន នេះបើតាមកាសែតជប៉ុន The Asahi Shimbun បានរាយការណ៍។ ការរៀបចំនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរឆ្ពោះទៅកាន់កតិកាសញ្ញាដែលនឹងអនុញ្ញាតឱ្យកងកម្លាំងរបស់ប្រទេសនីមួយៗធ្វើការហ្វឹកហ្វឺននៅលើទឹកដីរបស់ភាគីម្ខាងទៀត។ ការចរចារសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខដែលបានចាប់ផ្តើមនៅឆ្នាំ 2022 ដោយមានគោលបំណងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន។
កិច្ចព្រមព្រៀងដែលមានលក្ខណៈទូលំទូលាយជាងនេះ ស្រដៀងទៅនឹងកិច្ចព្រមព្រៀងកងកម្លាំងធ្វើដំណើរទស្សនកិច្ចក៏អាចនឹងមកដល់នាពេលខាងមុខផងដែរ។ គេហទំព័រ Asia Times បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីន លោក Enrique Manalo បានថ្លែងក្នុងអំឡុងសវនាការសភាកាលពីខែសីហា ឆ្នាំ 2023 ស្តីពីភាពតានតឹងនៅសមុទ្រចិនខាងត្បូងថា ក្រុងម៉ានីលកំពុងរៀបចំឱ្យមានកិច្ចព្រមព្រៀងបែបនេះជាមួយដៃគូសំខាន់ «នៅក្បែរប្រទេសចិន»។ វានឹងអនុញ្ញាតឱ្យប្រទេសនានាពង្រីកសមយុទ្ធយោធារួមគ្នា និងការផ្លាស់ប្តូរឧបករណ៍ការពារជាតិ ហើយអាចនាំឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាមួយដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្នដោយយថាហេតុ។
ប្រធានព្រឹទ្ធសភាហ្វ៊ីលីពីនលោក Juan Miguel Zubiri បានលើកឡើងកាលដើមឆ្នាំ 2023 ថា៖ «ប្រទេសជប៉ុនគឺជាសម្ព័ន្ធមិត្ត ហើយដោយមើលឃើញពីជម្លោះដែនដីដែលកំពុងបន្តនៅក្នុងដែនទឹករបស់ពួកយើង យើងមានជំហរក្នុងការទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែរឹងមាំជាមួយសម្ព័ន្ធមិត្តរបស់យើង» នេះបើយោងតាមសារព័ត៌មាន Asia Times។
ក្នុងអំឡុងជំនួបកាលពីខែសីហាជាមួយប្រធានគណបក្សនយោបាយ Komeito របស់ប្រទេសជប៉ុន លោក Marcos បានសង្កត់ធ្ងន់ពីតម្រូវការនៃកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីក្នុង «ការរក្សាសន្តិភាព និងអនុញ្ញាតឱ្យពាណិជ្ជកម្ម និងការដឹកជញ្ជូននៅសមុទ្រចិនខាងត្បូង ដំណើរការដោយសេរី» នេះបើយោងតាមគេហទំព័រព័ត៌មាន។
លោកក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងចំណោមប្រទេសជប៉ុន ហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក ដែលអ្នកវិភាគលើកឡើងថា ជាចំណុចសំខាន់ក្នុងការពង្រីកការរារាំងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាពិសេសនៅក្នុងផ្លូវទឹកដែលមានជម្លោះដូចជាសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។