តំបន់អាស៊ីអគ្នេយ៍ / SEAទស្សនៈសាកលភាពជាដៃគូអាស៊ីឥសាន / NEA

ចំណោទបញ្ហា ការព្រួយបារម្ភជាបន្តបន្ទាប់អំពីចេតនារបស់កូរ៉េខាងជើងក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មលើកទីបីនេះ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ក្រោយការប៉ុនប៉ងមិនបានសម្រេចចំនួនពីរលើក កូរ៉េ​ខាង​ជើង​ត្រូវ​បានរាយការណ៍​ថា​កំពុង​​នឹងព្យាយាមរៀបចំដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្មយោធាម្តងទៀតនៅខែតុលា ឆ្នាំ 2023 ដែលជាទិដ្ឋភាពនៃការបង្កើនការព្រួយ​បារម្ភផ្នែកសន្តិសុខនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចំពេលមានការកើនឡើងនៃមជ្ឈធាតុនិយមអំពីប្រសិទ្ធភាព​សក្តានុពលរបស់ឧបករណ៍នេះ។

រ៉ុក្កែត Chollima-1 ដំបូងបង្អស់ ដែលផ្ទុកផ្កាយរណបឈ្លបយកការណ៍ Malligyong-1 បានធ្លាក់ចូលទៅក្នុងសមុទ្រលឿងកាលពីថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023។ ក្រសួងការពារជាតិជប៉ុនបានរាយការណ៍ថា ការប៉ុនប៉ងលើកទីពីរក៏បានបរាជ័យដោយកម្ទេចកម្ទីគ្រាប់រ៉ុក្កែតនោះបានធ្លាក់ចូលទៅក្នុងសមុទ្រលឿង និងសមុទ្រចិនខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតហ្វ៊ីលីពីន កាលពីថ្ងៃទី 23 ខែសីហា។ ការប៉ុនប៉ងគ្មានប្រសិទ្ធភាពក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី បណ្តាលឱ្យមានការបំបែកនៃគ្រាប់រ៉ុក្កែតទាំងពីរ នៅពេលដែលពួកវាឈានទៅដល់ដំណាក់កាលបំបែក។

យោធាកូរ៉េខាងត្បូង បានរកឃើញកម្ទេចកម្ទីពីគ្រាប់រ៉ុក្កែត និងផ្កាយរណបដំបូងគេនោះ។ គេហទំព័រ SpaceNews បានរាយការណ៍កាលពីចុងខែសីហាថា នេះបានកំណត់ថា បច្ចេកវិទ្យារបស់ផ្កាយរណបនេះ «មិនទាន់មានភាពទំនើបគ្រប់គ្រាន់ក្នុងការបំពេញគោលបំណងឈ្លបយកការណ៍នោះទេ ទោះបីជាវាត្រូវបានបាញ់បង្ហោះដោយជោគជ័យក៏ដោយ»។ អ្នកជំនាញស៊ីវិលបានប្រាប់វិទ្យុ National Public Radio ​ថា ផ្កាយរណបចារកម្មទំនងជាអាចចាប់បានតែគោលដៅធំៗដូចជាកប៉ាល់ និងយន្តហោះប៉ុណ្ណោះ។ ការរុករកគ្រាប់រ៉ុក្កែតទីពីរនេះគឺកំពុងត្រូវបានដំណើរការ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទស្សនាវដ្ដី SpaceNews ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

បន្ទាប់ពីការបាញ់បង្ហោះលើកទីពីរ ប្រទេសជប៉ុនបានចេញការព្រមានខ្លីមួយសម្រាប់កោះនានាក្នុងខេត្តអូគីណាវ៉ា ហើយការប៉ុនប៉ងទាំងពីរនេះក៏ទទួលរងនូវការទិតៀនពីអន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់គ្រាប់រ៉ុក្កែត ដោយកត់សម្គាល់ថា ពួកគេបានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមមិនឱ្យកូរ៉េខាងជើងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក។ លោក​បាន​អំពាវនាវ​ឱ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​សកម្មភាព​បែប​នេះ ហើយ​បន្ត​ការ​ចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ធានា​សន្តិភាព​ប្រកប​ដោយ​និរន្តរភាព។

កាសែត The New York Times បានរាយការណ៍ថា ប្រទេសជប៉ុនបានតវ៉ាប្រឆាំងនឹងការបាញ់បង្ហោះជាលើកទីពីរ «ដោយប្រើភាសាធ្ងន់ៗបំផុត» ហើយកូរ៉េខាងត្បូងក៏បានចាត់ទុកវាថាជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។

កាសែតនេះបានធ្វើសេចក្ដីថ្លែងការណ៍ថា ទោះបីជាមានការជំទាស់បែបនេះក៏ដោយ ក៏កូរ៉េខាងជើងបានលើកឡើងថា ខ្លួននឹងដាក់ផ្កាយរណបមួយនៅក្នុង​គន្លង​តារាវិថី ដើម្បីតាមដានសកម្មភាពយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅក្នុងតំបន់ និងដើម្បីពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងនឹងស៊ើបអង្កេតទៅលើបេសកកម្មដែលមិនបានជោគជ័យទាំងនោះ ហើយ​នឹងធ្វើការកែតម្រូវបើចាំបាច់ និងបន្តការបាញ់បង្ហោះបន្ទាប់ នេះបើយោងតាមទស្សនាវដ្តី The Diplomat បានរាយការណ៍កាលពីចុងខែសីហាកន្លងទៅនេះ។

ការបាញ់បង្ហោះលើកទីពីរដែលទទួលបរាជ័យនោះបានធ្វើឡើងប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីដ៏សំខាន់នៅជំរុំ Camp David រដ្ឋ Maryland ដែលជាកន្លែងសម្រាកលំហែកាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមាននាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងប្រធានាធិបតីអាមេរិក លោក Joe Biden បានមកប្រជុំពិភាក្សាអំពីអាកប្បកិរិយាឈ្លានពានរបស់កូរ៉េខាងជើងក្នុងចំណោមប្រធានបទផ្សេងទៀត។ មន្ត្រីការទូតជាន់ខ្ពស់របស់ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានលើកឡើងថា ការបាញ់បង្ហោះផ្កាយរណបចារកម្ម និងការបង្កហេតុផ្សេងទៀតនឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៊ីនតោន នេះបើយោងតាមសារព័ត៌មាន Associated Press បានរាយការណ៍កាលពីចុងខែសីហា។ ទីភ្នាក់ងារសារព័ត៌មាន Yonhap News របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីដើមខែកញ្ញាថា ប្រទេសកូរ៉េខាងត្បូងបានចែករំលែកព័ត៌មានអំពីការឃ្លាំមើលជាមួយដៃគូទាំងពីររបស់ខ្លួនបន្ទាប់ពីការបាញ់បង្ហោះលើកទីពីរបានធ្វើឡើង ហើយប្រទេសទាំងបីបានដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសកូរ៉េខាងជើង ដូចជាការបង្កកទ្រព្យសម្បត្តិបុគ្គល និងអង្គការនានា។

ការបាញ់បង្ហោះផ្កាយរណបចារកម្ម និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង រួមទាំងចំនួនកំណត់ត្រានៃការសាកល្បងមីស៊ីលក្នុងឆ្នាំ 2022 បានកើតឡើងក្នុងពេលដំណាលគ្នានឹងបញ្ហាកង្វះអាហារធ្ងន់ធ្ងរដែលប្រទេសឯកោមួយនេះជួបប្រទះ។ គេហទំព័រ 38 North របស់មជ្ឈមណ្ឌល Stimson បានរាយការណ៍កាលពីពាក់កណ្តាលខែមករា ឆ្នាំ 2023 ថា កូរ៉េខាងជើងគឺជាប្រទេសស្ថិតក្នុងចំណោម ប្រទេសក្រីក្របំផុតរបស់ពិភពលោក ហើយប្រឈមមុខនឹងវិបត្តិអសន្តិសុខស្បៀងដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីមានគ្រោះទុរ្ភិក្សរីករាលដាលនៅក្នុងទសវត្សរ៍ឆ្នាំ 1990 មក។ ទោះជាយ៉ាងណា ប្រទេសនេះបែរជាបានចំណាយជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យយោធារបស់ខ្លួនទៅវិញ។ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានលើកឡើងថា ការចំណាយនេះគឺជាការចំណាយចាំបាច់សម្រាប់ការនៅបន្តរស់រានមានជីវិតរបស់ប្រទេសមួយនេះ។ គេហទំព័រ 38 North បានរាយការណ៍ថា៖ «មនុស្សម្នាក់អាចរស់នៅដោយគ្មានស្ករគ្រាប់ ប៉ុន្តែមនុស្សម្នាក់ទៀតអាចរស់នៅដោយគ្មានគ្រាប់កាំភ្លើងបានទេ»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button