ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើកលែងតែសាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ី សម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាភូមា ក្នុងការបង្កឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត

The Associated Press
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ – លើកលែងតែសាធារណរដ្ឋប្រជាមានិតចិន (PRC) និងរុស្ស៊ីចេញ – បានថ្កោលទោស «អំពើហឹង្សាឥតឈប់ឈរ» និងការសម្លាប់ជនស៊ីវិលក្នុងប្រទេសភូមា ហើយបានជំរុញជាថ្មីម្តងទៀតឱ្យរបបយោធានៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះបញ្ឈប់ការវាយប្រហារ ដោះលែងមេដឹកនាំដែលត្រូវបានបណ្តេញចេញ លោកស្រី Aung San Suu Kyi និងគោរពសិទ្ធិមនុស្ស។
នៅចុងខែសីហា ឆ្នាំ 2023 ប្រទេសចំនួនដប់បីក្នុងចំណោមប្រទេសសមាជិកទាំង 15 របស់ក្រុមប្រឹក្សានេះបានគាំទ្រសេចក្តីថ្លែងការណ៍មួយដែលមានខ្លឹមសារថាមាន «វឌ្ឍនភាពមិនគ្រប់គ្រាន់» លើការអនុវត្តដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដំបូងស្តីពីប្រទេសភូមាដែលត្រូវបានអនុម័តនៅក្នុងខែធ្នូ ឆ្នាំ 2022។ សាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ីដែលមានទំនាក់ទំនងជាមួយយោធាដែលបានដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលដែលបានជាប់ឆ្នោតក្នុងខែកុម្ភៈឆ្នាំ 2021 បានបោះឆ្នោតអនុប្បវាទជាមួយឥណ្ឌានៅក្នុងសំឡេងឆ្នោត 12-0 នោះ។
សេចក្តីថ្លែងការណ៍បានរំលឹកឡើងវិញនូវការទាមទារពីដំណោះស្រាយខែធ្នូ ឆ្នាំ 2022 ដែលនៅតែទាមទារឱ្យមានការដាក់ឱ្យអនុវត្ត៖ ការដោះលែងអ្នកទោស «ដែលត្រូវបានឃុំខ្លួនដោយបំពាន» ភ្លាមៗ រួមមានទាំងលោកស្រី Aung San Suu Kyi និងប្រធានាធិបតី Win Myint, ការស្ដារឡើងវិញនូវស្ថាប័នប្រជាធិបតេយ្យ, ការគោរពសិទ្ធិមនុស្ស និង «ឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជន» និងការលើកកម្ពស់នីតិរដ្ឋ។
សេចក្តីថ្លែងការណ៍នេះក៏បានអំពាវនាវឱ្យមានការអនុវត្តពេញលេញនៃផែនការសន្តិភាពដោយសមាជិកទាំង 10 នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមេដឹកនាំយោធាភូមាបានយល់ព្រមក្នុងខែមេសា ឆ្នាំ 2021 ប៉ុន្តែមិនបានគោរព។
សមាជិកក្រុមប្រឹក្សាទាំង 13 បានឱ្យដឹងថា សកម្មភាពរបស់យោធាបានធ្វើឱ្យប្រជាជនជាង 18 លាននាក់នៅក្នុងប្រទេសភូមាត្រូវការជំនួយមនុស្សធម៌ ដែលជាង 15 លាននាក់នៃប្រជាជនទាំងនោះមិនមានលទ្ធភាពទទួលបានអាហារគ្រប់គ្រាន់ជាទៀងទាត់ ហើយមនុស្សចំនួន 2 លាននាក់ត្រូវបានជម្លៀសចេញ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា អ្នកការទូតបានពិភាក្សាអំពីរបាយការណ៍របស់អ្នកស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិ ដែលបានលើកឡើងថា យោធា និងកងជីវពលដែលមានសម្ព័ន្ធភាពរបស់ភូមាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាន់តែញឹកញាប់ និងសាហាវ។
យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់ភូមា ដែលបង្កើតឡើងក្នុងឆ្នាំ 2018 ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងថា ខ្លួនក៏បានរកឃើញភស្តុតាងរឹងមាំស្ដីពីការកំណត់គោលដៅមិនរើសមុខ និងមិនសមាមាត្រលើជនស៊ីវិលដោយប្រើគ្រាប់បែក ការប្រហារជីវិតមនុស្សជាច្រើនដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលប្រតិបត្តិការយោធា និងការដុតផ្ទះសម្បែងទ្រង់ទ្រាយធំ។
លោក Nicholas Koumjian ប្រធានផ្នែកស៊ើបអង្កេតបានថ្លែងថា៖ «ភស្តុតាងរបស់យើងចង្អុលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេស តាមរយៈការវាយប្រហារយ៉ាងខ្លាំងក្លា និងជាប្រព័ន្ធប្រឆាំងនឹងជនស៊ីវិល ហើយយើងកំពុងកសាងសំណុំរឿងដែលអាចត្រូវបានប្រើប្រាស់ដោយតុលាការដើម្បីដាក់បន្ទុកឱ្យខ្លួនជនល្មើសម្នាក់ៗឱ្យទទួលខុសត្រូវ»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានដកស្រង់របាយការណ៍របស់ក្រុមនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា «អំពើឃោរឃៅដ៏អាក្រក់របស់របបនេះត្រូវតែបញ្ឈប់»។
ឯកអគ្គរដ្ឋទូតដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិរបស់ភូមា លោក Kyaw Moe Tun ដែលតំណាងឱ្យរដ្ឋាភិបាលស៊ីវិលបានជំរុញឱ្យក្រុមប្រឹក្សាអនុម័តដំណោះស្រាយហាមឃាត់ការផ្គត់ផ្គង់អាវុធ ប្រេងឥន្ធនៈយន្តហោះ និងហិរញ្ញប្បទានដល់របបយោធានេះ។
សហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មនៅចុងខែសីហាឆ្នាំ 2023 ប្រឆាំងនឹងបុគ្គលពីររូប និងអង្គការចំនួនបីដែលពាក់ព័ន្ធនឹងការទិញ និងចែកចាយប្រេងឥន្ធនៈដល់យោធាភូមា ដែលកំពុងតែប្រើប្រាស់ការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងប្រឆាំងនឹងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ការសម្លាប់ និងការជម្លៀសជនស៊ីវិល។
សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកបានលើកឡើងពីការវាយប្រហារតាមអាកាសនៅក្នុងតំបន់ Sagaing ក្នុងខែមេសា និងខែមិថុនា ឆ្នាំ 2023 ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 90 នាក់។ សេចក្តីថ្លែងការណ៍បានថ្លែងថា យោធាត្រូវបានគេប៉ាន់ប្រមាណថាបានសម្លាប់ជនស៊ីវិលជាង 3 900 នាក់ចាប់តាំងពីរដ្ឋប្រហារ។
ការដាក់ទណ្ឌកម្មនេះ គឺជាការដាក់ទណ្ឌកម្មចុងក្រោយបំផុត លើវិស័យយោធា ដោយសហរដ្ឋអាមេរិក រួមទាំងលើក្រសួងការពារជាតិភូមា និងធនាគាររដ្ឋចំនួនពីរ ដើម្បីទប់ស្កាត់ប្រតិបត្តិការតាមរយៈស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធនឹងប្រាក់ដុល្លារអាមេរិក។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។