កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សិង្ហបុរី វៀតណាម រីកចម្រើនក្រោយពីរយៈពេល 50 ឆ្នាំមកនេះ
Tom Abke
យោងតាមមន្ត្រីបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងសិង្ហបុរី និងវៀតណាមបានរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបង្ហាញពីភាពជាដៃគូយូរអង្វែងរបស់ពួកគេ និងការពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តចំពោះស្ថិរភាពក្នុងតំបន់។ ប្រជាជាតិអាស៊ីអាគ្នេយ៍កំពុងប្រារព្ធខួប 50 ឆ្នាំនៃទំនាក់ទំនងការទូត និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង។
កាលពីដើមខែសីហា ឆ្នាំ 2023 លោកវរសេនីយ៍ឯក Bernard Ng Yu Long អនុព័ន្ធយោធាសិង្ហបុរី ប្រចាំប្រទេសវៀតណាមបានសង្កត់ធ្ងន់លើការវិវត្តផ្នែកទំនាក់ទំនងការពារជាតិនៃប្រទេសទាំងពីរ នៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីរំលឹកខួបព្រឹត្តិការណ៍សំខាន់ៗរយៈពេល 50 ឆ្នាំមកនេះ។ លោកបានលើកឡើងដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្តរវាងប្រជាជាតិនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នាចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងកម្រិតនៃកត្តាបញ្ហាដែលមិនអាចព្យាករបានដោយលើកឡើងថា៖ «យើងមានមិត្តភាពយូរអង្វែង និងជាដៃគូជិតស្និទ្ធនៅក្នុងវិស័យជាច្រើនទៀតទាំងទ្វេភាគី និងពហុភាគី។ នេះមិនមែនជាលទ្ធផលចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃការរក្សាការផ្ដោះប្តូរនៅគ្រប់កម្រិត ចាប់ពីរដ្ឋាភិបាល អាជីវកម្ម រហូតដល់ប្រជាជន»។
ការអត្ថាធិប្បាយរបស់លោកដែលបានធ្វើឡើងតែប៉ុន្មានសប្តាហ៍មុនដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ទៅកាន់ប្រទេសវៀតណាម ជាកន្លែងដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងមន្ត្រីផ្សេងទៀត និងបានធ្វើសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។
ក្រុមមន្ត្រីបានលើកឡើងថា ភាពជាដៃគូទ្វេភាគីបានរីកចម្រើនតាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយមានទំនាក់ទំនងការពារជាតិជាសសរស្តម្ភដ៏សំខាន់។ សមិទ្ធិផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរួមមានការផ្ដោះប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលធនធានមនុស្ស និងការពិភាក្សាបន្ត។ ប្រជាជាតិនានាក៏បានរួមចំណែកដល់យន្តការសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងតំបន់ ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក។
ប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិកាលពីខែកុម្ភៈ ឆ្នាំ 2022 ដែលផ្តល់នូវក្របខណ្ឌមួយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការពង្រឹងការប្តេជ្ញាចិត្តរួម ក៏ដូចជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសសិង្ហបុរី។ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយគូសបញ្ជាក់អំពីសារៈសំខាន់ដែលប្រទេសទាំងពីរផ្ដោតលើ ផ្អែកលើភាពជាដៃគូរបស់ពួកគេ។
នៅក្នុងកិច្ចសន្ទនាស្ដីពីគោលនយោបាយការពារជាតិសិង្ហបុរី និងវៀតណាមលើកទី 13 នៅចុងឆ្នាំ 2022 មន្ត្រីការពារជាតិជាន់ខ្ពស់មកពីប្រទេសនីមួយៗបានគូសបញ្ជាក់ផែនការគ្រប់ជ្រុងជ្រោយរហូតដល់ឆ្នាំ 2025 ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗដូចជាការហ្វឹកហ្វឺន សមយុទ្ធកងទ័ពជើងទឹករួមគ្នា និងការឆ្លើយតបដោយសម្របសម្រួលចំពោះបញ្ហាប្រឈមដែលកំពុងកើតមាន។
យោងតាមវិទ្យាស្ថាន ISEAS-Yusof Ishak ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានឱ្យដឹងថា ក្នុងនាមជារដ្ឋដែនសមុទ្រដែលពឹងផ្អែកលើពាណិជ្ជកម្ម និងធនធានតាមសមុទ្រ វៀតណាម និងសិង្ហបុរីចែករំលែកផលប្រយោជន៍ជាយុទ្ធសាស្រ្តក្នុងការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូង។ ពួកគេក៏ខិតខំប្រឹងប្រែងក្នុងការធានាឱ្យបានថា ប្រជាជាតិទាំងពីរគោរពច្បាប់អន្តរជាតិក្នុងផ្លូវទឹកដ៏សំខាន់ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ពិធីរំលឹកខួបនៃចំណងការទូតរយៈពេលកន្លះសតវត្សរ៍នៃប្រទេសទាំងពីរ រួមមានដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកសាធារណៈរដ្ឋសិង្ហបុរី RSS Persistence ទៅកាន់ខេត្ត Khanh Hoa របស់វៀតណាមសម្រាប់សមយុទ្ធក្នុងខែកុម្ភៈ ឆ្នាំ 2023 និងការចូលរួមរបស់នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម Tran Hung Dao នៅក្នុងសមយុទ្ធដែនសមុទ្រអាស៊ាន-ឥណ្ឌា និងការតាំងពិព័រណ៍ និងសន្និសិទស្ដីពីការការពារដែនសមុទ្រអន្តរជាតិនៅប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ 2023។
Tom Abke គឺជាអ្នកឆ្លើយឆ្លងព័ត៌មាននៅទស្សនាវដ្តី FORUM រាយការណ៍ពីប្រទេសសិង្ហបុរី។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។