តំបន់អូសេអានីទស្សនៈសាកលទូទាំងតំបន់ផ្នែកផ្សេងៗភាពជាដៃគូ

អូស្ត្រាលី​នឹង​បង្កើន​ការ​ការពារ​ដោយ​ការ​ទិញ​ប្រព័ន្ធ​ដ៏ទំនើប

ប្រទេសអូស្ត្រាលីនឹងបង្កើនសមត្ថភាពការពាររបស់ខ្លួនដោយចំណាយទឹកប្រាក់ជាង 700 លានដុល្លារអាមេរិកលើប្រព័ន្ធមីស៊ីល និងរ៉ុក្កែតកម្រិតខ្ពស់ រួមទាំងប្រព័ន្ធកាំភ្លើងធំរ៉ុក្កែតមានភាពចល័តខ្ពស់ (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក ដែលបង្ហាញពីសារៈសំខាន់ក្នុងការផ្តល់លទ្ធភាពឱ្យកងកម្លាំងអ៊ុយក្រែនវាយប្រហារគោលដៅ សំខាន់ៗទៅលើរុស្ស៊ី។

រដ្ឋាភិបាលអូស្ត្រាលីបានលើកឡើងនៅក្នុងខែមករាឆ្នាំ 2023 ថាប្រព័ន្ធកាំភ្លើងធំរ៉ុក្កែតមានភាពចល័តខ្ពស់នឹងរួមបញ្ចូលឧបករណ៍បាញ់បង្ហោះ មីស៊ីល និងគ្រាប់រ៉ុក្កែតហ្វឹកហាត់ ហើយនឹងត្រូវបានដាក់ពង្រាយនៅឆ្នាំ 2026។ រដ្ឋាភិបាលអូស្ត្រាលីបានបន្តទៀតថា រយៈចម្ងាយ 300 គីឡូម៉ែត្រនៃប្រព័ន្ធត្រូវបានគេរំពឹងថានឹងកើនឡើងជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា។

ទីក្រុងកង់បេរ៉ាបានលើកឡើងថាខ្លួនក៏បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន Kongsberg ដែលមានមូលដ្ឋាននៅប្រទេសន័រវេស ដើម្បីទិញមីស៊ីលវាយប្រហារកងទ័ពជើងទឹកសម្រាប់នាវាពិឃាត និងនាវាចម្បាំង ដែលនឹងជំនួសមីស៊ីលប្រឆាំងនាវា Harpoon ដែលចាប់ផ្តើមនៅឆ្នាំ 2024។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ដែលជាឧបនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មីស៊ីលវាយប្រហារកងទ័ពជើងទឹក និងឧបករណ៍បាញ់បង្ហោះប្រព័ន្ធកាំភ្លើងធំរ៉ុក្កែតមានភាពចល័តខ្ពស់នឹងផ្តល់ឱ្យកងកម្លាំងការពាររបស់យើងនូវសមត្ថភាពក្នុងការរារាំងជម្លោះ និងការពារផលប្រយោជន៍របស់យើង»។

អូស្ត្រាលី និងអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងឡើងអំពីការអះអាងកាន់តែខ្លាំងរបស់សាធារណរដ្ឋប្រជាមានិតចិននៅតំបន់ប៉ាស៊ីហ្វិក។ មានការព្រួយបារម្ភកាន់តែខ្លំាងឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខក្នុងឆ្នាំ 2022 ជាមួយកោះសូឡូម៉ុង។

ក្រសួងការបរទេសអាមេរិកក្នុងឆ្នាំ 2022 បានអនុម័តការលក់ដ៏មានសក្តានុពលទៅឱ្យប្រទេសអូស្ត្រាលីនូវប្រព័ន្ធកាំភ្លើងធំរ៉ុក្កែតមានភាពចល័តខ្ពស់ចំនួន 20 និងសម្ភារដែលពាក់ព័ន្ធក្នុងការចំណាយប៉ាន់ស្មានចំនួន 385 លានដុល្លារអាមេរិក។

ក្រសួងការពារជាតិអាមេរិកបានថ្លែងប្រាប់នៅពេលនោះថា «ការលក់ដែលបានស្នើឡើងនេះនឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក»។ «អូស្ត្រាលីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់យើងនៅប៉ាស៊ីហ្វិកខាងលិច។ ទីតាំងយុទ្ធសាស្ត្រនៃមហាអំណាចនយោបាយ និងសេដ្ឋកិច្ចនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងតំបន់»។ The Associated Press


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button