យោធាសាធារណរដ្ឋកូរ៉េប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្ត
Damin Jung
ដោយប្រឈមមុខនឹងការបាញ់មីស៊ីលដែលមិនធ្លាប់មានពីមុនមក និងការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) កំពុងជួបការលំបាកក្នុងការបំពេញទាហានយាមល្បាតនៅក្នុងជួររបស់ខ្លួន ខណៈកំពុងប្រឈមជាមួយបញ្ហាអត្រាបង្កកំណើតទាបបំផុតរបស់ពិភពលោក។
កងទ័ពសាធារណរដ្ឋកូរ៉េបានធ្លាក់ចុះពី 618 000 នាក់ក្នុងឆ្នាំ 2017 ដល់ 500 000 នាក់ក្នុងឆ្នាំ 2022។ អង្គភាពជាច្រើនត្រូវបានរំសាយ ខណៈដែលយោធាខិតខំរក្សាការត្រៀមខ្លួនប្រយុទ្ធ និងអភិវឌ្ឍកងកម្លាំងវរជនដែលបំពាក់ដោយប្រព័ន្ធសព្វាវុធទំនើប ដើម្បីធានាបាននូវគោលជំហរការពារដែលរឹងមាំ។
ការកើនឡើងនៃការធ្លាក់ចុះប្រជាសាស្រ្តនេះ បង្ករឱ្យមានបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ។ ចំនួនជាមធ្យមនៃការសម្រាលកូនក្នុងស្ត្រីម្នាក់នៅកូរ៉េខាងត្បូងបានធ្លាក់ចុះដល់ 0,78 ក្នុងឆ្នាំ 2022 នេះបើយោងតាមសារព័ត៌មាន Reuters ដែលបានដកស្រង់ពីតួលេខរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ ដើម្បីរក្សាកងកម្លាំងប្រដាប់អាវុធ បច្ចុប្បន្នដែលមានអាណត្តិបម្រើការងារជាកាតព្វកិច្ចប្រមាណ 18 ខែ កងទ័ពត្រូវការទាហានកេណ្ឌថ្មីប្រមាណជា 222 000 នាក់ ក្នុងមួយឆ្នាំ។ ប៉ុន្តែចំនួនប្រជាជនជាបុរសដែលមានអាយុ 20 ឆ្នាំដែលស្ថិតក្នុងក្រុមនៃការកេណ្ឌទាហានត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី 334 000 នាក់ ក្នុងឆ្នាំ 2020 ទៅ 236 000 នាក់ ក្នុងឆ្នាំ 2025 និងធ្លាក់ចុះទៅដល់ 130 000 នាក់ ក្នុងឆ្នាំ 2040 នេះបើយោងតាមការបង្ហាញទិន្នន័យរបស់ ROK។
ដើម្បីបង្កើនចំនួនមន្ត្រី និងដែលមិនបានតែងតាំង ក្រសួងការពារជាតិរបស់ ROK បានបង្កើនកម្រិតអាយុសម្រាប់ការចូលបំពេញកាតព្វកិច្ចយោធាពីអាយុ 27 ឆ្នាំទៅ 29 ឆ្នាំ ហើយនឹងជំរុញឱ្យស្ត្រីកាន់តែច្រើនចូលបំពេញកាតព្វកិច្ចយោធា។
ជាលទ្ធផលនៃផែនការឆ្នាំ 2018-2022 របស់ក្រសួងក្នុងការជ្រើសរើសសមាជិកបម្រើសេវាជាស្ត្រី ភាគរយនៃមន្រ្តីជាស្រ្តី និងមន្រ្តីដែលមិនបានតែងតាំងដោយគណៈកម្មការបានកើនឡើងពី 6,2% នៃកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ 2018 ដល់ 9% ក្នុងឆ្នាំ 2022 នេះបើយោងតាមរបាយការណ៍សាធារណៈស្ដីពីការពារជាតិឆ្នាំ 2022។
ស្ត្រីក៏បានឡើងទៅកាន់តួនាទីយោធាសំខាន់ផងដែរ ដោយមានសមាជិកយោធានារីចូលកាន់តំណែងជាមេដឹកនាំជាលើកដំបូងនៅឆ្នាំ 2021 ដូចជាវរនាវីទោនៃកងវរសេនាតូចកងទ័ពថ្មើរជើងម៉ារីន វរនាវីទោនៃក្រុមជួយសង្គ្រោះពិសេសនៃកងទ័ពអាកាស និងជាមេដឹកនាំនៃក្រុមប្រតិបត្តិការតំបន់គ្មានកងទ័ព។ ជាលើកដំបូង មន្ត្រីជាស្ត្រីម្នាក់បានចូលបញ្ជាកងវរសេនាតូចឃ្លាំមើលឆ្នេរសមុទ្រក្នុងឆ្នាំ 2022។
លោក Lee Sang-mok ជាសាស្ត្រាចារ្យលាលែងចេញពីតំណែង នៅសាកលវិទ្យាល័យការពារជាតិកូរ៉េ ថ្លែងថាយោធាគួរតែសង្កត់ធ្ងន់លើការហ្វឹកហ្វឺនអ្នកជំនាញដែលមានសមត្ថភាពដែលអាចប្រើប្រាស់ប្រព័ន្ធសព្វាវុធទំនើបៗ និងបច្ចេកវិទ្យាទំនើបៗបានច្រើនបំផុត។
លោក Lee បានលើកឡើងថា៖ «យោធាកូរ៉េខាងត្បូង ត្រូវបានលើកទឹកចិត្តឲ្យបង្កើតរចនាសម្ព័ន្ធយោធា ដែលមានការប្រើប្រាស់ថវិកា និងការប្រើប្រាស់អាវុធច្រើនជាងមុន ខណៈដែលកំពុងតែជំរុញឱ្យមានកងកម្លាំងដ៏ខ្ពង់ខ្ពស់ដោយធ្វើការការហ្វឹកហ្វឺនបន្ថែមទៀតនៅក្នុង បរិយាកាសដូចជាការប្រយុទ្ធគ្នាពិតប្រាកដ»។
មេដឹកនាំយោធាបានចាប់ផ្តើមធ្វើសមាហ័រណកម្មបច្ចេកវិទ្យា ដ៏ទំនើបនៅទូទាំងកងកម្លាំងប្រដាប់អាវុធ។ យោធាសាធារណរដ្ឋកូរ៉េកំពុងពង្រីកប្រព័ន្ធហ្វឹកហ្វឺនវិទ្យាសាស្ត្ររបស់ខ្លួន ដើម្បីយកឈ្នះលើការអប់រំ និងការណែនាំពីមុនមកដែលមានដែនកំណត់។ ជាឧទាហរណ៍ ប្រព័ន្ធភ្ជាប់ឡាស៊ែរបញ្ចូលគ្នាចម្រុះប្រើប្រាស់ការហ្វឹកហ្វឺននិមិ្មតដើម្បីបង្រៀនយុទ្ធសាស្ត្រ និងជំនាញ។
ក្រសួងក៏កំពុងធ្វើការបណ្ដុះបណ្ដាលសាស្ត្រាចារ្យយោធា អ្នកស្រាវជ្រាវ និងអ្នកជំនាញគោលនយោបាយតាមរយៈការគាំទ្រកម្មវិធីសញ្ញាបត្រក្នុងការអប់រំជាន់ខ្ពស់ដើម្បីបណ្តុះបណ្តាល អ្នកជំនាញដែលមានសមត្ថភាពអាចប្រើប្រាស់ប្រព័ន្ធអាវុធដ៏ទំនើប ។
ប្រភពរូបភាព៖ សារព័ត៌មាន REUTERS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។