ប្រធានទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់អាមេរិក (USAID) លើកឡើងអំពីការប្រើប្រាស់អគ្គិសនី សុខភាពនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ
សារព័ត៌មាន Benar News
ទីភ្នាក់ងារជំនួយអន្តរជាតិរបស់សហរដ្ឋអាមេរិកបានប្រកាសអំពីជំនួយមនុស្សធម៌ជាច្រើនលានដុល្លារ និងគម្រោងថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (PNG) ខណៈដែលសហរដ្ឋអាមេរិកគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តជាថ្មីចំពោះបណ្តាប្រទេសកោះប៉ាស៊ីហ្វិក (PIC)។
លោកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់អាមេរិក (USAID) បានទៅទស្សនកិច្ចនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និង កោះហ្វ៊ីជី នៅពាក់កណ្តាលខែសីហា ឆ្នាំ 2023 សម្រាប់ការបើកបេសកកម្មក្នុងតំបន់ដែលបានពង្រីក។
នៅក្នុងរដ្ឋធានីរបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ទីក្រុងរដ្ឋធានីព័រម៉ូរេសប៊ី ជាកន្លែងដែលទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់អាមេរិក (USAID) បានបង្កើនវត្តមានរបស់ខ្លួនទៅកាន់ការិយាល័យតំណាងប្រទេសដែលត្រួតពិនិត្យកម្មវិធីនៅក្នុងប្រទេសចំនួនបី លោកស្រី Power បានថ្លែងថា ការផ្លាស់ប្តូរនេះគឺជា «ការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ស៊ីជម្រៅនេះចំពោះប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និងទៅកាន់តំបន់កាន់តែទូលំទូលាយ»។
លោកស្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ លោក James Marape ថា៖ «យើងនឹងមានធនធានបន្ថែមទៀត រួមទាំងមូលនិធិ និងបុគ្គលិកដើម្បីវិនិយោគនៅទីនេះនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ក៏ដូចជានៅកោះសូឡូម៉ុង និងប្រទេសវ៉ានូទូផងដែរ»។
នៅប្រទេសហ្វ៊ីជី លោកស្រី Power បានលើកឡើងអំពីបេសកកម្មប្រចាំតំបន់ដែលត្រូវបានកែលម្អ ដែលនឹងធ្វើការជាមួយបណ្ដាប្រទេសកោះប៉ាស៊ីហ្វិកចំនួនប្រាំបួន។ ទីក្រុងវ៉ាស៊ីនតោនបានគូសបញ្ជាក់អំពីផែនការដើម្បីបង្កើនវត្តមានរបស់ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់អាមេរិក (USAID) ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិកកាលពីខែកញ្ញា ឆ្នាំ 2022។
សាធារណៈរដ្ឋប្រជាមានិតចិន (PRC) ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ បានក្លាយជាប្រភពដ៏សំខាន់នៃពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងជំនួយសម្រាប់ការអភិវឌ្ឍបណ្ដាប្រទេសនៅកោះប៉ាស៊ីហ្វិក ខណៈដែលខ្លួនព្យាយាមដាក់តៃវ៉ាន់ឱ្យនៅដាច់ដោយឡែកពីគេខាងផ្នែកការទូត និងកសាងស្ថាប័នសកលរបស់ខ្លួន។
ទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយកោះសូឡូម៉ុង បានរីកដុះដាលចាប់តាំងពីកោះសូឡូម៉ុងបានប្តូរការទទួលស្គាល់ផ្នែកការទូតរបស់ខ្លួនពីតៃវ៉ាន់ទៅសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ 2019។ សាធារណរដ្ឋប្រជាមានិតចិន និងកោះសូឡូម៉ុងបានចុះហត្ថលេខាលើកតិកាសញ្ញាសន្តិសុខនៅក្នុងឆ្នាំ 2022 ដែលធ្វើឱ្យមានការព្រួយបារម្មណ៍ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាអូស្ត្រាលីជាដើម។
ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិនៅក្នុងខែឧសភា ឆ្នាំ 2023 ដែលនឹងផ្តល់ឱ្យកងកម្លាំងសហរដ្ឋអាមេរិកចូលទៅកាន់អាកាសយាន្តដ្ឋាន និងកំពង់ផែចំនួនប្រាំមួយនៅក្នុងប្រទេស។
លោកស្រី Power បានប្រកាសផ្តល់ជំនួយប្រមាណជា 7,4 លាន ដុល្លារដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ហើយបានសន្យាថា នឹងពង្រីកកិច្ចប្រឹងប្រែងទប់ស្កាត់ជំងឺអេដស៍ផងដែរ។
លោក Marape បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាព្រឹត្តិការណ៍គូសបញ្ជាក់ពីជំពូកដ៏ធំមួយទៀតនៅក្នុងសម្ព័ន្ធភាពសហរដ្ឋអាមេរិក និងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ដែលកំពុងរីកចម្រើន»។
ជំនួយនេះរួមមាន 1,2 លានដុល្លារសម្រាប់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូចមួយនៅកណ្តាលខេត្ត រួមជាមួយនឹងក្រុមហ៊ុនថាមពលដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នៅទីបំផុតនឹងផ្តល់ឱ្យគ្រួសារប្រហែលចំនួន 800 និងអាជីវកម្មចំនួន 30 នូវការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន។
នៅក្នុងឆ្នាំ 2021 សហរដ្ឋអាមេរិកបានបែងចែកប្រហែល 57 លានដុល្លារសម្រាប់ការកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ដែលជាកន្លែងដែលគេបានប៉ាន់ស្មានថាអ្នកស្រុកចំនួន 13% ត្រូវបានភ្ជាប់ទៅបណ្តាញអគ្គិសនី ទោះបីជាការចូលប្រើប្រាស់គឺខ្ពស់ជាងនៅពេលដែលថាមពលក្រៅបណ្តាញដូចជាថាមពលពន្លឺព្រះអាទិត្យជាដើមត្រូវបានរួមបញ្ចូលក៏ដោយ។
ថវិកានេះត្រូវបានគេព្យាករថានឹងផ្តល់ឱ្យប្រជាពលរដ្ឋចំនួន 200 000 គ្រួសារមានអគ្គិសនីប្រើប្រាស់។ វាគឺជាផ្នែកមួយនៃផែនការរួមជាមួយនឹងប្រទេសអូស្ត្រាលី ជប៉ុន និងនូវែលសេឡង់ ដែលបានប្រកាសកាលពីឆ្នាំ 2018 ដើម្បីជួយប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេក្នុងការតភ្ជាប់អគ្គិសនីដែលអាចទុកចិត្តបានជូនប្រជាជនរបស់ខ្លួនចំនួន 70% នៅត្រឹមឆ្នាំ 2030។
ជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់អាមេរិក (USAID) ដែលប្រកាសដោយ លោកស្រី Power ក៏រួមបញ្ចូលផងដែរនូវមូលនិធិសម្រាប់ជួយសង្គ្រោះដល់គ្រោះមហន្តរាយនៅក្នុងតំបន់ស្វយ័ត Bougainville ជាកន្លែងដែលមនុស្សត្រូវបានជម្លៀសដោយបន្ទុះភ្នំភ្លើង។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។