«កីឡាអូឡាំពិកនៃសង្គ្រាម» បង្កើនការត្រៀមខ្លួនជាដៃគូ អន្តរប្រតិបត្តិការ
បុគ្គលិករបស់ទស្សនាវដ្តី FORUM
ពីការវាយប្រហារឡើងឆ្នេរសមុទ្រពហុជាតិសាសន៍ទៅ ដល់ប្រតិបត្តិការផ្នែកដឹកជញ្ជូនតាមមាត់សមុទ្រប្រកបដោយភាពច្នៃប្រឌិត និងមានការសាកល្បងនៃបច្ចេកវិទ្យាដែលអាចពាក់បានដែលត្រូវបានរចនាឡើងដើម្បីជួយសង្រ្គោះជីវិត សមយុទ្ធ Talisman Saber 2023 បានពង្រឹងការត្រៀមខ្លួន និងបង្កើតទំនាក់ទំនងក្នុងចំណោមកងទ័ពចំនួន 30 000 នាក់មកពីប្រទេសសម្ព័ន្ធមិត្ត និងដៃគូជាងដប់មួយប្រទេស ខណៈពេលដែលបង្ហាញពី «ការតាំងចិត្តបង្រួបបង្រួម» ដើម្បីធានាសន្តិភាព និងស្ថិរភាពឥណ្ឌូប៉ាស៊ីហ្វិក។
សមយុទ្ធលើកទី 10 នៃសមយុទ្ធអូស្ត្រាលី-សហរដ្ឋអាមេរិក ដែលមិនធ្លាប់មានពីមុនមកនៅក្នុងទំហំ និងវិសាលភាពរបស់ខ្លួនដែលជា «កីឡាអូឡាំពិកនៃសង្គ្រាម» ដែលបង្ហាញពីសមយុទ្ធ និងសាកល្បងផ្ទាល់ និងការហ្វឹកហ្វឺនឆ្លងកាត់ដែនសមរភូមិនៅមូលដ្ឋាន និងទីតាំងផ្សេងទៀតនៅទូទាំងប្រទេសអូស្ត្រាលីក្នុងរយៈពេលពីរសប្តាហ៍ក្នុងខែកក្កដា និងខែសីហា។ ប្រទេសដែលចូលរួមក៏រួមមាន កាណាដា ហ្វ៊ីជី បារាំង អាល្លឺម៉ង់ ឥណ្ឌូណេស៊ី ជប៉ុន នូវែលសេឡង់ ប៉ាពូអាស៊ីនូវែលហ្គីណេ កូរ៉េខាងត្បូង តុងហ្កា និងចក្រភពអង់គ្លេស ខណៈឥណ្ឌា ហ្វ៊ីលីពីន សិង្ហបុរី និងថៃបានចូលរួមជាអ្នកសង្កេតការណ៍។
ការធ្វើសមាហរណកម្មនៃកងកម្លាំងថ្មីទៅក្នុងសមយុទ្ធនេះគឺ «ដំណើរការយ៉ាងរលូនគួរឱ្យកត់សម្គាល់» ដែលកងទ័ពអូស្ត្រាលី លោកវរសេនីយ៍ឯក Ben McLennan មេបញ្ជាការនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រយុទ្ធរបស់កងកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានប្រាប់ទស្សនាវដ្តី FORUM នៅឯតំបន់ហ្វឹកហាត់ Townsville Field របស់ ADF នៅភាគឦសាននៃរដ្ឋ Queensland ប្រហែល 1 100 គីឡូម៉ែត្រខាងជើងទីក្រុង Brisbane។ «អង្គហេតុពិតដែលថាក្នុងរយៈពេលតិចជាង 20 ឆ្នាំ យើងបានចាប់ផ្ដើមតាំងពីប្រទេសពីររហូតដល់ 13 ហើយទំនងជា 17 នៅលើកក្រោយដែលនេះគឺពិតជាមិនគួរឱ្យជឿ។
លោក McLennan បានលើកឡើងនៅពេលដែលលោកអង្គុយក្បែរផែនទីប្លង់ប្រហែល 8 គុណនឹង 16 ម៉ែត្រនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងកងកម្លាំងនៃសមយុទ្ធដោយមានគំរូកងទ័ព រថក្រោះ ឧទ្ធម្ភាគចក្រ និងនាវាចម្បាំងពណ៌ក្រហម និងពណ៌ខៀវដែលបង្ហាញពីទីតាំង និងធនធានរបស់កងកម្លាំងនីមួយៗថា «ការធ្វើសមាហរណកម្មគឺឆ្លងកាត់ទិដ្ឋភាពបី មនុស្ស ដំណើរការ និងវេទិកា»។ «ខ្ញុំគិតថាមនុស្សរបស់យើងដែលមកពីប្រទេសដែលមានគំនិតដូចគ្នា ធ្វើសមាហរណកម្មបានយ៉ាងល្អ។ ដោយមានកម្លាំងចិត្ដកាយ និងមានបំណងពិតប្រាកដនៅក្នុងកិច្ចសហប្រតិបត្តិការ សហការ និងការធ្វើការងារជាក្រុម។
«យើងទាំងអស់គ្នាគឺស្រដៀងគ្នា ប៉ុន្តែយើងទាំងអស់គ្នាមានភាពខុសគ្នា ហើយដូច្នេះប្រភេទនៃសកម្មភាពទាំងនេះគឺអស្ចារ្យណាស់ក្នុងការជួយអភិវឌ្ឍដំណើរការទូទៅដែលដំណើរការសម្រាប់មនុស្សមកពីបណ្ដាលប្រទេសនានា»។
ជាមួយនឹងបុគ្គលិកជាង 100 នាក់នៅសមយុទ្ធ Talisman Sabre កងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមអ្នករួមចំណែក និងអ្នកទទួលផលនៃកិច្ចសហប្រតិបត្តិការពហុភាគី។ កងទ័ពឥណ្ឌូណេស៊ី វរសេនីយ៍ទោ Arief Widyanto មេបញ្ជាការកងវរសេនាតូចទ័ពអាកាសទី 501 បានប្រាប់ ទស្សនាវដ្តី FORUM ថា៖ «យើងបានរៀនសូត្រច្រើនរួចទៅហើយតាំងពីដើមដំបូងនៃសមយុទ្ធ សូម្បីតែពីការរៀបចំផែនការនៃសមយុទ្ធ»។
លោកបានលើកឡើងថា៖ «នេះគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់កងទ័ពឥណ្ឌូណេស៊ី ដើម្បីអាចចូលរួមសមយុទ្ធដ៏ធំមួយនេះនៅខាងក្រៅប្រទេសរបស់យើង [និង] ដើម្បីអាចដឹងពីសមត្ថភាពរបស់កងកម្លាំងសម្ព័ន្ធមិត្ត»។
បច្ចេកវិទ្យា និងសមត្ថភាពដែលកំពុងរីកចម្រើនដែលបានបង្ហាញក្នុងអំឡុងពេលសមយុទ្ធ Talisman Saber ដែលបានគ្របដណ្តប់ផ្នែកតូចៗរហូតដល់ផ្នែកធំ។ សមាជិកកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកបានសាកល្បងប្រព័ន្ធត្រៀមខ្លួន និងដំណើរការសុខភាព ដែលរួមមានឧបករណ៍ភ្ជាប់ជាមួយទូរសព្ទដៃ ពាក់លើបេះដូង ដើម្បីតាមដានសញ្ញានៃភាពតានតឹងតាមកម្ដៅ នេះបើយោងតាមវេជ្ជបណ្ឌិត Nathan Fisher ដែលជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៃការិយាល័យប្រតិបត្តិកម្មវិធីរួមរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកសម្រាប់ការការពារគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។
លោកវេជ្ជបណ្ឌិត Fisher បានថ្លែងប្រាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ឧបករណ៍នេះវាស់ចង្វាក់បេះដូង ការប្រែប្រួលអត្រាចង្វាក់បេះដូង អត្រាផ្លូវដង្ហើម សកម្មភាពកម្រិតអុកស៊ីសែនជីពចរ និងរង្វាស់សរីរវិទ្យាមួយចំនួនទៀត ដែលទាំងអស់មានមកជាមួយគ្នា ដើម្បីអាចឱ្យក្បួនព្យាករណ៍ធ្វើការវិភាគទិន្នន័យពីសមាជិកកងកម្លាំងប្រដាប់អាវុធនោះ ហើយបន្ទាប់មកជូនដំណឹងឱ្យ បុគ្គល ឬមេដឹកនាំក្រុម ឬគ្រូពេទ្យពិនិត្យមើលបុគ្គលរូបនោះ»។
កងទ័ពសហរដ្ឋអាមេរិកក៏បានសហការជាមួយបុគ្គលិកអូស្ត្រាលី ដើម្បីសាងសង់ផ្លូវអណ្តែតទឹកសម្រាប់ដឹកយានជំនិះ និងគ្រឿងបរិក្ខារពីកប៉ាល់ទៅកាន់ច្រាំងនៃឆ្នេរសមុទ្រ Queensland ដែលជាសមត្ថភាពដ៏សំខាន់មួយនៅក្នុងបរិយាកាសដ៏លំបាក ឬនៅពេលដែលកំពង់ផែមិនអាចប្រើបាន។
កងទ័ពអាមេរិក លោកឧត្តមសេនីយ៍ឯក Jered Helwig មេបញ្ជាការនៃទីបញ្ជាការទ្រទ្រង់កម្រិតតំបន់ទី 8 បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅក្នុងបរិយាកាសដឹកជញ្ជូនដែលមានការប្រកួតប្រជែង សហគ្រាសទ្រទ្រង់ចាំបាច់ត្រូវចេះសម្របខ្លួន និងមានភាពបត់បែន ដើម្បីបំពេញតម្រូវការប្រតិបត្តិការនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក»។
លោកវរសេនីយ៍ទោ Tau Aholelei មេបញ្ជាការនៃកងទ័ពជំនួយនៃប្រទេសកោះប៉ាស៊ីហ្វិកដែលមានសមាជិកចំនួន 40 នាក់នៅសមយុទ្ធនេះបានលើកឡើងថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍតូចមួយ ដូចជាតុងហ្កាជាដើម សមយុទ្ធ Talisman Saber គឺជាឱកាសដែលមិនអាចកាត់ថ្លៃបានដើម្បីជា «ផ្នែកនៃការរៀបចំសន្តិសុខក្នុងតំបន់»។
លោក Aholelei បានប្រាប់ទស្សនាវដ្តី FORUM នៅ Townsville Field ដែលជាតំបន់ហ្វឹកហាត់ទំហំ 2 300 គីឡូម៉ែត្រការ៉េ ដែលមានទំហំធំជាងតុងហ្កាបីដងថា៖ «យើងទាំងអស់គ្នាមានផលប្រយោជន៍សន្តិសុខរៀងៗខ្លួន។ ក្នុងពេលជាមួយគ្នានេះ យើងក៏មានផលប្រយោជន៍ផ្នែគសន្តិសុខរួមផងដែរ»។ ក្នុងនាមជា «អ្នកចូលរួមតូចជាងបំផុតនោះ យើងក៏ចង់បង្ហាញដៃគូសន្តិសុខរបស់យើងថា យើងអាចរួមចំណែកបាន ហើយមិនត្រឹមតែរួមចំណែកប៉ុណ្ណោះទេ ប៉ុន្តែរួមចំណែកក្នុងរបៀបមួយដែលយើងបន្ថែមតម្លៃដល់ប្រតិបត្តិការ ដល់ភាពជាដៃគូ ហើយ [បង្ហាញ] ថាយើងគឺពឹងផ្អែកបាន និងគួរឱ្យទុកចិត្តនៅពេលនិយាយអំពីប្រតិបត្តិការសន្តិសុខ។
«វាក៏ជាផ្នែកមួយនៃពួកយើងដែលផ្តល់ត្រឡប់ទៅឱ្យតំបន់របស់យើងវិញផងដែរ។ យើងទទួលបានជំនួយ និងការគាំទ្រជាច្រើន»។
ឥរិយាបថឈ្លានពានដោយបក្សកុម្មុយនិស្តចិននៅសមុទ្រចិនខាងកើត និងខាងត្បូង និងជុំវិញកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងការឈ្លានពានដោយមិនញញើតរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កើនការព្រួយបារម្ភអំពីស្ថិរភាពក្នុងតំបន់។ សមយុទ្ធ Talisman Saber បានធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រការពារដ៏ទូលំទូលាយមួយដែលបានបញ្ជាក់ពីភូមិសាស្ត្រនយោបាយកាន់តែយ៉ាប់យ៉ឺននោះ ហើយបានអំពាវនាវឱ្យមានការអភិវឌ្ឍសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានយោធាភាគខាងជើងរបស់ប្រទេស និងបង្កើនការចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូ ជាពិសេសសហរដ្ឋអាមេរិក។
នៅពេលដែលសមយុទ្ធ Talisman Saber ឈានចូលសប្តាហ៍ទីពីររបស់ខ្លួន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅកាន់ទីក្រុង Brisbane ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Penny Wong។ ក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងទៀត មេដឹកនាំទាំងនោះបានយល់ព្រមបង្កើនដំណើរទស្សនកិច្ចដោយនាវាមុជទឹករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកទៅកាន់ប្រទេសអូស្ត្រាលី និងដើម្បីសហការលើការផលិតអាវុធ រួមទាំងប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះច្រើនដង។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ពួកគេបានកត់សម្គាល់ថា សម្ព័ន្ធភាពនៃប្រជាជាតិរបស់ពួកគេមិនដែលមានភាពរឹងមាំនោះទេ៖ «ដោយផ្អែកលើចំណងនៃតម្លៃរួម វានៅតែជាភាពជាដៃគូនៃផលប្រយោជន៍ជាយុទ្ធសាស្ត្រ – ផ្តោតលើការប្តេជ្ញាចិត្តរួមគ្នាដើម្បីរក្សាស្ថិរភាព វិបុលភាព និងសន្តិភាព»។
អ្នករៀបចំផែនការសមយុទ្ធបានលើកឡើងថា សមយុទ្ធ Talisman Saber ជាឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃចំណងនោះ។ លោក McLennan បានប្រាប់ទស្សនាវដ្តី FORUM ថា៖ «ជារួម ខ្ញុំគិតថា វាជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់»។ «ហើយខ្ញុំគិតថាវាជាសក្ខីភាពចំពោះដំណោះស្រាយរួម និងការប្តេជ្ញាចិត្តក្នុងប្រតិបត្តិការរួមគ្នា ហ្វឹកហាត់រួមគ្នា និងកាន់តែប្រសើរឡើងជាមួយគ្នា ដើម្បីប្រយុទ្ធជាមួយគ្នាប្រកបដោយសក្តានុពល»។
ប្រភពរូបភាព៖ ចក្របាលរងឯក លោក THOMAS B. CONTANT/កងទ័ពជើងទឹកអាមេរិក
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។