តំបន់អូសេអានីទស្សនៈសាកលភាពជាដៃគូលក្ខណៈពិសេស

ការរួមបញ្ចូលពហុដែន​

សមយុទ្ធ Project Convergence 22 បង្កើនការយល់ដឹងអំពីស្ថានភាពនៃសមរភូមិប្រយុទ្ធ

អនុសេនីយ៍ឯក លោក Patrick Hinton/កងទ័ពអង់គ្លេស

អូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានធ្វើការពិសោធមួយនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីចុងឆ្នាំ 2022 ក្នុងគោលបំណងលើកកម្ពស់ការរួមបញ្ចូលគ្នា និងអន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំងយោធា ដែលជាកិច្ចខិតខំប្រឹងប្រែងដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ 2020 នៅពេលដែលកងទ័ពចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីទំនើបកម្មរួមគ្នា។

ត្រូវបានគេស្គាល់ថាជាសមយុទ្ធ Project Convergence 22 (PC22) យុទ្ធនាការនៃការរៀនសូត្របានអនុញ្ញាតឱ្យសម្ព័ន្ធមិត្តបញ្ចូលគ្នានូវសមត្ថភាព ពិសោធន៍ជាមួយឧបករណ៍ យុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធីថ្មីតាមរយៈសេណារីយ៉ូប្រកួតប្រជែងប្រឆាំងនឹង «សត្រូវ» ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នានៅជុំវិញពិភពលោក រួមទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ ការចូលរួមនេះអនុញ្ញាតឱ្យកងកម្លាំងរួមបញ្ចូលបញ្ញាសិប្បនិម្មិត រ៉ូបូតវិទ្យា និងស្វ័យភាព ដើម្បីបង្កើនការយល់ដឹងអំពីស្ថានភាពសមរភូមិប្រយុទ្ធ ភ្ជាប់ឧបករណ៍ចាប់សញ្ញា និងបង្កើនល្បឿននៃការសម្រេចចិត្ត។

កងទ័ពសម្រេចបានជោគជ័យដំបូងជាច្រើនលើកក្នុងពេលដាក់ពង្រាយ។ យន្តហោះចម្បាំងប្រភេទ F-35B Lightning II របស់កងទ័ពដែនសមុទ្រអាមេរិក បានផ្ដល់សញ្ញាឱ្យបាញ់ដោយស្វ័យភាពចេញពីប្រព័ន្ធបាញ់រ៉ុក្កែតចេញច្រើនរបស់ចក្រភពអង់គ្លេស។ រ៉ាដា A U.K. Giraffe Agile Multi Beam បានភ្ជាប់ទៅប្រព័ន្ធបញ្ជាការប្រយុទ្ធការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នា (IBCS) របស់សហរដ្ឋអាមេរិក ដើម្បីរួមចំណែកដល់បណ្តាញបាញ់រួមបញ្ចូលគ្នា ដែលជាសមិទ្ធិផលដ៏សំខាន់មួយ ដោយសារ IBCS ជាប្រព័ន្ធតែមួយគត់របស់សហរដ្ឋអាមេរិក។

នាវាយោធាមួយចូលរួមនៅក្នុងសមយុទ្ធ Project Convergence 2022 នៅតំបន់ឆ្នេរក្រហម (Red Beach) មូលដ្ឋានកងទ័ពម៉ារីនអាមេរិក Camp Pendleton នៅរដ្ឋកាលីហ្វ័រញ៉ា។ JUAN MAGADAN/កងទ័ពម៉ារីនអាមេរិក

ការផ្តោតអារម្មណ៍ជាច្រើនត្រូវបានដាក់លើផ្នែកដឹកជញ្ជូន និងនិរន្តរភាព។ សុសវែរព្យាករណ៍បានបង្កើតការណែនាំអំពីការផ្គត់ផ្គង់ឡើងវិញក្នុងរយៈពេល 90 វិនាទី ដែលជាដំណើរការដែលប្រហែលជាត្រូវប្រើអ្នករៀបចំផែនការកងពលតូចជាច្រើនម៉ោង។ យន្តហោះប្រភេទ L3Harris FVR-90 ដែលត្រូវបានបើកបរពីចម្ងាយបានបញ្ជូនឈាមទៅកាន់សេណារីយ៉ូហ្វឹកហាត់ត្រាប់ស្ថានភាពអ្នករងរបួសជាច្រើន ខណៈពេលដែលឧបករណ៍សង្កេតការប៉ះទង្គិចដែលជួយក្នុងសមរភូមិប្រយុទ្ធ (Battlefield Assisted Trauma Distributed Observation Kit) ដែលជាកម្មវិធីស្មាតហ្វូនបានអនុញ្ញាតឱ្យការគ្រប់គ្រងបណ្តាញ និងការបញ្ជូនអ្នករងរបួស និងទិន្នន័យរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។

វ៉ែនតាពិភពនិម្មិត VR HoloLens បានជួយវិស្វករក្នុងការទទួលបានដំបូន្មានពីអ្នកជំនាញលើការជួសជុល។ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏មានផ្នែកបោះពុម្ពលក្ខណៈ 3D សម្រាប់ឧបករណ៍របស់គ្នាទៅវិញទៅមកផងដែរ។ កិច្ចសហប្រតិបត្តិការនេះបានបង្កើនភាពធន់ និងកាត់បន្ថយបន្ទុកនៃការបញ្ជូនឧបករណ៍ត្រឡប់មកវិញ និងសន្សំទុកសម្រាប់ពេលខាងមុខ។

ដោយមានការដាក់ពង្រាយឧបករណ៍ចាប់សញ្ញាតាមអាកាស និងលើដីជាច្រើន នេះគឺជាការសបញ្ជាក់យ៉ាងច្បាស់ច្បាស់ណាស់ថាការប្រមូលទិន្នន័យមិនកំណត់ការរួមបញ្ចូលពហុដែននោះទេ។ ផ្ទុយទៅវិញ ការគ្រប់គ្រងទិន្នន័យមានសារៈសំខាន់ណាស់។ លោកស្រី Christine Wormuth រដ្ឋលេខាធិការកងទ័ពជើងគោកឋអាមេរិកបានថ្លែងនៅចុងបញ្ចប់នៃគម្រោងឆ្នាំ 2021 ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃ «បណ្តាញនេះពិតជានឹងក្លាយជាបណ្តាញមូលដ្ឋាន មានការធានា មានភាពជឿជាក់ មានភាពធន់ដែលស្ថិតនៅក្រោមប្រព័ន្ធទាំងអស់ដែលយើងកំពុងប្រើប្រាស់»។

អ្នកចូលរួមក្នុងសមយុទ្ធ PC22 បានស្វែងយល់ពីរបៀបដែលល្អបំផុតក្នុងការគ្រប់គ្រងលំហូរទិន្នន័យ ដោយទទួលស្គាល់ថាព័ត៌មានត្រូវតែត្រូវបានបញ្ជូនទៅអ្នកចម្បាំងតាមរបៀបដែលបង្កើនការយល់ដឹងអំពីស្ថានភាពសមរភូមិ ខណៈពេលដែលកំពុងជំរុញការសម្រេចចិត្តផងដែរ។

កម្រិតបញ្ជូនក៏ត្រូវបានគូសបញ្ជាក់ផងដែរ។ ដូចដែលោកស្រី Wormuth បានកត់សម្គាល់ បណ្តាញដែលធន់គឺមានសារៈសំខាន់ចំពោះការរួមបញ្ចូលពហុដែន។ ដូចនេះ បណ្តាញមិនត្រូវមានភាពតានតឹងខ្លាំងពេកទេ ដែលអាចទប់ស្កាត់ព័ត៌មានសំខាន់ៗមិនឱ្យទៅដល់អ្នកទទួលដែលបានគ្រោងទុក។ សង្រ្គាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន បានបង្ហាញឱ្យឃើញពីគម្រោងកងកម្លាំងចម្រុះពីមូលដ្ឋានដែលបានបង្កើតឡើងយ៉ាងល្អ ជាមួយនឹងស្ថាបត្យកម្មបណ្តាញដ៏រឹងមាំដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំ។ មេបញ្ជាការ​មានភាពស៊ាំនឹងបណ្ដុំ​វីដេអូ​អំពី​ប្រតិបត្តិការ ដែលមានកម្រិតគុណភាពខ្ពស់​។ សមយុទ្ធ PC22 បានបង្រៀនអ្នករៀបចំផែនការថាការការពារបណ្តាញតម្រូវឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរករូបភាពនៅមួយកន្លែង និងសូម្បីតែអត្ថបទដើម្បីពណ៌នាអំពីគោលដៅ ហើយមេបញ្ជាការបានកំណត់អត្តសញ្ញាណការធ្វើការសម្រេចចិត្តចែកចាយជាដំណោះស្រាយមួយ។ ទស្សនៈនេះពាក់ព័ន្ធនឹងការវិភាគទិន្នន័យដែលនៅក្បែរប្រភពរបស់វា ជាជាងនៅមជ្ឈមណ្ឌលកណ្តាល ដែលអាចកាត់បន្ថយតម្រូវការកម្រិតបញ្ជូន ក៏ដូចជាការពន្យារពេលដំណើរការ។

ទាហានរួមជាមួយនឹងបញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពសហរដ្ឋអាមេរិកប្រើប្រាស់ឧបករណ៍បណ្តាញដើម្បីត្រៀមខ្លួន សម្រាប់សមយុទ្ធ Project Convergence 2022។
ALEX WERDEN/កងទ័ពអាមេរិក

ការគ្រប់គ្រងសមរភូមិប្រយុទ្ធ

ការគ្រប់គ្រងសមរភូមិប្រយុទ្ធ និងសុវត្ថិភាពដែនអាកាសកាន់តែពិបាក ដោយសារមានការកើនឡើងនៃចំនួនយន្តហោះដែលបើកបរ និងប្រតិបត្តិការពីចម្ងាយ។ លោកឧត្តមសេនីយ៍ James McConville នាយអគ្គសេនា​ធិការទ័ពជើងគោកអាមេរិកបានថ្លែងក្នុងអំឡុងពេលនៃសមយុទ្ធ PC22 ថា ការប្រើប្រាស់ទិន្នន័យ និងឧបករណ៍ចាប់សញ្ញាកាន់តែប្រសើរឡើងគឺជាកត្តាសំខាន់ក្នុងការដោះសោបញ្ហានេះ។ ឧទាហរណ៍ សុសវែរកំណត់គោលដៅដែលចែកចាយព័ត៌មានពីឧបករណ៍ចាប់សញ្ញាត្រូវតែភ្ជាប់គ្នាបានគ្រប់ជ្រុងជ្រោយរវាងកងកម្លាំងដែនគោក និងកងកម្លាំដែនអាកាស។

អំឡុងពេលសមយុទ្ធ PC22 ប្រព័ន្ធរ៉ូបូត និងប្រព័ន្ធស្វយ័ត (RAS) ត្រូវបានធ្វើតេស្តសាកល្បងនៅទីលាន ដើម្បីស្វែងយល់ពីរបៀបបញ្ចូលប្រព័ន្ធទាំងនោះទៅក្នុងការរៀបចំកងកម្លាំង។ មេបញ្ជាការបានរកឃើញថា ប្រព័ន្ធរ៉ូបូត និងប្រព័ន្ធស្វយ័តមានប្រយោជន៍ក្នុងការកំណត់អត្តសញ្ញាណ និងផ្តួចផ្តើមទំនាក់ទំនងជាមួយកងទ័ពរបស់សត្រូវ ដោយហេតុនេះ វាជួយឱ្យទាហានផ្ទាល់របស់ពួកគេការពារខ្លួនបានល្អមិនឱ្យសត្រូវមើលឃើញ។ ការប្រើឧបករណ៍ចាប់សញ្ញារ៉ូបូតនៅពីមុខកងទ័ព បានបង្ហាញឱ្យឃើញនូវតម្លៃដែលមិនអាចកាត់ថ្លៃបាន ដោយបង្ខំឱ្យកងកម្លាំងរបស់សត្រូវបង្ហាញទីតាំងរបស់ពួកគេបានឆាប់ជាងមុន។ ខណៈពេលដែលប្រព័ន្ធរ៉ូបូត និងប្រព័ន្ធស្វយ័តកំពុងកើនឡើង រ៉ូបូតនៅតែជាលក្ខណៈទូទៅបំផុត។ ឧបករណ៍ដែលដំណើរការពីចម្ងាយធ្វើឱ្យទាហានតិចជាងមុនស្ថិតនៅទីតាំងគ្រោះថ្នាក់ និងពង្រីកតំបន់នៃការសង្កេត និងប្រតិបត្តិការ។

តើការរួមបញ្ចូលពេញលេញបានកើតឡើងឬទេ?

ការរួមបញ្ចូលកងកម្លាំងនៅទូទាំងព្រំដែនជាតិនៅតែស្ថិតក្នុងដំណាក់កាលដំបូងរបស់ខ្លួន ហើយអ្នកចូលរួមក្នុងសមយុទ្ធ PC22 បានសង្កត់ធ្ងន់ថា ការធ្វើឡើងវិញលើកទីបីនៃសមយុទ្ធ Project Convergence គឺជាការពិសោធជាជាងការធ្វើសមយុទ្ធ។ វាជារឿងសំខាន់ដែលកិច្ចខិតខំប្រឹងប្រែងសហការ និងការធ្វើសមាហរណកម្មបន្តរហូតដល់ការធ្វើឡើងវិញបន្ទាប់ទៀត ដែលរំពឹងថានឹងកើតមានឡើងនៅក្នុងឆ្នាំ 2024។ សមយុទ្ធ PC22 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ទោះបីមានគំនិតផ្តួចផ្តើមសមាហរណកម្មតូចជាងនានា ដែលគាំទ្រដោយកិច្ចខិតខំប្រឹងប្រែងដូចជាកម្មវិធីទាហានក្នុងពេលអនាគតរបស់កងទ័ពអង់គ្លេសក៏ដោយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវតែមានធនធាន និងត្រូវបានផ្តល់អាទិភាពឱ្យឆ្ពោះទៅមុខ។

ទោះបីនៅតែមានឧបសគ្គ ដូចជាគោលនយោបាយ និងបទប្បញ្ញត្តិផ្សេងគ្នាក៏ដោយ សមយុទ្ធ PC22 គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការរួមបញ្ចូលពហុដែននៅទូទាំងព្រំដែនជាតិ។ ផលប្រយោជន៍ធំបំផុតបានមកពីការដាក់ពង្រាយកងកម្លាំងរួមជាមួយនឹងសេរីភាពក្នុងការដោះស្រាយបញ្ហា និងការធ្វើការពិសោធ។ ប្រការនេះនឹងបង្ហាញឱ្យឃើញពីលក្ខណៈពិតប្រាកដនៃបញ្ហាប្រឈមមួយ ហើយផ្ដល់ដំណោះស្រាយចំពោះបញ្ហានេះទៅដល់ក្នុងដៃរបស់អ្នកដែលអាចប្រើប្រាស់គំនិតនេះនៅលើសមរភូមិបាន។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button