ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន បន្តការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការ
Gusty Da Costa
យោងតាមមន្ត្រី និងអ្នកវិភាគបានឱ្យដឹងថា ការល្បាតតាមសមុទ្រ និងផ្លូវអាកាសរួមគ្នាដែលធ្វើឡើងដោយឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វ៊ីលីពីន ក្រោមការរៀបចំកិច្ចសហប្រតិបត្តិការត្រីភាគី (TCA) ឆ្នាំ 2017 បន្តបង្ហាញពីភាពជោគជ័យ និងនៅតែមានសារៈសំខាន់ចំពោះសន្តិសុខដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក។ ប្រទេសទាំងបីបានព្រមព្រៀងគ្នាកាលពីខែមិថុនា ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងសហប្រតិបត្តិការរបស់ពួកគេឆ្ពោះទៅមុខ។
ការល្បាតជាប្រចាំ ការសម្របសម្រួល និងការចែករំលែកព័ត៌មានសម្ងាត់ដែលបង្កើតឡើងដោយការរៀបចំកិច្ចសហប្រតិបត្តិការត្រីភាគី TCA ត្រូវបានគេស្គាល់ថា INDOMALPHI។ យោងតាមក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា ក្រុមល្បាតបានទប់ទល់នឹងការគំរាមកំហែងដោយជោគជ័យ ដែលក្នុងនោះរួមមានចោរកម្មសមុទ្រ និងភេរវកម្ម ដែលមិនមានរបាយការណ៍ស្ដីពីព្រឹត្តិការណ៍គំរាមកំហែងណាមួយក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ 2023។ នេះបើប្រៀបធៀបទៅនឹងរបាយការណ៍ដែលមានចំនួន 99 ករណីអំពីចោរកម្មសមុទ្រ និងប្លន់ប្រដាប់អាវុធក្នុងឆ្នាំ 2017 នៅក្នុងតំបន់ល្បាត។
អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូណេស៊ី លោកវរសេនីយ៍ឯក I Made Wira Hady Arsanta បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «លទ្ធផលនៃការល្បាតដែលបានសម្របសម្រួលអាចយល់បានក្នុងទម្រង់នៃការកាត់បន្ថយអត្រាឧក្រិដ្ឋកម្ម ការកាត់បន្ថយការបំពានច្បាប់ និងការរំលោភបំពានលើទឹកដី និងកាត់បន្ថយការរំខានផ្នែកសន្តិសុខក្នុងតំបន់ប្រតិបត្តិការជាពិសេសនៅតំបន់ព្រំដែននៃប្រទេសទាំងបី»។
កាលពីពាក់កណ្តាលខែមិថុនា មន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងបីបានព្រមព្រៀងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេតាមរយៈដំណើរទស្សនកិច្ចកំពង់ផែត្រីភាគី សកម្មភាពហ្វឹកហ្វឺនដែនសមុទ្រ និងការបន្តឡើងវិញនៃក្រុមល្បាតបេសកកម្មរួមឆ្នាំ 2024 ដែលពីមុនត្រូវបានផ្អាកដោយសារតែឧបសគ្គនៃជំងឺកូវីដ 19។ កិច្ចព្រមព្រៀងពង្រីកនេះបានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមការងាររួម (JWG) នៃ INDOMALPHI លើកទី 21 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី 14 ខែមិថុនា។
បន្ថែមពីលើការរារាំងតួអង្គបង្កគ្រោះថ្នាក់ចេញពីឆកសមុទ្រទៀតនោះ កិច្ចសហប្រតិបត្តិការ INDOMALPHI ក៏ទទួលបានការសរសើរនៅឯកិច្ចប្រជុំក្រុមការងាររួម (JWG) សម្រាប់តួនាទីរបស់ខ្លួនក្នុងការជួយសង្គ្រោះមនុស្សចំនួន 27 នាក់ក្នុងខែកុម្ភៈ នៅសមុទ្រ Sulu ពីនាវាធ្វើពីឈើ ML Rihana ដែលមិនដំណើរការ ដែលបានបង្ហោះទង់ជាតិហ្វ៊ីលីពីន។
មេបញ្ជាការកងពលតូចម៉ារីនទី 2 នៃកងទ័ពម៉ារីនហ្វ៊ីលីពីន លោកវរសេនីយ៍ឯក Romeo T. Racadio បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មជ្ឈមណ្ឌលបញ្ជាការដែនសមុទ្រក្នុងប្រទេសហ្វ៊ីលីពីន និងម៉ាឡេស៊ី សម្រាប់ការធ្វើឱ្យការជួយសង្គ្រោះអាចធ្វើទៅបានដោយនាវាល្បាតដែនសមុទ្រហ្វ៊ីលីពីន BRP Florencio Inigo។
លោក Racadio បានលើកឡើងបន្ទាប់ពីការជួយសង្គ្រោះនេះ ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋហ្វ៊ីលីពីនថា៖ «ការស្ដារឡើងវិញប្រកបដោយសុវត្ថិភាពគឺជាលទ្ធផលនៃការរៀបចំកិច្ចសហប្រតិបត្តិការត្រីភាគីដែលធ្វើការជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វ៊ីលីពីន»។
លោក Arsanta បានពន្យល់ថា ការល្បាតតាមដែនអាកាស និងដែនសមុទ្រដែលសម្របសម្រួលដោយ INDOMALPHI ត្រូវបានធ្វើឡើងចំនួនដងក្នុងមួយឆ្នាំនៅក្នុងសមុទ្រ Sulu និង Sulawesi។ លោកបានបន្តថា គោលបំណងរបស់ពួកគេគឺ «ដើម្បីរក្សាអធិបតេយ្យភាពនៃប្រទេសរៀងៗខ្លួន ដោយអនុវត្តច្បាប់ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលមានស្រាប់ រួមទាំងច្បាប់អន្តរជាតិ ច្បាប់ស្តីពីរដ្ឋតាមបណ្ដោយឆ្នេរសមុទ្រ និងគោលនយោបាយអន្តរជាតិ និងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន»។
លោកបានបន្ថែមទៀតថា សមយុទ្ធដែនសមុទ្ររួមគ្នាត្រូវបានធ្វើឡើងក្នុងអំឡុងការណាត់ជួបជាទៀងទាត់នៃនាវាល្បាតរបស់ប្រទេសទាំងបី។
កិច្ចសហប្រតិបត្តិការពង្រីកដល់ការស៊ើបការណ៍សម្ងាត់ និងការចែករំលែកព័ត៌មាន ដែលទប់ស្កាត់ឧបទ្ទវហេតុនៅក្នុងប្រទេសរៀងៗខ្លួន នេះយោងតាមលោក Marcellus Hakeng Jayawibawa អ្នកជំនាញដែនសមុទ្រឥណ្ឌូណេស៊ី និងជាប្រធានកប៉ាល់ស៊ីវិលបានថ្លែងប្រាប់ទស្សនាវដ្តី FORUM។
លោកបានថ្លែងបន្ថែមទៀតថា សមុទ្រ Sulu និង Sulawesi ត្រូវបានតភ្ជាប់ទៅផ្លូវដឹកជញ្ជូននៃសមុទ្រចិនខាងត្បូង ដែលឆ្លងកាត់ច្រកសមុទ្រ Makassar និង Lombok ដែលមានការជួញដូរយ៉ាងច្រើននោះ។ លោកបន្តថា ផ្លូវទឹកនេះក៏ផ្គត់ផ្គង់ត្រីដល់ប្រទេស INDOMALPHI ទាំងបីផងដែរ។
លោកបានលើកឡើងថា INDOMALPHI បានដាក់សម្ពាធឥតឈប់ឈរលើក្រុមពួកភេរវករ ដោយលោកបានជួយកម្ចាត់ក្រុម Abu Sayyaf ដែលបានធ្វើការវាយប្រហារតាមសមុទ្រ និងការចាប់ជំរិតពីមូលដ្ឋានរបស់ខ្លួននៅភាគខាងត្បូងប្រទេសហ្វ៊ីលីពីនក្នុងរយៈពេលពីរទសវត្សរ៍ដំបូងនៃសតវត្សរ៍នេះ ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងរបួស។
លោក Hakeng បានសរុបថា៖ «INDOMALPHI គឺជាការវាស់វែងពិតប្រាកដនៃជោគជ័យរបស់ប្រទេសទាំងបី»។ «វាបង្ហាញពីស្មារតីនៃសាមគ្គីភាពរបស់ប្រទេសសមាជិកអាស៊ាន [សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍] ដើម្បីរក្សាស្ថិរភាពនៃសន្តិសុខដែនសមុទ្រប្រឆាំងនឹងចោរកម្មសមុទ្រ ការចាប់ជំរិត និងអំពើភេរវកម្មឆ្លងដែន។ ដូច្នេះសន្តិសុខដែនសមុទ្រចាំបាច់ត្រូវតែធ្វើឡើងដើម្បីផ្តល់សុវត្ថិភាព និងសន្តិសុខក្នុងការដឹកជញ្ជូន និងអធិបតេយ្យភាពនៃប្រទេសនានា»។
Gusty Da Costa គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។