បណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បង្កើតការរៀបចំសន្តិសុខ ស្របពេលមានការគំរាមកំហែងកើនឡើង
Mandeep Singh
ដោយប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយកូរ៉េខាងជើង និងសាធារណរដ្ឋប្រជាមានិតចិនក្នុងចំណោមប្រទេសដទៃទៀត លំនាំនៃការរៀបចំសន្តិសុខក្នុងចំណោមបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកបានលេចឡើងគួរជាទីកត់សម្គាល់នាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងសមាជិកនៃភាពជាដៃគូកិច្ចសន្ទនាសន្តិសុខចតុភាគី៖ អូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក។
លោកស្រីបណ្ឌិត Rajeswari Pillai Rajagopalan នាយកមជ្ឈមណ្ឌលសន្តិសុខ យុទ្ធសាស្ត្រ និងបច្ចេកវិទ្យានៅមូលនិធិស្រាវជ្រាវ Observer របស់ប្រទេសឥណ្ឌាបានប្រាប់ទស្សនាវដ្តី FORUM ថា៖ «នៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខថ្មីកំពុងកើតឡើងរវាងសមាជិកកិច្ចសន្ទនាសន្តិសុខចតុភាគីមួយចំនួន និងប្រទេសដែលនៅក្រៅក្រុមសន្ទនានេះ»។ «នេះគឺជាការចង់បំពេញបន្ថែមនូវកិច្ចសន្ទនាសន្តិសុខចតុភាគីជាជាងការចង់ជំនួសឱ្យកិច្ចសន្ទនានេះទាំងស្រុង»។
ប្រទេសជប៉ុនបានទ្រាំនឹងនាវារបស់សាធារណរដ្ឋប្រជាមានិតចិនជាច្រើនឆ្នាំមកហើយលើការឈ្លានពានក្នុងដែនទឹករបស់ខ្លួនជុំវិញខ្សែសង្វាក់កោះ Senkaku ក៏ដូចជាកូរ៉េខាងជើងធ្វើការបាញ់មីស៊ីលចូលទៅក្នុងសមុទ្រជប៉ុនផងដែរនោះ។ មីស៊ីលប្រភេទនេះមួយបានហោះពីលើជប៉ុនកាលពីខែតុលា ឆ្នាំ 2022។ ក្នុងពេលជាមួយគ្នានេះដែរ ទាហានឥណ្ឌាបានប៉ះទង្គិចម្តងហើយម្តងទៀតជាមួយកងកម្លាំងសាធារណរដ្ឋប្រជាមានិតចិននៅតាមបណ្តោយព្រំដែនភ្នំនៃប្រទេសឥណ្ឌាជាមួយប្រទេសចិនជុំវិញទឹកដីមានជម្លោះ។ ការបន្តទន្រ្ទានរបស់សាធារណរដ្ឋប្រជាមានិតចិន លើតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃបណ្តាប្រទេសនៅសមុទ្រចិនខាងត្បូង គឺជាបញ្ហាសន្តិសុខដែលកំពុងបន្ត។ ការលុកលុយដោយទូកនេសាទខ្នាតធំ កប៉ាល់ឆ្មាំឆ្នេរសមុទ្រ និងកប៉ាល់ផ្សេងទៀតផ្ដល់ផលប៉ះពាល់ខ្លាំងក្លាដល់ប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដូចជាហ្វ៊ីលីពីន និងវៀតណាមជាដើម។
លោកស្រី Rajagopalan បានលើកឡើងថា «ដោយសារការគំរាមកំហែងរបស់ចិន ជប៉ុនបានបានខិតខំប្រឹងប្រែងជាពិសេសក្នុងការពង្រឹងសន្តិសុខរបស់ខ្លួន»។ លោកស្រីបានលើកឡើងពីកិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសជប៉ុន និងចក្រភពអង់គ្លេសដែលបានចុះហត្ថលេខាកាលពីខែមករានេះ ដែលអនុញ្ញាតឱ្យប្រទេសនីមួយៗដាក់ពង្រាយកម្លាំងនៅក្នុងប្រទេសរបស់ភាគីម្ខាងទៀត និងការបញ្ជាក់នាពេលថ្មីៗនេះអំពីកម្លាំង និងសារៈសំខាន់នៃសម្ព័ន្ធភាពសន្ធិសញ្ញាជប៉ុន-អាមេរិក។
ដៃគូកិច្ចសន្ទនាសន្តិសុខចតុភាគីដែលជាដៃគូអូស្ត្រាលីបានចូលរួមជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកាលពីដើមខែមិថុនាក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីជាមួយហ្វ៊ីលីពីននៅខាងក្រៅកិច្ចសន្ទនាសន្តិសុខ Shangri-La នៅប្រទេសសិង្ហបុរី។ ការពិភាក្សាផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ក្នុងការប្រឈមមុខនឹងការឈ្លានពានដែនសមុទ្រដែលកំពុងកើនឡើងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូងកាលពីចុងឆ្នាំនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំលើកដំបូងដែលមិនធ្លាប់មានរវាងប្រមុខការពារជាតិ នេះបើយោងតាមការសរសេររបស់លោក Anil Trigunayat អតីតឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសហ៊្សកដានី លីប៊ី និងម៉ាល់តា ក្នុងចំណោមប្រទេសដទៃទៀត និងលោក Don McLain Gill អ្នកវិភាគភូមិសាស្ត្រនយោបាយមានមូលដ្ឋាននៅទីក្រុងម៉ានីល ដែលបានចុះផ្សាយក្នុងកាសែត Philippines Star ក្នុងខែមិថុនា។
អូស្ត្រាលី ជប៉ុន និងហ្វ៊ីលីពីន គឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញានីមួយៗរបស់សហរដ្ឋអាមេរិក លោក Trigunayat និងលោក Gill បានកត់សម្គាល់ឃើញថា ដោយបានបន្ថែមទៀតថា កិច្ចចរចារនៅសិង្ហបុរីដែលបានសន្យាថានឹងកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងបណ្តាញសម្ព័ន្ធភាពឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកនិពន្ធទាំងពីររូបនេះបានសរសេរថា «នេះក៏នឹងបន្ថែមសារៈសំខាន់បន្ថែមទៀតដល់ប្រព័ន្ធនៃសម្ព័ន្ធភាពនៅឥណ្ឌូប៉ាស៊ីហ្វិកនូវសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយរួមគ្នានូវបញ្ហានៃកង្វល់ និងផលប្រយោជន៍ទៅវិញទៅមក»។
ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន ហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធរួមគ្នាមួយនៅឯឆ្នេរសមុទ្រនៃកោះ Bataan របស់ប្រទេសហ្វ៊ីលីពីនកាលពីថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2023។
លោកស្រី Rajagopalan បានលើកឡើងថា ប្រទេសឥណ្ឌាបាននឹងកំពុងពង្រឹងកិច្ចព្រមព្រៀងការពារជាតិ និងសន្តិសុខជាមួយនឹងដៃគូកិច្ចសន្ទនាសន្តិសុខចតុភាគីរបស់ខ្លួនដោយការចរចាកិច្ចព្រមព្រៀងផ្នែកដឹកជញ្ជូនទ្វេភាគី និងយោធាជាមួយអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក។
លោកស្រីបានពណ៌នាអំពីភាពជាដៃគូឆ្នាំ 2021 រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកថាជា «កតិកាសញ្ញាសុវត្ថិភាពនៃសារៈសំខាន់ដ៏អស្ចារ្យនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានប្រទេសចំនួនពីរក្នុងចំណោមប្រទេសនៃកិច្ចសន្ទនាសន្តិសុខចតុភាគី»។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ 2023 បានសម្រាលភាពព្រួយបារម្ភអំពីការរៀបចំសន្តិសុខ ដែលផ្តោតលើជំនួយរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដល់ប្រទេសអូស្ត្រាលីក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែប៉ុន្តែបំពាក់ដោយអាវុធធម្មតា។
លោកប្រធានាធិបតី Widodo បានប្រាប់កាសែត New Straits Times របស់ម៉ាឡេស៊ីថា «គោលការណ៍របស់អាស៊ានគឺកិច្ចសហការ សហប្រតិបត្តិការ និងការចូលរួមយ៉ាងសកម្ម»។ «យើងមិនចង់មានជម្លោះទេ។ យើងមិនចង់នៅដាច់ដោយឡែកតែឯងទេ… យើងគួរតែចាត់ទុកកិច្ចសន្ទនាសន្តិសុខចតុភាគី និងសម្ព័ន្ធភាព AUKUS ជាដៃគូ មិនមែនដៃគូប្រកួតប្រជែងនោះឡើយ»។
Mandeep Singh គឺជាអ្នករួមចំណែកដល់ទស្សនាវដ្ដី FORUM ដោយធ្វើការរាយការណ៍ពីទីក្រុង New Delhi នៃប្រទេសឥណ្ឌា។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។