តំបន់អាស៊ីអគ្នេយ៍ / SEAវិវាទ/ភាពតានតឹង

កងជីវពលជនជាតិភាគតិចក្នុងប្រទេសភូមាផ្លាស់ប្តូរភាពស្មោះត្រង់ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងនឹងរបបយោធា

The Associated Press

អង្គភាពនៃកងជីវពលជនជាតិភាគតិចនៅភាគខាងកើតប្រទេសភូមា ដែលជាផ្នែកនៃយោធាមានតែឈ្មោះប៉ុណ្ណោះបានប្តូរភាគី ដោយចងសម្ព័ន្ធភាពជាមួយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស ហើយបានធ្វើការវាយប្រហារក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទៅលើប៉ុស្តិ៍កងទ័ព និងប៉ុស្តិ៍ប៉ូលិស​ នេះបើតាមការលើកឡើងរបស់សមាជិកនៃអង្គភាពនេះ។

អង្គភាពកងកម្លាំងឆ្មាំព្រំដែនទាំងពីរនៅក្នុងរដ្ឋ Kayah ត្រូវបានគេជឿថាជាអង្គភាពកងជីវពលដែលមានទំនាក់ទំនងនឹងយោធាដំបូងគេ ដែលផ្លាស់ប្តូរភាគីចាប់តាំងពីរបបយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតកាលពីក្នុងខែកុម្ភៈ ឆ្នាំ 2021។

រដ្ឋប្រហារដំបូងឡើយបានជួបជាមួយនឹងការតវ៉ាទូទាំងប្រទេសដោយសន្តិវិធី ប៉ុន្តែក្រោយពីកងកម្លាំងសន្តិសុខបានបង្រ្កាបដោយកម្លាំងដែលបង្កឱ្យមានគ្រោះថ្នាក់ ក្រុមតស៊ូប្រដាប់អាវុធក្នុងស្រុកជាច្រើនបានបង្កើតឡើង និងបានរៀបចំជាកងកម្លាំងការពារប្រជាជន។ ពួកគេបានសម្របខ្លួនពួកគេជាមួយនឹងក្រុមជនជាតិភាគតិចធំៗនៅក្នុងតំបន់ព្រំដែន ដែលបានអនុវត្តការតស៊ូប្រដាប់អាវុធអស់ជាច្រើនទសវត្សរ៍ ដោយស្វែងរកស្វ័យភាពកាន់តែច្រើន។

រដ្ឋ Kayah ដែលជារដ្ឋតូចបំផុតក្នុងចំណោមរដ្ឋចំនួនប្រាំពីររបស់ប្រទេសភូមា និងគ្រប់គ្រងដោយក្រុមជនជាតិភាគតិច Karenni បានជួបប្រទះជម្លោះដ៏ខ្លាំងក្លា ជាពិសេសចាប់តាំងពីរដ្ឋប្រហារបានកើតឡើង។ តំបន់នេះស្ថិតនៅជាប់ព្រំដែនប្រទេសថៃ។

មាន​អង្គភាព​ការពារ​ព្រំដែន​ចំនួនប្រហែល​ជាងម្ភៃ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​កម្លាំង​ប្រដាប់អាវុធ​សរុប​ចំនួន​ 10 000 ​នាក់​។ អង្គភាពនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2009 ពីអ្វីដែលជាក្រុមបះបោរជនជាតិភាគតិចស្វយ័ត ដែលបានព្រមព្រៀងលើបទឈប់បាញ់ជាមួយរបបយោធាពីមុន។

រដ្ឋាភិបាលរួបរួមជាតិ ដែលជារដ្ឋបាលស៊ីវិលស្រមោលប្រឆាំងនឹងយោធា បានថ្លែងថា ទាហាន និងប៉ូលិសប្រហែលជា 13 000 នាក់បានរត់គេចទៅខាងខ្លួនចាប់តាំងពីយោធាបានដណ្តើមអំណាចមក។

អង្គភាពការពារព្រំដែនទាំងពីរដែលបានចូលរួមជាមួយកងកម្លាំងតស៊ូរួមមានសមាជិកភាគច្រើននៃរណសិរ្សរួបរួមរំដោះប្រជាជននៃជនជាតិ Karenni (KNPLF) ដែលជាកម្លាំងជនជាតិភាគតិចដែលបានបង្កើតឡើងក្នុងឆ្នាំ 1978 និងអង្គការជនជាតិភាគតិចប្រដាប់អាវុធសំខាន់របស់រដ្ឋ។

សមាជិករណសិរ្សរួបរួមរំដោះប្រជាជននៃជនជាតិ Karenni (KNPLF) ដែលបានថ្លែក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កងទ័ពស្ទើរតែទាំងអស់នៅក្នុងអង្គភាពទាំងពីរ ដែលអង្គភាពនីមួយៗមានប្រហែល 300 នាក់បានចូលរួមជាមួយកងកម្លាំងតស៊ូក្នុងតំបន់ដែលកាលពីពេលថ្មីៗនេះបានបំផ្លាញប៉ុស្តិ៍មុខរបស់កងទ័ពចំនួនបួន និងប៉ុស្តិ៍ប៉ូលិសសង្កាត់មួយនៅទីប្រជុំជន Mese នៅភាគអាគ្នេយ៍នៃរដ្ឋ Kayah។

ទីប្រជុំជន Mese ជាកន្លែងដែលទីស្នាក់ការរណសិរ្សរួបរួមរំដោះប្រជាជននៃជនជាតិ Karenni (KNPLF) ស្ថិតនៅ ដែលមានចម្ងាយប្រហែល 200 គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីណៃពិដោ របស់ប្រទេសភូមា។

សមាជិករូបនេះបានលើកឡើងថា យុទ្ធជនមួយចំនួនរបស់គាត់បានសហការយ៉ាងស្ងៀមស្ងាត់ជាមួយកងកម្លាំងតស៊ូប្រដាប់អាវុធក្នុងតំបន់ តាំងតែពីមុនពេលដែលអង្គភាពកងជីវពលបានចូលរួមដោយបើកចំហក្នុងការប្រយុទ្ធប្រឆាំងនឹងយោធាកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ 2023 មកម៉្លេះ។

ទោះបីជាអង្គភាពព្រំដែននៅក្នុងរដ្ឋ Kayah មានទំនាក់ទំនងជាផ្លូវការជាមួយយោធាក៏ដោយ KNPLF បានចេញសេចក្តីថ្លែងការណ៍មួយពីរបីថ្ងៃបន្ទាប់ពីរដ្ឋប្រហារប្រឆាំងនឹងការដណ្តើមអំណាចរបស់របបយោធា និងជំរុញឱ្យរបបនេះដោះលែងអ្នកជាប់ឃុំនយោបាយ។

លោក Khu Nyay Reh សមាជិកគណៈកម្មាធិការមជ្ឈិមគណបក្សវឌ្ឍនភាពជាតិ Karenni បានថ្លែងថា សមាជិកអង្គភាពមិនអាចទ្រាំទ្រនឹងយោធាដែលបានសម្លាប់សមាជិកគ្រួសាររបស់ពួកគេបានទេ។ លោកបានឱ្យដឹងថា របបយោធាបានឆ្លើយតបទៅនឹងបោះបង់ចោលដោយការទម្លាក់គ្រាប់បែកមួយក្នុងមូលដ្ឋានការពារព្រំដែន និងទីតាំងផ្សេងទៀត ហើយដោយការបញ្ជូនកងទ័ពទៅកាន់ទីប្រជុំជន Mese។ លោក​បានលើកឡើង​ថា ​ប្រហែល​ពាក់​កណ្តាល​នៃ​ប្រជាជន​ចំនួន 6 800 នាក់​នៃ​សង្កាត់​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ឬ​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ និង​តំបន់​ក្បែរ​ៗនោះ។

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button