តំបន់អូសេអានីភាពជាដៃគូ

កងកម្លាំងចម្រុះកំពុងហ្វឹកហ្វឺននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានជួយសង្គ្រោះមនុស្សចំនួន 11 នាក់នៅលើនាវាដែលកំពុងជួបប្រទះបញ្ហាលំបាកក្នុងការផ្លាស់ទីបន្តទៅមុខនៅក្នុងមហាសមុទ្រ

ពលទោជាន់ខ្ពស់ Tiffany Del Oso/កិច្ចការសាធារណៈរបស់បញ្ជាការដឹកជញ្ជូនតាមដែនអាកាស/កងទ័ពអាកាសអាមេរិក

កងឆ្មាំឆ្នេរសមុទ្រអាមេរិកបានរាយការណ៍ថា កងកម្លាំងមកពីកាណាដា បារាំង និងសហរដ្ឋអាមេរិកបានបង្វែរចេញពីការហ្វឹកហ្វឺននៅកោះម៉ារីយ៉ាណាខាងជើង ដើម្បីជួយសង្គ្រោះមនុស្សចំនួន 11 នាក់ពីនាវាខូចដែលរសាត់អណ្ដែតនៅក្នុងសមុទ្រដ៏គ្រោះថ្នាក់កាលពីដើមខែកក្កដា ឆ្នាំ 2023។

កងកម្លាំងកំពុងចូលរួមក្នុងសមយុទ្ធ Mobility Guardian 23 (MG23) ជាមូយកម្លាំងសង្គ្រោះស៊ីវិល និងយោធា។ MG23 គឺជាសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មានរបស់បញ្ជាការដឹកជញ្ជូនតាមដែនអាកាសរបស់កងទ័ពអាកាសអាមេរិក ហើយត្រូវបានធ្វើឡើងជាលើកដំបូងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សញ្ញាប្រកាសអាសន្នត្រូវបានឃើញនៅឆ្នេរដែនកោះ Rota នៃសហធនកោះម៉ារីយ៉ាណាខាងជើង (CNMI) បានជំរុញឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយសង្គ្រោះនាវិកដែលជាប់ខ្លួននៅលើនាវានោះ។

ឧត្តមសេនីយទោ Darren Cole ប្រធាន​ផ្នែកប្រតិបត្តិការ យុទ្ធសាស្ត្ររារាំង និងសមាហរណកម្មនុយក្លេរអ៊ែរ នៃបញ្ជាការដឹកជញ្ជូនតាមដែនអាកាសបានពន្យល់ថា៖ «នេះជាឧទាហរណ៍ល្អបំផុតនៃសារៈសំខាន់របស់អន្តរប្រតិបត្តិ»។ «មិនមានលទ្ធផលណាល្អជាងនេះទេ ហើយដៃគូរបស់យើងអនុញ្ញាតឱ្យយើងប្រតិបត្តិការប្រភេទនេះនៅជុំវិញពិភភលោក នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង»។

សេចក្ដីប្រកាសព័ត៌មានរបស់កងឆ្មាំឆ្នេរសមុទ្រអាមេរិកបានពន្យល់ថា នៅប្រហែលម៉ោង 5 ល្ងាច នៅថ្ងៃទី 10 ខែកក្កដា ចម្ងាយប្រហែល 30 ម៉ាយល៍ដែនសមុទ្រនៅភាគពាយ័ព្យនៃកោះ Rota នាវានេសាទប្រវែង 6,5 ម៉ែត្រឈ្មោះថា Full 20 Horizon ដែលមាននាវិកចំនួន 11 នាក់ បានខូច ហើយរសាត់អណ្ដែតតាមកម្លាំងរលកសមុទ្រមានកម្ពស់ដល់ទៅ 2 ម៉ែត្រ និងល្បឿនខ្យល់ 19 គីឡូម៉ែត្រក្នុងមួយម៉ោង។

នាវិករបស់យន្តហោះដឹកជញ្ជូនយោធារបស់កងទ័ពអាកាស និងអវកាសបារាំង (FASF) A400 Atlas គឺជាយន្តហោះដំបូងដែលបានឆ្លើយតប ដោយហោះចេញពីមូលដ្ឋានកងទ័ពអាកាស Andersen កោះ Guam។ យន្ដហោះដែលត្រូវបានបើកដោយវរសេនីយ៍ទោ Ronan នៃកងទ័ពអាកាស និងអវកាសបារាំង ទើបតែបានបញ្ចប់ការហ្វឹកហ្វឺនជម្លៀសវេជ្ជសាស្ត្រតាមដែនអាកាសក្នុងសមយុទ្ធ MG23។

នៅពេលដែលមានអំពាវនាវរកជំនួយពីកងឆ្មាំឆ្នេរសមុទ្រអាមេរិក វរសេនីយ៍ទោ Ronan បានបញ្ជាឲ្យបញ្ចប់សកម្មភាពសមយុទ្ធ ហើយបានហោះឡើងក្នុងរយៈពេលមិនដល់ 10 នាទី ដើម្បីគាំទ្របេសកកម្មស្វែងរក និងសង្គ្រោះ។

នាវិកបារាំង ដែលបំពាក់ដោយកែវយឹតសម្រាប់មើលពេលយប់ និងខ្សែក្រវាត់សុវត្ថិភាព បានឈរត្រៀមខ្លួននៅទ្វារចំហយន្ដហោះ ដើម្បីពិនិត្យមើលផ្ទៃសមុទ្រងងឹតខាងក្រោមដើម្បីស្វែងរកនាវានេសាទ។ យន្តហោះ Atlas បានរកឃើញនាវានេសាទនៅម៉ោងប្រហែល 8 យប់ និងបានបន្ដរក្សាទីតាំងរបស់ខ្លួននៅពេលនាវារបស់នាយកដ្ឋានសុវត្ថិភាពសាធារណៈ CNMI បានព្យាយាមធ្វើដំណើរទៅរកនាវានេសាទ Full 20 Horizon។ ប៉ុន្តែ ការប៉ុនប៉ងជួយសង្គ្រោះដំបូងដោយនាវារបស់ CNMI មិនបានជោគជ័យទេ ដោយសារតែស្ថានភាពសមុទ្រមានលក្ខណធ្ងន់ធ្ងរ ដោយមានល្បឿនខ្យល់បក់រហូតដល់ 28,9 គីឡូម៉ែត្រក្នុងមួយម៉ោង និងរលកមានកម្ពស់ 2,4 ម៉ែត្រ។

វរសេនីយ៍ទោ Ronan បានពន្យល់បន្ថែមថា៖ «ពេលនោះហើយគឺជាពេលដែលបេសកម្មបង្ហាញពីអត្ថន័យពេញលេញរបស់ខ្លួន»។ «ដោយសារតែយន្តហោះ A400M អ្នកអាចរកទីតាំងនាវានេសាទក្នុងរយៈពេលខ្លីបំផុត»។

ខណៈដែលធនធានស៊ីវិល និងយោធាអាមេរិកកំពុងរៀបចំការព្យាយាមជួយសង្គ្រោះបន្ថែមទៀតនោះ យន្ដហោះ A400M នៅរក្សាទីតាំងនៅលើនាវានេសាទ ដោយបន្តរក្សាគំហើញនាវាដោយផ្ទាល់អស់រយៈពេលប្រាំម៉ោង ខណៈដែលស្ថានភាពសមុទ្រកាន់តែអាក្រក់ទៅ។ យន្តហោះ A400M របស់កងទ័ពអាកាស និងអវកាសបារាំងត្រូវបានជំនួសដោយយន្ដហោះ CC-130J Hercules មកពីកងអនុសេនាធំផ្នែកដឹកជញ្ជូនលេខ 436 ដែលមានទីតាំងនៅកោះ Guam ផងដែរដើម្បីចូលរួមក្នុងសមយុទ្ធ MG23 ដោយធានាថាមិនមានការរំខានដល់ការគាំទ្រតាមផ្លូវអាកាសក្នុងអំឡុងពេលបេសកកម្មជួយសង្គ្រោះឡើយ។

អនុសេនីយ Felix នៃកងទ័ពអាកាស និងអវកាសបារាំង ដែលជាអ្នកបើកបររួមរបស់យន្តហោះ A400M ក្នុងបេសកកម្មនេះ បាននិយាយថា៖ «តាមរយៈវិទ្យុទាក់ទង យើងអាចមានអារម្មណ៍ដឹងថា វត្តមានរបស់យន្តហោះដែលនៅពីលើពួកគេ ធ្វើឲ្យនាវិកលែងមានការភ័យបារម្ភ»។ «យើងបានចាប់ផ្តើមដើម្បីធ្វើសមយុទ្ធហ្វឹកហ្វឺនជាមួយដៃគូរបស់យើង ហើយយើងបានបញ្ចប់ការងារដោយធ្វើការសង្គ្រោះមនុស្សពិតប្រាកដ»។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះរវាងកងទ័ពអាកាសកាណាដា និងកងទ័ពអាកាស និងអវកាសបារាំង ដើម្បីរក្សាគំហើញលើនាវានេសាទដែលមិនដំណើរការនោះ បានអនុញ្ញាតឱ្យមានពេលវេលាសម្រាប់ឧទ្ធម្ភាគចក្រ MH-60 Nighthawk របស់កងទ័ពជើងទឹកអាមេរិកមកដល់ និងចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ។

អ្នកនាំពាក្យកងកម្លាំងរបស់កងទ័ពអាកាសកាណាដាអនុសេនីយឯក Anya Montpetit បានថ្លែងថា៖ «សម្ព័ន្ធមិត្ត និងដៃគូរបស់យើងគឺជាចំណុចខ្លាំងដ៏ធំបំផុតរបស់យើង ហើយការប្តេជ្ញាចិត្តរបស់យើងក្នុងការចល័តក្នុងពិភពលោកយ៉ាងឆាប់រហ័ស គោរពការប្តេជ្ញាចិត្តទៅលើផ្នែកសន្តិសុខរបស់យើង នៅក្នុងតំបន់ដោយអនុញ្ញាតឱ្យយើងឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងវិបត្តិ ឬបញ្ហាប្រឈមណាមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។

នាវិករបស់ឧទ្ធម្ភាគចក្រ Nighthawk បានលើកនាវិកចំនួន 11 នាក់របស់នាវានេសាទ Full 20 Horizon ឡើងលើឧទ្ធម្ភាគចក្រដោយគ្មានរបួស។ ពួកគេ​ត្រូវ​បាន​គេ​ដឹក​ទៅ​ព្រលានយន្តហោះ Rota ដែល​អ្នក​សង្គ្រោះ​បន្ទាន់​ក្នុង​តំបន់​កំពុង​រង់ចាំពួកគេ។ នាវិកប្រាំបួននាក់ក្នុងចំណោម 11 នាក់ដែលត្រូវបានជួយសង្គ្រោះគឺជាពលរដ្ឋរបស់សាធារណរដ្ឋប្រជាមានិតចិន។ កងឆ្មាំឆ្នេរសមុទ្រអាមេរិកបានសណ្ដោងនាវាដែលជួបប្រទះបញ្ហាលំបាកក្នុងការផ្លាស់ទីបន្តទៅមុខនោះទៅកាន់កោះ Rota។

លោកអនុសេនីយ៍ឯក Nick Simmons មេបញ្ជាការកងកម្លាំងនៃកងឆ្មាំឆ្នេរសមុទ្រអាមេរិកប្រចាំមីក្រូណេស៊ី/ផ្នែកកោះ Guam បានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់យន្តហោះក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅដែនសមុទ្រ។

លោកអនុសេនីយ៍ឯក Simmons បានថ្លែងបន្ថែមថា៖ «យានិកយន្តហោះដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីសង្គ្រោះជីវិតនៅក្នុងស្ថានភាពសមុទ្រដែលកំពុងមានបញ្ហាប្រឈម»។ «ការប្រើប្រាស់ធនធានពីដែនអាកាស រួមជាមួយនឹងភាពជាដៃគូក្នុងតំបន់របស់យើង ធានាបាននូវការឆ្លើយតបយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពចំពោះការប្រកាសអាសន្ន ដែលបង្កើនឱកាសសង្គ្រោះប្រកបដោយជោគជ័យ»។

លោកវរសេនីយ៍ទោ Jake Parker ដែលជាអ្នកដឹកនាំសមយុទ្ធ MG23 បានពន្យល់ថា ប្រតិបត្តិការជួយសង្គ្រោះបង្ហាញពីសារៈសំខាន់នៃកងកម្លាំងចម្រុះ និងអន្តរប្រតិបត្តិរវាងសម្ព័ន្ធមិត្ត និងដៃគូ។

លោកវរសេនីយ៍ទោ Parker បានលើកលើងថា៖ «យើងទទួលបានលទ្ធផលល្អបំផុតចំពោះប្រតិបត្តិការដែលយើងធ្វើរួមគ្នា ហើយសមត្ថភាពរបស់យើងក្នុងប្រតិបត្តិការរួមគ្នាគឺល្អមិនអាចប្រៀបផ្ទឹមបាន»។ «កិច្ចសហប្រតិបត្តិការយ៉ាងរលូនរវាងប្រទេសជាច្រើន – ដើម្បីរួមបញ្ចូលទាំងធនធានយោធា និងធនធានស៊ីវិល បានធ្វើឱ្យនាវិកចំនួន 11 នាក់ត្រូវបានសង្គ្រោះជីវិត»។

សមយុទ្ធ MG23 មានបុគ្គលិកចំនួន 3 000 នាក់ មកពីប្រទេសអូស្ត្រាលី កាណាដា បារាំង ជប៉ុន នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការយន្តហោះប្រមាណ 70 គ្រឿង លើចម្ងាយ 4 828 គីឡូម៉ែត្រ រហូតដល់ថ្ងៃទី 21 ខែកក្កដា។

អ្នកបើកយន្តហោះ A400M របស់កងទ័ពអាកាស និងអវកាសបារាំងធ្វើបេសកកម្មស្វែងរក និងសង្គ្រោះនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2023 ដើម្បីស្វែងរកមនុស្សចំនួន 11 នាក់ នៅលើនាវាខូចមួយនៅឆ្នេរសមុទ្រកោះម៉ារីយ៉ាណាខាងជើង។ ប្រភពរូបភាព៖ ពលបាលបច្ចេកទេស MICHAEL COSSABOOM/កងកម្លាំងនៃកងឆ្មាំឆ្នេរសមុទ្រអាមេរិកប្រចាំមីក្រូណេស៊ី/ផ្នែកកោះ GUAM

ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button