អង្គការសហប្រជាជាតិ «បានភ្ញាក់ផ្អើល» ចំពោះការឃុំខ្លួននៅហុងកុង

សារព័ត៌មាន REUTERS
អង្គការសហប្រជាជាតិបានលើកឡើងថាខ្លួនបានភ្ញាក់ផ្អើលចំពោះការឃុំឃាំងនៅក្នុងទីក្រុងហុងកុងដែលទាក់ទងនឹងខួបលើកទី 34 នៃការបង្ក្រាបបង្ហូរឈាមរបស់បក្សកុម្មុយនិស្តចិននៅទីលានធានអានមេន (Tiananmen)។
ប៉ូលិសហុងកុងបានលើកឡើងថា ពួកគេបានឃុំខ្លួនមនុស្សជាង 20 នាក់ នៅថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2023 ពីបទ «រំលោភលើសន្តិភាពសាធារណៈ» ហើយក៏បានចាប់ខ្លួនស្ត្រីវ័យ 53 ឆ្នាំម្នាក់ពីបទ «រារាំងមន្រ្តីប៉ូលិស» នៅថ្ងៃខួបនៃការបង្ក្រាបដោយហិង្សាលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងប៉េកាំងក្នុងឆ្នាំ 1989។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានអំពាវនាវឱ្យមានការដោះលែងជនណាម្នាក់ដែលត្រូវបានឃុំខ្លួនពីបទ «អនុវត្តសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី»។ ទូរទស្សន៍សាធារណៈ RTHK របស់ហុងកុងបានរាយការណ៍ថា អ្នកជាប់ឃុំទាំងអស់ត្រូវបានដោះលែងហើយ។
ការរឹតបន្តឹងលើការនិយាយស្តី និងការតវ៉ាជាសាធារណៈនៅក្នុងទីក្រុងហុងកុងបានរារាំងដល់ការធ្វើពិធីកាន់ភ្លើងទៀនដ៏ធំដែលធ្លាប់បានប្រារព្ធដើម្បីរំលឹកការសម្លាប់យ៉ាងរង្គាលនៅឯធានអានមេនដោយកងកម្លាំងសន្តិសុខបក្សកុម្មុយនិស្តចិនដែលបានធ្វើឱ្យបាតុករ និងអ្នកឈរមើលប្រមាណ 3000 នាក់បានស្លាប់។
ប៉ូលិសហុងកុងរាប់រយនាក់បានធ្វើប្រតិបត្តិការបញ្ឈប់ និងស្វែងរក និងដាក់ពង្រាយរថពាសដែកនៅក្បែរឧទ្យាន Victoria ដែលជាកន្លែងនៃពិធីកាន់ភ្លើងទៀនពីមុន។ សកម្មជនទាំងនោះលើកឡើងថា សកម្មភាពបែបនេះគឺជាផ្នែកមួយនៃយុទ្ធនាការទ្រង់ទ្រាយធំរបស់បក្សកុម្មុយនិស្តចិនដើម្បីបង្រ្កាបការខ្វែងគំនិតគ្នានៅអតីតអាណានិគមចក្រភពអង់គ្លេសដែលបានសន្យាថាបន្តសេរីភាពយ៉ាងហោចណាស់ 50 ឆ្នាំក្រោមគំរូ «ប្រទេសមួយ ប្រព័ន្ធពីរ» នៅពេលដែលចក្រភពអង់គ្លេសប្រគល់ការគ្រប់គ្រងទៅឱ្យចិនវិញក្នុងឆ្នាំ 1997។
ស្ថានកុងស៊ុលកាណាដាបានថ្លែងនៅលើទំព័រ Facebook របស់ខ្លួនថា ខ្លួនបានចូលរួមជាមួយប្រជាជនហុងកុង និងក្រុមផ្សេងទៀតនៅជុំវិញពិភពលោកក្នុង «ការក្រើនរម្លឹកពីការបង្ក្រាបដោយហិង្សាប្រឆាំងនឹងពលរដ្ឋដែលគ្មានអាវុធ និងដោយសន្តិវិធី» ក្នុងឆ្នាំ 1989។ ខ្លួនបានលើកឡើងថា ប្រទេសកាណាដាឈរជាមួយនឹងក្រុមអ្នកដែលត្រូវបាន «រារាំងមិនឱ្យប្រើប្រាស់សិទ្ធិរបស់ពួកគេ រួមទាំងសិទ្ធិក្នុងការប្រមូលផ្តុំដោយសន្តិវិធី»។
ប្រភពរូបភាព៖ សារព័ត៌មាន REUTERS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។