តំបន់អូសេអានីភាពជាដៃគូវិវាទ/ភាពតានតឹង

ប្រទេសប៉ាឡូចង់ឱ្យមានការល្បាតបន្ថែមទៀតរបស់អាមេរិកលើដែនទឹករបស់ខ្លួន បន្ទាប់ពីការឈ្លានពានរបស់ចិន

សារព័ត៌មាន REUTERS

ប៉ាឡូដែលជាប្រទេសកោះប៉ាស៊ីហ្វិក (PIC) បានស្នើឱ្សសហរដ្ឋ អាមេរិកបង្កើនការល្បាតលើដែនទឹករបស់ខ្លួនបន្ទាប់ពីមានការលុកលុយជាច្រើនដងពីសំណាក់នាវាចិនទៅលើតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន នេះបើយោងតាមប្រធានាធិបតីប៉ាឡូ លោក Surangel Whipps Jr. បានថ្លែងកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ 2023 កន្លងទៅនេះ។

លោក Whipps បានមានប្រសាសន៍ថា លោកក៏នឹងស្វាគមន៍វត្តមានយោធាអាមេរិកកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសនេះ ដោយមានទាហានឈរជើងជាមួយនឹងកងឆ្មាំឆ្នេរ និងក្រុមសកម្មភាពស៊ីវិលនៅក្នុងតំបន់យុទ្ធសាស្ត្រនេះ។

លោក​បាន​ថ្លែង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​តូក្យូ​ថា​៖ «​មិន​ថា​មាន​អ្វី​កើតឡើងទេ យើង​នឹង​ស្ថិត​នៅ​ចំកណ្តាល​នៃ​អ្វី​ដែល​កំពុង​កើត​ឡើង ដូច្នេះ​វា​ជារឿងសំខាន់​ដែល​យើង​ទទួល​បាន​ការពារ​» លោកបានបន្ថែមទៀតថា៖​ «​ដើម្បី​ទទួលបាន​សន្តិភាព អ្នក​ត្រូវ​តែរៀបចំ​កម្លាំង​»។

នៅពេលសួរអំពីការលុកលុយនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតបថា នាវាទាំងនោះបានស្វែងរកកន្លែងសំចត ហើយមិនបានធ្វើការពិនិត្យ ឬស៊ើបអង្កេតទេ។

ប៉ាឡូ ដែលជាប្រជុំកោះដាច់ស្រយាលនៃផ្កាថ្ម និងកោះភ្នំភ្លើងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដែលមានប្រជាជនត្រឹមតែជាង 20 000 នាក់ មានកតិកាសញ្ញាដែលមានរយៈពេលជាច្រើនទសវត្សរ៍ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលសហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវចំពោះកិច្ចការពាររបស់ប្រទេសនៅដែនកោះប៉ាស៊ីហ្វិក និងផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចផងដែរ។

សហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងស្រដៀងគ្នានៅក្នុងតំបន់ជាមួយប្រទេសមីក្រូណេស៊ី និងកោះម៉ាស្យល ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិជាមួយប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេកាលពីខែឧសភា ឆ្នាំ 2023 កន្លងទៅផងដែរ។

សាធារណរដ្ឋប្រជាមានិតចិន (PRC) ចង់បង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខជាមួយនឹងកោះសូឡូម៉ុងនៅឆ្នាំ 2022 ដែលបានបង្កក្ដីបារម្ភអំពីមូលដ្ឋានយោធាចិនដែលអាចមាននៅក្នុងតំបន់។

លោក Whipps បានថ្លែងថា ប្រទេសប៉ាឡូបានកំណត់អត្តសញ្ញាណនាវាចិននៅក្នុងដែនទឹករបស់ខ្លួនកាលពីខែឧសភា ឆ្នាំ 2023 ថ្មីៗនេះ នៅពេលដែលកប៉ាល់មួយហាក់ដូចជាកំពុងពិនិត្យមើលតំបន់មួយនៅជិតខ្សែកាបអុបទិក ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងរបស់ប្រទេស។

លោកបានបន្តថា លោកនឹងលើកឡើងអំពីការលុកលុយទាំងនោះនៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំនៃវេទិកាកោះប៉ាស៊ីហ្វិកនៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 ខាងមុខនេះ។ វេទិកានៅក្នុងឆ្នាំ 2022 បានច្រានចោលការជំរុញរបស់ទីក្រុងប៉េកាំងក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងពាណិជ្ជកម្មជាមួយនឹងសមាជិកចំនួន 10 ក្នុងចំណោមសមាជិក​ចំនួនរបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកសរសើរអំពី «រដ្ឋដែនកោះតូចៗ» ដូចជាប្រទេសប៉ាឡូ នៅក្នុងសុន្ទរកថានៅប្រទេសសិង្ហបុរីកាលពីដើមខែមិថុនា ឆ្នាំ 2023 កន្លងទៅនេះ ហើយបានសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូរវាងប្រទេសប៉ាឡូ និងសហរដ្ឋអាមេរិកក្នុងអំឡុងពេលកិច្ចប្រជុំឆ្នាំ 2021ជាមួយលោក Whips។

ប្រទេសប៉ាឡូបានរៀបចំសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក ហើយសហរដ្ឋ​អាមេរិក​គ្រោង​ដាក់ប្រព័ន្ធរ៉ាដាចាប់គោលដៅពីជើងមេឃ​នៅក្នុងប្រទេសនេះនៅឆ្នាំ 2026។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button