តំបន់អាស៊ីអគ្នេយ៍ / SEAសកម្មភាពខុសច្បាប់

ទីភ្នាក់ងារឥណ្ឌូណេស៊ីជំរុញការការពារជាតិ លើកកម្ពស់ភាពធន់

Gusty Da Costa

វិទ្យាស្ថានជាតិភាពធន់របស់ប្រទេសឥណ្ឌូណេស៊ីដែលគេស្គាល់ថាជា Lemhannas កំពុងទទួលបានការសរសើរសម្រាប់ការជំរុញ «ការប្រុងប្រយ័ត្នផ្នែកការពារជាតិ» តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីផ្តល់យោបល់ដល់មេដឹកនាំ និងអប់រំសាធារណៈជនលើប្រធានបទដែលចាប់អារម្មណ៍យ៉ាងសំខាន់។

ដោយបានបង្កើតឡើងនៅឆ្នាំ​ 1965 វិទ្យាស្ថាន Lemhannas រាយការណ៍ដោយផ្ទាល់ទៅប្រធានាធិបតីឥណ្ឌូណេស៊ី។ វិទ្យាស្ថាននេះបានជួយណែនាំរដ្ឋាភិបាលឆ្លងកាត់ការរាតត្បាតនៃជំងឺកូវីដ-19 និងផ្តល់ដំបូន្មានដល់លោកប្រធានាធិបតី Joko Widodo ស្តីពីការបះបោរផ្តាច់ខ្លួននៅក្នុងខេត្ត Papua។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បានថ្លែងអំណរគុណដល់លោក Andi Widjajanto ដែលជាអភិបាលនៃ Lemhannas សម្រាប់ការសិក្សារបស់វិទ្យាស្ថានដែលគ្របដណ្តប់លើការអភិវឌ្ឍជាតិ តំបន់ និងពិភពលោកលើប្រធានបទជាច្រើនក្នុងអំឡុងពេលកិច្ចប្រជុំនៅខែមេសា ឆ្នាំ 2023 របស់ពួកគេ។ យោងតាមក្រសួងការពារជាតិ លោក Prabowo បានថ្លែងថា៖ «នេះមានតម្លៃណាស់សម្រាប់ការបង្កើនការយល់ដឹងអំពីកិច្ចការពារជាតិ»។ (រូបភាព៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto នៅកណ្តាល ជួបជាមួយនឹង លោក Andi Widjajanto នៅខាងស្តាំ អភិបាលនៃវិទ្យាស្ថានជាតិភាពធន់ ក្នុងខែមេសា 2023។)

លោក​ Prabowo បម្រើការនៅក្រុមប្រឹក្សាភិបាលអចិន្រ្តៃយ៍នៃវិទ្យាស្ថាន Lemhannas រួមជាមួយនឹងរដ្ឋមន្ត្រីសម្របសម្រួលរបស់ប្រទេសសម្រាប់នយោបាយ ច្បាប់ និងសន្តិសុខ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី និងជាអគ្គស្នងការនគរបាលជាតិ។

លោក Widjajanto បានប្រាប់ទស្សនាវដ្ដី FORUM ថា៖ «វិទ្យាស្ថាន Lemhannas តែងតែធ្វើអន្តរកម្មជាមួយក្រុមប្រឹក្សាភិបាលអចិន្ត្រៃយ៍ជាប្រចាំ ដើម្បីរាយការណ៍អំពីលទ្ធផលនៃការសិក្សាយុទ្ធសាស្រ្តតាមបញ្ជារបស់ប្រធានាធិបតី»។ លោក Widodo បានដឹកនាំវិទ្យាស្ថាននៅក្នុងខែកុម្ភៈ ឆ្នាំ 2022 ឱ្យផ្តោតលើបញ្ហារួមទាំងការបង្រួបបង្រួមលទ្ធិប្រជាធិបតេយ្យ កំណែទម្រង់ឌីជីថល សេដ្ឋកិច្ចបៃតង និងរដ្ឋធានីជាតិថ្មីដែលបានគ្រោងទុកគឺ Nusantara។

នៅចុងឆ្នាំ 2022 ទីភ្នាក់ងារនេះបានចាប់ផ្តើមបង្កើតការសិក្សាអំពីហានិភ័យភូមិសាស្ត្រនយោបាយសម្រាប់ឆ្នាំ 2023។ លោក Widjajanto បានលើកឡើងថា៖ «នៅចុងខែនីមួយៗ វិទ្យាស្ថាន Lemhannas ពន្យល់ពីហានិភ័យចុងក្រោយបំផុតសម្រាប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដូច្នេះនាំឱ្យមានការយល់ដឹងទូទៅអំពីការកើនឡើងនៃការគំរាមកំហែងដែលអាចកើតមាន»។

វិទ្យាស្ថាន Lemhannas ក៏ធ្វើសិក្ខាសាលា និងវគ្គសិក្សាសម្រាប់មន្ត្រីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានផងដែរ នេះបើតាមលោកឧត្តមសេនីយ៍ឯក Kiki Syahnakri ដែលបានចូលនិវត្តន៍ដែលបម្រើការជានាយអគ្គសេនាធិការរងនៃកងទ័ពឥណ្ឌូណេស៊ីបានថ្លែងប្រាប់ទស្សនាវដ្ដី​ FORUM។ «បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេនឹងមានលក្ខណៈរឹងមាំ ហើយគិតរួមគ្នា ពេញលេញ និងគ្រប់ជ្រុងជ្រោយ តាមរយៈការអប់រំទៀងទាត់ និងមិនទៀងទាត់»។

វិទ្យាស្ថាន Lemhannas និងក្រសួងការពារជាតិសហការគ្នាដើម្បីបង្កើតយុទ្ធសាស្រ្តការពារជាតិដែលមានលក្ខណៈ​សម្របសម្រួលមួយ នេះបើតាមលោកអនុសេនីយ៍ឯក Marcellus Hakeng Jayawibawa នៃសមាគមអតីតនិស្សិតរបស់មជ្ឈមណ្ឌលយុទ្ធសាស្រ្ត Lemhannas បានប្រាប់ថ្លែងប្រាប់ទស្សនាវដ្តី FORUM។ នៅក្នុងបរិបទនេះ វិទ្យាស្ថានផ្តល់ដំបូន្មានលើកត្តាយុទ្ធសាស្ត្រដែលត្រូវយកមកពិចារណានៅពេលបង្កើតគោលនយោបាយការពារជាតិ។

លោក Jayawibawa បានលើកឡើងថា តួនាទីរបស់វិទ្យាស្ថាន Lemhannas គឺមានសារៈសំខាន់ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ «វិទ្យាស្ថាននេះបានផ្តល់ដំបូន្មានដល់មេដឹកនាំថ្នាក់ជាតិអំពីគោលនយោបាយដែលគួរតែត្រូវបានអនុវត្តដើម្បីដោះស្រាយវិបត្តិ។ ហើយនៅទីបញ្ចប់ ឥណ្ឌូណេស៊ីបានបង្ហាញថាខ្លួនស្ថិតក្នុងចំណោមប្រទេសល្អបំផុតក្នុងពិភពលោកក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាត»។

លោក Syahnakri បានថ្លែងថា វិទ្យាស្ថាន Lemhannas ក៏កំពុងធ្វើការជាមួយ Widodo ដើម្បីបង្កើតដំណោះស្រាយចំពោះកុបកម្មដែលមានរយៈពេលយូរនៅក្នុងតំបន់ West Papua របស់ប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន BBC បានរាយការណ៍ថា ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ 1960 ទាហាន កុបករ និងជនស៊ីវិលប្រមាណ 450 000 នាក់ត្រូវបានសម្លាប់។

លោក Jayawibawa បានឱ្យដឹងថា វិទ្យាស្ថានក៏រៀបចំកម្មវិធីជាប្រចាំដើម្បីជូនដំណឹងដល់ពលរដ្ឋអំពីរដ្ឋធម្មនុញ្ញរបស់ប្រទេស និងគោលការណ៍របស់ Pancasila ដែលជាទ្រឹស្ដីទស្សនវិជ្ជាជាមូលដ្ឋានរបស់ប្រទេសឥណ្ឌូណេស៊ី ដែលលើកកម្ពស់ការអធ្យាស្រ័យខាងសាសនា អរិយធម៌ និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងឯកភាពជាតិ។

លោកបានមានប្រសាសន៍ថា ថ្មីៗនេះ វិទ្យាស្ថាន Lemhannas បានសង្កត់ធ្ងន់លើភាពធន់នៅក្នុងវិស័យព័ត៌មានតាមរយៈការលើកកម្ពស់សន្តិសុខតាមអ៊ីនធឺណិត និងការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតផ្សេងទៀត។ បន្ថែមពីនេះទៀត វិទ្យាស្ថានគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ឯករាជ្យភាពសេដ្ឋកិច្ចដោយការកេណ្ឌប្រមូលផ្នែកសំខាន់ៗក្នុងស្រុក រួមទាំងសេដ្ឋកិច្ចឌីជីថលផងដែរ។

Gusty Da Costa គឺជាអ្នករួមចំណែកទស្សនាវដ្តី FORUM ដែលរាយការណ៍ពីប្រទេសឥណ្ឌូណេស៊ី។

 

ប្រភពរូបភាព៖ ក្រសួងការពារជាតិឥណ្ឌូណេស៊ី


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button