លក្ខណៈពិសេសវិវាទ/ភាពតានតឹងសកម្មភាពរារាំងជារួម

ប្រតិបត្តិការព័ត៌មាន ជាគន្លឹះក្នុងការរារាំង

ការផ្លាស់ប្តូរការយល់ឃើញរបស់គូប្រជែងអំពីថ្លៃចំណាយលើហានិភ័យ

នាយឧត្តមនាវី លោក Samuel Paparo មេបញ្ជាការនៃកងនាវាចរប្រចាំតំបន់ប៉ាស៊ីហ្វិករបស់អាមេរិកបានថ្លែងសុន្ទរកថានេះនៅថ្ងៃទី 18 ខែតុលា ឆ្នាំ 2022 នៅឯសន្និសីទប្រចាំឆ្នាំលើកទី 11 ស្ដីអំពីប្រតិបត្តិការព័ត៌មាន និងសង្គ្រាមអេឡិចត្រូនិកនៃតំបន់ប៉ាស៊ីហ្វិក នៅរដ្ឋហាវ៉ៃដែលរៀបចំដោយបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក។ វាត្រូវបានកែសម្រួលដើម្បីឱ្យសមនឹងទម្រង់របស់ទស្សនាវដ្តី FORUM។


សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានមកទីនេះ។ ខ្ញុំ​ឃើញ​មិត្ត​ភក្តិ​ចាស់ៗ​ខ្លះ​នៅ​ក្នុង​បន្ទប់ និង​មិត្ត​រួមនាវា​ចាស់ៗ​មួយចំនួនផងដែរ។ ប៉ុន្តែភាគច្រើន ខ្ញុំឃើញសម្ពន្ធមិត្ត និងដៃគូជាច្រើននៅទូទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់។ ខ្ញុំឃើញការចូលរួមយ៉ាងកុះករពីសហគមន៍ស៊ីវិល និងឧស្សាហកម្ម ហើយវាគូសបញ្ជាក់ការពិតជាក់លាក់មួយ — គឺភាពខ្លាំង។ ហើយភាពខ្លាំងនោះដឹកនាំយើងទាំង
អស់គ្នា ហើយយើងទាំងអស់គ្នានៅទីនេះដើម្បីចូលរួម។

ប្រធានបទទាំងមូលនៃសន្និសីទរបស់យើងគឺការរារាំង។

ហើយនៅក្នុងការរារាំង ប្រតិបត្តិការព័ត៌មានគឺទីមួយ កណ្តាល និងចុងក្រោយ។

និយមន័យនៃការរារាំងរបស់ខ្ញុំគឺថា វាគឺជាការរួមបញ្ចូលគ្នានៃសមត្ថភាព និងឆន្ទៈក្នុងការអនុវត្ត ដើម្បីដាក់ថ្លៃចំណាយដែលមិនអាចអត់ទ្រាំបានបើប្រៀបធៀបទៅនឹងអ្វីដែលនឹងសម្រេចបានជាមួយនឹងអាកប្បកិរិយាបង្កាច់បង្ខូច។

ហើយបន្ទាប់មក សំខាន់បំផុត គឺការយល់ដឹងរបស់បច្ចាមិត្តរបស់អ្នក ដែលតាមពិតទៅ អ្នកមានសមត្ថភាព និងឆន្ទៈក្នុងការរារាំង។

តើ​យើង​កំពុងតែ​ព្យាយាម​សម្រេច​អ្វីឱ្យ​ប្រាកដទៅ?

ជាដំបូង និងសំខាន់បំផុត ភាពស្របច្បាប់របស់យើងគឺផ្អែកលើការពិតដែលថាមនុស្សគ្រប់គ្នានៅក្នុងបន្ទប់នេះស្វះស្វែងរកការរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែល និងរារាំងនរណាក៏ដោយដែលធ្វើឱ្យស្ថានភាពបច្ចុប្បន្នក្រឡាប់ចាក់តាមរយៈការប្រើប្រាស់កងកម្លាំង។

នាវាពិឃាត USS Benfold របស់កងទ័ពជើងទឹកអាមេរិក ប្រតិបត្តិការនៅសមុទ្រហ៊្វីលីពីននៅក្នុងខែមិថុនា ឆ្នាំ 2022។ ចក្របាលរងឯក លោក ARTHUR ROSEN/កងទ័ពជើងទឹកអាមេរិក

អ្នកអាចផ្លាស់ប្តូរព្រំដែនរបស់អ្នកបាន អ្នកអាចផ្លាស់ប្តូរលក្ខខណ្ឌរបស់អ្នកបាន។ ប៉ុន្តែវាត្រូវតែឆ្លងកាត់ការចរចា តាមរយៈគោលការណ៍នៃសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការសម្រេចចិត្តដោយខ្លួនឯងក្នុងចំណោមប្រជាជនទាំងអស់។

អ្វីដែលយើងកំពុងព្យាយាមការពារក្នុងស្ថានភាពបច្ចុប្បន្នដែលស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ហើយពិតណាស់ គឺពិភពលោកទាំងមូល គឺជាប្រជាជាតិដែល៖

  • គោរពច្បាប់ និងបទដ្ឋានអន្តរជាតិ។
  • គាំទ្រដល់សិទ្ធិ និងសេរីភាពបុគ្គល។
  • លើកកម្ពស់អភិបាលកិច្ចល្អ
  • ប្រកាន់ខ្ជាប់នូវគុណតម្លៃ និងសេរីភាពរួម។
  • ទទួលបានអត្ថប្រយោជន៍ពីស្ថាប័នពហុភាគី។
  • គាំទ្រ និងការពារការចូលដោយបើកចំហរទៅកាន់ដែនសមុទ្រ ដែនអាកាស និងលំហអវកាសខាងក្រៅ។
  • ចូលរួមក្នុងពាណិជ្ជកម្មដោយត្រឹមត្រូវ និងបើកចំហ។

អ្វីដែលយើងស្វែងរកដើម្បីរារាំង ជាពិសេស៖

សាធារណរដ្ឋប្រជាមានិតចិន (PRC) ពីការវាតទីនិយម និងការរឹបអូសយកដី សមុទ្រ សារធាតុចិញ្ចឹមនិងធនធានរ៉ែ ដោយការបង្ខិតបង្ខំ និង/ឬសកម្មភាពយោធាក្រៅបទដ្ឋានអន្តរជាតិ មិនថាពួកគេព្យាយាមបង្កើតការនិទានរឿងបំភាន់ ឬបង្ហាញអំពីភាពត្រឹមត្រូវនៃអំណះអំណាងរបស់ពួកគេដោយភាពមិនច្បាស់លាស់នោះទេ វិធានការផ្លូវច្បាប់បង្វែងដានខុសច្បាប់ មិនសមហេតុផលយ៉ាងណាក៏ដោយ។
ការឈ្លានពានជាបន្តបន្ទាប់ដោយរុស្ស៊ី។ ហើយ​យើង​បាន​ឃើញ​យ៉ាង​ច្បាស់​នូវ​រសជាតិ​នៃ​ការ​ឈ្លានពាន​បែបនោះ​នៅ​អឺរ៉ុប​កណ្តាល។
កូរ៉េខាងជើង ពីការគំរាមកំហែងអ្នកជិតខាងខ្លួន និងសហគមន៍អន្តរជាតិ ដោយអាវុធនុយក្លេអ៊ែរ។

យើងកំពុងរតែស់នៅក្នុងគ្រាដ៏ពិបាកមួយដែលមិនគួរឱ្យជឿ។ ហើយពិតណាស់ នោះហើយជាមូលហេតុដែលខ្ញុំឃើញភាពបន្ទាន់នៅក្នុងបេសកកម្មរួមគ្នារបស់យើង។

សន្និសីទនេះគឺអំពីប្រតិបត្តិការព័ត៌មាន ដើម្បីការពារស្ថានភាពបច្ចុប្បន្ននៃសេរីភាព និងបណ្តាប្រទេសដែលមានអធិបតេយ្យភាព និងរារាំងបណ្ដាប្រទេស និងសកម្មភាពដែលធ្វើឱ្យប្រព័ន្ធបច្ចុប្បន្ន — ដែលជាប្រព័ន្ធដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងអស់មានភាពក្រឡាប់ចាក់។ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី 2 ប្រព័ន្ធនេះបានធ្វើឱ្យមនុស្ស 60% នៅលើពិភពលោកចាកចេញពីភាពក្រីក្រ។

កងកម្លាំងសាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិកត្រៀមធ្វើសមយុទ្ធឆ្លងទន្លេរួមគ្នានៅក្រុង Yeoju ប្រទេសកូរ៉េខាងត្បូង នៅក្នុងខែតុលា ឆ្នាំ 2022។ THE ASSOCIATED PRESS

ប្រតិបត្តិការព័ត៌មាន — និងជាការគាំទ្រដល់ប្រតិបត្តិការព័ត៌មាន សង្គ្រាមអេឡិចត្រូនិក — ត្រូវបានរចនាឡើងដើម្បីមានអនុភាព និងជះឥទ្ធិពលដល់ស្ថានភាពនៃការយល់ដឹង និងពង្រឹងការយល់ឃើញ និងជំនឿដែលថាការដាក់ថ្លៃចំណាយទៅលើការវាតទីឈ្លានពាន ការបង្ខិតបង្ខំ និងសកម្មភាពយោធានឹងលើសពីអត្ថប្រយោជន៍ដែលអាចទទួលបាន។ .

យើងធ្វើបែបនេះតាមរយៈការទំនាក់ទំនងជាយុទ្ធសាស្ត្រ ការប្រាស្រ័យទាក់ទងរវាងមេដឹកនាំជាន់ខ្ពស់ និងសូម្បីតែក្នុងចំណោមបច្ចាមិត្តនៅក្នុងទំនាក់ទំនងមេដឹកនាំសំខាន់ៗរបស់យើងក៏ដោយ។

យើងធ្វើដូច្នេះក្រោមប្រតិបត្តិការព័ត៌មាន ការឃ្លាំមើល និងការឈ្លបយកការណ៍ និងបណ្តាញដែលធានានូវការយល់ដឹងអំពីតំបន់ប្រយុទ្ធរបស់យើង និងសមត្ថភាពរបស់យើងក្នុងប្រតិបត្តិការនៅក្នុងតំ​បន់ប្រយុទ្ធ។

ហើយបន្ទាប់មក នៅទីបំផុត គឺជាសន្តិសុខប្រតិបត្តិការ ដែលប្រជាជាតិនីមួយៗ នាំយកមកក្នុងការការពាររបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងអំពីសកម្មភាពរារាំងជារួមដែលមានឥទ្ធិពលអតិបរមានៅទូទាំងដែន និងតំបន់ប្រតិបត្តិការសង្គ្រាម និងវិសាលគមនៃជម្លោះតាមរយៈឧបករណ៍នៃអំណាចយោធាទាំងអស់ ហើយជាពិសេសជាមួយនឹងសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់យើង និងបណ្តាញនៃសម្ពន្ធភាព និងភាពជាដៃគូរបស់យើង ដែលពិតជាអត្ថប្រយោជន៍មិនស្មើគ្នា។

ការរួមបញ្ចូលការរារាំង និងព័ត៌មានជួយយើងឱ្យផ្លាស់ប្តូរការយល់ឃើញរបស់គូប្រជែងរបស់យើងអំពីហានិភ័យ ថ្លៃចំណាយ និងអត្ថប្រយោជន៍ និងបង្ហាញពីសមត្ថភាពរបស់យើងក្នុងការគ្រប់គ្រងការកើនឡើង។

ពិចារណាកន្លែងដែលយើងនៅទាន់ពេលនៅឡើយ។ ដូចដែលលើកឡើង សមាជលើកទី 20 របស់បក្សកុម្មុយនិស្តចិន (CCP) កំពុងដំណើរការ ដែលនាំទៅរកអាណត្តិទីបី ដែលមិនធ្លាប់មានពីមុនមក [សម្រាប់អគ្គលេខាធិការ Xi Jinping]។ សាធារណរដ្ឋប្រជាមានិតចិន កំពុងតែងាកចេញពីប្រពៃណីនៃការសម្រេចចិត្តលើគោលនយោបានដោយមូលមតិគ្នារយៈពេល 30 ឆ្នាំ និងគោលនយោបាយការបរទេសដ៏សមហេតុផលរបស់ខ្លួន ទៅជាអ្វីមួយដែលមើលទៅមានលក្ខណៈផ្តាច់ការជាងមុន។

បុគ្គលិកកងឆ្មាំឆ្នេរសមុទ្រអាមេរិក រៀបចំឡើងលើកនាវានៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ខណៈកំពុងល្បាតការនេសាទខុសច្បាប់នៅក្នុងខែសីហា ឆ្នាំ 2022។ THE ASSOCIATED PRESS

បំណងប្រាថ្នាផ្ទាល់របស់យើង [គឺ] ប្រកាន់ខ្ជាប់នូវបទបញ្ជាដែលផ្អែកលើច្បាប់អន្តរជាតិ ជាជាងការបង្កើតបទបញ្ជាថ្មី ដូចដែលបានស្នើឡើងដោយបច្ចាមិត្តដ៏មានសក្តានុពលរបស់យើង តាមរយៈឃ្លាដែលស្តាប់ទៅគ្មានហេតុផលដូចជា «វិបុលភាពរួម» ជាដើម។

នេះគឺជាប្រព័ន្ធដែលសាធារណរដ្ឋប្រជាមានិតចិនគឺជាមជ្ឈមណ្ឌល ហើយ «កិច្ចការទាំងអស់ស្ថិតក្រោមអទិទេព» ត្រូវបានកំណត់ដោយស្វ័យភាពរបស់ខ្លួន។ នីតិរដ្ឋមិនមែនជាអ្វីដែលយើងមើលឃើញនៅក្នុងសាធារណរដ្ឋប្រជាមានិតចិននោះទេ។ វាជាការគ្រប់គ្រងដោយយកច្បាប់ជាលេស។ នោះគឺជាការទទួលយកការបកស្រាយបង្វែងដាន នៃច្បាប់អន្តរជាតិ ឬទំនៀមទម្លាប់ ដោយប្រកាសថាវាជាច្បាប់សកលលោក ហើយបន្ទាប់មកធ្វើសកម្មភាពដូចជាវាបែបនេះអ៊ីចឹង។

ចូរ​ដឹង​ច្បាស់​អំពី​អត្ថន័យ​នៃការស្ដារឡើងវិញ។ ការ​ស្តារ​ជាតិ​ឡើង​វិញ​មាន​ន័យ​ថា​បក្ស​គ្រប់គ្រង​សេដ្ឋកិច្ច។ វាមានន័យថា ការធ្វើទំនើបកម្មយោធាដើម្បីគាំទ្រការស្ដារឡើងវិញនោះ។ ហើយ​វា​មាន​ន័យ​ថា ការ​ផ្លាស់​ប្តូរ​ព្រំដែន​អន្តរជាតិ​ដោយ​ប្រើប្រាស់កងកម្លាំង។ នោះ​ហើយ​ជា​និយមន័យ​ពិត​នៃ​ការ​ស្តារ​ជាតិ​ឡើង​វិញ។

ក្នុងនាមជាសម្ពន្ធមិត្ត និងដៃគូ យើងមិនអាចធ្វើឱ្យអាកប្បកិរិយាបង្កាច់បង្ខូចដោយសាធារណរដ្ឋប្រជាមានិតចិន និងបក្សកុម្មុយនិស្ត​ចិនដោយចេតនានេះមានភាពប្រក្រតីវិញបានទេ ដែលយើងឃើញក្នុងទម្រង់ជា៖

  • ការវាតទីនិយមផ្នែកយោធានៅសមុទ្រចិនខាងត្បូង។
  • ការបង្ខិតបង្ខំ និងសម្ពាធនៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់។
  • ការបង្ខិតបង្ខំ និងសម្ពាធផ្នែកយោធានៅក្នុងដែនទឹក និងដែនអាកាសនៅជុំវិញប្រជុំកោះសេនកាគូ (Senkaku)។
  • សកម្មភាពយោធាតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង [ដែលជាព្រំដែរបែងចែកប្រទេសឥណ្ឌា និងប្រទេសចិន]។
    ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​នៅ​ហុងកុង។
  • ឥរិយាបថសេដ្ឋកិច្ចបែបលួចប្លន់ រាប់ចាប់ពីការនេសាទខុសច្បាប់ រហូតដល់ការលួចកម្មសិទ្ធិបញ្ញា រហូតដល់ការជាប់បំណុលទូទាំង
  • ពិភពលោក រួមទាំងការដោះស្រាយការខ្វែងគំនិតគ្នារបស់សាធារណរដ្ឋប្រជាមានិតចិន ជាមួយអូស្ត្រាលី កាណាដា និងលីទុយអានី។

ដូច្នេះ នេះមិនមែនជាការទប់ស្កាត់កំណើនសេដ្ឋកិច្ច និងយោធារបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ។ វាសំដៅដល់ការធានាថាយើង ក្នុងនាមជាបណ្ដាប្រទេសដែលមានសេរីភាព និងអធិបតេយ្យភាព ធានាបាននូវសកម្មភាព និងអាកប្បកិរិយារបស់ខ្លួនមិនរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ឬសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button